បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

ទំហំទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា នឹងកើនដល់ជាង ៣ពាន់លានដុល្លារ នៅឆ្នាំ២០២០


ទំហំនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល នៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះ មានកំណើនរហូតដល់ជាង ៣៧ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ និងរំពឹងថា បន្តកំណើនរហូតដល់ជាង ៥៧ ភាគរយ ក្នុងឆ្នាំ២០២០ ជាមួយនឹងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ។ នេះបើតាម របាយការណ៍ពីស្ថាប័នជំនាញ ដែលបានសិក្សាស្រាវជ្រាវ ក្នុងវិស័យនេះ។
ការទូទាត់​ដោយមិនប្រើប្រាស់​ក្រដាស​ប្រាក់​

ទោះយ៉ាងណា​ អ្នកជំនាញ​នៅក្នុងវិស័យនេះ​នៅតែអះអាង​ថា ការទូទាត់ប្រាក់​ជាមួយនឹង​ប្រព័ន្ធបច្ចេកវិទ្យា​ដែលធ្វើឡើង​តាមរយៈទូរស័ព្ទដៃ​ស្ថិតនៅក្នុង​ទំហំ​មួយតូច តិចជាង ១០ភាគរយ​នៅឡើយ បើធៀបនឹងការ​ទូតទាត់ប្រាក់​ឆ្លងកាត់ភ្នាក់ងារ​ផ្សេងៗ។

លោក កែម បូរ៉ា ដៃគូសហការស្ថាប័ន Mekong Strategic ប្រចាំ​នៅកម្ពុជាបានឲ្យដឹងថា និន្នាការ​នៃអ្នកប្រើប្រា​ស់ដើម្បី​ទូទាត់ថ្លៃទំនិញ និងសេវាកម្ម​ផ្សេងតាម​ប្រព័ន្ធបច្ចេកវិទ្យា​ចាប់ផ្តើម​ផ្លាស់ប្តូរ​ជាបណ្តើរៗ និងមានការយល់​ដឹង​ជាងមុន បន្ទាប់ពីមាន​ការជំរុញ និងគាំទ្រ​ពីរាជរដ្ឋាភិបាល​តាមរយៈ​ធនាគារជាតិ។ ទោះយ៉ាងណា ការទូទាត់​ប្រាក់តាម​ប្រព័ន្ធ​ទូរស័ព្ទនៅតែ​ជាចំនួន​មួយតូច ដែលទាមទារ​ឲ្យមានការ​ជំរុញ និងលើកទឹកចិត្ត​បន្ថែមទៀត។

ការទូទាត់ប្រាក់​តាម​ប្រព័ន្ធឌីជីថល វាមិនត្រឹមតែ​បម្រើសម្រាប់​តែប្រយោជន៍​ក្នុងវិស័យ​ឯកជន​ប៉ុណ្ណោះ យ៉ាងណាមិញ សម្រាប់វិស័យរដ្ឋ វិស័យបច្ចេកវិទ្យា​ហិរញ្ញវត្ថុនេះ ក៏បានចូល​រួមចំណែក​សំខាន់​ក្នុងការជំរុញ​ដល់វឌ្ឍនភាព​នៃសេដ្ឋកិច្ច និងសង្គម​ផងដែរ។ ជាក់ស្ដែង នាពេលថ្មីៗនេះ នៅក្នុងឱកាស អញ្ជើញចែក​សញ្ញាបត្រ​ដល់និស្សិត​នៃវិទ្យាស្ថាន​វ៉ាន់ដា ជាង ៣ពាន់នាក់ នៅកោះពេជ្រ សម្ដេច ហ៊ុន សែន បានប្រកាស​កោតសរសើរ និងលើក​ទឹកចិត្ត ឲ្យពលរដ្ឋ​ងាកមកប្រើការ​ទូទាត់ប្រាក់ តាមប្រព័ន្ធ បច្ចេកវិទ្យា ឌីជីថល ជាពិសេស គឺការបង់ពន្ធ​ផ្សេងៗជូន​រដ្ឋតែម្ដង ព្រោះវាជួយកាត់បន្ថយ អំពើពុករលួយ ចំណេញ​ពេលវេលា និងលឿន​រហ័សទាន់ចិត្ត។

សម្តេច ហ៊ុន សែន បានលើកឡើង​ទៀតថា សម្តេច បានមើល និងកោតសរសើរ​ស្ពត​ពាណិជ្ជកម្ម​មួយ​ផលិតដោយ ធនាគារ អេស៊ីលីដា ដែលនិយាយ​ពីការទូទាត់​សាច់ប្រាក់​តាមសេវាកម្ម​អេស៊ីលីដា​ទាន់ចិត្ត នៅពេលដែល​ពលរដ្ឋធ្វើដំណើរ​តាមរយៈ​រថយន្តក្រុង​សាធារណៈ គឺមិនចាំបាច់​ត្រូវការ​លុយរាយ ឬពិបាក​ដូរលុយ ដើម្បីបង់​ទៀតនោះទេ ។ ពលរដ្ឋគ្រាន់តែ​ងាកមកប្រើប្រាស់​សេវាកម្ម​ទូទាត់​តាមទូរស័ព្ទ​នេះ គឺកាន់តែងាយ​ស្រួល មិនចំណាយ​ពេលយូរ ហើយមិនព្រួយ​បារម្ភ ពីការបាត់បង់​សាច់ប្រាក់​របស់ខ្លួននេះដែរ។

គួរជម្រាបថា ជាការចូល​រួមចំណែក​ដើម្បីបង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅកម្ពុជា​នេះដែរ ខាងធនាគារ​ជាតិនៃកម្ពុជា ​សហការ​ជាមួយធនាគារអភិវឌ្ឍន៍​អាស៊ី​ក្រោមគំនិត​ផ្តួចផ្តើម​ធុរៈកិច្ច​មេគង្គ និងស្ថានទូត​អូស្ត្រាលី​ប្រចាំនៅ​កម្ពុជា បាន​រៀបចំកម្មវិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ក្នុងគោលបំណង​ ដើម្បីផ្តល់ឱកាស​ដល់តំណាង​រដ្ឋាភិបាល អ្នករៀប​ចំគោល​នយោបាយ​ អាជ្ញាធរ និងភាគីពាក់ព័ន្ធ​ទាំងអស់​ពិភាក្សា​អំពីសារៈសំខាន់​នៃបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងការរួមចំណែក​អភិវឌ្ឍ​វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច​នៅកម្ពុជា ព្រមទាំង​កាលានុវត្ភភាព និងបញ្ហា​ប្រឈម​នៃការលើក​កម្ពស់បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ ចំណូលគយឆ្នាំ ២០១៩នេះ អាចកើនលើសផែនការ ៨០០ លានដុល្លារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអះអាងថា ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆ្នាំ២០១៩នេះ អាចនឹងកើនឡើងលើសផែនកា…

ADB ព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែបន្ដភាពរឹងមាំ ក្នុងកំណើន៧% តែតម្រូវឲ្យមានធ្វើពិពិធកម្មជាបន្ទាន់លើចំណុចខ្លះ!

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានរក្សាការព្យាកររបស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៩នេះ ថានៅតែរក្សាបានន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ