ប្រព័ន្ធអនុគ្រោះពន្ធ EBA

«បច្ចុប្បន្នភាព EBA» សហភាពអឺរ៉ុប អាចនឹងចេញសេចក្ដីសម្រេចមួយ នៅសប្ដាហ៍នេះ!


ភាពរង្គោះរង្គើប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នៅតែជាបញ្ហារសើបមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ខណៈមកទល់ពេលនេះ សហភាពអឺរ៉ុប នៅមិនទាន់មានសេចក្ដីសម្រេចផ្លូវការណាមួយពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះនៅឡើយទេ។ តែយ៉ាងណា មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានប្រាប់​សារព័ត៌មាន​ខេមបូណូមីសថា នៅក្នុងសប្តាហ៍នេះ សហភាពអឺរ៉ុបអាចនឹងចេញនូវសេចក្ដីសម្រេចមួយ អំពីការបើក​នីតិវិធីឆ្ពោះទៅរកការសិក្សាពីដំណើរការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ខណៈដែលវិស័យឯកជនកំពុងព្រួយបារម្ភ។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

លោក ប្លេស គីលៀន នាយកប្រតិបត្តិ​សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា កន្លងមក ខាង​អ្នកជំនួញ​ធំៗនៅ​កម្ពុជា និងសភា​ពាណិជ្ជកម្ម​​អឺរ៉ុប​ផងដែរ បាន​ធ្វើ​លិខិត​​ផ្ញើជូន​​ទៅកាន់​​សភាព​អឺរ៉ុប​​រួចរាល់​អស់​ហើយ ដែលរៀបរាប់​ ពីផល​ប៉ះពាល់​ធំ​ៗ​ដល់​​វិស័យ​ឯកជន ការនាំចេញ​​របស់​កម្ពុជា ក៏ដូចជា​កម្មករ​កម្មការនី​​ក្នុង​វិស័យកាត់ដេរ​​ផងដែរ ប្រសិនបើ​ EBA ត្រូវបានដកមែន។

លោក ប្លេស គីលៀន បានឲ្យដឹងថា នាពេលកន្លងមក​ខាងវិស័យ​ឯកជន​កម្ពុជា ក៏ដូចជាតំណាង ​វិនិយោគិនបរទេសជាច្រើនប្រទេសផ្សេងទៀត ​ដែលបានរកស៊ីនៅកម្ពុជា បាន​ផ្ញើលិខិត​ជាច្រើនលើក​រួចមកហើយ ទៅឲ្យ​សហភាពអឺរ៉ុប ដើម្បី​បង្ហាញពីគោលជំហរ និងផលប៉ះពាល់នានា​ ប្រសិនបើ​សភាពអឺរ៉ុបពិតជាសម្រេច​ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។ លោកប្លេសថា នៅសប្ដាហ៍នេះ ដល់ពេលវេលា​ ដែល​ខាងសហភាព​អឺរ៉ុប ត្រូវសម្រេចចិត្តហើយ  ដោយសហភាពអឺរ៉ុប​អាចនឹង​​ចេញសេចក្ដី​សម្រេច​​មួយ អំពីការបើក​​​នីតិវិធី ឆ្ពោះទៅ​រកការ​សិក្សាថា ដក ឬមិនដក EBA ពីកម្ពុជា។

តាម​លោក ប្លេស ប្រសិនបើមាន​ការ​បើក​និតីវិធី​សិក្សាពីដំណើរការ​ដក ឬមិនដក EBA ពីកម្ពុជាមែននោះ វា​នឹង​អាចធ្វើឲ្យ​ប៉ះពាល់​ដល់​ការវិនិយោគនៅកម្ពុជា​។ ប៉ះពាល់ ត្រង់ថា អ្នក​ដែល​ចង់​ពង្រីកការវិនិយោគ​បន្ថែម​នឹង​ផ្អាកការពង្រីកអាជីវកម្មរបស់ខ្លួន ខណៈដែល​វិនិយោគិន​ថ្មីៗ ដែល​ចង់​មក​បណ្ដាក់​ទុន​រកស៊ី​នៅកម្ពុជា ក៏នឹងនៅរារែកចិត្តដែរ ដោយសារតែស្ថានការណ៍​ហាក់​មានភាព​ស្រពិច​ស្រពិល។

ទន្ទឹមនឹងនេះ ខាងវិស័យឯកជន​កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប និង​តំណាងវិនិយោគិន​បរទេស​នៃប្រទេសផ្សេងទៀតៗ គឺមិនចង់ឃើញ​សហភាពអឺរ៉ុប បើកនិតីវិធី​ ឆ្ពោះទៅ​រកការ​សិក្សាថា ដក ឬមិនដក EBA ពីកម្ពុជានោះឡើយ។ នេះបើតាម​ការបញ្ជាក់ពីលោក ប្លេស គីលៀន។

យ៉ាងណា​ក៏ដោយចុះ បើតាម​ការបញ្ជាក់ ពីនាយកប្រតិបត្តិ​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​នៅកម្ពុជារូបនេះ ដ្បិតតែ​ បញ្ហា​ EBA ត្រូវបាន​​រង​នូវភាព​រង្គោះ​រង្គើ​មួយរយៈ​នេះ ក៏ដោយ ប៉ុន្ដែ ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប ក៏ដូចជា​វិនិយោគ​ពីក្រៅ​ប្រទេស​មកកម្ពុជា គឺមិនមាន​ទាន់​មានឃើញ​សញ្ញា​ប្រែ​ប្រួល​អវិជ្ជមាន​អ្វីឡើយ។ 

បើតាម​ប្រសាសន៍​​របស់​ឯកឧត្តម GEORG EDGAR ឯក​អគ្គ​រដ្ឋ​ទូត​​សហភាព​អឺរ៉ុប ប្រចាំកម្ពុជា បាន​លើក​ឡើងថា ប្រសិនបើ​មាន​​នីតិ​វិធី​​សិក្សា​​ពីដំណើរ​ការឆ្ពោះ​ទៅរក​ការដក EBA ពីកម្ពុជាមែននោះ គេ​ត្រូវការ​​​ពេលវេលា​​យូរ​ទៀត ដើម្បីសម្រេច​ដក ឬមិនដកជាផ្លូវការ ដែលយ៉ាង​​ហោច​​ណាស់​​ក៏ប្រើ​ពេល ១ឆ្នាំទៀត​ដែរ។ 

តាមការសង្កេតពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ​ក៏មិនបាន​នៅស្ងៀម​នោះដែរ ជុំវិញ​រឿង​រង្គោះរង្គើរ​ EBA  នេះ​ ពោលគឺ រាជរដ្ឋាភិបាល​ខិតខំ​ដុត​ដៃដុត​ជើង​​សម្បើមណាស់ ក្នុងការ​​បញ្ជៀស​​នូវផល​ប៉ះពាល់​​ធ្ងន់ធ្ងរ ​ប្រសិន​បើ​មាន​ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ពិសេស គឺខិត​ខំធ្វើ​យ៉ាងណា បង្កើននូវ​ភាពប្រកួត​ប្រជែង​​របស់​កម្ពុជា សម្រាប់ទាក់​ទាញ​ការវិនិយោគ​បបន្ថែម។ តួយ៉ាង ថ្មីនេះ រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​ស្ថាប័ន កាំសាប និង​ដក​កាំកុងត្រូល​ចេញពី​មាត់ច្រកព្រំដែនជាដើម ដែលទាំងអស់នេះ ធ្វើឲ្យតម្លៃដឹកជញ្ជូន​ទំនិញ កាន់តែមានចុះថោកជាងមុន។

ទោះយ៉ាងណា មន្ត្រីជាន់​ខ្ពស់​​រាជរដ្ឋា​ភិបាល​​កម្ពុជា ឯកឧត្តម​ វង្សី វិស្សុត រដ្ឋលេខាធិកា​ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់​បាន​​លើក​ឡើងថា ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA នេះ នឹងមិន​ស្ថិត​នៅ​ជាមួយ​កម្ពុជា បានយូរ​អង្វែងទេ ព្រោះវាមានតែសម្រាប់​ប្រទេស​មានការ​អភិវឌ្ឍតិចតួច​ប៉ុណ្ណោះ បើកាលណា​កម្ពុជា​​ឡើង​ផុត​តំណែងនេះ គឺផុត​នឹងទទួល​បាន​ការ​អនុគ្រោះនេះហើយ។ 

ឯកឧត្តមថា ក្នុងកាលៈទេសៈនេះ កម្ពុជា​ត្រូវ​ពង្រឹង​​​ឯករាជ្យភាព​​​ពាណិជ្ជកម្ម​​របស់​ខ្លួន ជាជាង​ការ​រស់​ដោយ​ការ​ពឹងតែ​​លើការ​​អនុគ្រោះ​ពន្ធពីបរទស។ ឯកឧត្តម គូសបញ្ជាក់​ទៀត បើ​អត់​​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ កម្ពុជា​​ក៏មិន​ស្លាប់​​នោះដែរ គ្រាន់តែអាច​​បាត់បង់​​​នូវតម្លៃ​​​បន្ថែម​​​នៃការ​នាំចេញ​​ខ្លះ​ប៉ុណ្ណោះ​។

ឯកឧត្តម វង្ស៊ី វិស្សុត បានបញ្ជាក់ទៀតថា បើ​សិន​​សភាព​​អឺរ៉ុប​​បន្ត​​អនុគ្រោះ កម្ពុជា​​រឹតតែ​ចំណេញ តែបើ​គេដក​ចេញ ក៏យើង​​នៅតែ​ចំណេញ គ្រាន់តែ​​ចំណេញ​​តិចជាង​មុន​ប៉ុណ្ណោះ។  

គួរជម្រាបថា ប្រព័ន្ធ​អនុ​គ្រោះពន្ធ  EBA នេះ គឺបាន​ផ្ដល់​នូវអត្ថ​ប្រយោជន៍​​យ៉ាង​ច្រើន​​សម្រាប់​​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការ​នាំចេញ ​ផលិតផល​​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែកជើង កង់ និង​អង្ករ​ ទៅកាន់​ទីផ្សារ​អឺរ៉ុប​ជាដើម។

នាពេលថ្មីៗនេះដែរ អង្ករ​កម្ពុជា ក៏ទើបតែ​ត្រូវបាន​​សហភាព​អឺរ៉ុប សម្រេច​ដកហូតពន្ធរយៈពេល​៣ឆ្នាំ​ផងដែរ។ 

របាយការណ៍​​ពីធនាគារ​​ជាតិ បានបង្ហាញថា នៅឆ្នាំ២០១៨ កន្លងទៅ ការនាំចេញ​​​របស់​​កម្ពុជា សម្រេច​បានជាង ១៣.៥០០ លាន​​ដុល្លារ​​អាមេរិក ដែលមាន​​កំណើន​ ២១% ធៀបនឹង​​ឆ្នាំ​២០១៧។ ក្នុងនោះ កម្ពុជា បាននាំ​ចេញ​​​ផលិតផល​​ភាគ​ច្រើន​​បំផុត​ គឺសម្លៀកបំពាក់ និង​ស្បែកជើង ដែលមា​ន​​តម្លៃ​ជាទឹកប្រាក់​​ប្រមាណ ១០ពាន់​​លាន​​ដុល្លារ​អាមេរិក ផលិតផល​​កសិកម្ម​​​មាន​​​ប្រមាណ ៦៣០​លាន​ដុល្លារ​អាមេរិក និងផលិតផល​​ផ្សេងៗ​​ទៀត មាន​ជិត ​៣ពាន់​​លាន​​ដុល្លារ​​អាមេរិក។

របាយការណ៍​​​ដដែល បានឲ្យ​ដឹង​​ទៀតថា សហភាព​​អឺរ៉ុប ​នៅ​តែ​ជា​​​ចំណែក​​ទីផ្សារ​​ធំ​ សម្រាប់​​ការ​នាំ​ចេញ​​របស់កម្ពុជា ពោល​គឺមាន ​២៩% នៃចំណែក​ទីផ្សារ​នាំចេញ​សរុប​ ខណៈ​អាមេរិក​​មាន​​ ២៤% អង់គ្លេស​មាន​ ៩% និងជប៉ុន មាន​៨%។ រីឯប្រទេស​​ដែល​នាំចូល​មក​កម្ពុជា​ ឃើញថា​ ចិនឈរ​​លំដាប់​​មុខគេ​មានជិត​​៣០% នៃការនាំ​ចូល​សរុប​ ថៃ មានជាង​ ១៥% វៀតណាម មានជិត១២% និងជប៉ុន​​មាន ​៤%៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង អាចនឹងត្រូវបង់ថ្លៃការពារ ទៅឲ្យអាមេរិក ១ពាន់លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅមិនទាន់បានព្រមព្រៀងគ្នាផ្លូវការនៅឡើយទេ អំពីចំនួនទឹកប្រាក់ ដែលកូរ៉េខាងត្បូង ត្រូវបង់ទៅឲ្យអាមេរិក …

កម្ពុជា​«សោក​ស្តាយ»​ចំពោះការ​ចាប់​ផ្ដើម​​នីតិ​វិធី​​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA បណ្តោះ​អាសន្ន

ព័ត៌មាន
ប្រទេស​កម្ពុជា​បាន​សម្ដែង​«ការ​សោកស្តាយ»​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​ដក​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ