អឺរ៉ុប-​កម្ពុជា-EBA

កម្ពុជា​ហៅ​ចំណាត់ការ​សហភាពអឺរ៉ុប​ក្នុង​សំណុំរឿង​ EBA ថា«អយុត្តិធម៌បំផុត»


រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​ចំពោះ​ចំណាត់ការ​ថ្មីៗ​របស់​សហភាពអឺរ៉ុប​ ដែល​បើក​ដំណើរការនីតិវិធី​ផ្លូវការ​សម្រាប់​ការ​​ដក​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA ពី​ប្រទេ​ស​កម្ពុជា ថា ជា​«ភាព​អយុត្តិធម៌​បំផុត» ចំពោះ​ប្រទេស​កម្ពុជា។
សហភាពអឺរ៉ុប-កម្ពុជា​ឆ្លងឆ្លើយគ្នា​លើ​សំណុំ​រឿង​​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA
ដោយ

ប្រតិកម្ម​នេះ​ធ្វើឡើង​តាមរយៈ​​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១៨ របស់​ក្រសួង​ការបរទេស​កម្ពុជា ដោយ​ក្នុង​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា ការសម្រេចចិត្ត​ថ្មី​បំផុត​របស់​សហភាព​អឺរ៉ុប​លើ​សំណុំ​រឿង EBA សម្រាប់​កម្ពុជា ជាការ​បង្ហាញ​ថា សហភាព​អឺរ៉ុប​បាន​បដិសេធ​ដោយ​ចំហ អំពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ដែល​ប្រទេស​កម្ពុជា​សម្រេចបាន ក្នុង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជាច្រើន ដែលត្រូវបាន​ផ្សារ​ភ្ជាប់​នឹង​កម្មវិធី​អនុគ្រោះ​ពន្ធ EBA នេះ ជាពិសេស នៅ​ក្នុង​វិស័យ​សិទ្ធិ​ការងារ​ និង​សិទ្ធិ​ដីធ្លី។ 

សេចក្ដីថ្លែងការណ៍ដដែល បន្ថែមថា វា​ច្បាស់ណាស់​​ថា​ពិតជា​មាន​ហេតុផល​ខាង​នយោបាយ​នៅ​ពីក្រោយ​ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា នៅបានព្រមានថា ដោយការអនុវត្ត​វិធានការ​ដក​ភាព​អនុគ្រោះ​ពន្ធ​នេះ ... អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់ទាំងស្រុង​នូវ​លទ្ធផល​វិជ្ជមាន​ដ៏ច្រើន​​នៃ​គោល​នយោបាយ​អឺរ៉ុប ដែល​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​រហូត​មក​ទល់​នឹង​ពេល​នេះ។ 

គួររំឭកថា សហភាព​អឺរ៉ុប (EU) កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ​២០១៨ បានជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា ថា ខ្លួន​នឹង​​ចាប់​ផ្ដើម​អនុវត្ត​ដំណើរការ​នីតិវិធី​ផ្លូវការ​​សម្រាប់​ការ​ដក​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «ទំនិញ​គ្រប់​មុខ​លើក​លែង​តែ​អាវុធ» ឬ EBA របស់​សហភាព​​អឺរ៉ុប និង​ថា ដំណើរការ​នេះ​អាចនឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA ប្រសិន​បើ​កម្ពុជា​មិន​ធ្វើ​ឲ្យ​មាន​ការកែ​លម្អ​ច្បាស់លាស់ និង​មាន​ភ័ស្តុតាង​បញ្ជាក់​​ទេនោះ។

លោកស្រី​ Cecilia Malmström ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម សរសេរ​​នៅ​ក្នុង​អត្ថបទ​ប្លុក ថា «នៅ​កម្ពុជា យើង​កំពុង​ឃើញ​នូវ​ការវិវឌ្ឍ​ដែលគួរ​ឲ្យ​រំខាន ជាមួយ​នឹងការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ ដោយ​មិន​ឃើញ​មាន​ការ​កែ​លម្អ​​ប្រសើរឡើងវិញ​ដែលអាច​ជឿជាក់​បានសោះ។ បេសកកម្ម​ថ្មីៗ​របស់ EU ទៅកាន់​ប្រទេស​នេះ [កម្ពុជា] បាន​រក​ឃើញ​នូវ​ការរំលោភធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ការងារ និង​សេរីភាព​​ក្នុង​ការ​បង្កើត​សមាគម ជាដើម»។ 

ប្រទេស​កម្ពុជា​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ដែល​ធានា​ការចូលទៅទីផ្សារ​អឺរ៉ុប​ដោយ​ឥត​បង់​ពន្ធ​​សម្រាប់​គ្រប់​ទំនិញ​នាំ​ចេញ​ទាំង​អស់ លើកលែងតែអាវុធ​ចេញ។ ប៉ុន្តែ ការអនុគ្រោះ​ពន្ធ​នេះ គឺ​ភ្ជាប់ជាមួយ​លក្ខខណ្ឌ​នៃទំនួលខុសត្រូវ​គោរព​និង​ការពារ​គុណតម្លៃ​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​គោល​ចំនួន ១៥ របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ។

តួលេខ​គណៈកម្មការអឺរ៉ុប​បង្ហាញថា ឆ្នាំ​២០១៧ សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត​ទីពីររបស់​ប្រទេស​កម្ពុជា ដោយ​នាំចូល​ទំនិញ​ពី​កម្ពុជា​ក្នុងទឹក​ប្រាក់​ជិត ៦ពាន់​លានដុល្លារ ភាគច្រើន​ជា​ផលិត​ផល​​សម្លៀក​បំពាក់​កាត់ដេរ ស្បែកជើង និង​ផលិត​ផល​កសិកម្ម។ 

អ្នក​វិភាគ​និង​អ្នក​សេដ្ឋកិច្ច​លើកឡើងជារឿយៗ ថា ប្រសិន​បើ​កម្ពុជា​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ វិស័យ​ដែល​នឹង​រង​ផល​ប៉ះពាល់​ខ្លាំងជាងគេ​បំផុត គឺ​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង ដែល​ផ្ដល់​ការងារ​​ដល់​កម្មករជាង ៧សែន​នាក់៕




អត្ថបទបន្ទាប់


ស្ថាប័នអន្តរជាតិធំៗចំនួន ៣ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះថា នៅតែរឹងមាំ ៧%

ព័ត៌មាន
ស្ថាប័នអន្តរជាតិធំៗ ចំនួន ៣ គឺ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានចេញរបា…

វៀតណាម នឹងប្រមូលចំណូលពីការនាំចេញត្រីប្រា ឲ្យបានដល់ ២ពាន់លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ២០១៨នេះ ប្រទេសវៀតណាមរំពឹងថា អាចនឹងនាំចេញត្រីប្រាទៅលក់នៅក្រៅប្រទេសក្នុងតម្លៃជាទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក ខណៈដែលច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ