ការនាំចេញកង់​

កម្ពុជានាំចេញកង់ទៅអឺរ៉ុបជិតកន្លះលានគ្រឿង ក្នុងទំហំទឹកប្រាក់ជាង ១១៩ លានដុល្លារ


នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងចំនួនជិតកន្លះលានគ្រឿង ដែលមានទំហំជាទឹកប្រាក់សរុបប្រមាណជាង ១១៩ លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងប្រមាណជិត ១០លានដុល្លារ បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យពីសភាពាណិជ្ជកម្មកម្ពុជា ដែលបានផ្សាយដោយគេហទំព័រឯកទេសផ្នែកឧស្សាហកម្មកង់ របស់អឺរ៉ុប Bike-EU.com។
កម្ពុជានាំចេញកង់ (រូបភាព៖ BBC)
ដោយ

ប្រភព័ត៌មាន​ Bike-EU.com បាន​ឲ្យដឹងថា បើទោះបីជា​ប៉ន្មានខែ​មកនេះ កម្ពុជា​បាន​ប្រឈមមុខ​នឹង​បញ្ហា​រីករាលដាល​នៃមេរោគ​កូវីដ-១៩ យ៉ាងណាក្ដី ប៉ុន្ដែ​ នៅរយៈពេល ៣ខែ​ ដើមឆ្នាំ២០២០នេះ កម្ពុជា​បាននាំចេញ​កង់ ទៅកាន់ទីផ្សារអឺរ៉ុប​ប្រមាណ​ជិត​កន្លះលានគ្រឿង ដោយមានតម្លៃជាទឹកប្រាក់សរុប​ជាង ១១៩ លាន​ដុល្លារអាមេរិក។

បច្ចុប្បន្ន ដោយសារតែ​មានការអនុគ្រោះ​ពន្ធនាំចេញទៅកាន់អឺរ៉ុប ​​​​អនុញ្ញាត​ឲ្យ​កម្ពុជា​ក្លាយជា​ឈរ​ក្នុងតំណែង​​កំពូល​ជាអ្នកនាំចេញ​កង់​ធំបំផុត​ទៅកាន់ទីផ្សារ​មួយនេះ។

ទោះបីជា​មានស្ថានភាពមិនច្បាស់លាស់​ទាក់ទង​នឹង​អនាគត​នៃ​ការអនុគ្រោះពន្ធ​នាំចេញ​ទៅអឺរ៉ុប​ក៏ដោយ តែអ្នកជំនាញ​ក្នុងឧស្សាហកម្ម​នេះ លើកឡើងថា ការផ្ទុះរាលដាល​នៃមេរោគកូវីដ-១៩ នឹង​បន្ដ​មាន​ឥទ្ធពល​វិជ្ជមាន​មកលើ​ឧស្សាហកម្ម​ផលិតកង់​របស់​កម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​កាសែត​ក្នុងស្រុក​កាលពីពេល​ថ្មីៗនេះថា ការនាំចេញកង់​ពីកម្ពុជា​ទៅកាន់​ទីផ្សារក្រៅប្រទេស​ នឹងបន្ដកើនឡើងថែមទៀត ដោយសារតែ​ បញ្ហា​ចរាចរណ៍ និង​តម្រូវការ​សម្រាប់​ការធ្វើ​លំហាត់ប្រាណ​ដើម្បីសុខភាព ហើយលោកជឿជាក់ថា នៅត្រីមាសទី២នេះ ការនាំចេញកង់​របស់​កម្ពុជា​ក៏អាចនឹង​បន្ដកើនថែមទៀត។

គួរបញ្ជាក់ថា កាលពីខែ​កុម្ភៈកន្លងទៅ សហភាពអឺរ៉ុប បាន​ប្រកាស​ពីការ​ដក​ផ្នែកខ្លះ​នៃ​ភាពអនុគ្រោះពន្ធ​អ្វីៗគ្រប់យ៉ាង​លើកលែង​តែអាវុធ (EBA) ពីប្រទេស​កម្ពុជា ដោយក្នុងនោះ​មានផលិតផល​មួយចំនួន​ដូចជា សម្លៀកបំពាក់ ស្បែកជើងខ្លះ ត្រូវបាន​គិតពន្ធ​នាំចូលទៅអឺរ៉ុប ហើយការគិតពន្ធនេះ នឹងចាប់ផ្ដើមអនុវត្ត​ចាប់ពីថ្ងៃទី ១២ សីហាឆ្នាំ២០២០តទៅ។ ប៉ុន្ដែ ក្នុងនោះ សម្រាប់​ផលិតផល​កង់វិញ គឺមិនបានរង​ផលប៉ះពាល់​ពីការដក EBA ឬគិតពន្ធនាំចូលទៅអឺរ៉ុប​នោះទេ។​

មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា អះអាងថា រោងចក្រ​ផលិត​កង់​នៅកម្ពុជា​ ត្រូវការមាន​​សមាធាតុ​ផលិត​ក្នុងស្រុក​យ៉ាងតិច ៤០% ដើម្បី​អាច​ទទួលបាន​ការអនុគ្រោះពន្ធ​សម្រាប់​នាំចេញ​ទៅអឺរ៉ុបបាន​។ លើសពីនេះ សមាសធាតុ​ដែលមានប្រភពពី​ប្រទេស​ផ្សេងទៀត​ក្នុងតំបន់អាស៊ាន ក៏អាច​ចាត់ទុកថា​ជា​វត្ថុធាតុដើម​ក្នុងស្រុក​​ក្នុងករណីខ្លះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Thai Airways ត្រូវការពេល ៥ឆ្នាំ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ក្រោយពីប្រកាសក្ស័យធន

ព័ត៌មាន
តុលាការក្ស័យធនកណ្ដាល (Central Bankruptcy Court) បានទទួលយកករណីរបស់ក្រុមហ៊ុន Thai Airways និងកំណត់ថ្ងៃបើកសវនការ លើកដំបូងនៅក្នុងខែសី…

សម្ដេច ស ខេង៖ បញ្ហា​ថ្មីៗ​ចុង​ក្រោយ​នេះ គឺ​បញ្ហា​ជីវភាព​ពលរដ្ឋ​និង​ជា​មុខ​សញ្ញា​ងាយរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស

ព័ត៌មាន
សម្ដេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ថា បញ្ហា​ថ្មីៗ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា គឺ​ការ​ប្រឈមមុខ​នឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ