ផ្លែស្វាយ​ស្រស់​នាំចេញ​ទៅកាន់ប្រទេសចិន

រដ្ឋមន្ត្រីក្រសួងកសិកម្មថា ផ្លែស្វាយស្រស់​កម្ពុជាជិត ១០០តោនហើយ ត្រូវបានដឹកនាំចេញទៅកាន់ទីផ្សារចិន


រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា នៅទីបំផុត ផ្លៃស្វាយស្រស់ចំនួន ៣កុងតឺន័រហើយ ស្មើនឹងបរិមាណជិត១០០ តោនត្រូវបានដឹកចេញពីកម្ពុជាទៅកាន់ប្រទេសចិនជាលើកដំបូងរាប់គិតចាប់តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមហ៊ុន ហ៊ុនទី។
រដ្ឋមន្ត្រីក្រសួងកសិកម្មថា ផ្លែស្វាយកម្ពុជាជិត១០០តោនហើយ ត្រូវបានដឹកនាំចេញទៅកាន់ទីផ្សារចិន (រូបភាព៖​ហ្វេសប៊ុក​ក្រសួងកសិកម្ម)
ដោយ

ការនាំចេញផ្លែស្វាយ​ស្រស់​ជាលើកដំបូង​ទៅកាន់​ទីផ្សារចិននេះ គឺធ្វើឡើង​ក្រោយពី​ពិធីសារ​រវាងក្រសួង​កសិកម្មកម្ពុជា និងអគ្គរដ្ឋបាលគយចិន ត្រូវបានចុះ​ហត្ថលេខា​រួមគ្នា​កា​លពីខែមិថុនា ឆ្នាំ២០២០។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន គូសបញ្ជាក់ នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់លោកថា ផ្អែកតាម​សេចក្តីរាយការណ៍​ពីក្រុមហ៊ុន ហ៊ុនទី នាព្រឹកថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ លទ្ធផល​នៃការនាំចេញ​ស្វាយស្រស់ពីកម្ពុជា ទៅកាន់​ប្រទេស​ចិនសម្រាប់​ថ្ងៃដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១ កុងទ័រនឺ ស្មើនឹងជិត៣០ តោន ហើយសង្ឃឹមថា ផ្លែស្វាយ​បានទៅ​ដល់​ប្រទេសចិន នាថ្ងៃទី៤ ខែធ្នូនេះដែរ។

ឯកឧត្តមបាន​បន្តទៀតថា ការដឹកជញ្ជូនស្វាយ​ស្រស់សម្រាប់ កុងទ័រនឺទី២ បានចេញដំណើរនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ មានចំនួនជិត ២៩តោន ដែលរំពឹងថា នឹងអាចទៅ​ដល់ប្រទេសចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ខណៈកុងទ័រនឺ ទី៣ ក៏បានចេញ​ដំណើរ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះដែរ ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន ហ៊ុន ទី ដែលបានប្រាប់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺការរៀបចំ​កិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលាងសំអាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់​សមាស​ភាព​ចង្រៃ ការវេចខ្ចប់ ការរៀបចំទុក​ដាក់បញ្ចូល​ទៅក្នុង កុងទ័រនឺ និងការដឹកជញ្ជូន​ទៅកាន់​ប្រទេសចិន ពុំជួបបញ្ហា​ប្រឈម​ណាមួយនោះទេ ពោលគឺប្រព្រឹត្ត​ទៅតាម​ផែនការ​ដែលបាន​កំណត់យ៉ាងរលូន។

បន្ថែមលើសពីនេះ ក្រុមហ៊ុនហ៊ុន ទី ក៏មានគម្រោង​នាំចេញផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេសចិន​ឲ្យបានពី ៥០ ទៅ ៣០០ កុងទ័រនឺ ដែលមាន​ចំនួន​ស្មើនឹង១ពាន់ ៥០០ តោន ទៅ ៨ពាន់ ៤០០ តោន ក្នុងមួយថ្ងៃ បន្ទាប់ពី​មជ្ឈមណ្ឌលតំបន់​សេដ្ឋកិច្ច​ពិសេស​ និងតំបន់ឧស្សាហកម្ម​កសិកម្ម​ ដែលស្ថិត​នៅតាមបណ្តោយ​ផ្លូវជាតិលេខ ៤ ថ្មី ត្រូវបានកសាង​ហើយរួចរាល់ នាពេលខាងមុខ។

យ៉ាងណាបើ​តាមស្ថានទូតចិន​ប្រចាំ​ប្រទេស​កម្ពុជា​ធ្លាប់បាន​លើកឡើង​កាល​ពីខែមិថុនា​កន្លងទៅ​ បានឲ្យដឹងថា យ៉ាងហោចណាស់ កម្ពុជា​អាចនឹង​នាំចេញ​ផ្លែស្វាយ​ស្រស់ទៅ​កាន់​ទីផ្សារចិន ប្រមាណ ៥០​ម៉ឺនតោន​ជារៀងរាល់ឆ្នាំ ក្រោយពី​មាន​ពិធីសារ​ផ្លូវការ​សម្រាប់​បើកផ្លូវ​ដល់ការ​នាំចេញនេះ។

ក្រោយពីមាន​ពិធីសារ​នាំចេញផ្លែស្វាយ​ត្រូវបាន​ចុះហត្ថលេខា​រួចមក ​អគ្គនាយកដ្ឋាន​កសិកម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការស្វាយ និងទីតាំង​វេចខ្ចប់សម្រាប់​នាំចេញផ្លែស្វាយ​ស្រស់​កម្ពុជា ទៅកាន់​ប្រទេសចិន ចំនួន​៤៨ក្រុមហ៊ុន​ដែលជា​ម្ចាស់ចម្ការ ឬសហគមន៍​កសិកម្ម។

របាយការណ៍​ពីក្រសួង​កសិកម្ម​បាន​បង្ហាញថា នៅរយៈពេល១១ ខែឆ្នាំ ២០២០នេះ ផ្លែស្វាយស្រស់​ចំនួនជាង ៩ម៉ឺន តោន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដែលមាន​កំណើន ជាង ៨៣ ​ធៀបទៅ​នឹងរយៈ​ពេលដូចគ្នា​កាលពី​ឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លងក្នុងសហគមន៍ ០៤នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆកា នៅរាជធានីភ្នំពេញ

ព័ត៌មាន
ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីឆ្លងចូលសហគមន៍ចំនួន០៤ នាក់បន្ថែមទៀតដោយក្នុងនោះ មាន០៣នាក់ រស់នៅក្នុង បុរីលឹមឈាងហាក់ ក្នុងខណ្ឌច្បារអំពៅ…

ក្រុមហ៊ុននាំចេញកង់ធំៗក្នុងប្រទេសចិន កំពុងសម្រុកនាំចេញ ស្របពេលតម្រូវការសកលកំពុងកើនឡើង

ព័ត៌មាន
ក្រុមហ៊ុននាំចេញកង់ធំៗនៅក្នុងប្រទេសចិន បានមើលឃើញពីកំណើននៃបរិមាណនាំចេញកង់របស់ពួកគេទៅកាន់ទីផ្សារក្រៅប្រទេស ខណៈពេលដែលមេរោគរាតត្បាតកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ