វិស័យ​នាំ​ចេញ-នាំចូល

ការ​នំាចេញ​-នាំ​ចូល​ទំនិញ​កម្ពុជា​ថម​ថយ​កម្លាំង​ក្នុង​ឆ្នាំ​២០១៦


ឆ្នាំ​២០១៦​មួយ​ឆ្នាំ​ពេញ ការ​នំា​ចេញ​-​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជា ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​លើ​ពិភព​លោក ហាក់​មាន​កំណើន​តិច​តួច​ខ្លាំង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា

ការ​នាំ​ចេញ​នាំចូល ឆ្នាំ​២០១៦ មាន​ការ​កើន​យឺត ស្ទើរ​តែ​មើល​មិន​ឃើញ ដែល​បាន​ជំរុញ​ឲ្យ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​នាំចូល​នៅ​ក្នុង​ឆ្នាំ​២០១៦ ក៏​កើន​ឡើង​តិច​តួច​ដែរ ពោល​គឺ​កើន​តែ​ជាង​៤​ភាគរយ​ប៉ុណ្ណោះ។

ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​នាំចេញ​នំាចូល​សរុប​មាន​ចំនួន​ប្រមាណ ២ម៉ឺន ១៩៣៨លានដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៥ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ត្រឹម​តែ ២ម៉ឺន​១ពាន់លានដុល្លារអាមេរិក។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ពី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។

លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​ពិធី​បើក​អង្គ​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជ​កម្ម​ប្រចាំ​ឆ្នាំ​២០១៦ និង​ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទំហំ​នៃ​ការ​នាំចេញ​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជា នៅ​តែ​បន្ត​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ ក្នុង​សន្ទុះ​មួយ​ដែល​យឺតខ្លាំង។

  • របាយ​ការណ៍​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា គិត​ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចូល​ផលិតផល​សំខាន់ៗ រួម​មាន​​វត្ថុ​ធាតុ​ដើម​សមា្រប់​បម្រើ​ឲ្យ​វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់ យាន​យន្ត ម៉ូតូ គ្រឿង​អេឡិច​ត្រូនិច ម្ហូប​អាហារ និង​ភេសជ្ជៈ  គ្រឿង​សម្ភារៈ​សំណង់ ដែល​សរុប​ជា​ទឹក​ប្រាក់  ១​ម៉ឺន​២​ពាន់​លាន​ដុល្លារ  ខណៈ​ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មាន​ទំហំ​ទឹក​ប្រាក់​ត្រឹម​តែ​ជាង​៩​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។
  • ផលិត​ផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ដូចជា សម្លៀក​បំពាក់​កាត់​ដេរ និង​ស្បែក​ជើង អង្ករ កៅស៊ូ និង​​ទោចក្រ​ក្រយាន​។ល។ កម្ពុជា​បាននាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ២​ពាន់ ៣៥៤​លាន​ដុល្លារ  នាំ​ចេញ​ទៅ​ទីផ្សារ​​អឺរ៉ុប ២​ពាន់​៨២៥​លាន​ដុល្លារ នាំ​ចេញ​ទៅ​ក្រៅ​សហគមន៍​អឺរ៉ុប ៧៤​លាន​ដុល្លារ នាំ​ចេញ​ទៅ​ទ្វីប​អាហ្រ្វិក ២៤​លាន​ដុល្លារ និង​នាំ​ចេញ​ទៅ​ទ្វីប​អាស៊ី និង​អូសេអានី ១​ពាន់​៦១០​លាន​ដុល្លារ។

កម្ពុជា​ជា​ប្រទេស​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​ធំ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស ដែល​ភាគ​ច្រើន​ជា​ផលិត​ផល​កសិកម្ម។

កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់​ដេរ​និង​ស្បែក​ជើង​ច្រើន​ជាង​គេ​បង្អស់។
ឧស្សាហកម្ម​កាត់​ដេរ​​មិន​សូវ​ល្អ​​ក្នុងឆ្នាំ​​២០១៦​-២០១៧

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា​នៅ​តែ​មិន​ទាន់​បង្ហាញ​ពី​សញ្ញា​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​នៅ​ឡើយ ខណៈ​ដែល​អ្នក​បញ្ជា​ទិញ​មួយ​ចំនួន​បាន​បន្ថយ​ការ​ទិញ​ពី​កម្ពុជា ដោយ​បង្វែរ​ទៅ​ទិញ​ពី​ប្រទេស​ដទៃ​ជំនួស​វិញ។

អ្នក​ជំនាញ​បាន​បញ្ជាក់​អះអាង​ថា ការ​កើន​ឡើង​នូវ​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​វៀតណាម បង់ក្លាដេស និង​ភូមា គឺ​ជា​ផ្នែក​សំខាន់​ក្នុង​ការ​ទាញ​ទម្លាក់​សន្ទុះ​កំណើន​នៃ​ការ​នាំចេញ​ផលិត​ផល​វាយន​ភណ្ឌ​កាត់ដេរ​និង​សម្លៀក​បំពាក់​របស់​កម្ពុជា ជាពិសេស​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប តែ​ម្តង។

វិស័យ​វាយន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឧស្សាហ​កម្ម​នាំ​ចេញ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​មាន​រោងចក្រ​ប្រមាណ​ជិត ១​ពាន់​រោងចក្រ​កំពុង​ធ្វើ​ប្រតិបត្តិការ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៦២​ម៉ឺន​នាក់ ខណៈ​ប្រាក់​ខែ​គោល​អប្ប​បរមា​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​ដល់​១៣៨​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៦ ហើយ​ក្នុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​នឹង​តម្លើង​ដល់ ១៥៣​ដុល្លារ​ក្នុង​មួយ​ខែ៕



អត្ថបទបន្ទាប់


ឆ្នាំ២០១៦ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី​ថយ​ចុះ ប៉ុន្តែ សកម្ម​ភាព​ពាណិជ្ជ​កម្ម​មិន​ថយ​ចុះ​ទេ

ព័ត៌មាន
ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​បើក​ក្រុមហ៊ុន​ថ្មី និង​សហគ្រាស​ឯកជន នៅ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៦ មាន​ការ​ថយ​ចុះ ប៉ុន្តែ សកម្មភាព​ពាណិជ្ជ…

ពិនិត្យ​ឡើង​វិញ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦

ព័ត៌មាន
ឆ្នាំ​២០១៦ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ការ​កើន​ឡើង​តិច​តួច មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ រំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ