ការនាំចេញថ្នាំជក់

កសិករថាថ្នាំជក់នៅតែមានតម្លៃល្អឆ្នាំនេះ ខណៈការនាំចេញថ្នាំជក់ធ្លាក់ចុះខ្លាំង


កសិករដាំដុះថ្នាំជក់នៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានអះអាងថា តម្លៃថ្នាំជក់នៅឆ្នាំនេះ លក់បាន​ថ្លៃជាងឆ្នាំមុនគ្រាន់បើ មួយ​គីឡូក្រាម​តម្លៃ ៨ពាន់ទៅ ១ម៉ឺន៦ពាន់រៀល​សម្រាប់ថ្នាំជក់​ប្រភេទ​កាតាប (ថ្នាំខ្លាំង) រីឯថ្នាំជក់ប្រភេទខ្មែរវិញ តម្លៃ​ជាង៦ពាន់រៀល ទៅដល់​៨ពាន់៥រយរៀល​ប៉ុណ្ណោះ។
កសិករថាថ្នាំជក់នៅតែមានតម្លៃល្អឆ្នាំនេះ ខណៈការនាំចេញថ្នាំជក់ធ្លាក់ចុះខ្លាំង
ដោយ

ស្របពេលដែលតម្លៃថ្នាំជក់ល្អប្រសើរក្នុងឆ្នាំនេះ បើក្រឡេកទៅមើលរបាយការណ៍របស់ក្រសួងកសិកម្មវិញបង្ហាញថា រយៈពេល៥ខែ ឆ្នាំ២០២១នេះ ការនាំចេញថ្នាំជក់មានចំនួនជិត៩០០តោន ថយចុះប្រមាណ៧០% ដោយក្នុងនោះ ការនាំចេញថ្នាក់ជក់ទៅប្រទេសវៀតណាមស្ទើរតែ ១០០%ទៅហើយ។

ប្រជាកសិករដាំដុះថ្នាំជក់នៅកម្ពុជាបានរៀបរាប់ប្រាប់ខេមបូណូមីសឲ្យដឹងថា តម្លៃថ្នាំជក់នៅក្នុងឆ្នាំនេះហាក់បីដូចជាមានតម្លៃល្អប្រសើរជាងឆ្នាំមុន។

លោក ឃាង ណាត ជាកសិករដាំថ្នាំជក់ នៅភូមិទី៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា បានប្រាប់ក្រុមការងារខេមបូណូមីស ថា នៅភូមិឃុំដែលគាត់រស់នៅនេះ មានអ្នកដាំថ្នាំជក់ ស្ទើរតែ១០០%ទៅហើយ ដោយរបរដាំថ្នាក់ជក់នេះ ជាមុខរបរដែលបន្តពីដូនតា មក ហើយដោយសារស្រុកក្រូចឆ្មា ដាំថ្នាំជក់លូតលាស់បានល្អ និងងាយថែទាំ ឆាប់បានផលជាងដំណាំផ្សេងទៀត។

ចំណែកអ្នកស្រី ថៃ ស៊ីនួន ជាកសិករដាំថ្នាំជក់នៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានប្រាប់ក្រុមការងារខេមបូណូមីស ដែរថា រៀងរាល់ឆ្នាំ ទិន្នផលថ្នាំជក់របស់អ្នកស្រីគឺបានតិចតួចប៉ុណ្ណោះ តែឆ្នាំនេះហាក់បានគ្រាន់បើជាងឆ្នាំមុនបន្តិច ខណៈដែលតម្លៃវិញក៏ប្រសើរជាងឆ្នាំទៅដែរ។

ជាមួយគ្នានេះដែរ អ្នកស្រី កុច សុខម៉េង ដែលរស់នៅក្នុងភូមិឃុំ ជាមួយអ្នកស្រី ថៃ ស៊ីនួន និងបានប្រកបរបរដាំថ្នាំជក់ជាង៣០ឆ្នាំហើយនោះ ក៏បានឲ្យដឹងដែរថា ឆ្នាំនេះ ចំណូលដែលអ្នកស្រីទទួលបានពីការលក់ថ្នាំជក់នោះ គឺមានប្រមាណជាង ៤០លានរៀល ដោយបានដាំដុះនៅលើផ្ទៃដីជិត២ហិកតា ក្រោយទូទាត់ការចំណាយហើយសល់បានពាក់កណ្តាល។

អ្នកស្រី កុច សុខម៉េង បានបន្ថែមថា ការដាំថ្នាំជក់នេះ គឺអាស្រ័យទៅលើពូជ ដី និងការថែទាំ គួបផ្សំនឹងការប្រើប្រាស់ថ្នាំបាញ់បំប៉នបានគ្រប់គ្រាន់ផង ទើបទទួលបានទិន្នផលតិចឬច្រើន។

បើតាមលោក ស៊ុ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មា បានឲ្យដឹងថា ថ្នាំជក់ដែលដាំដុះនៅស្រុកក្រូចឆ្មា មាន២ប្រភេទថ្នាំកាតាប និងថ្នាំខ្មែរ ដែលបានផ្ទៃដីសរុប ជាង១ពាន់ហិកតា ក្នុងនោះការដាំដុះថ្នាំខ្មែរ មានតែ៣៣៥ ហិកតាប៉ុណ្ណោះ ដោយដាំដុះតែនៅរដូវប្រាំងប៉ុណ្ណោះ ។

លោកបានបន្ថែមថា បើប្រៀបធៀប ផ្ទៃដីដាំដុះទៅឆ្នាំមុន មានការថយបន្តិចសម្រាប់ ថ្នាំជក់ប្រភេទថ្នាំកាតាប ប៉ុន្តែចំពោះថ្នាំខ្មែរកើនឡើងបន្តិចវិញ ដូចនេះ ទិន្នផលនៃការប្រមូលផលថ្នាំជក់ នៅស្រុកក្រូចឆ្មា ឆ្នាំនេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។

ចំពោះការថមថយផ្ទៃដីដាំដុះនេះដែរ ត្រូវបានលោក ស៊ុ រ៉ា បញ្ជាក់ថា ដោយសារតែកសិករខ្លះ បានប្តូរទៅដាំដំណាំពោត និង ល្ងខ្លះវិញ ព្រោះតែតំបន់ខ្លះមានថ្នាំជក់ងាប់ច្រើន។ ចំណែក តម្លៃថ្នាំជក់វិញ លោកបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំនេះ តំលៃថ្នាំជក់ខ្មែរ គឺមានតម្លៃល្អប្រសើរ ដែលមានតម្លៃចន្លោះពី ៨០០០៛ - ១៦០០០៛/ kg ខណៈដែល តម្លៃថ្នាំកាតាប ល្អជាងឆ្នាំមុន គឺតម្លៃចន្លោះពី៦៥០០៛ - ៨៥០០៛ /kg ។

យោងតាម ការបង្ហាញរបាយការណ៍ពីការនាំចេញកសិផល ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ ការនាំចេញថ្នាំជក់មានចំនួនជិត៩០០តោន ថយចុះប្រមាណ៧០% ដោយក្នុងនោះ ការនាំចេញថ្នាក់ជក់ទៅប្រទេសវៀតណាមស្ទើរតែ ១០០%ទៅហើយ ក្រៅពីនេះនាំចេញតិចតួចប៉ុណ្ណោះ រួមមាន ប្រទេសប៊ែលហ្សិក អាល្លឺម៉ង់ ហុងគ្រី ឥណ្ឌូនេស៊ី និង សិង្ហបុរី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាការដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រ នៅតែជាកត្តារាំងស្ទះធំ សម្រាប់ការនាំចេញអង្ករកម្ពុជា

ព័ត៌មាន
អ្នកជំនួញ និង អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករកម្ពុជាអះអាង តម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រនៅតែជាបញ្ហាចោទ សម្រាប់ការនាំចេញអង្កររបស…

អាមេរិកនឹងបង្ហាញលម្អិតពីផែនការចែកវ៉ាក់សាំង ៨០លានដូស នៅពីរសប្ដាហ៍ខាងមុខនេះ

ព័ត៌មាន
គម្រោងជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន៨០លានដូស ដែលអាមេរិកសន្យាថា នឹងចែករំលែកទៅកាន់ពិភពលោកនោះ ត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកឲ្យដឹងថា អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ