សេដ្ឋកិច្ច​កម្ពុជា​២០២០

ក្រសួងសេដ្ឋកិច្ច ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២០ មកនៅជុំវិញ ៦% ក្រោយមានកត្តាប្រឈមថ្មីពីវីរុសកូរ៉ូណា


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃថ្ងៃទី ៣០ មករានេះ បានចេញរបាយការណ៍ពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានធ្វើការព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ ថា នឹងមាននៅត្រឹមតែក្នុងរង្វង់ ៦% ប៉ុណ្ណោះ ខណៈដែលកាលពីមុនបានព្យាករថា អាចនឹងមាន ៦,៥%។ ការកែប្រែការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺធ្វើឡើងបន្ទាប់ពីមើលឃើញពីកត្តាប្រឈមថ្មីមួយ ដែលបានកើតឡើងនៅប៉ុន្មានខែចុងក្រោយនេះ ពិសេស គឺការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅប្រទេសចិន។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ

តាមរបាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចាត់ទុក​ការរីករាល​ដាល​នៃវីរុស​កូរ៉ូណា ដែលបាន​កើតចេញពីប្រទេសចិន នឹងបន្ត​រីករាលដាល​ទៅកាន់ប្រទេស​ជាច្រើន រួមមាន ទាំងកម្ពុជាផងដែរនោះ ថាគឺជា ហានិភ័យ​មួយសម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២០នេះ បន្ទាប់ពី​ហានិភ័យ​ភាពតានតឹង​នៃបញ្ហា​ភូមិសាស្ត្រ​នយោបាយ, ភាពតានតឹង​នៃទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក ប្រទេសជាដៃគូ, ការប្រែប្រួលអាកាសធាតុ, ភាពមិនប្រាកប្រជា​នៃប្រព័ន្ធអនុគ្រោះពន្ធ EBA, ការថមថយ​នៃកំណើនសេដ្ឋកិច្ច​ពិភពលោក និង​ការកើនឡើង​គោលនយោបាយ​គាំពារនិយមជាដើម។ ​

បើតាម​ការអះអាង​របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០២០នេះ សេដ្ឋកិច្ច​កម្ពុជា​បាននិងកំពុង​ប្រឈម​នូវ​ហានិភ័យ​កាន់តែធំជាងមុន ខណៈដែលភាពមិនច្បាស់លាស់​ក៏មាន​កាន់តែធំជាងមុនដែរ។ ពិសេស គឺ​ទាក់ទង​នឹង​ការផ្ទុះឡើង​នៃវីរុសកូរ៉ូណា​ប្រភេទ​ថ្មី នៅប្រទេសចិន ដែលវាបាននិងកំពុង​ធ្វើឲ្យ​វិស័យមួយចំនួន​របស់កម្ពុជា ដូចជាទេសចរណ៍ គឺកំពុងប្រឈម​នឹងបញ្ហាកាន់តែខ្លាំង ហើយមិនមែន​តែកម្ពុជា​ទេ​ ដែលត្រូវរងគ្រោះនឹងបញ្ហានេះ ប្រទេសជាច្រើន​ទៀត​នៅលើសកលលោក គឺជួបប្រទះដូចគ្នាដែរ។ 

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា «ឈានចូល​មកដល់​ឆ្នាំ២០២០នេះ យើងឃើញថា អ្វីដែលបាន​កើតឡើង​ពីរខែចុងក្រោយ ដែលបាន​ខ្ញុំបាន​គូសបញ្ជាក់​​មិញនេះ វាបានបន្តទៅទៀត​មកដល់នេះ ធ្វើឲ្យយើង​មានការ​បារម្ភ​ច្រើនជាងមុន ដោយសារតែយើង​ចូលទៅក្នុងសភាពការណ៍មួយ ដែលសេដ្ឋកិច្ច​របស់យើង​ជួបប្រទះ​ការប្រឈមកាន់តែធំជាងមុន មានហានិភ័យ​កាន់តែធំជាងមុន និងភាពមិនច្បាស់លាស់​កាន់តែធំជាងមុន។»

ឯកឧត្តម វង្សី វិស្សុត បាន​គូសបញ្ជាក់​ពី​ការប៉ះពាល់​របស់​វីរុស​កូរ៉ូណា​ មកលើ​សេដ្ឋកិច្ច​របស់កម្ពុជា​យ៉ាងដូច្នេះថា «វីរុសនេះ វាប៉ះចិន​ ហើយចិន​ជាដៃគូសេដ្ឋកិច្ចកម្ពុជា​​ធំណាស់។ ឥឡូវ​គ្រាន់តែទេសចរណ៍ គ្រាន់តែចិន​មានបញ្ហា​ អូតែលយើងមួយចំនួន​ដែលគេ Booking (កក់) ពេញ ចិនមកចូលឆ្នាំចិន​ហ្នឹង​ ពិបាកបណ្ដោយឥឡូវហ្នឹង គេ Canceled (លុបចោល) ច្រើនមែនទែន។ ហើយកាលណា​​ទេសចរណ៍ថយ ដឹកជញ្ជូនថយ ហូបចុកថយ​ អូតែលថយ​ វាមានន័យតែអញ្ចឹង​ ហើយ Constructions (សំណង់) ក៏ថយដែរ​ពេលហ្នឹង»។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ខេមបូណូមីស)

បើតាម​ការបញ្ជាក់បន្ថែមរបស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ចដដែលនេះ ការថមថយ​នៃវិស័យសំណង់​ ក៏មាន​មួយផ្នែក​ បណ្ដាលមកពី​ការបិទ​ការល្បែង​ភ្នាល់​​តាមអនឡាញផងដែរ។

ទោះយ៉ាងណា ឯកឧត្តម វង្សី វិស្សុត បាន​អះអាងថា មូលដ្ឋាន​សេដ្ឋកិច្ច​របស់កម្ពុជា​មាន​ភាពរឹងមាំ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈល្អ និងមាន​ទុនបម្រុងអន្តរជាតិប្រមាណជាង ១៧ ពាន់លាន​ដុល្លារអាមេរិក ព្រមជាមួយនឹងគោលនយោបាយ​គ្រប់ជ្រុងជ្រោយ និងមានវិធានការណ៍សេដ្ឋកិច្ច​មួយចំនួនទៀត ដូច្នេះ បើ​មានការអនុវត្ត​ឲ្យប្រកបដោយប្រសិទ្ធភាព នោះកំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​មិនមានការធ្លាក់ខ្លាំងនោះទេ។

ឯកឧត្តម វង្សី វិស្សុត​មានប្រសាសន៍ថា «ខ្ញុំមើលឃើញថា កម្លាំងសេដ្ឋកិច្ចយើង​មានកន្លែងថយ ប៉ុន្ដែ​មានកន្លែងឡើងដែរ ដូច្នេះ មូលហេតុថា ឲ្យយើង​ភ័យឲ្យខ្លាំង​ ក៏មិនជាការភ័យខ្លាំងដែរ ព្រោះការថមថយ​ជាទូទៅ​គឺមាន ដូច្នេះយើងជៀសមិនរួច។ ក្នុងស្រុកយើងមានការថមថយ​កន្លែងខ្លះ ប៉ុន្ដែកន្លែងដែលវាកើន​​ក៏កើនដែរ គ្រាន់តែ​ថា កន្លែងវាកើនហ្នឹងនៅតូច វាពុងរីក ប៉ុន្ដែកន្លែងដែលថយ​ហ្នឹងវាធំ។ អាកន្លែង​គេហៅថា​ ជន្ទល់សេដ្ឋកិច្ច​វាប៉ះ​សឹងតែទាំងអស់ហើយ»។ ​

ដោយមើលឃើញ​ពី​ហានិភ័យ​ដែលបាន​កើតឡើងនេះ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក៏បាន​គិតគូររៀបចំពី​ក្របខណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច និង​កញ្ចប់ថវិកាសារពើពន្ធ​ឆ្នាំ២០២០។ ក្នុងនោះដែរ រាជរដ្ឋាភិបាល​ នឹងខិតខំ​ទប់ទល់នឹង​កត្តាប្រឈម​ទាំងនោះ និងបន្តអនុវត្ត​នូវគោលនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​​របស់រដ្ឋាភិបាល​បន្តទៀត ដើម្បីប្រើប្រាស់​ធនធាន​ដែលមាន​ចាក់គ្រឹះ​ នៅពេល​ណា​វិបត្តិធ្ងន់ធ្ងរ ឬមួយការគៀបសង្កត់​ណាមួយថយចុះទៅវិញ​ នោះសេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើងខ្លាំងតែម្ដង។

ឯកឧត្តម វង្សី វិស្សុត​បាន​សង្កត់ធ្ងន់ថា កម្ពុជា​គួរប្រើប្រាស់​ការគំរាម​កំហែង ឬហានិភ័យ ឬការកើត​ឡើងនៃវិបត្តិណាមួយ មកធ្វើជាឱកាស​ ដើម្បី​ធ្វើកំណែទម្រង់​ និងអនុវត្ត​គោលនយោបាយ​​ដែលរាជរដ្ឋាភិបាល​ដែលបាន​ដាក់ចេញ ឲ្យមានប្រសិទ្ធភាព ដែលទៅថ្ងៃមុខ​វានឹងក្លាយជា​កម្លាំងសេដ្ឋកិច្ច​មួយ អាចរុញកំណើន​រយៈពេលវែង។

សូមបញ្ជាក់ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅឆ្នាំ២០១៩ ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ប៉ាន់ប្រមាណថា មាន ៧,១% ហើយ​សម្រាប់​កំណើន​៦,១% នៅឆ្នាំ២០២០ ដែលបាន​ព្យាករ​ថ្មីៗនេះ ត្រូវបាន​គេមើលឃើញដែរថា គឺជាកំណើន​មួយទាប​បំផុត​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំមកនេះ។ ប៉ុន្ដែ បើតាម​មន្ត្រីជាន់ខ្ពស់ក្រសួង​សេដ្ឋកិច្ច អះអាងថា កំណើន​ជុំវិញ ៦% នៅឆ្នាំ២០២០ នៅតែជាកំណើន​មួយខ្ពស់​ជាងគេ បើធៀបនឹង​កំណើន​សេដ្ឋកិច្ច នៃប្រទេស​អាស៊ាន។

បើតាម​ការព្យាកររបស់ស្ថាប័ន​អន្តរជាតិធំៗ ដូចជា World Bank, ADB និង IMF (នៅមុនពេល​មានផ្ទុះវីរុស​កូរ៉ូណាឡើង​) បាន​ឲ្យដឹងថា កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅឆ្នាំនេះ អាចនឹង​មាន​៦,៨ ទៅ៦,៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី Jack Ma ផ្ដល់ជំនួយ ១៤,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានៅប្រទេសចិន

ព័ត៌មាន
មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ចិន គឺ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Alibaba នឹងផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ ១៤,៥ លានដុល្លារអាមេរិក តា…

ផ្សារ​មូលបត្រ​កម្ពុជា ថា ស្ថានភាព​បច្ចុប្បន្ន​ជា​ឱកាស​ល្អ​ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ទាប​សម្រាប់​រក​ប្រាក់​ចំណេញ

ព័ត៌មាន
នាយក​ប្រតិបត្ដិ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា គឺ​លោក Jong Weon Ha បាន​​និយាយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​មករា ឆ្នាំ​២០២០​នេះ ថា ស្ថានភាព​បច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ