តម្លៃហាងឆេងមាស

តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃក្រឺតៗដល់ប្រមាណ ២.២៣០ ដុល្លារក្នុងមួយតម្លឹង!


តម្លៃមាសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានហាក់កើនខ្ពស់គួរកត់សម្គាល់ រហូតដល់ទៅប្រមាណ ២.២៣០ ដុល្លារអាមេរិកគិតនៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២០នេះ នេះបើតាមមាសលក់ចេញពីហាងប្ដូរប្រាក់ប្រាក់ និងលក់គ្រឿងអលង្ការលីហួរ។ ការកើនឡើងតម្លៃមាសនៅក្នុងទីផ្សារកម្ពុជានេះ គឺដើរស្របទៅតាមតម្លៃទីផ្សារមាសពិភពលោក រួមទាំងប្រទេសជិតខាងរបស់កម្ពុជា ដូចជាថៃ និងវៀតណាមក៏បង្ហាញពីតម្លៃមាសហក់ឡើងថ្លៃដូចគ្នាដែរ។
រូបតំណាង
ដោយ

បើយើង​ពិនិត្យ​ទៅលើ​ដ្យាក្រាម​អំពី​តម្លៃមាសនៅលើ​ទីផ្សារ​សកល​ដែល​បាន​បង្ហាញ​ដោយ​ស្ថាប័ន Market Insider​បាន​ឲ្យដឹងថា តម្លៃមាស​បាន​កើនឡើង​ជាលំដាប់​ និង​មិនមាន​ការធ្លាក់ចុះទេ គិត​តាំងពី​ដើមខែ​​មិថុនា​រហូត​មកទល់​ថ្ងៃទី ២២ ខែកក្កដានេះ ហើយតម្លៃមាស នៅពេលបច្ចុប្បន្ននេះ អាចនិយាយ​បានថា គឺជាតម្លៃមួយខ្ពស់​បំផុត​មិនធ្លាប់មាន​ក្នុងរយៈពេល​ជិត​១០ឆ្នាំមកនេះ។

លោកស្រី ស៊ាង លីម ម្ចាស់ហាងប្ដូរប្រាក់ និងលក់គ្រឿងអលង្ការ​លីហួរ បាន​អះអាង​នៅថ្ងៃនេះថា តម្លៃមាស មានការកើនឡើង​ក្រឺតៗ​ជាលំដាប់​ ប៉ុន្ដែ អ្វីដែលជាការ​កត់សម្គាល់នោះ គឺវាបាន​ហក់កើនឡើង​ខ្លាំង​តាំង​ពីម្សិលមិញ​រហូតមកទល់ថ្ងៃនេះ ដោយតម្លៃមាស​គីឡូ​លក់ចេញ​បាន​កើនដល់ ២.២៣០ ដុល្លារ ក្នុងមួយតម្លឹង​ ខណៈដែល​តម្លៃមាសទិញចូល​មានតម្លៃ ២.២២០ ដុល្លារក្នុង​មួយតម្លឹង។

លោកស្រី ស៊ាង លីម លើកឡើងយ៉ាងដូច្នេះថា «ឡើងកន្លមក [តម្លៃមាស] ​វាតិចៗទេ [តែ] យប់មិញ​វាឡើងខ្លាំង​។ ថ្ងៃមុនគេទិញចូល ២.១៨០ [ដុល្លារក្នុងមួយតម្លឹងមាស] លក់ចេញ ២.២០០ [ដុល្លារក្នុង​មួយតម្លឹង​មាស​]»។

អាជីវករ​លក់មាសរូបនេះ​ បាន​ឲ្យដឹងទៀតថា បើធៀបនឹង​តម្លៃមាស​កាលពី​ប៉ុន្មានថ្ងៃមុន គឺតម្លៃមាស​គីឡូ​លក់ចេញ​​មានត្រឹមតែ ២.២០០ ដុល្លារ ខណៈដែល​មាសទិញចូល​មានតម្លៃ​២.១៤០ ដុល្លារ​ដូច្នេះ វាសបញ្ជាក់ថា តម្លៃមាសលក់ចេញ​ បានកើន៣០ ដុល្លារ​ក្នុងមួយតម្លឹង និងមាស​លក់ចេញ​កើនថ្លៃ ៤០​ដុល្លារ​ក្នុងមួយតម្លឹង។

ដោយឡែក បើធៀបនឹងតម្លៃមាស​នៅថ្ងៃទី ២២ ខែកក្កដានេះ នឹង​តម្លៃមាស​កាលពីសប្ដាហ៍មុន ឃើញថា តម្លៃមាស​លក់ចេញ​នៅថ្ងៃនេះ បាន​កើនថ្លៃ​រហូតដល់ទៅ ៦០ ដុល្លារ​ក្នុងមួយតម្លឹង ខណៈដែល​មាស​ទិញចូលវិញ កើនថ្លៃ ៧០ដុល្លារ ក្នុងមួយតម្លឹង។

អាជីវករ​លក់មាស​នៅផ្សារស្ទឹងមានជ័យថ្មី បានលើកឡើង​ស្រដៀងគ្នា​នេះ​ដែរថា តម្លៃមាស​ពិតជាបាន​ហក់ឡើងថ្លៃខ្ពស់​មែន​នៅប៉ុន្មានថ្ងៃមកនេះ។ អាជីវករ​រូបនេះ បន្ដថា ស្របពេល​ដែល​តម្លៃមាស​ឡើងថ្លៃ មានភ្ញៀវ​ដែល​មកហាង​លោកស្រី​ប្រមាណ ៧០% គឺជាអ្នក​យកមាស​មកលក់ ខណៈដែល​អ្នកទិញមាស​មានប្រមាណតែ ៣០%​ប៉ុណ្ណោះ។ លោកស្រីបន្ថែមថា នៅពេលដែល​មាន​អ្នកមក​លក់មាស​​ច្រើនជាងអ្នក​ទិញ​យ៉ាងដូច្នេះ វាក៏បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់ចរន្ដ​សាច់ប្រាក់​របស់​ហាង​លោកស្រីខ្លះៗដែរ ប៉ុន្ដែលោកស្រី​ថា របរទិញលក់​មាសនេះ គឺត្រូវការ​មានទំនួល​ខុស​ត្រូវខ្ពស់ ពោលគឺ បើគេយក​មាសមកលក់​ ជាម្ចាស់ហាង​ត្រូវ​តែ​មានទុនបម្រុង​ដើម្បីប្រមូល​ទិញវិញ។

យ៉ាងណាក៏ដោយចុះ អាជីវករមាស​បាន​បញ្ជាក់ថា តម្លៃមាស​លក់ចេញ ទិញចូល អាចនឹង​មាន​ការល្អៀងគ្នា​បន្តិចបន្តួច​ទៅតាម​ហាងនីមួយៗ។ 

បើទោះបីជា តម្លៃមាស​ហក់កើនឡើងខ្ពស់ក្ដី ប៉ុន្ដែ តាមការ​បញ្ជាក់​របស់​លោកស្រី ស៊ាង លីម ម្ចាស់ហាង​មាស​លីហួរ បាន​ឲ្យដឹងថា ចំពោះហាង​លោកស្រី​ មិនសូវ​សម្បូរ​អតិថិជន​ចូលមកទិញ ឬលក់មាស​ច្រើន​ដូចមុននោះទេ នៅអំឡុងពេល​មាន​មេរោគ រាតត្បាត​កូវីដ-១៩នេះ ដោយ​ភ្ញៀវធ្លាប់ទទួលបាន​១០០% បានធ្លាក់ចុះ​ និងមាន​មកនៅត្រឹមតែ​២០% ប៉ុណ្ណោះ​នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា តាម​ទិន្នន័យ​ដែលបង្ហាញដោយ​ Market Insider បាន​ឲ្យដឹងថា គិតតាំងពីដើម​ឆ្នាំ២០២០ មកទល់ថ្ងៃនេះ តម្លៃមាស​មានការធ្លាក់ចុះខ្លាំងបំផុត​នោះ គឺ​នៅពាក់កណ្ដាល​ខែ​មិថុនា ហើយតាំងពីនោះមក វាបាន​ងើបឡើងវិញ​ក្រឺតៗ​ជាលំដាប់។

បើយើង​ក្រឡេក​ទៅមើល​ទីផ្សារតម្លៃមាស​នៅវៀតណាម និងថៃវិញ សុទ្ធតែបាន​បង្ហាញ​ពី​ការកើន​ឡើង​ខ្ពស់ដូចគ្នា​ដែរ ដោយទីផ្សារ​មាស​នៅប្រទេស​ជិតខាង​កម្ពុជា​ទាំងពីរ បាន​កើនឡើងថ្លៃខ្ពស់បំផុត​មិនធ្លាប់​មាន​ក្នុងរយៈពេល ៩ឆ្នាំមកនេះ។

តម្លៃមាស​លក់ចេញ​នៅវៀតណាម​កាលពីថ្ងៃអង្គារ​ម្សិលមិញ មាន ២.២១៣ ដុល្លារអាមេរិក ក្នុងមួយតម្លឹង កើនឡើង​ជិត​១% ធៀបនឹង​ថ្ងៃចន្ទ។ រីឯ​តម្លៃមាស​នៅថៃវិញ កាលពីថ្ងៃអង្គារ​ដូចគ្នានេះដែរ បានកើន​ឡើងដល់ ២.១៨៩ ដុល្លារ​ក្នុង​មួយតម្លឹង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃទម្លាក់គោលដៅនាំចេញអង្ករមកត្រឹម ៦,៥លានតោនប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសថៃ មិនរំពឹងខ្ពស់ចំពោះការនាំចេញអង្កររបស់ខ្លួនទៅក្រៅប្រទេសនោះទេ ដោយបានទម្លាក់ការព្យាករទាបជាងគោលដៅចាស់រហូតដល់១លានតោ…

សភា​តៃវ៉ាន់អនុម័ត​សំណើ​​ដូរឈ្មោះ China Airlines ដើម្បី​កុំ​ឲ្យ​ច្រឡំ​ថាជារបស់​ចិនដីគោក

ព័ត៌មាន
China Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត​មួយ​របស់​កោះតៃវ៉ាន់ ប៉ុន្តែ ជារឿយៗ ត្រូវគេ​យល់​ច្រឡំថា ជា Air China ដែល​ជា​អាកាសចរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ