វិស័យដឹកជញ្ជូន

អ្នកជំនាញ៖ សកម្មភាពដឹកជញ្ជូនទំនិញធ្លាក់ចុះដល់ ៧០%ហើយ ខណៈក្រុមហ៊ុន ៣០% ប្រឈមនឹងការព្យួរប្រតិបត្តិការ និងបិទទ្វារ


ផ្ដើមចេញពីការរាលដាលនៃមេរោគកូវីដ-១៩ បានធ្វើឲ្យរោងចក្រកាត់ដេរជាច្រើនបិទទ្វារផ្អាកការផលិត ការបញ្ជាទិញពីក្រៅប្រទេសជាច្រើនត្រូវបានលុបចោល គួបផ្សំនឹងសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។ កត្តាទាំងនេះ ក៏បានជំរុញឲ្យវិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជាបានធ្លាក់ចុះជាបន្ដបន្ទាប់ផងដែរ តាំងពីដើមឆ្នាំ២០២០មក។ អ្នកជំនាញក្នុងវិស័យនេះ អះអាង សកម្មភាពដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្ន បានធ្លាក់ចុះខ្លាំង រហូតដល់ទៅ ៧០%ហើយ ខណៈដែលក្រុមហ៊ុនប្រមាណ ២០% ទៅ៣០% កំពុងប្រឈមនឹងព្យួរប្រតិបត្តិការ និងបិទទ្វារ។
ក្រសួងការងារ៖ រោងចក្រដែលបានបិទ អាចនឹងបើកឡើងវិញ ក្រោយនាវាដឹកជញ្ជូនវត្ថុធាតុដើមពីចិនមកដល់កម្ពុជា៧គ្រឿង
ដោយ

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បានអះអាងថា ស្របពេលដែល​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ធ្លាក់ចុះ ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​​​ក៏ធ្លាក់ចុះ​ខ្ទង់ ​៦០% ទៅ៧០%ផងដែរ។ លោកបន្ថែមថា បើសិន​ជាបញ្ហានេះ ​នៅតែអូសបន្លាយ ប្រហែលជា ២ ទៅ៣ខែទៀត នឹងមាន​ក្រុមហ៊ុន​​ដឹកជញ្ជូន​​​ប្រមាណ ២០% ទៅ៣០% អាច​នឹង​ត្រូវ​ប្រឈម​នឹងការ​ព្យួរ​ប្រតិបត្តិការ​អាជីវកម្ម ឬអាចបិទទ្វារ។

អ្នកជំនាញ​រូបនេះ​បាន​ឲ្យដឹងទៀតថា​ តាំងពីខែ​កុម្ភៈមក វិស័យដឹកជញ្ជូន​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​សកម្មភាព​​ដុនដាប​កាន់តែខ្លាំងឡើង ដោយមកទល់នឹង​ពាក់កណ្ដាល​ឆ្នាំ២០២០នេះ សកម្មភាព​ដឹកជញ្ជូន​​នៅមានតែប្រមាណ ៣០% ប៉ុណ្ណោះ ពោលគឺ​ធ្លាក់ចុះដល់ទៅ ៧០% ទៅហើយ។ ក្នុងនោះ ការដឹកជញ្ជូន​ផ្លូវអាកាស គឺមានការ​ធ្លាក់ចុះ​ស្ទើរតែស្មើសូន្យ​ទៅហើយ ខណៈដែល​ការដឹកជញ្ជូន​ផ្លូវ​គោក និងផ្លូវទឹក គឺ​នៅមាន​សកម្មភាពតិចតួច។ 

លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

បច្ចុប្បន្ន សកម្មភាព​ដឹកជញ្ជូន​​​ដែលនៅមាន គឺភាគច្រើន ​​ជាការដឹកជញ្ជូន​តាមផ្លូវគោក ដោយសារតែ​កម្ពុជា​មាន​ការនាំចេញ​​កសិផល​​ខ្លះ​ទៅកាន់​ប្រទេសជិតខាង ដូចជាថៃ និង​វៀតណាម ហើយក៏មាន​តម្រូវការ​​នាំចូល​​ផលិត​ផល​​​ចំណីអាហារ និងសម្ភារ​​ប្រើប្រាស់ខ្លះ​​ពីប្រទេស​​ទាំង​នោះមក​វិញ​ផងដែរ។

ប្រធានសមាគម​​ភ្នាក់ងារ​បញ្ជូន​​ទំនិញ​កម្ពុជា​ បាន​គូសបញ្ជាក់ទៀតថា ដោយសារតែ​ជួ​បបញ្ហា​លំហូរ​សាច់ប្រាក់ មានក្រុមហ៊ុន​ជាច្រើន​បាន​ស្វែងរក​ប្រភពទុន​បន្ថែម​ពីគ្រឹះស្ថាន​ធនាគារ និងមីក្រូ​ហិរញ្ញវត្ថុ ដើម្បី​យកមកទល់ទល់​នឹង​ការចំណាយ​នាពេលបច្ចុប្បន្ន។ ​

កន្លងមករាជរដ្ឋាភិបាល​កម្ពុជា បានដាក់ចេញ​នូវវិធានការ​ជួយជា​បន្ដបន្ទាប់​ទៅដល់​វិស័យ​ឯកជន ក៏ដូចជា​កម្មករ​និយោជិត ​ដែលរង​គ្រោះ​​ដោយសារតែ​វិបត្តិកូវីដ-១៩ ប៉ុន្ដែ បើតាមការបញ្ជាក់​របស់​លោក ស៊ិន ចន្ធី ចំពោះវិស័យ​ដឹកជញ្ជូន​គឺ​នៅមិនទាន់​បាន​ទទួល​​អត្ថប្រយោជន៍​​ពី​រាជរដ្ឋាភិបាល​នៅឡើយទេ ដ្បិតថា ជាគោលការណ៍​​របស់រាជរដ្ឋាភិបាល​ គឺជួយ​ទៅលើ​វិស័យ​​ដែល​ងាយរងគ្រោះ ឬរងគ្រោះខ្លាំង​ជាមុនសិន ដូចជា វិស័យរោងចក្រ​កាត់ដេរ និងទេសចរណ៍ជាដើម។ ទោះយ៉ាងណា ប្រធានសមាគម ភ្នាក់ងារ​បញ្ជូន​​ទំនិញ​​កម្ពុជារូបនេះ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ជួយគាំទ្រ​​ដល់វិស័យដឹកជញ្ជូនផង ដូចជា​ការសម្រួល​​ដល់នីតិវិធី ក៏ដូចជា​កាត់បន្ថយ​ការចំណាយ​​លើ​ការដឹកជញ្ជូន​ឲ្យមាន​តម្លៃកាន់តែ​ទាប​ថែមទៀត។

សូមបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ ចំនួន​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែលបាន​ចុះបញ្ជី​នៅក្នុង​ក្រសួង​ពាណិជ្ជកម្មកម្ពុជា​​មានប្រមាណ​ជិត ​៤០០ ក្រុមហ៊ុនហើយ ខណៈ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែលជា​សមាជិកសមាគម​​ភ្នាក់ងារ​បញ្ជូន​​ទំនិញ​​កម្ពុជា មានជាង ១០០ ក្រុមហ៊ុន៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃ នឹងធ្លាក់ចុះការនាំចេញចំណីអាហារ ៣% នៅឆ្នាំ ២០២០នេះ

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសថៃ រំពឹងថា ការនាំចេញចំណីអាហាររបស់ខ្លួនអាចនឹងធ្លាក់ចុះប្រមាណ ៣% ក្រោមគោលដៅដែលប្រទេសនេះ កំណត់ថានឹងនាំចេញឲ្យបាន ៣៤…

Jack Ma របូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុតនៅចិនហើយ! ជំនួសដោយលោក Pony Ma

ព័ត៌មាន
លោក Pony Ma ដែលស្គាល់ថា ជាមហាសេដ្ឋីចិនដ៏លេចធ្លោរមួយរូប និងជាស្ថាបនិកក្រុមហ៊ុន យក្ស Tencent Holdings Ltd នោះ ទើបតែដណ្ដើមបានតំណែងជាមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ