ធានារ៉ាប់រង

វិស័យ​ធានា​រ៉ាប់រង​កើនចំណូល​ជាង​១២% នៅឆមាស​ទី១​ឆ្នាំ​២០២០ ចំពេល​នៃ​វិបត្តិ​កូវីដ-១៩


ចំពេលដែលវិបត្តិមេរោគរាតត្បាតកូវីដ-១៩កើតឡើង គេសង្កេតឃើញថា វិស័យធានារ៉ាប់រងកំពុងបង្ហាញពីកំណើនល្អ គួរឲ្យកត់សម្គាល់។ តួយ៉ាង បើតាមសមាគមធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា តែនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២០នេះ ប្រាក់ចំណូលនៅក្នុងវិស័យនេះ មានចំនួនជាង ១៣៣លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩
ដោយ

របាយការណ៍​បូកសរុប​លទ្ធផល​ពីក្រុមហ៊ុន​ដែលជា​សមាជិកចំនួន ៣២ ក្រុមហ៊ុន​របស់​សមាគម​ធានារ៉ាប់រង​កម្ពុជា បានបង្ហាញ​ឲ្យឃើញ​ថា ក្នុងឆមាសទី១ នេះ បុព្វលាភ​ដែល​ទទួល​បាន​ពីវិស័យ​ធានា​រ៉ាប់រង​សរុប ១៣៣,៥ លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មានជិត ៥៨ ​លាន​ដុល្លារ កើន​ជាង ១៧​%​ បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ទទួល​បានជាង​ ៧២​លាន​ដុល្លារ កើនជិត ១០​%  ​និងបុព្វលាភ​ធានារ៉ាប់រង​ខ្នាត​តូច​វិញ​ទទួល​ជិត​ ៣លាន​ដុល្លារ ថយចុះ ១៧%។

ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា លោក ហ៊ុយ វ៉ាតថារូ បញ្ជាក់ថា វិស័យ​ធានារ៉ាប់រង​កម្ពុជា​មានការ​កើនឡើង​តិចតួច​នាពេលនេះ ដោយសារ​តែកម្ពុជា​នៅក្នុង​ឆ្នាំនេះ​ទទួល​រងឥទ្ធិពល​នៃការរីក​រាលដាល​ជំងឺ កូវីដ-១៩ ដែល ឥទ្ធិពលនេះ​បានធ្វើ​សកម្មភាព​សេដ្ឋកិច្ច ​ក៏ដូចជា​សកម្មភាព​អាជីវកម្ម​មួយចំនួន​នៅបន្ត​បិទទ្វារ ប៉ុន្តែយ៉ាងណា កំណើននេះ​នៅតែអាច​និយាយថា​​បានល្អ​សម្រាប់​រយៈពេល​ដើមឆ្នាំនេះ។

លោក ហ៊ុយ វ៉ាតថារូ បន្ថែមថា «ផលប៉ះពាល់​ពីកូវីដ-១៩ មកលើវិស័យ​ធានារ៉ាប់រង​ក្នុង​ឆមាសទី១ គឺមាន​ឥទ្ធិពល​តិចតួច​នៅឡើយ។ ទោះ​យ៉ាងណា​ធានារ៉ាប់រង​អាយុជីវិត ដែលកន្លងម​កមាន​កំណើន​ខ្ពស់​រហូត ៣០​ទៅ៤០​ភាគរយ បានថយចុះ​កំណើន​មកនៅ​ត្រឹម​ជិត ១០ភាគរយ​ប៉ុណ្ណោះ ដោយសារតែ​ក្នុងមួយ​ពេល​កូវីដ-១៩ នេះ រាល់ការ​ជួបជុំ​ជាមួយ​អតិថិជន​សក្តានុពល​មួយចំនួន​ត្រូវបាន​លុបចោល»។

ប្រធានសមាគម​ធានារ៉ាប់រងកម្ពុជា​រូបនេះ បានគូសបញ្ជាក់​ទៀតថា កំណើននេះ​ក៏មិនទាន់​ច្បាស់ថា វានៅតែបន្ត​កើនឡើង​សម្រាប់​ឆមាសទី២ ខាងមុខឡើយ ព្រោះ​កំណើន​នៅឆមាស​ទី១ គឺភាគច្រើន​មានមកពី​អតិថិជន ដែលជា​អ្នកទិញ​ធានា​រ៉ាប់រង​ចាស់ៗ​មកបន្ត​សុពលភាព​របស់ខ្លួន​ឡើងវិញ ចំណែក​អតិថិជន​ថ្មីៗ​ឃើញមាន​ចំនួន​តិចតួច​នោះទេ នេះក៏ដោយ​សារតែ​ឥទ្ធិពល​កូវីដ-១៩ ចាប់ផ្តើម​ប៉ះពាល់​ខ្លាំងលើ​វិស័យ​ធានារ៉ាប់រង​ចាប់​ពីខែមីនា មកទល់នឹងពេលនេះ។

ជាមួយគ្នានេះ លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយ​កក្រុមហ៊ុន​ធានារ៉ាប់រង ហ្វតតេ បានគូស​បញ្ជាក់ថា ​វិស័យ​ធានារ៉ាប់រង​នៅកម្ពុជា​នឹងរង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ-១៩​  បើជំងឺនេះ​នៅតែ​បន្តអូស​បន្លាយ​តទៅមុខ​ទៀតនោះ នឹងប៉ះពាល់​ខ្លាំងទៅដល់​ចំណូល ដែលនឹង​ធ្វើឲ្យ​ចំណូល​ធ្លាក់ចុះ ខណៈចំណូល​ធានារ៉ាប់រង​បានមក​វិស័យ​ដឹកជញ្ជូន ​អចលនទ្រព្យ និង​អាជីវកម្មផ្សេងៗ​កំពុងត្រូវ​បានធ្លាក់​ចុះផងនោះ។

បើតាមលោក ហ៊ុយ វ៉ាថារូ ក្នុងចំណោម​បុព្វលាភ​ធានារ៉ាប់រងទូទៅ​ដែលមាន​ទឹកប្រាក់ជាង ៥៧លានដុល្លារ គឺត្រូវបាន​បែងចែក ៦៧%​លើការផ្តល់​សេវាធានា​រ៉ាប់រង​នាវា យន្តហោះ និងដឹកជញ្ជូន និង ២៧% សេវាវិស្វកម្ម និងជាង​៧០%​ផ្សេងទៀត សេវាសុខភាព អគ្គីភ័យ និងយានយន្ត។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន​ដែលជា​សមាជិក​សមាគម​ធានារ៉ាប់រង​កម្ពុជា​​មានចំនួន ៣២ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅមានចំនួន​ ១៣ ក្រុមហ៊ុន អាយុជីវិត ១១ ក្រុមហ៊ុន ធានារ៉ាប់រង​ខ្នាតតូច ៧ ក្រុមហ៊ុន និងធានា​រ៉ាប់រងបន្ត​១ក្រុមហ៊ុន។​បើគិត​ត្រឹមពាក់​កណ្តាល​ឆ្នាំ២០២០​នេះ សំណង​ដែលត្រូវ​បានសង​ត្រឡប់​សម្រាប់​ធានា​រ៉ាប់រង​ទូទៅមាន ១១ លាន​ដុល្លារ​ អាយុជីវិតជាង​ ៣លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនសត្វដ៏ធំជាងគេបង្អស់នៅវៀតណាមខាតបង់ជាង៨០ម៉ឺនដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ ដោយសារតែកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនសួនសត្វ Saigon Zoo-Botanical Garden Company Ltd របស់វៀតណាមបានប្រកាសពីការខាតបង់ប្រាក់ប្រមាណ ជាង៨០ ម៉ឺនដុល្លារអាមេរិក នៅក្នុ…

នៅវៀតណាម បុគ្គលិកបម្រើការងារក្នុងវិស័យអចលនទ្រព្យ ត្រូវបានបញ្ឈប់ការងារច្រើនជាងគេបំផុតនៅអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
វិស័យអចលនទ្រព្យ នៅក្នុងប្រទេសវៀតណាមគឺជា វិស័យមួយ ដែលបានបញ្ឈប់ការងារបុគ្គលិកច្រើនជាងគេបំផុត នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ ដោយសឹងតែ ២ ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ