កម្ពុជាកំពុងអភិវឌ្ឍអាកាសយានដ្ឋានចំនួន៦

កម្ពុជាកំពុងអភិវឌ្ឍអាកាសយានដ្ឋានចំនួន៦ ដែលមានទំហំវិនិយោគសរុបជិត ៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ


វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ប្រមាណ២០% នៅក្នុងវិស័យនេះ។ ដើម្បីជំរុញវិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត កម្ពុជា បាននិងកំពុងអភិវឌ្ឍ និងសិក្សាគម្រោងអាកាសយានដ្ឋានចំនួន៦ នារយៈពេល ៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។
កម្ពុជាកំពុងអភិវឌ្ឍអាកាសយានដ្ឋានចំនួន៦ ដែលមានទំហំវិនិយោគសរុបជិត ៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ

ក្នុងនោះ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី,អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ,អាកាសយានដ្ឋានអន្តរជាតិតារាសាគរ,អាកាសយានដ្ឋានកោះកុង,អាកាសយានដ្ឋានប៉ោយប៉ែត និងអាកាសយានដ្ឋានមណ្ឌលគិរី ដែលមានទំហំវិនិយោគសរុបជិត ៣ពាន់លានដុល្លារ។

មន្រ្តីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា ការអភិវឌ្ឍអាកាសចរណ៍ថ្មីៗ​ជាច្រើននេះ គឺដើម្បីទាក់ទាញវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងការទាក់ទាញវិនិយោគពីបរទេស។

របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​បាន​ឲ្យដឹងថា វិស័យអាកាសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំនួន១,៧លានការងារ ស្មើនឹងជិត ២០% នៃចំនួនប្រជាជនធ្វើការសរុបរបស់ប្រទេសកម្ពុជា និងបានផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោលជិត១៧% នៃផលិតផលសរុប។ ក៏ប៉ុន្តែ វិស័យនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០។ យ៉ាងណាមិញ សម្រាប់កម្ពុជា ដើម្បីស្ដារឡើងវិញនូវវិស័យទេសចរណ៍ អាកាសចរណ៍ និងជំរុញការវិនិយោគពីខាងក្រៅ រាជរដ្ឋាភិបាល​បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍ​អាកាសយានដ្ឋានថ្មីចំនួន៦ និងការអភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ហាចរាចរណ៍ដែនអាកាស ដែលមានទំហំវិនិយោគសរុប រហូតជិត ៣លានដុល្លារអាមេរិក។

ថ្លែងកាលពីពេលថ្មីៗ នាឱកាសសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធិផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល គូសបញ្ជាក់ថា ដំណើរការនៃការសាងសង់អាកាសយានដ្ឋានទាំងនោះ មានអាកាសយានដ្ឋានមួយចំនួនបាននិងកំពុងតែដំណើរការសាងសង់ ហើយមានអាកាសយានដ្ឋានខ្លះបានបញ្ចប់ការសាងសង់រង់ចាំការបើកប្រតិបត្តិការជាផ្លូវការ ក៏ប៉ុន្តែ ក្នុងចំណោមអាកាសយានដ្ឋានទាំងនោះ ក៏មានអាកាសយានដ្ឋានខ្លះ ត្រូវជាប់គាំង ដោយសារតែបញ្ហានៃវិបត្តិកូវីដ១៩ ផងដែរ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទុនវិនិយោគ ១៥០០លានដុល្លារ ជាប្រភេទ4F ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរចំនួន ១៣លាននាក់ នៅឆ្នាំ២០៣០ ដល់២០៥០ និងអាចទទួលអ្នកដំណើរចំនួន​៣០លាននាក់ ចាប់ពីឆ្នាំ២០៣០ ដល់២០៥០។

ចំណែកឯ អាកាសយានដ្ឋានសៀមរាបថ្មី មានទុនវិនិយោគ ៨៨០លានដុល្លារ ស្ថិតលើផ្ទៃដីជាង៧០០ហិកតា និងស្ថិតក្នុងដំណាក់កាលសិក្សាជាលក្ខណៈ 4E និងមានទិសដៅនិងផែនការ អាចទទួលអ្នកដំណើរ ៧លាននាក់ នៅរយៈពេលខ្លីនិងមធ្យម និងមានផែនការពង្រីកសមត្ថភាពដើម្បីទទួលអ្នកដំណើរឲ្យបាន១០លាននាក់ និងឈានដល់២០លាននាក់ នៅរយៈពេលមធ្យម។

ដោយឡែក អាកាសយានដ្ឋានតារាសាគរ មានទុនវិនិយោគ ២០០លានដុល្លារ ជាគម្រោង១ភ្ជាប់នឹងគម្រោងផ្សេងៗ និងបានបញ្ចប់ការសាងសង់១០០ភាគរយ ដែលគ្រោងចាប់ផ្ដើមប្រតិបត្តិការនៅពាក់កណ្ដាលឆ្នាំ២០២៣។

យ៉ាងណាមិញ ទាក់ទងនឹងអាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរី ដែលមានទុនវិនិយោគ ១០០លានដុល្លារ ត្រូវបានឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អះអាងថា នៅតែមានភាពទ្រឹងនៅឡើយ និងមិនទាន់មានក្រុមហ៊ុនណាទទួលសាងសង់បន្តពីក្រុមហ៊ុនចិន ដែលផ្អាកការសាងសង់ឡើយ ខណៈកន្លងមក ក៏មានក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍ដែរ តែរហូតមកដល់ពេលនេះ មិនទាន់ចេញជាផ្លូវការនៅឡើយ។ លើសពីនេះ មានអាកាសយានដ្ឋានកោះកុង ដែលមានទំហំទុនវិនិយោគ ៨០លានដុល្លារ និងអាកាសយានដ្ឋានប៉ោយប៉ែត ដែលមានទំហំទុនវិនិយោគ ៦៥លានដុល្លារ និងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រង និងបញ្ហាចរាចរណ៍ដែនអាកាស ៥លានដុល្លារ ផងដែរ៕




អត្ថបទបន្ទាប់


ការទូទាត់តាមឌីជីថល​រំពឹងកើនឡើង ខណៈពលរដ្ឋ​ត្រៀមចំណាយច្រើន​អំឡុងភ្ជុំបិណ្ឌ

ព័ត៌មាន
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋបានត្រៀមថវិកាសម្រាប់ការចំណាយទៅតាមលទ្ធភាព ដូចជាការចំណាយលើដំណើរកម្សាន្ដ ជួបជុំក្រុមគ្រួសារ និង…

តើបញ្ហាអតិផរណាកើនឡើង បង្កផលប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌដែរឬទេ?

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ឲ្យដឹងថា បើទោះបីជាប្រឈមនឹងបញ្ហាអតិផរណាបែបនេះក្តី ប៉ុន្ដែ បញ្ហានេះ ហាក់មិនមានការប៉ះពាល់ខ្លាំងទៅលើការចំណាយរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ