ពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េ

ទំហំពាណិជ្ជកម្មកម្ពុជា និង កូរ៉េ កើនតិចតូច ខណៈប្រទេសទាំងពីរចាប់ផ្តើមសិក្សាពាណិជ្ជកម្មសេរី!


ទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា និង កូរ៉េខាងត្បូងនៅតែបន្តការកើនឡើងខណៈដែលប្រទេសទាំងពីរបាន ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាហើយ។
ក្រឡេក​មើល​ពាណិជ្ជកម្ម​ កម្ពុជា-កូរ៉េខាងត្បូង នៅមុន​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​មក​កម្ពុជា។
ដោយ

បើផ្អែកទៅលើទិន្នន័យជាផ្លូវការ​ពីសមាគមពាណិជ្ជកម្ម​អន្តរជាតិកូរ៉េ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ កន្លងទៅថ្មីៗនេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី រវាង ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ សម្រេចបានជាង ៨៦០លាន​ដុល្លារអាមេរិក ដែលមាន​កំណើនប្រមាណ ៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ទន្ទឹមនឹងកំណើន​ពាណិជ្ជកម្ម​តិចតូចនេះដែរ កម្ពុជា និង កូរ៉េខាងត្បូង បានចុះហត្ថលេខា​រួចជាស្រេចលើ សេចក្តីថ្លែងការណ៍រួម ស្តីពី ការចាប់ផ្តើម​ការសិក្សាលទ្ធភាព ក្នុងការបង្កើត​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងគ្នា ដែលរំពឹង​ផងដែរថា កិច្ចព្រមព្រៀងនេះ នឹងអាចជួយ​ពង្រឹង និងពង្រីក​ទំហំពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ ខណៈការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា កំពុងបង្ហាញ​ពីសញ្ញាវិជ្ជមាន។ នេះបើយោង​តាមសេចក្តី​ប្រកាស​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានអះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ រំពឹងថា​នឹងពង្រឹង និងពង្រីក​ទំហំពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំងបង្កើត​ឱកាសការងារ​ក្នុងស្រុក ការនាំចេញទំនិញ និងសេវា និងពង្រីកវិនិយោគ​បន្ថែមផងដែរ។

ក្នុងអំឡុងពេល ១០ខែនេះ កូរ៉េ បាននាំចូលមក កម្ពុជា ប្រមាណ ៥៨១លានដុល្លារ​អាមេរិក មានកំណើន ៧ភាគរយ ហើយកម្ពុជា​បាននាំចេញ​ទៅកាន់កូរ៉េវិញ ក្នុងទំហំ​ទឹកប្រាក់ ២៨១លាន​ដុល្លារ​អាមេរិក មានកំណើន ២ភាគរយ ដែលធ្វើឲ្យកម្ពុជា មានឱនភាព​ពាណិជ្ជកម្ម​ជាមួយកូរ៉េ ជាង ៣០០​លានដុល្លារអាមេរិក។

របាយការណ៍ដដែល​បានបញ្ជាក់​ឲ្យដឹងថា ក្នុង ខែតុលា កម្ពុជា បាននាំចេញ​ទៅកាន់កូរ៉េ មានទំហំទឹក​ប្រាក់ជាង ២២លានដុល្លារ​អាមេរិក ខណៈដែរ ទំហំទឹកប្រាក់ ដែលកូរ៉េ បាននាំចូល​មកកាន់ កម្ពុជា វិញ គឺមានជាង ៦២លាន​ដុល្លារ​អាមេរិក។

បើតាមទិន្នន័យពី ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា-កូរ៉េ កាលពីឆ្នាំ ២០១៨កន្លងទៅ សម្រេចបានជាង ៧៥៦ដុល្លារអាមេរិក មានកំណើន ១៤ភាគរយ ធៀបនឹងឆ្នាំ ២០១៧ ហើយទំនិញ​នាំចេញ​សំខាន់ៗ របស់កម្ពុជា ទៅកូរ៉េ រួមមាន សម្លៀកបំពាក់ ផ្នែកគ្រឿង​អេឡិចត្រូនិក ស្បែកជើង វ៉ាលី និងកៅស៊ូធម្មជាតិ ខណៈដែរ កម្ពុជា នាំចូលពី កូរ៉េ មកវិញ រួមមាន រថយន្ត ក្រណាត់ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់។

សូមជម្រាបផងដែរថា ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសកាល​ពីពេលថ្មីៗនេះថា កម្ពុជា នឹងចិន បានកំណត់ យក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីបើកការចរចាកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ជាលើកដំបូង ដើម្បីពង្រីក​ការធ្វើពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​កាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ដែលមាន​តួនាទីសំខាន់ ក្នុងការចរចានេះ បានអះអាងថា ក្រសួងបានត្រៀម​ខ្លួនរួចរាល់​ហើយ សម្រាប់កិច្ចចរចានេះ ហើយរំពឹងថា ការចរចាជាមួយ​ភាគីចិន នឹងមិនប្រើពេល​យូរនោះឡើយ ដើម្បីឈាន​ទៅសម្រេចកិច្ចចរចា​ពាណិជ្ជកម្មនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែបាត់បង់ នៅពេលសេដ្ឋកិច្ចរីកចម្រើនខ្លាំង

ព័ត៌មាន
អ្នកជំនាញមកពី វិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងបាត់បង់នៅពេលណាមួយ ដែលសេដ្ឋកិច្ចប្រទេសកម្ពុជា រីកចម្រ…

រដ្ឋសភាជាតិវៀតណាម សម្រេចអនុម័ត គម្រោងអាកាសយានដ្ឋានយក្ស ១៦ពាន់លានដុល្លារ ឡុង ថាញ់

ព័ត៌មាន
សមាជិករដ្ឋសភាជាតិវៀតណាម ៩០ភាគរយ បានសម្រេចអនុម័តលើ សេចក្តីសម្រេចលើ របាយការណ៍លទ្ធភាពសម្រាប់ការអភិវឌ្ឍ អាកាសយានដ្ឋាន ឡុង ថាញ់ ដំណាក់កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ