កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​សម្រាប់ពលរដ្ឋ

សមាគមមីក្រូហិញ្ញវត្ថុកម្ពុជា ច្រានចោល របាយការណ៍ដែលថា កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើឲ្យពលរដ្ឋជួប​​បញ្ហា​​បំណុល​ធ្ងន់ធ្ងរ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី ០៧ សីហា ម្សិលមិញនេះ បានចេញនៅសេចក្ដីប្រកាសព័ត៌មានមួយភ្លាមៗ ដោយបានច្រានចោល ចំពោះរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស លីកាដូ និងសមាគមធាងត្នោត ដែលបានពិពណ៌នាថា ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើឲ្យពលរដ្ឋជាប់បំណុលវ័ណ្ដ ក និងបង្កជាវិបត្តិផ្សេងៗ។ សមាគម មីក្រូហិរញ្ញវត្ថុ ចាត់ទុករបាយការណ៍នេះថា «ជាការមួលបង្កាច់ ផ្ទុយស្រឡះពីការពិត»។
របាយការណ៍​បង្ហាញថា កសិករ​ជាច្រើន​ខ្ចី​បុល​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ខណៈ​ដែល​បញ្ហា​កសិផល​មិន​បាន​ថ្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការលំបាក​ជីវភាព។

សមាគ​មីក្រូ​ហិរញ្ញវត្ថុ កម្ពុជា បាន​ចាត់ទុករបាយការណ៍ របស់អង្គការ លីកាដូ និង​សមាគម ធាងត្នោតថា ជាការ​មួលបង្កាច់ លើការផ្ដល់កម្ចី បង្ហាញ​ពីរូបភាព​ផ្ទុយស្រឡះ​ និងមើល​រំលង​តួនាទី​ដ៏សំខាន់​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅលើ​ការ​កាត់បន្ថយ​ភាពក្រីក្រ និងបរិយាប័ន​ហិរញ្ញវត្ថុ​នៅកម្ពុជា។

របាយការណ៍​ដែលបាន​ចេញ​ផ្សាយ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ និង​សមាគម​ធាង​ត្នោត ដែលមានចំណង​ជើងថា «ការធ្វើឲ្យខូចខាត​ទ្រព្យ​បញ្ចាំ» ត្រូវបាន​ចេញផ្សាយ​កាលពីថ្ងៃពុធ ទី០៧ សីហា ឆ្នាំ​២០១៩។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ កម្ពុជា បាន​បដិសេធ​នូវអ្វី​ដែល​របាយការណ៍នេះ បាន​រកឃើញ និងផ្សព្វផ្សាយ ព្រោះថា វាមិនបាន​បង្ហាញពី​ស្ថានភាព​ជាក់ស្ដែង របស់វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជានោះទេ។ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា « របាយការណ៍នេះ ផ្ដោតតែ​ទៅលើ​គុណវិបត្តិ ដើម្បីបង្កើត​ឲ្យមាន​រូបភាព​អវិជ្ជមាន​ ដែលគ្មានភាព​ប្រាកដនិយម​ទៅលើ​ការផ្ដល់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​»។ 

ក្នុង​របាយការណ៍​​រួម​របស់​អង្គការ លីកាដូ និង​សមាគម ធាង​ត្នោត បាន​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ២.៣៨២​លាន​នាក់ បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំនួន​ជាង ៨​ពាន់​លាន​ដុល្លារ​ ហើយ​ការ​សិក្សា​នេះ​បាន​ធ្វើ​នៅក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួមទាំង​ទីក្រុង​ភ្នំពេញ ផងដែរ។

អង្គការ លីកាដូ និង​សមាគម ធាងត្នោត បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា ៖ «គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ប្រតិបតិ្តការ​កម្ចី​ដោយ​អត្រា​ការប្រាក់​ខ្ពស់ ដែល​តម្រូវ​ឲ្យ​ដាក់​បញ្ចាំ​ប្លង់​ដី​ជា​ទ្រព្យ​បញ្ចាំ​ ហើយ​ស្ថាប័ន​នេះ​ដាក់​គោលដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយរងគ្រោះ​ក្នុង​ការ​បាត់បង់​ដី​ធ្លី។»

ដ្បិតតែយ៉ាងនេះក្ដី សមាគម​មីក្រូ​ហិរញ្ញវត្ថុ កម្ពុជា បាន​ឆ្លើយតប​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ខ្លួនថា សមាគម បាន​កត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធ លើការ​សរសេរ និងរៀបចំ​របាយការណ៍នេះ បាន​ដឹង​យ៉ាង​ច្បាស់ថា ពួកគេ​បាន​ជ្រើសរើ​យកគំរូ​មកសិក្សា​តែ​២៨ ករណីប៉ុណ្ណោះ ដោយ​មានមូលដ្ឋាន​តែទៅលើ​លទ្ធផល​អវិជ្ជមាន​ពីមីក្រូ​ហិរញ្ញវត្ថុ។ សមាគមមីក្រូ​ហិរញ្ញវត្ថុ​បន្តទៀតថា ការធ្វើបែបនេះ គឺជាការ​បង្ហាញពីរូបភាព​មិនត្រឹមត្រូវ​មួយ និងមិនឆ្លុះបញ្ចាំង ពីស្ថានភាព​ពិត ទៅលើ​កម្ចី​របស់​មីក្រូ​ហិរញ្ញវត្ថុ ដែលបាន​ផ្ដល់​អត្ថប្រយោជន៍​ដល់ ប្រជាពលរដ្ឋ​កម្ពុជា រាប់លាននាក់។ 

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយ​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានថា សមាគម​មានការយកចិត្តទុកដាក់​ខ្លាំងទៅលើ​របាយការណ៍ណាមួយ​ដែល​មិនមានភាព​ពិតប្រាកដ និងមួលបង្កាច់​ទៅលើការ​អនុវត្ត​ផ្ដល់កម្ចី ហើយសមាគម​នឹង​ធ្វើការជាមួយ​នឹង​សមាជិក​របស់ខ្លួន ដើម្បីស៊ើបអង្កេត​ទៅលើការសិក្សា​ផ្សេងៗ លើករណី​ ដែលត្រូវ​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​នេះផងដែរ។

លោក គា បូរាណ លើកឡើងយ៉ាងដូច្នេះ «សមាគមពិតជា​មានការសោកស្ដាយ​ណាស់ ដែលរបាយការណ៍​នេះ ផ្ដោត​តែទៅលើ​គំរូ​តូច​មួយ នៃអ្នកខ្ចីប្រាក់​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហើយសមាគម ក៏​មានការសោកស្ដាយ​ផងដែរថា មិនមាន​សមាជិកណាម្នាក់​របស់យើង ឬក៏សមាគមផ្ទាល់ ត្រូវបាន​ទាក់ទង​ដោយអ្នកសរសេរ​របាយការណ៍នេះ អំឡុងពេល​នៃការបំពេញការងារ​របស់ពួកគេ»។ 

ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​រូបនេះ បាន​លើកយក​ពី​ទិន្នន័យ​របស់ធនាគារ​ពិភពលោក ដោយបង្ហាញថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ក្លាយជា​តួអង្គ​សំខាន់ សម្រាប់ការ​រីកចម្រើន​សេដ្ឋកិច្ចកម្ពុជា និងបាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ពី ៤៧ ភាគរយ នៃអត្រា​ប្រជាជន​សរុប​នៅឆ្នាំ២០០៧ មកនៅត្រឹម​១៣,៥ភាគរយ នៅក្នុងឆ្នាំ២០១៤»។

បើទោះបីជា​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​បានទទួលស្គាល់ថា អត្រា​នៃបំណុល​ធៀបនឹង​ផលិតផល​ក្នុងស្រុក​សរុប​ បានកើនឡើង​ក្នុងរយៈពេល​៣ ទៅ៤ឆ្នាំចុងក្រោយនេះ​ក៏ដោយ ប៉ុន្ដែ សមាគមនេះ បានកត់សម្គាល់​ឃើញថា អត្រា​នៃការដាក់ប្រាក់បញ្ញើ​នៅតាមគ្រឹះស្ថាន​ទទួល​ប្រាក់បញ្ញើ​ហិរញ្ញវត្ថុ​បានកើនឡើង ៣៩% ស្របពេល​ដែលអត្រា​កម្ចី​បានកើនឡើង​ត្រឹមតែ​៣២% ប៉ុណ្ណោះ នៅឆ្នាំ២០១៨។

បើតាម​ការគូសបញ្ជាក់របស់​សមាគម​ កម្ចី​ដែល​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​ផ្ដល់ឲ្យ​បុគ្គលឯកជន​ដែលជាអតិថិជន​របស់ខ្លួន គឺមាន​ចំនួន​ក្រោម​១ពាន់​ដុល្លារអាមេរិក និងជាឥណទាន ដែលគ្មាន​ដាក់ទ្រព្យ​ធានា ដើម្បីទទួលបាន​ប្រាក់កម្ចីនោះឡើយ។ 

គួរបញ្ជាក់ថា របាយការណ៍​ពីអង្គការ​លីកាដូ និងសមាគម​ធាងត្នោត ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​សីហា បាន​បង្ហាញ​ថា កម្រិត​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​បាន​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ ដែល​នេះ​អាច​បណ្តាល​​​ឲ្យ​កើត​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន រួមមាន ការ​លក់​ដី​ដោយ​បង្ខំចិត្ត ការកេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​បំណុល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តកញ្ចប់ថវិកា ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២០

ព័ត៌មាន
នៅទីបំផុត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារទី ០៦ សីហានេះ បានសម្រេចអនុម័តកញ្ចប់ថវិកា ៣,២ ទ្រីលានបាត ឬស្មើនឹងប្រមាណ ១០០ ពាន់លានដុល្លារអាមេ…

រយៈពេល៧ខែ អ្នកប្រើប្រាស់ហ្វេសបុក ជាង ២០០បង្ហោះសារ តិះតៀនពីរឿងកុងទ័រភ្លើង ដើរលឿនខុសធម្មតា

ព័ត៌មាន
នៅក្នុងសន្និសិទសារព័ត៌មានស្តី ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង នាទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម កែវ រតនៈ រដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ