វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងយ៉ាងគំហុ

ក្រសួងដែនដីផ្សព្វផ្សាយច្បាប់សំណង់ថ្មី ដោយរំពឹងថានឹងធ្វើឲ្យសំណង់កាន់តែមានសន្ដិសុខ និងសុវត្ថិភាពជាងមុន


វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងយ៉ាងគំហុក ខណៈដែលសំណង់តូចធំ ខ្ពស់ទាប ជាច្រើនត្រូវបានសាងសង់រីកដូចផ្សិត។ ទន្ទឹមនឹងកំណើននេះ គុណភាពសំណង់ក៏ត្រូវអាជ្ញាធរចាប់ផ្ដើមយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុន ក្រោយពីប៉ុន្មានខែមុននេះ មានអគារកម្ពស់៧ជាន់ចំនួន២ហើយ បានបាក់រលំសម្លាប់មនុស្ស និងរបួសរាប់សិបនាក់។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (រូបភាព៖ ខេមបូណូមីស)
ដោយ

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេល​ថ្មីៗនេះ ផ្សព្វផ្សាយ​អំពីការ​អនុវត្ត​នូវច្បាប់​ស្ដីពី​សណង់ថ្មី ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់​ដោយ​ព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩​កន្លងទៅ។

បើតាមការគូសបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បាន​ឲ្យដឹងថា ច្បាប់នេះ នឹងជួយឲ្យ​លើកស្ទួយវិស័យ​សំណង់ និងអចលនទ្រព្យ តាមរយៈការធ្វើឲ្យមានភាពប្រសើរឡើងនូវ​គុណភាព សន្ដិសុខ និងសុវត្ថិភាពនៃសំណង់ ខណៈដែល​ ខណៈដែលវិស័យនេះ គឺជាទុន សក្ដានុពល​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា « ច្បាប់នេះ ត្រូវធ្វើឲ្យមាន​សុវត្ថិភាព សន្ដិសុខ​ដល់​សំណង់! សំណង់ត្រូវផ្ដល់​សន្ដិសុខ សុវត្ថិភាព​ដល់ម្ចាស់សំណង់, អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ គោលបំណងមួយទៀត គឺដើម្បី​ធានា​ការអនុវត្តច្បាប់សំណង់ ស្របតាម​ផែនការ​នគរូបនីយកម្ម មិនមែនសំណង់​​សង់​លើប្រលាយ លើ​ហេដ្ឋារចនាសម្ព័ន្ធ លើទីតាំងសាធារណៈ ឬលើប៉ះពាល់ទៅលើតំបន់​បេតិកភណ្ឌទេ! គឺមិនអាច​ធ្វើឲ្យសំណង់​ដែលបានធ្វើហើយ ត្រូវខូចខាត ឬមិនមាននិរន្តរភាពនោះទេ។»

ដើម្បីធានាបាន​នូវ​សំណង់មានគុណភាព សន្ដិសុខ សុវត្ថិភាព តាមរយៈច្បាប់ថ្មីនេះ ក្រសួង​នឹងធ្វើការ​ចុះត្រួតពិនិត្យ​ទៅលើសំណង់​អគារ​នៅទូទាំងប្រទេស ដើម្បីដឹងថា តើសំណង់នោះ មានគុណភាព​រឹងមាំត្រឹមត្រូវដែរ ឬទេ។

តាមការ​គូសបញ្ជាក់ របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី ដោយផ្អែកលើ​ច្បាប់សំណង់នេះ បើសិនជា​ក្រសួង​ចុះអធិការកិច្ច​ទៅរកឃើញថា សំណង់នោះ សាងសង់​មិនត្រឹមត្រូវ​តាម​ច្បាប់អនុញ្ញាត​ឲ្យសាងសង់ទេនោះ នឹងត្រូវបញ្ជូនពាក្យ​បណ្ដឹង​ទៅតុលាការ ឲ្យចាត់ការ​ទៅតាម​នីតិវិធីច្បាប់។

ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍យ៉ាងដូច្នេះថា«ក្រុមហ៊ុន​ដែលទទួលបាន​វិញ្ញាបនបត្របញ្ជាក់ឲ្យ​មានការ​ធ្វើអាជីវកម្ម​ ទៅលើវិស័យសំណង់​ អ្នកវិជ្ជាជីវៈ​ក្នុងវិស័យសំណង់ អ្នកទាំងនោះ ត្រូវតែមាន​វិញ្ញាបនបត្រ។ នៅពេល​ដែលអត់មាន​វិញ្ញាបនបត្រ​បញ្ជាក់ចេញ​ពី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺគណៈកម្មការ​នឹងចុះទៅត្រួត​ពិនិត្យ​ តែឃើញគឺ គឺពេលហ្នឹង ដីការបស់​ព្រះរាជអាជ្ញា​នឹងធ្វើការអញ្ជើញ។ ពីមុនអត់មានច្បាប់ បច្ចុប្បន្ននេះ យើងមានច្បាប់​ ហើយជឿជាក់ចុះថា ខ្ញុំនឹងអនុវត្តបាន»។ 

លើពីនេះទៀត ច្បាប់នេះ ត្រូវបាន​ក្រសួង​ដែនដី អះអាងថា នឹង​ផ្ដល់ភាពស្របច្បាប់​ដល់​សំណង់​ដែលបានសង់រួច​ក្នុងអតីតកាលផងដែរ

«ពិសេស​សំណង់​ដែលបានសង់​ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៦ ដែលពីមុន​មានអនុក្រឹត​លេខ ៤២ និង៨៦ ត្រូវបានចែង។ ដូច្នេះ សំណង់​ដែលបាន​សាងសង់ស្ថិតនៅក្នុង​អំឡុង​ឆ្នាំនេះ ពេលដែល​ច្បាប់នេះ​ចេញទៅ ខាងក្រសួង​ទុកពេលឲ្យ២ឆ្នាំ ដើម្បីចុះធ្វើការត្រួតពិនិត្យ ហើយផ្ដល់វិញ្ញាបនបត្រជូនដល់​ម្ចាស់សំណង់ បើសិនជាការត្រួតពិនិត្យ​ទៅឃើញថា គុណភាពសំណង់មានភាពរឹងមាំ​ត្រឹមត្រូវ នោះទើប​អនុញ្ញាត​ឲ្យ​មានការស្នាក់នៅ ដាក់ជួល ឬលក់ ឬដាក់បញ្ចាំ។» នេះបើតាម​ប្រសាសន៍របស់​រដ្ឋមន្ត្រីក្រសួង​ដែនដី។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ក៏​បាន​លើកឡើងដែរថា ច្បាប់សំណង់​ថ្មីនេះ ក៏នឹង​បង្កើតឱកាស​ការងារ​កាន់តែច្រើន ដល់​អ្នកមានជំនាញវិជ្ជាជីវៈ​សាងសង់ ដូចជា​វិស្វករ និងស្ថាបត្យករជាដើម។ តួយ៉ាង ក្រសួងបាន​កំណត់តម្រូវឲ្យ​ការដ្ឋាន​សាងសង់មួយ យ៉ាងហោចណាស់ ត្រូវមាន​វិស្វករ​យ៉ាងតិច២នាក់ មើលការខុសត្រូវ​ក្នុងការសាងសង់​ក្នុងការដ្ឋាននោះ។

ទោះយ៉ាងណា វិស្វករ និង​ស្ថាបត្យករ​ ដែលមាន​ចុះឈ្មោះ​ក្នុងគណៈ​វិស្វករ និងស្ថាបត្យករនៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់​ទាំងអស់​ត្រូវតែ​មកទទួល​វគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់សំណង់​ពីសំណាក់​ក្រសួង បើមិនដូច្នេះទេ ខាងក្រសួង​នឹងមិនទទួលស្គាល់ពីការងារ​របស់​ពួកគេនោះឡើយ។

រដ្ឋមន្ត្រីក្រសួង​ដែនដី ​ក៏បានលើកឡើងដែរថា សម្រាប់​ក្រុមហ៊ុនមានវិជ្ជាជីវៈ​ក្នុងវិស័យសំណង់ និង​ក្រុមហ៊ុន​សិក្សាគម្រោងប្លង់ ដែលបានចុះបញ្ជី​នៅក្រសួងទាំងអស់ គឺដល់ពេលវេលា​ដែលក្រុមហ៊ុន​ទាំងនេះ អាចមានមុខរបរ និងអាជីវកម្ម ក្នុងការចុះ​ត្រួតពិនិត្យ និងបញ្ជាក់​ពីគុណភាព និងសុវត្ថិភាព​សំណង់ មុននឹង​ដាក់​ឲ្យ​រដ្ឋមន្ត្រី​ចុះហត្ថលេខា​អនុញ្ញាត​ឲ្យធ្វើការសាងសង់បាន។

លោក ទួស សាភឿន អគ្គលេខាធិការរង​នៃ​គណៈស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន​មាន​ប្រសាសន៍​ថា ច្បាប់សំណង់ថ្មីនេះ នឹងធ្វើឲ្យ​វិស្វករ និងស្ថាបត្យករ កាន់តែមាន​ទំនួលខុសត្រូវ​ខ្ពស់ជាងមុន​ទៅលើ​ការងារ​សាងសង់ និងគូប្លង់របស់ខ្លួន ដើម្បីធនាបាន​នូវគុណភាពសំណង់។ ព្រោះកាលណា​សំណង់ អគារ​មានការបាក់រលំ វិស្វករ និងស្ថាបត្យករ ក៏ត្រូវមានចំណែក​ទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ 

លោក ទួស សាភឿន និយាយថា «ច្បាប់នេះ សំខាន់ណាស់ ពីសេស​សម្រាប់​វិស្វករ ស្វាបត្យករ ដែលចង់បន្ដអាជីពរបស់គាត់ហ្នឹង ដូច្នេះ គាត់ត្រូវតែស្វែយល់ពីអាហ្នឹង [ច្បាប់សំណង់ថ្មី]»។

ទោះយ៉ាងណា កាលពីមុន​មានច្បាប់ថ្មីនេះ ស្ថាបត្យករ និង​វិស្វករសំណង់ ក៏មានការទទួលខុសលើ​គម្រោង​សាងសង់​របស់ខ្លួនដែរ ពិសេស គម្រោងសាងសង់ធំៗ ប៉ុន្ដែ ក៏មានគម្រោង​តូចៗខ្លះ ឬហៅថា​គម្រោងលោតឆ័ត្រ ដោយមិនចង់​ចំណាយ​ច្រើន ពួកគេ​មិនបានជួល​ស្ថាបត្យករដើម្បីគូប្លង់ ឬជួលវិស្វករ​សាងសង់នោះទេ ពួកគេ​ធ្វើដោយខ្លួនឯង ដូច្នេះហើយទើបមានបញ្ហាកើនឡើង។ នេះបើតាម​ការបញ្ជាក់​ របស់ លោក ទួស សាភឿន។

គួរបញ្ជាក់ថា ក្នុងច្បាប់សំណង់ថ្មីនេះ ក៏មាន​ការបែងចែកសមត្ថកិច្ច នៃការសម្រេច​លើវិស័យសំណង់ដែរ ពោលគឺ សម្រាប់​ទំហំសំណង់ ៥០០ម៉ែត្រការ៉េចុះ គឺថ្នាក់ស្រុកខណ្ឌ​ជាអ្នកសម្រេច រីឯទំហំ ចាប់ពី ៥០០ម៉ែត្រការ៉េ ដល់​៣០០០ ម៉ែត្រការ៉េ គឺជាសមត្ថកិច្ចរបស់ថ្នាក់ខេត្ត និងលើសពី ៣០០០ម៉ែត្រការ៉េឡើងទៅ គឺជាសមត្ថកិច្ច​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បើតាម​ការគូសបញ្ជាក់ របស់ឯកឧត្តម ជា សុផារ៉ា ករណី​បាក់អគារ​រលំបាក់សង្កត់មនុស្សចំនួន ២លើក​នាពេលថ្មីៗនេះ គឺជាស្ថិតនៅក្នុង​សមត្ថកិច្ច​សម្រេច​ដោយថ្នាក់ខេត្ត។

បើតាម​ក្រសួង​រៀបចំដែនដី ចាប់ពីខែមករានេះ ដល់ខែមីនា គឺជា​រយៈពេល​ដែលធ្វើការ​ផ្សព្វផ្សាយ​ពីច្បាប់សំណង់បណ្ដើរ និងចុះត្រួតពិនិត្យបណ្ដើរ ដើម្បីឈានទៅ​អនុវត្តច្បាប់​ឲ្យបានពេញលេញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ចង់បានអ្នកទិញភាគហ៊ុនរបស់ខ្លួនជាឯកត្តជន ១០០%

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការបើកនូវសករាជថ្មី ធនាគារអេស៊ីលីដា តាមរយៈការបោះផ្សាយលក់ភាគហ៊ុននៅពេលដ៏ខ្លីខាងមុខន…

ធនាគារអេស៊ីលីដា និងវីង ចាប់ដៃគ្នាពង្រីកវិសាលភាពសេវាផ្ទេរប្រាក់នៅកម្ពុជា

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេ និងនាំមុខគេមួយនៅកម្ពុជា បានសម្រេចចាប់ដៃគូជាមួយនឹងធនាគារឯកទេសវីង ដើម្បីផ្ដល់សេវាផ្ទេរប្រាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ