ថវិកាបម្រុងដោះស្រាយ​បញ្ហា Covid-19

កម្ពុជា ត្រៀមថវិកា ៨០០ លាន ទៅ ២ ០០០ លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយ Covid-19


កញ្ចប់ថវិកាប្រមាណ ៨០០លានដុល្លារ ទៅ២.០០០ លានដុល្លារអាមេរិក ត្រូវបានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបម្រុងទុក ក្នុងការដោះស្រាយបញ្ហាមេរោគ Covid-19 ដែលបច្ចុប្បន្ន បាននិងកំពុងធ្វើឲ្យរាំងស្ទះដល់កំណើនលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ថវិកាបម្រុងនេះ នឹងរៀបចំជាសេនារីយ៉ូផ្សេងគ្នា ទៅតាមរយៈពេលអូសបន្លាយនៃបញ្ហាការរីករាលដាលនៃមេរោគ Covid-19។
កម្ពុជា ត្រៀមថវិកា ៨០០ លាន ទៅ ២.០០០ លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយ Covid-19 (រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន)
ដោយ

ថ្លែងនៅក្នុងពិ​ធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានមួយ ដែលធ្វើឡើង នៅមជ្ឈមណ្ឌល​កោះពេជ្រ នាព្រឹកថ្ងៃទី​ ១០ ខែមីនានេះ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានត្រៀម​កញ្ចប់ថវិកាបម្រុង​ ដើម្បី​ទប់ទល់​នឹង​បញ្ហា​មេរោគ Covid-19 ដែលបាន​និង​កំពុង​តែ​ធ្វើឲ្យ​ប៉ះពាល់​ការលូតលាស់​នៃកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ បើតាម​សម្តេច ហ៊ុន សែន កញ្ចប់​ថវិកាបម្រុងនេះ គឺរៀបចំ​សម្រាប់​សេណារីយ៉ូ២ផ្សេងគ្នា ពោលគឺ សេណារីយ៉ូទីមួយ ប្រសិនបើ​បញ្ហា​មេរោគ Covid-19 នេះ នៅបន្ដអូបន្លាយ​រយៈពេល ៦ខែ នោះកម្ពុជាមានថវិកា​ទប់ទល់​ប្រមាណ ៨០០លាន​​ដុល្លារ ប៉ុន្ដែ បើវា​អូសបន្លាយ​វែងជាងនេះ ឬរហូតដល់១ឆ្នាំ កម្ពុជា​នឹងមានថវិកា​បម្រុង​រហូតដល់​ទៅ ២ពាន់លាន​ដុល្លារអាមេរិក។

សម្តេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល​បម្រុងទុក​នៃថវិកា​ តាមសេណារីយ៉ូ ទី១ ឬទី២។ បើទី១ គឺត្រៀមបម្រុង​ប្រមាណជា ជិត ៨០០ លាន​ដុល្លារ អាហ្នឹង​បើសិនជា ចេញអា សេណារីយ៉ូ វិបត្តិ គេថា វិបត្តិអូសបន្លាយ​៦ខែ។ អារឿងកូរ៉ូណា​អូបន្លាយ​៦ខែ គឺត្រៀម​ថវិកា​ប្រមាណ​៨០០ លាន ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ ហើយបើវាទៅដល់១ឆ្នាំ យើងក៏បាន​ប៉ាន់ស្មានថា បើ៦ខែ វាធ្លាក់សេដ្ឋកិច្ច ធ្លាក់កំណើនប៉ុនណា? ផលប៉ះពាល់​វាធំប៉ុនណា? ហើយបាត់បង់​ចំណូលប៉ុនណា? ប្រសិនបើ​វា​កើតដល់​មួយឆ្នាំ តើកំណើន​សេដ្ឋកិច្ច​របស់យើង​ធ្លាក់នៅប៉ុនណា? ហើយយើង​ត្រូវប៉ះប៉ូវ​ទំហំ​ទឹកប្រាក់ប៉ុនណា? អញ្ចឹង​វាស្ថិត​នៅក្នុង​ចន្លោះ ពី៨០០លាន ទៅ២ពាន់លាន​ប៉ុណ្ណឹង ដែលយើង​ត្រៀមបម្រុង»។

មិនមែនមាន​តែកម្ពុជា ដែលបាន​ត្រៀម​ថវិកាបម្រុង​ដើម្បី​ចំណាយ ដោះស្រាយ​បញ្ហា​ Covid-19 នៅប្រទេស​ជាច្រើន​នៅជុំវិញពិភពលោក ក៏ដូចជា​តំបន់ ក៏បាន​ត្រៀមថវិការាប់ពាន់លាន​ដុល្លារ ទប់ទល់នឹងឥទ្ធិពល​របស់​​មេរោគផ្លូវដង្ហើមមួយនេះផងដែរ តួយ៉ាង ប្រទេសថៃ មានត្រៀម​កញ្ចប់ថវិកា ៣,២ពាន់លាន​ដុល្លារអាមេរិក, ប្រទេសសិ​ង្ហបុរី ត្រៀម ៤,៦ ពាន់លានដុល្លារអាមេរិក, ប្រទេសម៉ាឡេស៊ី មាន ៤,៨ ពាន់លានដុល្លារអាមេរិក។​

ជុំវិញនឹង​បញ្ហាផ្ទុះឡើង​នៃមេរោគ​ Covid-19 នេះដែរ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ នាពេល​កន្លងទៅថ្មីៗនេះ បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២០នេះ ថានឹង​អាចរក្សាបាន​ជុំវិញ​៦%ប៉ុណ្ណោះ ដោយក្រសួង​បានផ្អែកទៅលើ​កត្តា​ហានិភ័យ​ថ្មីៗចំនួនពីរ គឺ​បញ្ហា​មេរោគ Covid-19 និង បញ្ហា​នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្នែកខ្លះពីប្រទេស​កម្ពុជា។ ទោះយ៉ាងណា​ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាង​ថា កំណើន​សេដ្ឋកិច្ច​ជុំវិញ ៦%របស់កម្ពុជានេះ នៅតែជាកំណើន​មួយខ្ពស់​នៅក្នុងតំបន់។ 

ទោះយ៉ាងណា អ្នកជំនាញ​សេដ្ឋកិច្ច​ខ្លះ បាន​អះអាងថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំនេះ អាចនឹង​ថម​ថយ​ក្រោម ៦%ទៅទៀត ខណៈដែល​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិមួយ គឺ Moody’s ក៏បាន​ព្យាករកំណើន​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២០នេះដែរថា គឺអាចនឹង​មាន​ត្រឹមតែ ៥,៥% ប៉ុណ្ណោះ។

សូមបញ្ជាក់ថា បញ្ហាមេរោគ​ Covid-19 នេះ​បាននិងកំពុង​ធ្វើឲ្យប៉ះពាល់​ដល់ការលូតលាស់​របស់ប្រទេស​ជាច្រើន​នៅទូទាំងពិភពលោក។ ជាក់ស្ដែង សម្រាប់កម្ពុជា វិស័យ​សំខាន់ចំនួន២ ដែលត្រូវបានគេ​មើលឃើញថា កំពុង​ប្រឈម​ខ្លាំងជាងគេ​ គឺ​វិស័យ​ទេសចរណ៍ និងវិស័យកាត់ដេរ។

គិតមកទល់ម៉ោងនេះ ចំពោះប្រទេស​កម្ពុជា ទើបតែមានករណី​ឆ្លងមេរោគ Covid-19 នេះ ចំនួន ២ករណីប៉ុណ្ណោះ ដោយមួយករណី កើតឡើង​បុរសជន​ជាតិចិន តែត្រូវបានព្យាបាលសះស្បើយ និងត្រឡប់ទៅ​ប្រទេស​ចិនវិញហើយ និងមួយករណីទៀត គឺបានឆ្លងលើ​បុរសជនជាតិខ្មែរម្នាក់ ដែលបានឆ្លងពីបុរស​ជនជាតិជប៉ុន ដែលបាន​ចូលមក និងចាកចេញ​ពីកម្ពុជា កាលពីពេលថ្មីៗនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ស្នើ៣ចំណុច ដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់បុរី សហគ្រាស រោងចក្រយោគយល់

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ មិនឲ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារ ជាមួយកម្មករនិយោជិត ក្នុងអំឡុងពេ…

ធនាគារ ADB៖ បញ្ហា Covid-19 ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ១,៥៩%

ព័ត៌មាន
សេដ្ឋកិច្ច របស់កម្ពុជា ត្រូវបានព្យាករថា នឹងមានផលប៉ះពាល់ ១,៥៩% ដោយសារបញ្ហា Covid-19 ដែលតួលេខគឺមានខ្ពស់ជាងបង្អស់ បន្ទាប់ពីប្រទេសដីកោះ ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ