បំណុលសាធារណៈ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា ការខ្ចីបំណុលពីចិន​បង្ហាញពីនិន្នាការធ្លាក់ចុះ!


នៅរយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ការខ្ចីបំណុលពីប្រទេសចិនហាក់មាននិន្នាការថមថយចុះ គួរឲ្យកត់សម្គាល់ ក៏ប៉ុន្ដែ បើមើលទៅលើការខ្ចីបំណុលពីប្រទេសផ្សេងទៀតដូចជាជប៉ុន កូរ៉េ និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតនោះ បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់។ ទោះយ៉ាងណា បើមើលទៅលើសន្និធិបំណុលសាធារណៈសរុបដែលកម្ពុជាមាន ឃើញថា ប្រទេសចិន នៅតែមានចំណែកធំ ដោយមានរហូតដល់ទៅជាង ៤០% នៃទំហំបំណុលសរុប។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច អះអាងថា ការខ្ចីបំណុលពីចិន បង្ហាញពីនិន្នាការធ្លាក់ចុះ! (រូបភាព៖ ខេមបូណូមីស)

រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត​ បាន​អះអាងថា គិតមកទល់​នឹងពេលនេះ ស្ដុកបំណុល​សាធារណៈ​ដែល​កម្ពុជា​ជំពាក់បរទេស គឺនៅមាន​ក្រោម​៣០% នៃទំហំ GDP សរុប​ប៉ុណ្ណោះ ដែលវា​គឺជាទំហំមួយតិចតួច បើធៀបនឹងប្រទេស​ផ្សេងទៀត​ដូចជា​វៀតណាម មាន​រហូតដល់​ទៅ ៦០% ទៅ៧០% នៃ GDPឯណោះ។ នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជា​នៅតែមាន​លទ្ធភាព​ខ្ចី​បំណុល​ពីបរទេស​ និងស្ថាប័ន​ដៃគូអន្តរជាតិ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​យកមកប្រើប្រាស់​ក្នុងការ​ជំរុញដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម។

បើតាម​ការគូសបញ្ជាក់​របស់​ឯកឧត្តម វង្សី វិស្សុត ក្នុងចំណោម​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេសទាំងនោះ គឺ​កម្ពុជា​បានខ្ចី​ពីប្រទេស​ចិន​ច្រើនជាងគេ ដែលមាន​ប្រមាណជាង ៤០% នៃ​បំណុល​សរុប។ ទោះយ៉ាងណា ឯកឧត្តម សង្កត់ធ្ងន់ថា ការខ្ចីបំណុល​ពីប្រទេសចិននេះ បាន​បង្ហាញពីនិន្នាការ​ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់​នៅរយៈពេល​២ ទៅ៣ ឆ្នាំចុងក្រោយនេះ ប៉ុន្ដែ បែរ​ជា​មានការខ្ចីកើនឡើង​ពីបណ្ដាប្រទេស​ និងដៃគូអភីវឌ្ឍន៍​ផ្សេងទៀត។

ឯកឧត្តម វង្សី វិស្សុត​មានប្រសាសន៍ថា «ស្ដុកបំណុលយើង​មានមិនដល់​៣០% នៃGDP ទេ! ហើយទោះបីជា​សេណារីយោអាក្រក់​ម៉េចក៏ដោយ ក៏បំណុលយើង​នៅតែ​មានចីរភាពអញ្ចឹងដែរ។ អ្នកណា​ឲ្យយើង​ខ្ចីធំជាងគេ​​មកដល់ថ្ងៃនេះ? ចិន គឺមានជាង​៤០% នៃបំណុល​ដែលយើង​មានទាំងអស់។ អត្រាការប្រាក់​ដែលខ្ចីពីចិន​មានបី គឺ មានសូន្យ (០%), មាន១,២៥% មាន២%។ [អត្រាការប្រាក់ ] ០% និង ១,២៥% គឺសម្រាប់ [កម្ចីជា] លុយយ័ន ២% សម្រាប់​ដុល្លារអាមេរិក​។ រយៈពេលសង​២០ឆ្នាំ​ Grace Period (រយៈពេល​អាចពន្យារសងត្រឡប់​ដោយមិនមានការដាក់ពិន័យ) ៧ឆ្នាំ»។

ឯកឧត្តម បន្ថែមទៀតថា «មួយឆ្នាំៗ យើង​សង​ទៅចិន​ទាំងប្រាក់ដើម និងប្រាក់ការជិត​២០០លាន​ដុល្លារ គឺជិត​៥០% ដូចគ្នាអញ្ចឹង! ប៉ុន្ដែ ចុងក្រោយ​និន្នាការ​ដែលយើង​ចង់ប្រាប់​គឺថា ជប៉ុន​ក៏ដំឡើង​ការឲ្យខ្ចីយើង​សម្បើមដែរ លឿនដែរ! World Bank, ADB នេះ ក៏ឡើង​គួរសមដែរ​ កូរ៉េក៏ខ្លាំងដែរ។ ចុងក្រោយ​តួលេខ​កូរ៉េ ជប៉ុន ADB, World Bank ឡើង! តែចិន​អត់ឡើងប៉ុន្មានទេ! ចិនដាំដូងវិញហើយ! ការខ្ចីពីចិន​ចាប់ផ្ដើមធ្លាក់​វិញហើយ! ប៉ុន្ដែ​ខ្ចីពីដៃគូផ្សេង​គឺឡើងខ្លាំង​ពីរឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្នុងរយៈពេលមធ្យម​ Loan portfolio របស់យើង​នឹង​​កាន់តែមាន​តុល្យភាពជាងមុន»។

បើតាម​របាយការណ៍​ពីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​បាន​បង្ហាញថា គិតត្រឹម​ឆ្នាំ២០១៩ កម្ពុជា​មានសន្និធិ​បំណុល​សាធារណៈ​សរុបចំនួន ៧.៥៩៩ លាន​ដុល្លារអាមេរិក ក្នុងនោះ បំណុល​សាធារណៈ​ក្នុងប្រទេស​មានចំនួន​ប្រមាណ ០,០៤% ស្មើនឹង​២,៧៤ លាន​ដុល្លារអាមេរិក និងបំណុល​សាធារណៈ​ក្រៅប្រទេស​មានចំនួន ៩៩,៩៦% ត្រូវនឹង​ប្រមាណ ៧.៥៩៦ លាន​ដុល្លារ។ របាយការណ៍​បានបង្ហាញទៀតថា ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាល​បានទូទាត់​សេវា​បំណុល​ជូនដៃគូអភិវឌ្ឍន៍​សរុប​ចំនួន ជាង​៣០៨​លាន​ដុល្លារអាមេរិក។ បើគិត​ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់​ដំណាច់​ឆ្នាំ២០១៩ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ជូនដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន ១,៦៩​ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិនមែន​ជា​បណ្តាសារ តែ​ជា​ផែនការ (Not a Curse But the Care)

ព័ត៌មាន
សម្រាប់​មនុស្ស​គ្រប់​រូប​ប្រាកដ​ជា​មិនសូវ​ចង់​ស្តាប់​ពាក្យ​មិន​ល្អ​ប៉ុន្មាន​នោះ​ទេ ដូចជា៖ ពាក្យថា បណ្តាសារ គឺ​ពាក្យ​មួយ ដូចជា​ប្រផ្នូល​មិ…

ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០

ព័ត៌មាន
ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរនៅក្នុងរយៈពេល ៦ខែ នៅឆ្នាំ២០២០នេះ បានបង្ហាញពីការធ្លាក់ចុះជាង ៥% បើធៀបនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ