បំណុលសាធារណៈ​កម្ពុជា

កម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ជិត ៤៨០លានដុល្លារហើយ ក្នុងឆមាសទី១ ឆ្នាំ២០២០


នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយនឹងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ៤៨០ លានដុល្លារអាមេរិក ឬស្មើនឹង ២៥% នៃពិដានច្បាប់ដែលបានកំណត់ (១.៤០០ លាន SDR)។ ប្រាក់កម្ចីទាំងនោះ គឺសុទ្ធតែប្រើប្រាស់សម្រាប់គម្រោងវិនិយោគសាធារណៈ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។
កម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ជិត ៤៨០លានដុល្លារហើយ ក្នុងឆមាសទី១ ឆ្នាំ២០២០ (រូបភាព៖ CSCC)
ដោយ

តាមទិន្នន័យ​ពីប្រភព​ដដែលនេះ បាន​ឲ្យដឹងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះដែរ រាជរដ្ឋាភិបាល​ក៏បាន​ដក​សាច់ប្រាក់​ពីដៃគូអភិវឌ្ឍន៍​យកមកប្រើប្រាស់​ជាក់ស្ដែង​ សរុប​ចំនួនប្រមាណ ៤៤៤ លាន​ដុល្លារ។ ក្នុងនោះ ការដក​សាច់ប្រាក់ ក្នុង​ក្របខណ្ឌទ្វេភាគី មានចំនួន​ប្រមាណ​ ៦៣% ត្រូវនឹង​ជាង ២៨១ លាន​ដុល្លារ និងក្របខណ្ឌ​ពហុភាគី មាន​ប្រមាណ ៣៧% ត្រូវនឹង​ជាង ១៦២ លាន​ដុល្លារ​អាមេរិក។

គិតមកទល់​ឆមាសទី១នេះដែរ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ៧,៩ ពាន់លាន​ដុល្លារអាមេរិក ដោយ​សុទ្ធតែជា​បំណុល​សាធារណៈ​ក្រៅប្រទេស។ ផ្អែក​តាម​លទ្ធផល​បឋម​នៃការវិភាគ​ចីរភាព​បំណុល​​បានបង្ហាញថា សម្រាប់​ឆ្នាំ២០២០នេះ អនុបាត​តម្លៃ​បច្ចុប្បន្ន​​នៃបំណុល​សាធារណៈ​សរុប​​ធៀបនឹង​ផលិតផល​​ក្នុងស្រុក​សរុប គឺមាន​ត្រឹម​កម្រិត ២៣% ធៀបនឹង​អនុបាតគោល​កម្រិត​ ៥៥%។ ក្នុង​សន្និធិ​បំណុល​ដែល​កម្ពុជានេះដែរ បើគិត​ក្នុង​ក្រ​បខណ្ឌ​ប្រទេស​ គឺប្រទេស​ចិន ជាម្ចាស់​បំណុល​​ធំបំផុត​របស់​កម្ពុជា ដោយមានប្រមាណ ៣,៨ ពាន់លាន​ដុល្លារ ឬស្មើនឹង​ជិត ៤៧% នៃ​សន្និបំណុល​សរុប បន្ទាប់មក គឺ​ប្រទេស​ជប៉ុន ៤៩០ លាន​ដុល្លារ, កូរ៉េខាងត្បូង ប្រមាណ ៣៧៨ លាន​ដុល្លារ និងបារាំងជិត ៣៥៧ លាន​ដុល្លារ និងប្រទេស​​មួយ​ចំនួនទៀត។

ដោយឡែក បើ​គិតក្នុង​ក្រប​ខណ្ឌ​​ស្ថាប័ន​ជាដៃគូអភិវឌ្ឍន៍ ដែល​ជាម្ចាស់​បំណុល​របស់​កម្ពុជាវិញ គឺ​ធនាគារ​ ADB ជាម្ចាស់​បំណុលធំជាងគេ ដែលមាន ជិត ១,៥ ពាន់​លានដុល្លារ ស្មើនឹងជាង ១៨% នៃ​សន្និធិ​បំណុល​​សរុប បន្ទាប់មក គឺ​ធនាគារ​ពិភពលោក​ជាង ៦២៦ លាន​ដុល្លារ និងស្ថាប័ន​ជា​ដៃគូផ្សេងៗទៀត។  

ដោយឡែក ចំពោះ​ការទូទាត់​សង​បំណុលវិញ នៅក្នុង​ឆមាសទី​១ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល​ក៏បាន​ទូទាត់​សង​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​​សរុប​ជាង ១៥២ លាន​ដុល្លារ ក្នុងនោះ ក្របខណ្ឌ​បំណុល​សារណៈ​​ក្នុងប្រទេស មានចំនួនប្រមាណ ១% ត្រូវនឹង​១,៦១ លាន​ដុល្លារ និង​ក្របខណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស​មានចំនួន ៩៩%  ត្រូវនឹង​ជាង ១៥០ លាន​ដុល្លារ។ 

លោក David Freedman សេដ្ឋវិទូ​ប្រចាំប្រទេស និងជា​មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​លើកឡើងដែរថា កម្រិតបំណុលសាធារណៈ​របស់​កម្ពុជា​​ដែលមាន​​នាពេល​បច្ចុប្បន្ន​គឺពិត​ជា​នៅមានទំហំតូចនៅឡើយ និងអាច​មានលទ្ធភាព​​ខ្ពស់​ក្នុង​ពង្រីកបន្ថែម ពោលគឺ​កម្រិតបំណុល​សាធារណៈ​របស់​កម្ពុជា​​នៅមាន​ទាបជាងប្រទេស​ដទៃទៀត​ដល់ទៅ ៣០%ឯណោះ។ ទោះយ៉ាងណា លោក David បាន​សង្កត់ធ្ងន់ថា និយាយបែបនេះ មិនមែន​មានន័យថា ​ADB ជំរុញ​ឲ្យ​កម្ពុជា​ត្រូវតែខ្ចី​បំណុល​​កាន់តែច្រើន​ ឬខ្ចី ៥% ទៅ១០% នៃ GDP ក្នុងរយៈពេល​ខ្លីនោះទេ។ ក៏ប៉ុន្ដែ នេះ​គ្រាន់តែ​ចង់បង្ហាញថា ក្នុងពេលនេះ កម្ពុជា​ត្រូវតែ​បន្ដ​ការវិនិយោគ​របស់ខ្លួន ហើយ​ការ​តាមដាន វិភាគ​ពីកម្រិត​បំណុល​ជាទៀងទាត់​​ក៏ត្រូវតែបន្ដធ្វើដែរ។

​លោកស្រី Sunniya Durrani-Jamal  នាយិកា​ប្រចាំប្រទេស​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក៏បាន​គូសបញ្ជាក់ដែរថា កម្ពុជា​អាច​រក្សា​បាន​នូវកម្រិតបំណុល​សាធារណៈ​​របស់ខ្លួន​ឲ្យនៅទាបបាន​ តាមរយៈ​ការ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេសបន្ថែម ក៏ដូចជា​ជំរុញ​ការវិនិយោគ​ក្នុងវិស័យឯកជន ហើយ​រាជរដ្ឋាភិបាល​ត្រូវ​ធ្វើការកែលម្អ​ទៅលើ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ប្រសើរឡើង។

​សូមបញ្ជាក់ដែរថា ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ក៏បាន​ឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់​ដំណាច់​ឆមាសទី​១ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះកិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ចំនួនជាង ១៣ ពាន់លាន​ដុល្លារអាមេរិក ដោយក្នុងនោះ សម្រាប់​ប្រើប្រាស់​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ​គ្របដណ្ដប់​ប្រមាណ​៨៧% និងវិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀតប្រមាណ ១៣%។  ទន្ទឹមគ្នានោះ រាជរដ្ឋាភិបាល​ក៏បាន​ដក​សាច់ប្រាក់ ពីដៃគូ​អភិវឌ្ឍន៍​មកប្រើប្រាស់ជាក់ស្ដែង ប្រមាណ ៨,៥ ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង​ប្រមាណ ៦៥% នៃ​ទំហំ​ឥណទាន​សម្បទាន​សរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា នាំចេញចេកអំបូងលឿងជាង ២៣ ម៉ឺនតោន កើនឡើង ២២៥% នៅ៩ខែឆ្នាំ២០២០

ព័ត៌មាន
រយៈពេល ៩ខែ ដំបូង នៃឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ ២៣,៥ ម៉ឺនតោន កើនឡើងដល់ទៅ ២២៥ ភាគរយ …

ពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ២៧ម៉ឺននាក់ទទួលបានការរៀបចំឥណទានឡើងវិញ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការបញ្ជាក់ថា ចំនួនអតិថិជនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជាង ២៨ម៉ឺននាក់បានដាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ