កម្ពុជា និង​សំណុំរឿង EBA

រឿង EBA៖ កម្ពុជា​ឆ្លើយតប​ទៅអឺរ៉ុប​ហើយ និង​​​​អំពាវនាវ​ឱ្យ​ពិចារណា​ផល​ប៉ះពាល់​ដល់​កម្មការិនី​ជិត​ ១​លាន​នាក់


ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែ​ធ្នូ​នេះ​ថា កម្ពុជា​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោបាយរួចហើយ ហើយ​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប ពិចារណា​អំពី​ផល​ប៉ះពាល់​​ដល់​កម្មការិនី​ប្រមាណ​ជិត​ ១​លាន​នាក់ បើ​សិន​ជា​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

កាលពី​ខែ​វិច្ឆិកា កន្លង​មក​នេះ គណៈកម្មការ​អឺរ៉ុប​បាន​បញ្ចប់​នូវ​របាយការណ៍​ស៊ើបអង្កេត​បឋម​របស់​ខ្លួន​អំពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​សម្រាប់​កម្ពុជា និង​ទុក​ពេល​ឲ្យ​កម្ពុជា ០១​ខែ ដើម្បី​ឆ្លើយ​តប មុន​​នឹង​សម្រេចថា ​ដក EBA ឬ​អត់ ពីកម្ពុជា នៅខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ក្រសួង​ការបរទេស​ បាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ជូន​គណៈកម្មការ​អឺរ៉ុប នៅថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៩ នូវ​ការ​ឆ្លើយតប​ចុង​ក្រោយ​របស់​ខ្លួន​ចំពោះ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការរក​ឃើញ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្តោះ​អាសន្ន។

សេចក្តី​ឆ្លើយតប​ចុង​ក្រោយ​នេះ យោងតាម​ក្រសួង គឺ​ជា​របាយការណ៍​គ្រប់​ជ្រុង​ជ្រោយ​អំពី​សកម្មភាព​និង​វិធានការ​នានា ដែល​រដ្ឋាភិបាល​បាន​អនុវត្ត​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទាំង​ឡាយ ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​គណៈកម្មការ​អឺរ៉ុប ជា​អាទិ៍​រួមមាន ការ​គោរព​សិទ្ធិ​ក្នុង​ការ​ចូលរួម​នយោបាយ សិទ្ធិ​ដីធ្លី សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​បង្កើត​សមាគម ជាដើម។

ក្រសួង​ការបរទេស បាន​និយាយ​ដូច្នេះ​ថា «ក្នុង​ចន្លោះ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​ខ្លួន នៅខែ​កុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​នេះ រាជ​រដ្ឋាភិបាល​សង្ឃឹម​ថា គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើការ​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​សុច្ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ “គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ- EBA” ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គម ដល់​កម្មការិនី​ប្រមាណ​ជិត ១​លាន​នាក់ និង​ផល​ប៉ះពាល់​ដោយ​ប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់​ញាតិ ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ប្រាក់​ឈ្នួល​របស់​ពួកគេ រួមទាំង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យ និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។»

សហគមន៍​អឺរ៉ុប បាន​ព្រមាន​កម្ពុជា​ថា នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ជា​បណ្តោះ​អាសន្ន បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ធ្លាក់​ចុះ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស និង​នយោបាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ចុងឆ្នាំ២០១៩ ត្រៀមស្វាគមន៍ឆ្នាំ ២០២០

ព័ត៌មាន
ក្រុមហ៊ុនបុរីប៉េង ហួត នាពេលថ្មីៗនេះ បានសម្រេចសម្ពោធបើកលក់គម្រោងធំៗចុងក្រោយរបស់ខ្លួនចំនួន២ បន្ថែមទៀតសម្រាប់២០១៩នេះ ដើម្បីត្រៀមស្វាគមន៍ឆ្នា…

ថៃ ប្ដេជ្ញាគ្រប់គ្រងកម្រិតបំណុលសាធារណៈឲ្យបាននៅត្រឹម ៥០% នៃ GDP នៅឆ្នាំ ២០២១-២០២៤

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានប្ដេជ្ញាចិត្តគ្រប់គ្រងកម្រិតបំណុលសាធារណៈឲ្យបាននៅត្រឹម៥០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន នៅក្នុងផែនការសារពើពន្ធរយៈពេលមធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ