អង្ករ​កម្ពុជា

តើ​កម្ពុជា​អាច​ដណ្ដើម​តំណែង​មាស​ស​ល្អ​បំផុត​លើ​ពិភព​លោក​បាន​មក​វិញ​ទេ នៅ​ឆ្នាំ​នេះ?


ធ្លាប់​តែ​ល្បី​រន្ទឺ​ពី​កេរ្ដិ៍​ឈ្មោះ​របស់​អង្ករ​របស់​កម្ពុជា​ថា​ជា​អង្ករ​ល្អ​បំផុត​លេខ​១​លើ​ពិភព​លោក​បី​ឆ្នាំ​ជាប់ៗ​គ្នា ប៉ុន្ដែ នៅ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​របូត​ជើង​ឯក​លេខ​១​នេះ មក​ឈរ​នៅ​លេខ​ពីរ ខណៈ​ដែល​ថៃ​បាន​ដណ្ដើម​យក​លេខ១​ទៅ​វិញ។
ឯកឧត្ដម សុខ ពុទ្ធិវុទ្ធ (រូបខាង​ឆ្វេង) ប្រធាន និង​ឧកញ៉ា ហ៊ុន ឡាក់ ​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ឱកាស​ទទួល​ពាន​រង្វាន់​សម្រាប់អង្ករ​កម្ពុជា កាលពី​ឆ្នាំ​២០១៤។
ដោយ

យ៉ាង​ណា​ក៏​ដោយ នៅ​ឆ្នាំ​នេះ សង្វៀន​ប្រកួត​នៅ​តែ​បើក​ទ្វា​ស្វាគមន៍​ដដែល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៦​-៨ ខែ​វិច្ឆិកា ឆ្នាំ​នេះ នៅឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន។ តើ​កម្ពុជា អាច​ដណ្ដើម​ជើង​ឯក​មាស​ស​ល្អ​បំផុត​សម្រាប់​ឆ្នាំ​នេះ បាន​ដែរ ឬទេ? 

ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ទៅ​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ល្អ​បំផុត​លំដាប់​ពិភព​លោក​លើក​ទី៩ នៅ​ឆ្នាំ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ធ្វើ​តេស្ដ​គុណភាព​អង្ករ​ចំនួន​២៣​សំណាក ដែល​មាន​ការ​ចូលរួម​ពី​រោង​ម៉ាស៊ីន​កិន​ស្រូវ​ប្រមាណ​ជាង ១០​រោង​ម៉ាស៊ីន និង ៦​សហគមន៍​កសិករ​នេះ ដើម្បី​ស្វែងរក​ប្រភេទ​អង្ករ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​សម្រាប់​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ។ 

ក្នុង​ចំណោម​អង្ករ​ជាង​២០​សំណាក​នោះ មាន ១២​សំណាក​ជា​អង្ករ​ក្រអូប​ប្រណីត និង ៨​សំណាក ជា​អង្ករ​ក្រអូប​ធម្មតា និង ៣​សំណាក​ទៀត ជា​អង្ករ​ ស ធម្មតា។ ឆ្លង​តាម​ការ​តេស្ដ​លើ​សោភ័ណភាព​អង្ករ ក្លិន​មុន​ចម្អិន និង​គុណភាព​រស​ជាតិ​ក្រោយ​ពេល​ចម្អិន ចុងភៅ​ជំនាញៗ​ដែល​ជា​អ្នក​វាយ​តម្លៃ ដោយ​មាន​លោក លូ ម៉េង ជា​ប្រធាន បាន​សម្រេច​ជ្រើស​យក​អង្ករ​ពីរ​ប្រភេទ​ដែល​មាន​គុណភាព​ល្អ​បំផុត​សម្រាប់​យក​ទៅ​ប្រកួត​ប្រជែង​នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន នៅ​ដើម​ខែ​វិច្ឆិកា​នេះ។ ក្នុងនោះ គឺ​ប្រភេទ​អង្ករ​ក្រអូប​ប្រណីត​លេខ​មួយ ចំនួន ២​សំណាក និង​អង្ករ​ក្រអូប​ធម្មតា ចំនួន ១​សំណាក។

យ៉ាងណា​ក៏​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិន​បាន​បញ្ជាក់​ថា តើ​អង្ករ​ក្រអូប​ប្រណីត​លេខ​មួយ​នោះ ជា​ពូជ​ស្រូវ​ឈ្មោះ​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ដោយគ្រាន់​តែ​បាន​បញ្ជាក់​ថា អង្ករ​ក្រអូប​ប្រណីត​លេខ​មួយ​នោះ មាន​ពូជ​អង្ករ​ដូចជា ផ្កា​រំដួល រំដេង រមៀត សុមាលី និង​ផ្កា​ម្លិះ​ជាដើម ខណៈ​ដែល​ប្រភេទ​អង្ករ​ក្រអូប​ធម្មតា គឺ​ជា​អង្ករ​ពូជ​សែន​ក្រអូប។

ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​នេះ ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ធ្វើ​តេស្ដ​គុណភាព​អង្ករ​មាន​ការ​ចូលរួម​ច្រើន​ពី​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​សហគមន៍​កសិករ ហើយ​បើ​តាម​ការ​មើល​ឃើញ​របស់​លោក​ផ្ទាល់ នៅ​ឆ្នាំ​នេះ ការ​វេច​ខ្ចប់​និង​គុណភាព​អង្ករ​របស់​កម្ពុជា គឺ​មិន​អន់​ជាង​ឆ្នាំ​មុនៗ​នោះ​ឡើយ។ 

យ៉ាងណា​ក៏​ដោយ លោក​​ថា លោកមិនអាច​វាយ​តម្លៃ​លើ​ការ​ដណ្ដើម​តំណែង​លេខ​មួយ​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​បាន​នោះ​ទេ គឺ​មាន​តែ​គណៈកម្មការ​ផ្ទាល់​ប៉ុណ្ណោះ ទើប​អាច​ធ្វើការ​វាយ​តម្លៃ​បាន។ តែ​យ៉ាង​ណា យើង​មាន​ក្ដី​សង្ឃឹម​ខ្ពស់​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​នេះ។

ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា ត្បិត​ថា ២​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​មិន​បាន​ឈរ​ក្នុង​តំណែង​លេខ១​ក៏​ដោយ ប៉ុន្ដែ ប៉ុន្មាន​ឆ្នាំ​មក​នេះ កម្ពុជា​មិន​ដែល​ចាកចេញ​កំពូល​លំដាប់​ទាំង​បី​នៃ​អង្ករ​ល្អ​បំផុត​នោះ​ឡើយ ហើយ​ការ​ធ្លាក់​មក​នៅ​លេខ​២​នេះ ក៏​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​នោះ​ដែរ។  

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន HCC Group បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​នេះ គឺ​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ​នោះ​​ទេ ការ​ប្រកួត​ប្រជែង​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​នៅ​ទីក្រុង​ម៉ាកាវ នឹង​មាន​បណ្ដា​ប្រទេស​ជាង​១០​ចូលរួម ហើយ​កម្ពុជា គឺ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​ប្រជែង​តំណែង​ជើង​ឯក​នៅ​ឆ្នាំនេះ ត្បិត​ថា កម្ពុជា​បាន​ឈរ​លេខ​២​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​តំណែង​លេខ១​បាន​ទៅ​ប្រទេស​ថៃ។

លោក​បន្ថែម​ថា ការ​ដែល​អង្ករ​កម្ពុជា​ធ្លាក់​មក​នៅ​លេខ​២ គឺ​មិន​មាន​​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​ថា កម្ពុជា​បាន​គ្រប់គ្រង​តំណែង​លេខ​១​បាន​៣​ឆ្នាំ​ជាប់​គ្នា​កន្លង​មក​ហើយ ខណៈ​ដែល​គុណភាព​អង្ករ​របស់​កម្ពុជា និង​ថៃ គឺ​មានភាព​​ប្រហាក់​ប្រហែល​គ្នា ដែល​ពិបាក​ក្នុង​ការ​ដាក់​ពន្ទុ​ឲ្យ​ដាច់​គ្នា​ណាស់។ ដូច្នេះ ប្រសិន​បើ​អង្ករ​កម្ពុជា​​ជាប់​តំណែង​លេខ១ បួន​ឬ​ប្រាំ​ឆ្នាំ​ជាប់​គ្នា នោះ​ទើប​ជា​រឿង​ចម្លែក​និង​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ប្រកួត​ប្រជែង​កាន់​តែ​មាន​ភាព​អាក់អន់​ចិត្ត។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​ហៅ​ការ​ដាក់​ពន្ទុ​របស់​គណៈកម្មការ​ដែល​ឲ្យ​កម្ពុជា​ជាប់​លេខ​២​ថា គឺ​ជា​ការ​ដាក់​ពន្ទុ​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត និង​បត់បែន។ 

សូម​ជម្រាប​ដែរ​ថា អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា ធ្លាប់​បាន​ជាប់​ឈ្មោះ​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​លំដាប់​លេខ១ បី​ឆ្នាំ​ជាប់​គ្នា ពោល​គឺ​កាល​ពី​២០១២ ដល់​ឆ្នាំ​២០១៤ ប៉ុន្ដែ ទើបតែ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​កម្ពុជា​ឈរ​នៅ​លំដាប់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​លំដាប់​លេខ​២ ខណៈ​ដែល​ថៃ​ជាប់​លេខ១។ យ៉ាង​ណា​ក៏ដោយ នៅ​ឆ្នាំ​នេះ កម្ពុជា​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ដណ្ដើម​តំណែង​លេខ​មួយ​ត្រឡប់​មក​វិញ ខណៈ​ដែល​ការ​ផលិត​អង្ករ​របស់​កម្ពុជា​ហាក់​បី​មាន​ភាព​កាន់​តែ​ប្រសើរ​ជាង​មុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ៖ ការទិញ​លក់​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​និង​​សែនសុខ​ស្ទុះ​ខ្លាំង​ជាងគេ

ព័ត៌មាន
វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ជាពិសេស នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ បើ​ទោះបី​ជា​វិស័យ​នេះ​មាន​សន្…

គម្រោង​វិនិយោគ​ឯកជន​​ធំៗ​ចំនួន​៤ ត្រូវ​បាន​រដ្ឋាភិបាល​ដក​យក​មក​គ្រប់គ្រង​វិញ

ព័ត៌មាន
មិន​ដល់​ពីរ​ខែ​ស្រួល​បួល​ផង ស្ពាន​ចំនួន​ពីរ គឺ​ស្ពាន លី យ៉ុងផាត់ ឬ​ស្ពាន​ព្រែក​ព្នៅ និង​ស្ពាន​កោះកុង ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ