Advertisement
Advertisement
Advertisement
ស្រូវ​អង្ករ​កម្ពុជា

វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ជួប​បញ្ហា​អ្វី​ខ្លះ​ក្នុង​ឆ្នាំ​២០១៦


ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ដោយ​បាន​បន្សល់​នូវ​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ មាន​បញ្ហា​ចម្បងៗ​មួយ​ចំនួន ​ដែល​កើត​ឡើង​ក្នុង​វិស័យ​កសិកម្ម​ឆ្នាំ​២០១៦ ដូចជា គ្រោះ​ធម្មជាតិ​រំាង​ស្ងួត​បាន​អូស​បន្លាយ​រយៈ​ពេល​វែង បណ្តាល​មក​ពី​បាតុភូត អែលនីញ៉ូ បាន​វាយ​ប្រហារ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មាន​ប្រទេស​កសិកម្ម​កម្ពុជា វៀតណាម និង​ថៃ។
កម្មករ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា។

ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​សារ​ការ​ប្រកួត​ប្រជែង​ច្រើន រួម​ជាមួយ​នឹង​ការ​ហូរ​ចូល​អង្ករ​ពី​ប្រទេស​វៀតណាម។ បញ្ហា​ទំាង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​អង្ករ​និង​កសិករ​ខ្មែរ​ដង្ហោយ​ស្វែង​រក​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។

ជា​ការ​រំឭក កាល​ពី​ខែ​កញ្ញា​-តុលា ក្នុង​ឆ្នាំ​២០១៦ ការ​ប្រមួល​ស្រូវ​ស្រាល​ក្រអូប​របស់​ប្រជាកសិករ​ក្នុង​ស្រុក​បាន​ប្រឈម​មុខ​នឹង​តម្លៃ​ស្រូវ​ចុះ​ថោក ដោយ​សារ​តែ​តម្លៃ​ស្រូវ​អង្ករ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ធ្លាក់​ចុះ។ តម្លៃ​ស្រូវ​ក្រអូប​នៅ​តំបន់​ខ្លះ មាន​តម្លៃ​ក្រោម​៧០០​រៀល​ក្នុង​១​គីឡូ។

ភា្លមៗ​នោះ បញ្ហា​បាន​កើត​ឡើង​ក្តៅ​គគុក​ផ្ដើម​ចេញ​ពី​កសិករ​លក់​ស្រូវ​មិន​ចេញ ជាមួយ​នឹង​តម្លៃ​ស្រូវ​មិន​រួច​ថ្លៃ​ដើម ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ចាក់​ស្រូវ បិទ​ផ្លូវ​ទាមទារ​រក​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​កម្ពុជា។

ភ្លាមៗ​នោះ​ដែរ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ធ្វើ​អន្តរាគមន៍​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ដោយ​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្រ្ត​ របស់​ខ្លួន ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ មាន​ទឹក​ប្រាក់​ចំនួន​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់​ទល់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ និង​បាន​ធ្វើ​យុទ្ធនាការ​ទិញ​អង្ករ អំពាវ​ឲ្យ​មាន​ការ​​ទិញ​អង្ករ​ខ្មែរ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

កម្ពុជា​នាំចូល​អង្ករ​​ពី​វៀតណាម​ប្រមាណ​១​លាន​តោន

ក្រៅ​ពី​បញ្ហា​ខាង​លើ​នេះ ក៏​មាន​ដែរ​នូវ​ការ​នាំចូល​អង្ករ​ខុស​ច្បាប់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​យ៉ាង​ធ្ងន់​ធ្ងរ។ អង្ករ​ហូរ​ចូល​ពី​ក្រៅ​ស្រុក​ច្រើន​ក៏​ធ្វើ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក​មូយ​ចំនួន​បាន​ក្ស័យ​ធន ដោយសារ​ខ្វះ​ទុន​បង្វិល និង​មិន​អាច​លក់​អង្ករ​ចេញ​បាន ដោយសារ​តម្លៃ​អង្ករ​នាំចូល​មាន​តម្លៃ​ថោក​ជាង។ តាម​ការ​ប៉ាន​ស្មាន​ដោយ​ក្រុមហ៊ុន​កែ​ច្នៃ​អង្ករ​និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ឲ្យ​ដឹង​ថា អង្ករ​នាំ​ចូល​អង្ករ​មក​ពី​វៀតណាម​មាន​ប្រមាណ​១​លាន​តោន។

អង្ករ​នំា​ចូល​ពី​ប្រទេស​វៀតណាម​ទំាង​អស់​នោះ​មិន​មាន​គុណភាព​ល្អ​និង​មិន​បាន​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​នោះ​ទេ រហូត​ដល់​ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់​វិធាន​ការ ដោយ​បាន​ចេញ​បទ​ប្បញ្ញត្តិ​តឹង​រឹង​មួយ​ចំពោះ​ការ​នាំ​ចូល​អង្ករ​មក​កម្ពុជា។

ថ្លៃ​ដើម​ផលិត​ស្រូវ​អង្ករ​កម្ពុជា​ខ្ពស់ ក៏​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។ ក្រុមហ៊ុន​កែច្នៃ​និង​នាំ​ចេញ​អង្ករ បាន​អះអាង​ថា ថ្លៃ​ដើម​ផលិត​ខ្ពស់​បង្ក​ជា​ការ​លំបាក​ដល់​ការ​ប្រកួត​ប្រជែង​តម្លៃ​អង្ករ​នាំ​ចេញ​ជាមួយ​ប្រទេស​ជិត​ខាង។

បញ្ហា​តម្លៃ​អគ្គិសនី​ធ្វើ​ឲ្យ​វិស័យ​ផលិត​កម្ម​របស់​កម្ពុជា​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ជិត​ខាង។ បច្ចុប្បន្ន តម្លៃ​អគ្គិសនី​ប្រទេស​ថៃ  វៀតណាម បើ​គិត​ជា​ប្រាក់​រៀល តម្លៃ​ក្នុង​រង្វង់​ពី​២៥០​រៀល ទៅ​៣០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ ដោយ​ឡែក តម្លៃ​អគ្គិសនី​កម្ពុជា​មាន​តម្លៃ​ប្រមាណ​៧០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ មាន​ន័យ​ថា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់​ជាង ៤០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់។

បញ្ហា​តម្លៃ​ដឹកជញ្ជូន ក៏​ជា​បញ្ហា​ធំ​ដុំ​មួយ​ដែរ​របស់​កម្ពុជា ពោល​គឺ​តម្លៃ​ដឹក​ជញ្ជូន​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ដែល​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​កម្ពុជា​ឡើង​ថ្លៃ​ពិបាក​ធ្វើការ​ប្រកូត​ប្រជែង។

អ្វី​ត្រូវ​ដោះ​ស្រាយ​និង​ស្វែង​រក​ទីផ្សារ​ក្នុង​ឆ្នាំ​២០១៧?

លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៦ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ធ្វើការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា ​កសិករ ម្ចាស់​ម៉ាស៊ីន​កិន​ស្រូវ អ្នក​នាំ​ចេញ​អង្ករ និង​រដ្ឋាភិបាល ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទំាង​ឡាយ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ លោក​បន្ត​ថា បញ្ហា​ដែល​សហព័ន្ធ​ស្រូវ​អង្ករ កំពុង​ផ្តោត​សំខាន់​គឺ​បញ្ហា​ទីផ្សារ​ ត្រូវ​ស្វែង​រក​ទីផ្សារ​និង​តម្លៃ​សមរម្យ។

ក្នុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ចុះ​កិច្ច​ព្រមព្រៀង​នាំ​ចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន ក្នុង​ការ​នាំ​ចេញ​អង្ករ​ក្នុង​កូតា​២០​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​ចិន​សម្រាប់​ឆ្នាំ​២០១៧ បន្ថែម​ពី​១០​ម៉ឺន​តោន​ដែល​មាន​ស្រាប់។

អឺរ៉ុប​នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញ​អង្ករ​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែល​កម្ពុជា​អាច​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​ចាំបាច់​បង់​ពន្ធ។ ក៏​ប៉ុន្តែ​កម្ពុជា ត្រូវ​​ប្រកួត​ប្រជែង​ជាមួយ​​ប្រទេស​​មីយ៉ានម៉ា ដែល​អឺរ៉ុប​ទើប​តែ​លើក​លែង​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​មីយ៉ាន់ម៉ា នៅ​ឆ្នាំ​២០១៦ និង​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​វៀតណាម នា​ពេល​ខាង​មុខ ខណៈ​ដែល​វៀតណាម​កំពុង​ទាមទារ​ឲ្យ​អឺរ៉ុប​ឈប់​យក​ពន្ធ​នាំចូល​អង្ករ​ពី​វៀតណាម​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ផង​ដែរ។

យោង​តាម​ទិន្នន័យ​ពី​លេខាធិការដ្ឋាន​សម្រាប់​បំពេញ​បែប​បទ​ការ​នាំ​ចេញ​អង្ករ នៅ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​ពេញ គឺ​១១​ខែ ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ សម្រេច​បាន​ប្រមាណ ជិត​៤៨​ម៉ឺន​តោន កើន​ឡើង​៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ក្នុង​ឆ្នាំ​២០១៥៕

អត្ថបទ​ដោយ សាយ សមិទ្ធិ។ សាយ សមិទ្ធិ ជា​ការីនិពន្ធ​ផ្នែក​ដំណឹង​សេដ្ឋកិច្ច​របស់ Cambonomist.com។ លោក​អ្នក​អាច​ទាក់ទង​ម្ចាស់​អត្ថបទ​នេះ តាមរយៈ​អ៊ីម៉េល៖ [email protected]




អត្ថបទបន្ទាប់


ពិនិត្យ​ឡើង​វិញ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦

ព័ត៌មាន
ឆ្នាំ​២០១៦ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ការ​កើន​ឡើង​តិច​តួច មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ រ...

មួយឆ្នាំៗ កម្ពុជា​នាំចូល​បន្លែ​ជាង​២០០​លាន​ដុល្លារ ខណៈ​​កសិករ​​ក្នុង​​ស្រុក​​ថ្ងូរ​​រឿង​​អត់​​ទីផ្សារ

ព័ត៌មាន
កម្ពុជា​គឺ​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ នាំចូល​បន្លែ​ពី​ក្រៅ​ប្រទេស​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ ៤០០​តោន ស្មើ​នឹង​ជាង ១៤​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ