ការផ្ដល់ប្រាក់កម្ចី​ពីស្ថាប័នហិរញ្ញវត្ថុ

អ្នកជំនាញ៖សាជីវកម្មធានាឥណទាន នឹងអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុ អាចពង្រីកការផ្ដល់ប្រាក់កម្ចី​បានកាន់តែច្រើន!


អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា គំនិតផ្ដួចផ្ដើមបង្កើតឲ្យមានសាជីវកម្មធានាឥណទាននៅកម្ពុជា ឬហៅថា Credit Guarantee ជាជំហានវិជ្ជមានមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់ដោយសារតែកូវីដ-១៩។ បើតាមអ្នកជំនាញ សាជីវកម្មធានាឥណទាន នឹងអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុនឹងមានលទ្ធភាពច្រើនជាងមុនក្នុងការផ្ដល់កម្ចីដល់ពលរដ្ឋដែលត្រូវការសាច់ប្រាក់ ពិសេសអ្នកប្រកបអាជីវកម្មតូចតាច ហើយវាក៏ជាផ្នែកមួយរក្សានូវនិរន្តរភាពការផ្ដល់ឥណទាននៅកម្ពុជាផងដែរ។
អ្នកជំនាញ៖សាជីវកម្មធានាឥណទាន នឹងអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុ អាចពង្រីកការផ្ដល់ឥណទានបានកាន់តែច្រើន
ដោយ

ថ្មីៗនេះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​និងកំពុង​រៀបចំ ឯកសារទស្សនាទាន សម្រាប់ការ​បង្កើត​សាជីវកម្ម​ធានាឥណទាន​នៅកម្ពុជា ដែលភាសាអង់គ្លេសហៅថា Credit Guarantee ដែលវា​គឺជា​យន្ដការ​ឆ្លើយតប​បន្ទាន់មួយ​របស់​រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រង​ផលប៉ះពាល់​លើវិស័យ​សំខាន់ៗ​នៃសេដ្ឋកិច្ច ក្នុងដំណាក់កាល​នៃវិបត្តិជំងឺ​កូវីដ-១៩ ក៏ដូចជា​ការ​ស្ដារ​ និងជំរុញ​សេដ្ឋកិច្ច​ក្រោយ​ពីវិបត្តិ

លោក ផល​ វ៉ានឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា វាគឺជាជំហានមួយ​ល្អ​សម្រាប់ប្រទេស​កម្ពុជា​ក្នុងការបង្កើត​ឲ្យមាន​យន្ដការ សាជីវកម្មធានា​ឥណទាននេះឡើង ដែលវា​ស្របទៅតាម​បរិបទ​ចាំបាច់​នា​អំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ។ លោក បន្ថែមថា សាជីវកម្ម​ធានា​ឥណទាន នឹងជួយគាំពារ​ដល់​ប្រាក់កម្ចី​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ផ្ដល់ទៅឲ្យ​អតិថិជន ដូច្នេះ វា​នឹងអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ផ្ដល់ឥណទាន​បន្ថែម កាន់តែច្រើន និងទូលំទូលាយថែមទៀត​ទៅដល់​ពលរដ្ឋ​ដែលត្រូវការ​ប្រាក់កម្ចី។ 

លោក ផល វ៉ាន់ឌី ពន្យល់បន្ថែមថា សាជីវកម្ម​ធានាឥណទាននេះ នឹងជួយ​ឲ្យគ្រឹះស្ថាន​អាច​មានលទ្ធភាព​ច្រើនជាងមុន​ក្នុងការ​ផ្ដល់កម្ចី​ទៅកាន់​ពលរដ្ឋ​ពិសេស​អ្នក​ដែលប្រកបអាជីវកម្ម​ខ្នាតតូចៗ ដោយកន្លងមក អាជីវកម្ម​របស់​ពួកគាត់ខ្លះ​មានហានិភ័យខ្ពស់ ឬពួកគាត់ មិនមានលក្ខខណ្ឌ​គ្រប់គ្រាន់​តាមការតម្រូវ​ពីគ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ដើម្បីអាច​ទទួល​បាន​ប្រាក់​កម្ចីនោះទេ ប៉ុន្ដែ នៅពេល​មាន​សាជីវកម្ម​​ធានា​ឥណទាននេះ មានន័យថា គ្រឹះស្ថានហិរញ្ញវត្ថុ​អាចនឹង​មានលទ្ធភាព​ច្រើនជាង​មុន​ក្នុងការ​ផ្ដល់ប្រាក់កម្ចី​ជូន​ដល់ពលរដ្ឋ​ដែលលំបាក​នឹងទទួលបាន​ឥណទាន​ទាំងនោះ។ បន្ថែមពីនេះ លោក ផល វ៉ាន់ឌី បញ្ជាក់ថា សាជីវកម្ម​ធានាឥណទាន ក៏ជាយន្ដការមួយ ជួយ​រក្សានូវនិរន្តរភាព សម្រាប់​ការផ្ដល់ឥណទាន​នៅកម្ពុជា ក៏ដូចជា​ការលូតលាស់​នៃវិស័យ​ធនាគារ និងហិរញ្ញវត្ថុ​ នៅអំឡុង​ពេល​វិបត្តិ​កូវីដ-១៩នេះ ក៏ដូចជា​ការស្ដារ និងជំរុញសេដ្ឋកិច្ច​ងើបឡើងវិញផងដែរ។

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​អះអាងដែរថា សាជីវកម្មធានាឥណទានកម្ពុជា ឬហៅថា Credit Guarantee នេះ នឹងមានតួនាទី ផ្ដល់សេវា​ធានាឥណទាន​ដល់​ក្រុមហ៊ុន​អាជីវកម្ម ធុរកិច្ច​ នៅក្នុង​វិស័យ​អាទិភាព ដែលទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពីវិបត្តិកូវីដ-១៩ ដើម្បីបង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​ជាទុន​បង្វិល​របស់​ក្រុមហ៊ុន​ទាំងនោះ សំដៅ​ធានា​និរន្តរភាព​ និងសម្រប​ទៅតាម​បរិបទ​ថ្មី នៃធុរកិច្ច​បន្ទាប់ពី វិបត្តិ​ជំងឺ​កូវីដ-១៩។

នាយក​ប្រតិបត្តិសមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា គូសបញ្ជាក់ទៀតថា ចំពោះ​ការផ្ដល់ឥណទាន​របស់​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​នៅក្នុង​ឆមាសទី១ នៅឆ្នាំ ២០២០នេះ ហាក់មាន​ការធ្លាក់ចុះបន្តិច ប៉ុន្ដែ លោកជឿជាក់ថា សម្រាប់​ឆមាសទី២ នៅឆ្នាំនេះ តម្រូវការឥណទាន នឹង​មានការងើប​ឡើងប្រសើរ​ឡើងវិញ ដោយសារតែ​រាជរដ្ឋាភិបាល​បានបន្ធូរបន្ថយ​ការរឹតបន្ដឹង​ជាបណ្ដើរៗ​តាមរយៈ​ការអនុញ្ញាត​ឲ្យអាជីវកម្ម​មួយចំនួន​បើកដំណើរការឡើងវិញ។ 

គួរបញ្ជាក់ដែរថា តាមរបាយការណ៍ ពីធនាគារជាតិ​នៃកម្ពុជា នៅឆមាសទី ១ នៅឆ្នាំ២០២០នេះ ស្ថានភាព​ប្រព័ន្ធ​ធនាគារ​នៅកម្ពុជា នៅតែរក្សាបាននូវ​កំណើន​វិជ្ជមាន​ដោយក្នុងនោះ ឥណទានអតិថិជន​កើនឡើង​ជិត ២០% ដែលមាន​ទំហំទឹក​ប្រាក់ជាង ៣៤ពាន់លានដុល្លារ ខណៈដែលប្រាក់​បញ្ញើអតិថិជន​វិញ​បានកើន​ឡើងជាង ១២% ដែលមានទំហំ​ទឹកប្រាក់ ៣០.៥០០ លាន​ដុល្លារអាមេរិក។ ជាមួយគ្នានេះ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ទទួលបាន​គណនីឥណទានអតិថិជន កើនដល់ ៣,២​លានគណនី កើនឡើង ១៣% ខណៈដែល​គណនី​អ្នកដាក់​ប្រាក់​បញ្ញើ​មាន​ដល់ ៨,២លាន​​គណនី កើន ២០%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនថ្មីមួយ​មកពីវិស័យថាមពល ត្រៀមចូលប្រមូលទុនពីផ្សារមូលបត្រកម្ពុជាជិត ៣លានដុល្លារ

ព័ត៌មាន
Pestech Cambodia នឹងក្លាយជាក្រុមហ៊ុនថ្មីមួយទៀត និងជាក្រុមហ៊ុនដំបូងគេក្នុងវិស័យថាមពលអគ្គិសនី ដែលចូលបោះផ្សាយលក់មូលបត្ររបស់ខ្លួននៅក្នុងផ្ស…

៦ខែ នៃវិបត្តិកូវីដ-១៩ ចិនបង្កើតការងារបាន៥,៦ លានកន្លែង

ព័ត៌មាន
នៅ៦ខែដំបូងនៃឆ្នាំ២០២០នេះ ពេលពេលវេលាដែលបានកើតមានបញ្ហាច្រើនព្រោះតែវិបតិ្តកូវីដ-១៩ ក៏ដោយចុះ ប៉ុន្ដែប្រទេសចិន នៅតែអាចបង្កើតការងារក្នុងទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ