តំបន់ចង្កោម SME

តំបន់អភិវឌ្ឍន៍ ចង្កោមសហគ្រាសធុនតូច និងមធ្យម នឹងជួយជំរុញវិស័យផលិតកម្ពុជាកាន់តែខ្លាំងក្លា


តំបន់ចង្កោមសហគ្រាស ធុនតូច និងមធ្យម (SME Cluster) ត្រូវបានវិស័យរដ្ឋ និងឯកជន អះអាងថា នឹងជួយកាត់បន្ថយថ្លៃដើមផលិតបានកាន់តែប្រសើរ និងការផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត សម្រាប់សហគ្រាស ខណៈដែលកត្តាថ្លៃដើមផលិតនេះ កំពុងចោទជាបញ្ហាធំមួយសម្រាប់វិស័យSME នៅកម្ពុជា។
រោងចក្រ​ផលិត​នំ​ស្រួយ​ លីលី
ដោយ

ការ​បង្កើត​នូវតំបន់​អភិវឌ្ឍន៍ ចង្កោម​សហគ្រាស​ធុនតូច និងមធ្យម គឺ​ជា​​គំនិត​​ផ្ដួចផ្ដើម​​ថ្មីមួយ របស់​ក្រុមហ៊ុន​ World Bridge Group របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ដើម្បីជំរុញ​វិស័យ​ផលិត​ក្នុងស្រុក​ឲ្យមាន​ស្ទុះ​កាន់​តែ​ខ្លាំងក្លា។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន World Bridge Group បានលើក​ឡើង​ថា តំបន់​ចង្កោម​សហគ្រាស​ធុនតូច និងមធ្យម ឬហៅថា SME Cluster បច្ចុប្បន្ន​ត្រូវបាន​និង​កំពុង​អភិវឌ្ឍ​ ដែលគ្រោង​នឹង​ដាក់ឲ្យ​​ដំណើរ​ការ​នាពេល​ឆាប់ៗ​ខាង​មុខនេះ ហើយវា​ក៏ជា​តំបន់ចង្កោម​ SME ដំបូង​​គេមួយនៅ​កម្ពុជា​ផងដែរ។ គម្រោង​អភិវឌ្ឍន៍​តំបន់ SME Cluster នេះ ត្រូវបាន​ដឹងថា មានគាំទ្រ​​ពីក្រសួង​​ឧស្សាហកម្ម និងសិប្បកម្ម និង​សហការ​ជាមួយ​នឹង​អង្គការ UNDP និង UNIDO។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ សមាគម​សហគ្រាស​ធុនតូច និងមធ្យម កម្ពុជា បានលើកឡើង​ថា លោក គាំទ្រយ៉ាងពេញ​ទំហឹង​ក្នុងការ​បង្កើត​ឡើង​នូវតំបន់​​អភិវឌ្ឍន៍​ចង្កោម​សហគ្រាស​ធុនតូច និងមធ្យមនេះ ព្រោះ​​វានឹង​ផ្ដល់​នូវអត្ថ​ប្រយោជន៍​ជាច្រើន សម្រាប់​សហគ្រាស​ផលិត សំដៅ​ដល់ការ​កាត់បន្ថយ​ថ្លៃដើម និងបង្កើន​ភាពប្រកួត​ប្រជែង​នៅលើទី​ផ្សារ​ផងដែរ។ 

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន World Bridge Group

លោក​ឧកញ៉ា តែ តាំងប៉ លើកឡើង​យ៉ាង​ដូច្នេះថា «ក្នុងនាម ខ្ញុំជា​តំណាង​​សហគ្រា​ស​​ធុនតូច និងមធ្យម ​ខ្ញុំគាំទ្រ ចំពោះ​ការបង្កើត​ឲ្យ​មាន SME Cluster នេះ ព្រោះ​កាលណា​​ចូល​ទៅក្នុង SME Cluster ហ្នឹង សូម្បី​តែបញ្ហា​ដឹកជញ្ជូន បញ្ហា​ហិរញ្ញវត្ថុ បញ្ហាភ្លើង បច្ចេក​ទេសខាង​ឧស្សាហកម្ម​ទៅត្រួត​ពិនិត្យអី គឺងាយ​ស្រួល​។ ព្រោះសព្វថ្ងៃ ការផលិត​​ភាគច្រើន​ធ្វើនៅតាម​ផ្ទះ ដូច្នេះ វាអត់​រីកចម្រើន​ទេ។​»

ជាមួយគ្នា​នេះដែរ ឯកឧត្តម គឹម ទូច រដ្ឋ​លេខាធិការ​​ក្រសួង​​ឧស្សាហកម្ម និងសិប្បកម្ម​​បាន​លើកឡើង​ដែរថា ការបង្កើត​នូវ តំបន់​អភិវឌ្ឍន៍ SME Cluster នេះ គឺជាការ​រួមចំណែក​មួយ ដើម្បី​ជំរុញ​វិស័យ​ផលិតរបស់​សហគ្រាស​ធុនតូច និងមធ្យម​ ខណៈដែល​វិស័យនេះ កំពុង​ត្រូវបាន​រាជរដ្ឋាភិបាល​​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​យ៉ាងខ្លាំង។ ទោះយ៉ាងណា ឯកឧត្តម គឹម ទូច បានគូស​បញ្ជាក់​ដែរថា វិស័យ SME ទាមទារ​ឲ្យមាន​ការ​លើកទឹកចិត្ត​​បន្ថែម​ទៀតពីរដ្ឋ ហើយវា​​ចាំបាច់​​ត្រូវមាន​​ការចូល​​រួមពីគ្រប់​ភាគីពាក់​ព័ន្ធទាំងអស់ ទាំង​វិស័យរដ្ឋ និងឯកជន។ 

សូមជម្រាបថា បើតាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន World Bridge Group ធ្លាប់​បានឲ្យ​ដឹងថា តំបន់​​ចង្កោម SMEនេះ គឺមាន​លក្ខណៈ​ខុសពី តំបន់​សេដ្ឋកិច្ចពិសេស ដោយ​សារតែ វាមានទំហំ​តូច​ជាង ពោលគឺ​មាន​ផ្ទៃដី ប្រមាណពី ៣​ ទៅ៥​ហិកតា​ប៉ុណ្ណោះ ហើយនៅ​ជំហាន​ដំបូងនេះ តំបន់​ចង្កោម SME ដំបូង​គេនៅ​កម្ពុជា នឹងត្រូវ​បង្កើត​ឡើង​នៅ​ទីក្រុង​តាខ្មៅ ខណៈដំណាក់​កាល​បន្ទាប់ អាចនឹង​បង្កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ។

តាមប្រសាសន៍​របស់ ឯកឧត្តម គឹម ទូច គិតមកទល់​បច្ចុប្បន្ន​រោងចក្រ សហគ្រាស​ខ្នាត​ធំ ដែលបាន​ចុះបញ្ជី​ផ្លូវការ​​មានជាង ២ ពាន់​មូលដ្ឋាន ខណៈដែល​សហគ្រាស​ធុនតូច និងមធ្យម​វិញ មានជាង​ ៥០ម៉ឺនមូលដ្ឋាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​រំពឹង​នាំ​ចេញ​ចេក​អំបូង​លឿង​ទៅ​ចិន ប្រមាណ​៣ម៉ឺន​តោន​ក្នុង​ឆ្នាំ​ដំបូង ២០១៩​ខាង​មុខ​នេះ

ព័ត៌មាន
កម្ពុជាគ្រោងនឹងធ្វើការនាំចេញចេកអំបូងលឿងជាលើកដំបូងបង្អស់របស់ខ្លួន ចំនួនប្រមាណ ៣ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារធំសម្រាប់ប្រទេ…

វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញធនាគារ និងហិរញ្ញវត្ថុ តម្លៃ ៤០លានដុល្លារថ្មីមួយ ត្រៀមបើកទទួលសិស្សចូលរៀន ៧ពាន់នាក់ក្នុងមួយឆ្នាំ

ព័ត៌មាន
ក្រោយពីចំណាយពេលសាងសង់អស់រយៈពេលជាង ២ឆ្នាំរួចមក វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលចំណាយទុនវិនិយោគសរុបជិត ៤០លានដុល្លារអាមេរិក បានសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ