វិស័យកាត់ដេរ

ក្រសួងការងារ៖ នៅខែមីនា នឹងមានការបិទរោងចក្រកាត់ដេរមួយចំនួន តែមិនមែនដោយសារតែបញ្ហា EBA ទេ


នៅមុនប៉ន្មានថ្ងៃ នៃការប្រកាសសេចក្ដីសម្រេចចុងក្រោយពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុបនោះ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈកម្ពុជា បានចេញមុខលើកឡើងថា នៅក្នុងខែមីនា ខាងមុខនេះ នឹងមានរោងចក្រកាត់ដេរមយយចំនួន នឹងត្រូវបិទទ្វារ ឬព្យួការងារកម្មករនយោជិត ដោយសារតែបញ្ហាខ្វះវត្ថុធាតុដើម សម្រាប់ការផលិត ព្រោះតែឥទ្ធិពលនៃវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតខ្លាំងនៅប្រទេសចិន ប៉ុន្ដែ វាមិនមែនដោយសារតែបញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ពុធ​ទី ១២ កុម្ភៈ​នេះ សហភាព​អឺរ៉ុប នឹង​ប្រកាស​ពី​កាស​ម្រេច​ចុង​ក្រោយ​ថា ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ពី​ប្រទេស​កម្ពុជា​។ 

តាម​រយៈ​សារ​សំឡេង​ជាង ៣​នាទី ដែល​ត្រូវ​បាន​គេ​ចែករំលែក​ត​គ្នា ដែល​គេ​ស្គាល់​ថា ជា​សារ​សំឡេង​របស់​លោក ហេង សួរ មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​រៈ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែមីនា ខាង​មុខ​នេះ នឹង​មានការ​បិទ​រោងចក្រ​កាត់ដេរ ឬ​មានការ​ព្យួរ​កា​ងារ​កម្មករ​មួយ​ចំនួន ប៉ុន្ដែ លោក​បញ្ជាក់​ថា ការ​បិទ​រោងចក្រ ឬ​ព្យួរការងារ​នេះ គឺ​ដោយសារ​តែ រោងចក្រ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះខាត​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត ដ្បិតថា តាំងពី​ថ្ងៃ​បុណ្យ​ឆ្នាំ​ចិន​រួច និង​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ប្រទេស​ចិន​បាន​បិទ​ការ​នាំ​ចេញ​ផលិតផល​ទាំងនេះ ដែល​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​សម្លៀក​បំពាក់​នៅ​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

លោក ហេង សួរ បាន​និយាយ​ថា «​នៅ​ក្នុង​ខែមីនា​ខាង​មុខ​នេះ អាច​មានការ​បិទ​រោងចក្រ​មួយ​ចំនួន ឬ​ក៏​ព្យួរការងារ​ន​យោ​ជិត​មួយ​ចំនួន​ថា​មក​ពី​រឿង EBA អីហ្នុង តាម​ការ​ពិត​មិនមែន​ទេ​! ហើយ​ចំពោះ​មុខ​អ្វី​ដែល​ជា​ការ​ជាក់ស្ដែង គឺថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏​ដូច​ជា​រោងចក្រ​នៅ​ប្រទេស​ផ្សេង​ទៀត ដែល​ពឹង​លើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ គឺ​ត្រូវការ​ពេល​ប្រហែលជា​ខ្ទង់ ៤០​ថ្ងៃ សម្រាប់​ការ​ទទួល​បាន​នូវ​ត្ថុ​ធាតុ​ដើម ពី​ប្រទេស​ចិន ដើម្បី​យក​មក​ធ្វើ​ជា​ធាតុ​ចូល​សម្រាប់​ផលិតកម្ម​របស់​ខ្លួន​។​»

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​ផលិតកម្ម​កាត់ដេរ​របស់​កម្ពុជា គឺ​ភាគច្រើន​យក​វត្ថុធាតុដើម​ក្រណាត់​ពី​ប្រទេស​ចិន ហើយ​នៅ​ខែធ្នូ​ឆ្នាំ​២០១៩ និង​ខែមករា​ឆ្នាំ​២០២០​នេះ គឺ​មានការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម​ពី​ចិន​មក​ច្រើន មុន​ពេល​ចូល​ឆ្នាំ​ចិន​។ ប៉ុន្ដែ នៅ​ក្រោយ​ចូល​ឆ្នាំ​ចិន​នេះ រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បិទ​ទាំងស្រុង ហើយ​បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នា​ពេល​ថ្មី​ៗ​នេះ រោងចក្រ​នៅ​ចិន​គឺ​មិន​ទាន់​បើក​ដំណើរការ​នៅឡើយ​ទេ​។ ដូច្នេះ​ហើយ ផ្អែក​លើ​កត្តា​ទាំងនេះ ក្រសួង​ការងារ បាន​ចាត់​ទុក​ថា នឹង​ធ្វើ​ឲ្យ​មានការ​បិទ​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​ព្យួរការងារ​កម្មករ​ន​យោ​ជិត​ផង​ដែរ​។ 

បច្ចុប្បន្ន​នេះ រោងចក្រ​កាត់ដេរ​មាន​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត នៅ​ត្រឹម​ចុងខែ​កុម្ភៈ​នេះ​ប៉ុណ្ណោះ​។

លោក ហេង សួរ បាន​បញ្ជាក់​បន្ថែម​ថា មាន​រោងចក្រ​មួយ​ចំនួន​បាន​ធ្វើការ​ទំនាក់ទំនង​ដើម្បី​ក​ម្ម៉​ង់​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត​ពី​ដៃគូ​របស់​ខ្លួន​នៅ​ប្រទេស​ចិន​ដែរ ប៉ុន្ដែ ដៃគូ​ផ្គត់ផ្គង់​ទាំងនោះ មិន​ទាន់​ឆ្លើយ​តប​ថា នឹង​អាច​ដឹក​ជញ្ជូន​មក​កម្ពុជា​នៅ​ពេល​ណា​នៅឡើយ​ទេ​។

បើ​តាម ការ​គូសបញ្ជាក់​របស់​លោក ហេង សួរ ការ​លើក​ឡើង​ពី​ការ​បិទ​រោងចក្រ​នៅ​ខាងក្រោយ​នេះ គឺ​ដើម្បី ជា​ការ​ផ្សព្វ​ផ្សាយដំណឹង​ជា​មុន ដើម្បី​កុំ​ឲ្យ​សាធារណជន មានការ​យល់​ខុស​ថា ការ​បិទ​នេះ គឺ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពិសេស គឺ​ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​គណៈបក្សប្រឆាំង ដែល​តែងតែ​លើកយក​បញ្ហា EBA នេះ មក​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​។

លោក ហេង សួរ និយាយ​យ៉ាង​ដូច្នេះ «​ករណី​បើ​មានការ​បិទ ឬ​ការ​ព្យួរ​រោងចក្រ​នៅ​ក្នុង​ខែ ៣ ឬ​ខែ​៤​ខាង​មុខ​នេះ ដូច្នេះ​អ្វី​ដែល​បិទ ឬ​ក៏​ព្យួរ​នេះ វា​មិនមែន​មក​ពី​ឥទ្ធិពល EBA ឬ​មួយ​ឥទ្ធិពល​ស្អី​ទេ គឺ​ឥទ្ធិពល​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ហ្នឹង​តែ​ម្ដង​»​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​អះអាង​ថា តាម​ព័ត៌មាន​ក្រៅផ្លូវការ ឲ្យ​ដឹង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​សភាព​អឺរ៉ុប​នេះ គឺ​អាច​នឹង​ធ្វើ​ឡើង​លើ​ចំណែក​មួយ​ចំនួន​ប៉ុណ្ណោះ មិនមែន​ដក​ទាំងស្រុង​នោះ​ទេ​។ ពោល​គឺ អាច​ប៉ះពាល់​ដល់​ទឹកប្រាក់​នាំ​ចេញ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់​ប្រមាណ ២០% និង​ស្បែកជើង​ប្រមាណ​៣០%​។ បើ​តាម​ការ​គណនា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បើសិនជា​ការ​ដក​ក្នុង​ចំនួន​ប៉ុណ្ណេះ​មែន នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ប្រមាណ​ជា ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក និង​ប៉ះពាល់​ការងារ​កម្មករ​ប្រមាណ ៣​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០១៩ សម្រេចបានជិត១០ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេន ឆ្នាំ២០២០ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នាមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម ជុរិន ឡាក់សាណាវិស…

ឥទ្ធិពលកូរ៉ូណាវីរុស៖ វៀតណាមអាចនឹងបាត់ចំណូលជិត ៨ពាន់លានដុល្លារពីវិស័យទេសចរណ៍

ព័ត៌មាន
ការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន និងបន្ដរីករាលដាលនៅប្រទេសជាច្រើននៅទូទាំងពិភពលោកនោះ ត្រូវបានគេមើលឃើញថា អាចជះឥទ្ធពលអវិជ្ជមានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ