ការដំឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ

កម្ពុជាឈរលំដាប់កំពូលទី ៤ ទូទាំងពិភពលោក ជាប្រទេសមានអត្រាដំឡើងប្រាក់បៀវត្សរ៍ខ្ពស់បំផុត នៅឆ្នាំ២០២០


ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់កំពូលទី៤ ក្នុងចំណោមប្រទេសកំពូលចំនួន ១០ ទូទាំងពិភពលោក ដែលត្រូវបានគេព្យាករថា មានអត្រានៃការដំឡើងប្រាក់បៀវត្សរ៍ពិតប្រាកដ (Real Salary Increase) ខ្ពស់បំផុត រហូតដល់ទៅ ៤,២% នៅឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័នស្រាវជ្រាវអន្តរជាតិមួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ

របាយការណ៍ប្រចាំឆ្នាំមួយ ដែលមានឈ្មោះថា និន្នាការប្រាក់បៀវត្សរ៍ (Salary Trends Report) របស់​ស្ថាប័នទិន្នន័យ និងស្រាវជ្រាវសកល ECA International ដែលមានមូលដ្ឋាន​នៅ​ចក្រភពអង់គ្លេស បាន​ឲ្យដឹងថា កម្រិតនៃការ​ដំឡើងប្រាក់បៀវត្សរ៍​សម្រាប់​នយោជិត នៅកម្ពុជា ដែលត្រូវបាន​ព្យាករថា​មាន​៤,២% នៅឆ្នាំ២០២០ ខាងមុខនេះ គឺបាន​ការកើនឡើង​ប្រមាណ ០,៥% ធៀបនឹង​ឆ្នាំ២០១៩  

ប្រទេស​ចំនួន ៣ ដែលបានឈរជួរមុខ​កម្ពុជា​នោះ រួមមាន ប្រទេសឥណ្ឌា គឺឈរ​លំដាប់​ទី១ ដែលត្រូវបានព្យាករថា នឹងមាន​កម្រិតនៃ​ការតម្លៃប្រាក់បៀវត្សរ៍​ ៥,៤% នៅឆ្នាំ២០២០ ខណៈដែលវៀតណាម​ឈរលេខ២ មាន ៥,១% និងឥណ្ឌូនេស៊ី ឈរលេខ៣ មាន​ ៤,៦%។
ដោយឡែក​ប្រទេសថៃ គឺតាម​ពីក្រោយ​កម្ពុជា ដោយថៃបានឈរ​នៅ​លំដាប់កំពូលទី៥ ត្រូវបានព្យាករថា នឹងមាន​ការតម្លៃប្រាក់​បៀវត្សរ៍​៤,១%។ រីឯ ប្រទេសបង់ក្លាដេស គឺឈរ​នៅលំដាប់ ១០ ដែលមាន​៣,៤%។ 

របាយការណ៍​របស់ ECA International ដែលបាន​ចេញផ្សាយថ្មីៗនេះ គឺផ្អែកទៅលើ​ការប្រមូល​ទិន្នន័យ អំឡុងខែ​សីហា និងខែ​កញ្ញា ពី​ក្រុមហ៊ុន​ចំនួន​៣០៧ ក្រុមហ៊ុន ដែលមកពី​វិស័យ​ធំៗ នៃប្រទេស​និងតំបន់ចំនួន ៦៨ ជុំវិញពិភពលោក។

គួរបញ្ជាក់ដែរថា នាពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​សម្រេចថា នឹងដំឡើង​ប្រាក់ឈ្នួល​អប្បរមា ដល់​កម្មករនិយោជិត ដោយចាប់ពីថ្ងៃទី០១ មករា​ឆ្នាំ២០២០ តទៅ ដោយ​កម្មករនិយោជិត​នឹងទទួលបាន​ប្រាក់ឈ្នួល​អប្បរមា​ចំនួន ១៩០ ដុល្លារអាមេរិក។ ការដំឡើងប្រាក់ឈ្នួលនេះ ត្រូវបាន​គេមើលឃើញថា កើតឡើង​ចំពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​អំពី​ការព្រមាន​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ​ EBA ដោយ​សហភាពអឺរ៉ុប។ ការប្រកាសចុងក្រោយ​របស់​សហភាពអឺរ៉ុប​អំពី​ការដក ឬមិនដក​ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ត្រូវបានគេដឹងថា នឹងត្រូវធ្វើឡើង​នៅក្រោយមួយខែ​នៃ​ ថ្ងៃទទួលបាន​ប្រាក់ឈ្នួល​អប្បរមាដំឡើង​ថ្មី​របស់កម្មករ។ 

របាយការណ៍ របស់ស្ថាប័នទិន្នន័យ និងស្រាវជ្រាវសកល ECA International ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស

ក្រឡេកទៅមើល សូចនាករម៉ាក្រូសេដ្ឋកិច្ច​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ជាមួយនឹង​កំណើនរឹងមាំក្នុងឆ្នាំ ២០១៩ នេះ ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្ន​ត្រូវបាន​ប៉ាន់ស្មានថា នឹងកើន​ឡើងដល់ ១០៨.២៩៨ ប៊ីលានរៀល ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្ស​ម្នាក់​អាចនឹងកើន​ឡើងដល់ ១.៦៧៤ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជា​រក្សាបាន​នូវអតិផរណា ដែលស្ថិត​ក្នុងកម្រិត​ទាប​អាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យម​ប្រចាំឆ្នាំ​ប្រមាណជា ២,៣% ក្នុងឆ្នាំ ២០១៩ ដែលថមថយពី ២,៥% ក្នុងឆ្នាំ ២០១៨ ដោយសារការធ្លាក់ចុះ​នៃថ្លៃដឹកជញ្ជូន ស្របនឹងការធ្លាក់ចុះ​ថ្លៃប្រេងលើ​ទីផ្សារអន្តរជាតិ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ព្យាករទៀតថា នៅឆ្នាំ២០២០ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់កម្ពុជា នឹងថយចុះ​មកនៅ​ត្រឹម ៦,៩% ។ រីឯអត្រា​អតិផរណាវិញ មាន ២,៩%។ ផលិតផល​ក្នុងស្រុក​សម្រាប់មនុស្ស​ម្នាក់​​នឹងកើនឡើង​ដល់ ១.៨១៦ ដុល្លារអាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


"សម្បទាន​នយោបាយ​ប្រហែល​មិន​គ្រប់គ្រាន់​ទេ ក្នុងការ​រារាំង​​សហភាព​អឺរ៉ុប​មិន​ឲ្យ​ដក EBA ពី​កម្ពុជា"

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​ នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែ​វិច្ឆិកា​នេះ ថ…

កម្ពុជា​អាង​ចំណូល​ពន្ធដារ គយ និង ប្រេង ដោយ​មិន​ខ្លាច​បាត់បង់ EBA មែន​ឬ?

ព័ត៌មាន
ជា​ថ្មី​ម្តង​ទៀត កម្ពុជា​អាច​នឹង​ទាញ​យក​តំណក់​ប្រេង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​ចំណូល​ថ្មី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ