ទំហំ​ពាណិជ្ជកម្ម​កម្ពុជា

កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាង ២៦​ពាន់​លាន​ដុល្លារ នៅ​៩​ខែ​ឆ្នាំ​២០១៩


គិតត្រឹម​៩​ខែ នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ប្រមាណ ២៦,២​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ កម្ពុជា​​នាំចេញ​បាន​ប្រមាណ ១១,២​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​មក​វិញ ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ ៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា
ដោយ

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​កាន់​គោលដៅ​សំខាន់ៗ​ដូចជា សហរដ្ឋ​អាមេរិក មាន ២៩%, សហភាព​អឺរ៉ុប ២៤%, ជប៉ុន ៨%, ចិន ៧%, អង់គ្លេស ៧%, កាណាដា ៦%, ថៃ ៤%, វៀតណាម ២% ហើយមុខ​ទំនិញ​ចម្បងៗ រួមមាន សម្លៀក​បំពាក់កាត់ដែរ ស្បែក​ជើង ទំនិញ​ធ្វើ​ដំណើរ កង់ អង្ករ បរិក្ខារ​អគ្គិសនី កៅស៊ូ និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត។

ជាមួយគ្នា​នេះ មុខ​ទំនិញ​នាំចូល​សំខាន់ៗ មាន​ដូចជា វត្ថុធាតុ​ដើម​សម្រាប់​វិស័យ​វាយនភណ្ឌ យានយន្ត ប្រេង​ឥន្ធនៈ បរិក្ខារ​សំណង់ ម្ហូប​អាហារ​និង​ភេសជ្ជៈ និង​ជី​កសិកម្ម​ជាដើម។ 

បើនិយាយ​ពី​ប្រទេស​ដែល​នាំចូល​ទំនិញ​មក​កាន់​កម្ពុជា​វិញ ឃើញ​ថា ប្រទេស​ចិន​នៅ​តែ​ឈរ​ក្នុង​លំដាប់​ឈាន​មុខ​គេ​​ដដែល ដោយ​មាន​ចំណែក ៣៩%, ប្រទេស​ថៃ ១៥%, វៀតណាម ១៣%, ជប៉ុន ៥%, កូរ៉េ​ខាង​ត្បូង ៣%, ឥណ្ឌូណេស៊ី ៣%, ហុងកុង ៣%, សិង្ហបុរី ២%, ម៉ាឡេស៊ី ២%, សហរដ្ឋអាមេរិក ២%, និង​ដាណឺម៉ាក ១%។

គួរ​បញ្ជាក់​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​បរទេស កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ប្រមាណ ៣០,១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាលពី​ឆ្នាំ​២០១៧ មាន ២៥,៥​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​របាយការណ៍ ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ។ 

បន្ថែមពី​នេះ នា​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ ការនាំ​ចេញ​របស់​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក៏​កំពុងតែ​ស្ថិត​ក្នុង​ការ​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់​ទាក់ទងនឹង​ការ​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដោយ​សហភាព​អឺរ៉ុប។ 

ទាក់ទិននឹង​ការ​វិវឌ្ឍ​ថ្មី​ចុង​ក្រោយ​នៃ​ភាព​មិន​ច្បាស់​លាស់ នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នេះ​ដែរ គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​ទី១២ វិច្ឆិកា ២០១៩ បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា នូវ​របាយការណ៍​រកឃើញ​បឋម​នៃ​ការស៊ើប​អង្កេត​របស់​ខ្លួន អំពី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA សម្រាប់​កម្ពុជា និង​ទុក​ពេល​ឲ្យ​កម្ពុជា ០១ខែ ដើម្បី​ឆ្លើយតប មុន​ការ​សម្រេច​ថា ដកហូត EBA ពី​កម្ពុជា ឬ​មិន​ដក នឹង​ត្រូវ​ធ្វើ​ឡើង នៅខែ​កុម្ភៈ ឆ្នាំ​២០២០។

យ៉ាងណាក៏​ដោយចុះ មន្ត្រី​នាំពាក្យ​រាជ​រដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ធ្លាប់​បាន​បញ្ជាក់​ថា បញ្ហា EBA នេះ ក្រុម​ការងារ​បច្ចេកទេស​ផ្នែក​ពាណិជ្ជកម្ម នៅតែ​បន្ត​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ហើយ​ទន្ទឹម​នឹង​នោះ កម្ពុជា​ក៏​បាន​និង​កំពុង​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែម​ទៀត និង​ខិតខំ​ពង្រឹង​នូវ​វិស័យ​ដទៃ​ទៀត ក្រៅតែ​ពី​វាយនភណ្ឌ​ផងដែរ៕ 




អត្ថបទបន្ទាប់


ហ្វ៊ីលីពីន ឈរ​តំណែង​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត ក្នុង​ពិភពលោក​ឆ្នាំ​២០១៩

ព័ត៌មាន
ប្រទេស​ហ្វីលីពីន បាន​ក្លាយ​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក នៅឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ន…

តើ កម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន មែនទេ?

ព័ត៌មាន
ប្រទេសចិនបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ជាដៃគូរវិនិយោគដ៏ធំរបស់កម្ពុជា និងជាដៃគូនាំចូលទំនិញធំជាងគេមកកម្ពុជា ប៉ុន្ដែចិន មិនបានជាប់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ