Advertisement
នាំចេញនាំចូល

ខ្មែរនៅតែខ្សោយក្នុងជំនួញទ្វេភាគីជាមួយវៀតណាមនៅដើមឆ្នាំ ២០១៩នេះ


នៅក្នុងរយៈពេល១ខែដើមឆ្នាំ ២០១៩នេះ ជំនួញទ្វេភាគីរវាង កម្ពុជា និង វៀតណាម ឈានដល់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មជាមួយ វៀតណាម ពោលកម្ពុជាមានទំហំពាណិជ្ជកម្ម ច្រើនជាង ៣ប្រទេស មានដូចជា ប្រ៊ុយណេ ឡាវ និង មីយ៉ាន់ម៉ា។
កម្ពុជាវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជិត ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨
ដោយ
Advertisement

ក្រឡេកទៅ​មើល​របាយការណ៍ពី ការិយាល័យ​ស្ថិតិទូទៅ​នៃប្រទេស​វៀតណាម បានបង្ហាញ​ឲ្យដឹងថា នៅក្នុង​ខែមករា​ ដើមឆ្នាំ​ ២០១៩នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម បានឈាន​ដល់ ៤៨៨លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជា នាំចេញទៅ វៀតណាម ក្នុងទំហំ​ទឹកប្រាក់​ជាង ១១០លានដុល្លារអាមេរិក និងនាំចូល​មកពី វៀតណាម វិញ ក្នុងទំហំទឹក​ប្រាក់ជាង ៣៧៧លាន​ដុល្លារ​អាមេរិក។បើមើលពីទំហំ​ទឹកប្រាក់​នៃការនាំ​ចូល​ពីប្រទេស​វៀតណាម​វិញ ហាក់បីដូច​ខ្ពស់ឆ្ងាយ​ដាច់​ជារៀង​រាល់ឆ្នាំ ដែលភាគច្រើន ទំនិញដែល វៀតណាម នាំចូលមក កម្ពុជា មាន​ដូចជា ផលិត​ផលប្លាស្ទិកជិត ១៥លានដុល្លារ ផលិតផល​ក្រដាស​ជិត ៩លានដុល្លារ គ្រឿងវាយនភណ្ឌ​ជាង ៥៥លានដុល្លារ វត្ថុធាតុដើម​សម្រាប់​វិរស័យ​ឧស្សាហកម្ម​ជាង ​២៦លាន​ដុល្លារ​អាមេរិក ដែកថែប ៩៥លាន​ដុល្លារ ប្រេងឥន្ធនៈ ៤៨លាន​ដុល្លារ និងគ្រាប់ស្វាយ​ចន្ទី ១៧លានដុល្លារ។

ដោយឡែកងាក​មកមើល​ខាង​កម្ពុជាវិញ នៅក្នុង​របាយការណ៍​ពីការិយាល័យ​ស្ថិតិទូទៅ​នៃប្រទេស​វៀតណាម មិនបាន​បញ្ជាក់ពី ផលិតផល​អ្វីខ្លះ ដែលនាំ​ចេញពី កម្ពុជា​ ទៅកាន់​វៀតណាម នោះទេ គ្រាន់តែ​បង្ហាញថា កម្ពុជា បាននាំ​ចេញទៅ វៀតណាម ក្នុងទំហំ​ទឹក​ប្រាក់ជាង ១១០លាន​ដុល្លារអាមេរិក។

សូមជម្រាប​ផងដែរថា កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និងវៀតណាម គឺសម្រេច​បានជាង ៤,៧​ពាន់លាន​ដុល្លារ​អាមេរិក ហើយរំពឹងទុក នឹងកើនឡើង​ដល់ ៥ពាន់លាន​ដុល្លារ​អាមេរិក មុនឆ្នាំ​ ២០២០ខាងមុខ ហើយ​ភាគី​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា-វៀតណាម ស្តីពី​ការអនុ​គ្រោះពន្ធ​សម្រាប់​ឆ្នាំ ២០១៩-២០២០ ផងដែរ។

ក្រៅពីការ​ឯកភាព​ផ្តល់​ភាព​អនុគ្រោះពន្ធ​អត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញ​កម្ពុជា​ចំនួន ៣២បន្ទាត់​ពន្ធគយ ប្រទេស​វៀតណាម ក៏បានផ្តល់​កូតានាំ​ចូល​អង្ករ​ចំនួន ៣០ម៉ឺន​តោន និងសន្លឹក​ថ្នាំជក់ ៣ពាន់តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ខណៈដែរភាគី​កម្ពុជា បានផ្តល់​ភាព​អនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នា ដល់​ទំនិញ​វៀតណាម​ចំនួន ២៦បន្ទាត់​ពន្ធគយ។

ប្រទេសវៀតណាម បានក្លាយ​ជាដៃគូ​វិនិយោគ​ធំទី ៥ របស់កម្ពុជា​ដោយបាន​វិនិយោគ​ចំនួន ២០៦គម្រោង មានតម្លៃជា​ទឹកប្រាក់​ជាង ៣,២ ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែរ​ប្រទេស​កម្ពុជា បានវិនិយោគ​ត្រឹមតែ ១៨គម្រោង នៅក្នុងប្រទេស​វៀតណាម​ ដែលមាន​តម្លៃជាទឹក​ប្រាក់ជាង ៥៨លានដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

បើយោងតាម​របាយការណ៍​ពីធនាគារជាតិ​នៃកម្ពុជា បានបង្ហាញថា នៅឆ្នាំ ២០១៨នេះ ការនាំចេញ​របស់​កម្ពុជា សម្រេចបាន​ជាង ១៣,៥ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈការនាំ​ចូលវិញ គឺមានប្រមាណ​ជាង ១៨, ៧ ពាន់​លាន​ដុល្លារ​អាមេរិក ដែលស​បញ្ជាក់​ឲ្យឃើញថា ឱនភាព​ពាណិជ្ជកម្ម ឬការនាំចូល​របស់​កម្ពុជា​មានលើស​ការ​នាំចេញ រហូតដល់​ជាង ៥,២ ពាន់​លាន​ដុល្លារ​អាមេរិក។

Advertisement

ក្នុងនោះ កម្ពុជា បាននាំចេញ​ផលិត​ភាគច្រើន​បំផុត គឺសម្លៀក​បំពាក់ និងស្បែកជើង ដែលមាន​តម្លៃជាទឹក​ប្រាក់​ប្រមាណ ១០ពាន់លាន​ដុល្លារអាមេរិក ផលិតផល​កសិកម្ម​មានប្រមាណ ៦៣០លានដុល្លារអាមេរិក និងផលិតផល​ផ្សេងៗទៀត មានជិត ៣ពាន់លាន​ដុល្លារអាមេរិក។

ដោយឡែក ក្នុងចំណោម​ការនាំចូល​ជាង ១៨ពាន់លាន​ដុល្លារ​អាមេរិកវិញ កម្ពុជាបាន​នាំចូល​ភាគច្រើន គឺជាវត្ថុ​ធាតុដើម​សម្រាប់វិស័យ​កាត់ដេរ ប្រេងឥន្ធនៈ សម្ភារ​សំណង់ យានយន្ដ អាហារ និងភេសជ្ជៈ និងផលិតផល​ផ្សេងៗ​ទៀត។

របាយការណ៍​ដដែល បានឲ្យដឹងទៀតថា សហភាព​អឺរ៉ុប​នៅតែជាមាន​ចំណែក​ទីផ្សារធំ​សម្រាប់ការ​នាំចេញ​របស់កម្ពុជា ពោលគឺមាន ២៩% នៃចំណែក​ទីផ្សារនាំ​ចេញ​សរុប ខណៈ​អាមេរិក មាន២៤% អង់គ្លេសមាន ៩% និងជប៉ុន មាន៨%។ រីឯប្រទេស​ដែលនាំចូល​មកកម្ពុជា ឃើញថា ចិនឈរលំដាប់មុខ​គេមាន​ជិត ៣០% នៃការនាំ​ចូល​សរុប ថៃ មានជាង ១៥% វៀតណាម​មានជិត ១២% និងជប៉ុនមាន ៤%៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកធនាគារ៖ ទំហំនៃការផ្ដល់កម្ចីប្រើប្រាស់ (Consumer loan) មិនទាន់មានសញ្ញាអាក្រក់ក្នុងវិស័យហិរញ្ញវត្ថុឡើយ

ព័ត៌មាន
ឥណទាន ប្រើប្រាស់ (Consumer Loan) ដូចជាខ្ចីទៅ ទិញរបស់របរប្រើប្រាស់ដូចជា ឡាន ម៉ូតូ ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ផ្សេងទៀតនោះ កំពុងមានកា...

ហុងកុង នឹងចំណាយ ៨០ពាន់លានដុល្លារអាមេរិក បង្កើតកោះសិប្បនិម្មិត គម្រោងលំនៅដ្ឋាន

ព័ត៌មាន
ហុងកុង បាននិងកំពុងពិចារណាលើ គម្រោងសាងសង់កោះសិប្បនិម្មិត ទំហំ ១ពាន់ហិកតា ដែលមានឈ្មោះថា ចក្ខុវិស័យថ្ងៃស្អែកនៃកោះឡានតៅ ដោយនឹងចំណាយទឹ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ