វិស័យអប់រំ​តាមជនបទដាច់ស្រយាល

ការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃវិស័យអប់រំ នៅតាមតំបន់ដាច់ស្រយាល នៅតែជួបប្រទះបញ្ហាខ្វះខាត


ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ វិស័យអប់រំ ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការរួមចំណែកចាក់គ្រឹះជាមូលដ្ឋាន និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិយើង យ៉ាងណាមិញ ការផ្តល់ចំណេះដឹង នៅតាមទីជនបទដាច់ស្រយាល នៅតែជួបប្រទះនឹងបញ្ហាប្រឈមច្រើន ដែលគ្រប់គ្នាមិនគួរមើលរំលង ហើយអង្គការមូលនិធិអេស៊ីលីដា-ចារឌីន ក៏បានមើលឃើញពីកង្វះខាតនេះ និងលូកដៃ រួមចំណែកលើកស្ទួយការអប់រំ នៅតាមតំបន់ក្រីក្រដាច់ស្រយាល ឲ្យបានប្រសើរឡើងមួយកម្រិតថែមទៀត។
ការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល នៅតែជួបប្រទះបញ្ហាខ្វះខាត
ដោយ

ការផ្តល់សេវា​អប់រំ នៅតាមតំបន់​ដាច់ស្រយាល​នៅក្នុង​ប្រទេសកម្ពុជា គឺនៅមាន​កម្រិត ដោយសារតែ ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធនានា នៅមិនទាន់​បានគ្រប់គ្រាន់ ដែលបង្កការ​លំបាកដល់​ការសិក្សារបស់ សិស្សានុសិស្ស តួយ៉ាងដូចជា សាលាបឋមសិក្សា​លើហន់ ដែលធ្លាប់តែមាន អគារ​ឈើចាស់​ទ្រុឌទ្រោម មិនអាចផ្តល់​អំណោយទានដល់ ការសិក្សា​របស់សិស្សបាន នៅពេលនេះ ចាប់ផ្តើម​ផ្លាស់ប្តូរ​មុខមាត់ថ្មីហើយ ដោយអង្គការ​មូលនិធិអេស៊ីលីដា-ចារឌីន បានកសាង​អគារសិក្សា​ថ្មី​មួយខ្នងនៅទីនោះ។

លោក ភិតធឺ បេនិន (Peter Beynon) ស្ថាបនិកអង្គការ​មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់​ការអប់រំ បានមាន​ប្រសាសន៍ថា គោលបំណង​ចម្បងគឺ ការផ្តល់ជូន​កុមារកម្ពុជាទាំងអស់ ឲ្យមាន​ឱកាសស្មើគ្នា ក្នុងការទទួល​បាននូវ ការអប់រំ​ជាមូលដ្ឋាន ហើយយុទ្ធសាស្ត្រ​ជាជំហានដំបូង គឺការកសាង ហេដ្ឋារចនាសម្ព័ន្ធ​អគារសិក្សា ដែលទោះបីជា មានអាកាសធាតុ​បែបណា​ក៏ដោយ ក៏អ្នកគ្រូលោកគ្រូ នៅតែអាចបង្រៀន​បាន ហើយសិស្ស​នៅតែមានឱកាស​ក្រេបយក​ចំណេះដឹង។

លោកបន្តថា សម្រាប់ការអប់រំ អង្គការមូលនិធិ​អេស៊ីលីដា-ចារឌីន នឹងឧបត្ថម្ភ​សាងសង់​អគារសិក្សាថ្មី សម្រាប់សាលា​បឋមសិក្សា ស្របតាម​បទដ្ឋានកំណត់​ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលអគារមួយ​ខ្នងមាន ៥បន្ទប់ អាចទទួល​សិស្ស​បានយ៉ាងតិច ១០០នាក់ សម្រាប់កសាង និងពង្រីក​គុណភាព​ជីវិតរបស់កុមារកម្ពុជា ក្នុងគោលដៅ​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស។

លោកស្រី ញាណ ទិត្យចិន្តា អភិបាលរងនៃគណៈ​អភិបាល​ខេត្តរតនគិរី បានឲ្យដឹងដែរថា ការសាងសង់​អគារសិក្សាថ្មីនេះ គឺពិតជាមាន​តម្លៃបំផុត សម្រាប់សិស្សានុសិស្ស ក្នុងស្រុកបរកែវ ធ្វើជា​ទីកន្លែង និងថ្នាល​សម្រាប់ក្រេបយក និងបណ្ដុះចំណេះវិជ្ជាកម្រិត​មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍​ខ្លួនដ៏ល្អប្រសើរ​នៅពេលអនាគត។

បើតាម លោក ណែម ចាន់ធូ នាយកគ្រប់គ្រង​សាលា​បឋមសិក្សា​លើហន់ បានឲ្យដឹងថា កាលពីមុន​សាលានេះ ខ្វះខាតខ្លាំងណាស់ មិនមាន​អគារសិក្សា​ត្រឹមត្រូវនោះទេ ហើយពេលខ្លះ អាកាសធាតុ​ក្ដៅខ្លាំង ឬមាន ភ្លៀងខ្លាំង កូនសិស្ស មិនអាច​សិក្សា​បាននោះទេ តែលោករំពឹងថា នៅពេលដែល​មានអគារ​សិក្សាថ្មីនេះ នឹងមានកំណើន​សិស្ស ចូលរៀនកាន់តែច្រើន និងអាចពង្រឹង​គុណភាពអប់រំ ថ្នាក់មូលដ្ឋាន​បានមួយកម្រិតទៀត។

តាមការលើក​ឡើងរបស់លោក រម៉ាស ណាញ់ ជាគ្រូបង្រៀន នៃសាលាបឋម​សិក្សាលើហន់ បានឲ្យដឹងដែរថា មានបញ្ហា​ប្រឈមជាច្រើន ដែលធ្វើឲ្យការ​ផ្តល់សេវា​អប់រំដល់ សិស្ស ត្រូវលុបចោល ហើយលោក​សង្ឃឹមថា នៅពេល​មានអគារថ្មីនេះ សិស្សនឹង​ត្រលប់​មករៀនវិញ មិនបោះបង់ចោល​ការសិក្សាទៀតនោះទេ។

ដោយឡែក សិស្សានុសិស្ស ក៏បានសម្តែងការ​ត្រេកអរ ដោយបានទទួល​អគារសិក្សាថ្មី និងបាន​ប្តេជ្ញាបន្តការ​សិក្សា​ដោយយក​ចិត្តទុកដាក់ ហើយពួកគេ សង្ឃឹមដែរថា នឹងទទួល​បានការជួយ​ឧបត្ថម្ភ​បន្ថែមទៀតពី សំណាក់អង្គការ​ រដ្ឋាភិបាល និងសាធារណជន ទៅលើការសាង​សង់​របងសាលា បង្គន់ និងជាពិសេស​គឺ សម្ភារសិក្សា​តែម្តង។

រូបភាពសាលាចាស់ ដែលមិនទាន់​ទទួលបាន​ជំនួយសាងសង់​សាលាថ្មី ពីអង្គការមូលនិធិអេស៊ីលីដា-ចារឌីន

គួរជម្រាបដែរថា មូលនិធិ​អេស៊ីលីដា-ចារឌីន ត្រូវបានបង្កើត​ឡើងអំឡុងឆ្នាំ ២០១៧ មានគោលដៅ​ចូលរួមអភិវឌ្ឍន៍​ធនធានមនុស្ស នៅតាមតំបន់​ដាច់ស្រយាល ទូទាំង​ប្រទេសកម្ពុជា ហើយជាក់ស្ដែង គម្រោងទី ២ របស់មូលនិធិនេះ គឺបានប្រគល់​អគារសិក្សាមួយខ្នង ជូនដល់​សាលាបឋមសិក្សា​លើហន់ ស្ថិតក្នុងភូមិ​លើហន់ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគីរី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិកសណ្ឋាគារ The Great Duke Phnom Penh ធ្វើបាតុកម្មជាលើកទីពីរ ទាមទារប្រាក់ឈ្នួល

ព័ត៌មាន
បុគ្គលិកជាង១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh) បានធ្វើបាតុកម្មជាលើកទីពីរ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ…

វៀតណាម ដាក់គោលដៅ ក្លាយជាប្រទេសមានការវិនិយោគ និងប្រើប្រាស់ថាមពលសូឡាខ្លាំងជាងគេ

ព័ត៌មាន
ដោយសារតែមានអំណោយផលនៃសក្ដានុពលពីធម្មជាតិ ការគាំទ្រខ្លាំងពីរដ្ឋាភិបាល និងទស្សនវិស័យចំពោះវិស័យថាមពលពន្លឺព្រះអាទិត្យ ឬហៅថា សូឡា ប្រទេសវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ