វិធានការជុំទី៥ របស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៥ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច តើនឹងជួយដល់វិស័យ​អ្វីខ្លះ​ទៀត?


រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ៤ជុំរួចមកហើយ ក្នុងការស្ដារ និងជំរុញដល់សេដ្ឋកិច្ច ហើយ នៅថ្ងៃទី ៣១ កក្កដានេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានជុំទី៥ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលរួមមាន វិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ផងដែរ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា (រូបភាព ផេកសម្តេចហ៊ុនសែន)
ដោយ

ការដាក់ចេញ​នូវវិធានការបន្ថែម​របស់​រាជរដ្ឋាភិបាល​សំដៅ​ជួយដល់​វិស័យ​ឯកជន និងកម្មករ និយោជិត​ដែលទទួល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពីការ​រីករាលដាល​ជំងឺកូវីដ-១៩ នាពេលនេះ​គឺសំដៅ ធានាលំនឹង នៃ​សេដ្ឋកិច្ច និងសង្គម ពិសេសរក្សា​លំនឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន រោងចក្រ និងសហគ្រាស​ឲ្យអាច​បន្តអាជីវកម្ម​ឆ្លងផុត​នៃវិបត្តិ​កូវីដ-១៩។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា វិធាន​ការ​ជុំទី​៥នេះ​ក្នុងបំណង​បន្តជួយស្តារ និងជំរុញ​លទ្ធភាព​អាជីវកម្ម ធុរកិច្ច ឲ្យងើប​ឡើងវិញ​ដើម្បីចូលរួម​កំណើន​សេដ្ឋកិច្ច ក្នុងបរិការណ៍​ក្រោយ​វិបត្តិកូវីដ-១៩ និងបន្ត​ជួយសម្រាល​បន្ទុក​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ និងងាយ​រងគ្រោះ​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ផងដែរ។

សេចក្តីប្រកាស​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​នៅតែបន្ត​ជួយវិស័យ​វាយភណ្ឌ កាត់ដេរ សំលៀកបំពាក់ និងស្បែកជើង និងវិស័យ​ទេសចរណ៍ ដោយនឹង​បន្តផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់កម្មករ និយោជិត​ដែលបម្រើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស និងអាជីវកម្ម​ក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ នៅក្នុង​វិស័យ​កាត់ដេរ និងទេសចរណ៍​ដែលបាន​ចុះបញ្ជី​ផ្លូវការ​ត្រឹមត្រូវ​ជាមួយ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ទេសចរណ៍ និងអគ្គនាយកដ្ឋាន​ពន្ធដារ។

ជាងនេះទៀត​រាជរដ្ឋាភិបាល​នៅតែបន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ​រយៈពេល​២ខែ​បន្ថែម​ទៀត ចាប់ពីខែ​សីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ​ចំពោះសណ្ឋាគារ​ ផ្ទះសំណាក់ ភោជនីយដ្ឋាន  ​និងក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៏​ដែលបាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ។

លើសពីនេះទៀត វិស័យអាកាសចរណ៍​នៅតែបន្តទទួលបាន​ការ​លើកលែង​ការបង់ពន្ធ​អប្បរមា សម្រាប់​រយៈពេលពីរ​ខែផងដែរ ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ដែលបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅកម្ពុជា។

ជាការអះអាង រាជរដ្ឋាភិបាល​នឹងបន្តតាមដាន​យ៉ាងជាប់​ជានិច្ច​នូវសភាពការណ៍​ផលប៉ះពាល់​ពីជំងឺកូវីដ -១៩ លើសេដ្ឋកិច្ច និងសង្គមជាតិ និងត្រៀម​ជាស្រេច​ក្នុងការ​ដាក់ចេញ​វិធានការបន្ថែម ដើម្បីផ្តល់​នូវការជួយ​គាំទ្រ​សមស្រប និងតាម​ការចាំបាច់ សំដៅរក្សា​លំនឹង​សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​ត្រៀមខ្លួន​ក្នុងការស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ច ក្រោយពី​វិបត្តិកូវីដ-១៩ បញ្ចប់ទៅវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាម ត្រូវបានធនាគារពិភពលោកព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតលំដាប់ទី ៥ក្នុងពិភពលោក ដោយប្រ…

មហាអំណាចទី១ ក្នុងលោក មានសេដ្ឋកិច្ចដាំក្បាលចុះ​ខ្លាំង​ជាប្រវត្តិសាស្រ្ត ដល់ទៅ៣២,៩% នៅត្រីមាសទី២ ឆ្នាំ២០២០

ព័ត៌មាន
ព្យុះភ្លៀង​នៃវិបត្តិ​កូវីដ-១៩ បាននិងកំពុង​បន្ដបោកបក់​​យ៉ាងខ្លាំង ទៅលើ​សេដ្ឋកិច្ច​ទូទាំងពិភពលោក។ ក្នុងនោះដែរ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ