ទស្សនៈ

អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តាំង​ចិត្ត​ឲ្យ​សឿង​ដូច​អាមេរិក


វិវាទ​នយោបាយ​ក្នុង​របត់​ចុង​ក្រោយ បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​ការ​បង្រួប​បង្រួម​ក្រោម​ឆ័ត្រ​សន្ធិ​សញ្ញា​ចរចា​សន្តិភាព ២៣ តុលា ១៩៩១ នៅ​ទីក្រុង​ប៉ារីស នៃ​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ​ជា​ច្រើន​អាណត្តិ​នេះ គឺ​មិន​បាន​ជំរុញ​ឲ្យ​ប្រជាជាតិ​និង​ប្រជាពលរដ្ឋ​រីករាយ​សប្បាយ​ជាមួយ​នឹង​សមិទ្ធផល ដែល​សម្រេច​បាន​ចាប់​ពី​ក្រោយ​ឆ្នាំ​១៩៩៣ មក​នោះ​ទេ ហើយ​អ្នក​នយោបាយ​ខ្មែរ ក៏​នៅ​តែ​មិន​ទាន់​មាន​ចិត្ត​សឿង ប្រឈម​នឹង​ការ​ចាញ់​ឆ្នោត​នៅ​ឡើយ​ដែរ។
ក្រោយ​បោះឆ្នោត​រាល់​លើក​នៅ​កម្ពុជា គេ​សង្កេត​ឃើញ​អ្នក​នយោ​បាយ​ខ្មែរ​ច្រើន​តែ​មាន​ភាព​ចម្រូង​ចម្រាស​គ្នា​រឿង​​លទ្ធផល​បោះឆ្នោត។
ដោយ

អ្វី​ដែល​អាច​មើល​ឃើញ​ជា​ទូទៅ គឺ​គ្រប់​ភាគី​គណបក្ស​នយោបាយ ទាំង​មាន​អំណាច អត់​អំណាច មិន​ដែល​ស្រុះ​ស្រួល​គ្នា ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ឲ្យ​រីក​ចម្រើន ដូច​បណ្តា​ប្រទេស​ជិត​ខាង ឬ​ក្នុង​តំបន់​ឡើយ នេះ​កុំ​ធៀប​ទៅ​ដល់​អារ្យ​ប្រទេស​ដទៃ​ទៀត។ 

បើ​សង្កេត​ជា​ទូទៅ ចាប់​ពី​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ  ហៅ អ៊ុនតាក់ បើ​ទោះ​ជា​កាលនោះ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​ថា មាន​ភាព​យុត្តិធម៌ ត្រឹមត្រូវ​ក៏​ដោយ ក៏​ភាគី​ចាញ់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ហៅ CPP បាន​ប្រឹងប្រែង​រក​ទឡ្ហីករណ៍ ​មក​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ ដូចជា​ថា រក​ឃើញ​សន្លឹក​ឆ្នោត​ទាំង​ដុំៗ​ក្នុង​ហឹប ធ្លាយ​ធុង​ឆ្នោត​រាប់​រយ ដឹក​សន្លឹក​ឆ្នោត​ទៅ​លាក់​ទុកឆ្ងាយ​ពី​កន្លែង​បោះឆ្នោត ឬអ្នកសង្កេតការណ៍​ខ្លួន​ពុំ​មាន​សិទ្ធិ​គ្រប់​គ្រាន់ និយាយ​រួម​ទៅ គឺ​ចោទ អ៊ុនតាក់ ថា​បន្លំ​សន្លឹក​ឆ្នោត។ 

វិវាទ​ទាំង​នេះ ក៏​បង្ក​ជា​វិបត្តិ​នយោបាយ មាន​ការ​ប៉ុន​ប៉ង​បង្កើត​តំបន់​អបគមន៍ និង​ការ​បញ្ចេញ​កម្លាំង​ទ័ព​កំញើញ​គ្នា ជាដើម។ តែ​ទីបំផុត អតីត​ព្រះមហា​វីរក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ កាល​ទ្រង់​នៅ​គង់​ជា​ម្លប់ លោក​ក៏​បាន​សម្រប​សម្រួល​ឲ្យ​មាន​រដ្ឋាភិបាល​ក្បាល​ពីរ​ឡើង គឺ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សហនាយករដ្ឋមន្ត្រី (សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ ភាគី​ឈ្នះឆ្នោត​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ភាគី​ចាញ់​ឆ្នោត​ពី​គណបក្ស​ប្រជាជន​កម្ពុជា) ហើយ​និង​មាន​សហរដ្ឋមន្ត្រី នៅ​តាម​ក្រសួង​ធំៗ ដើម្បី​ដឹកនាំ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ដំបូង​មួយ  បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​គ្នា​បញ្ចប់​សង្រ្គាម​ស៊ីវិល​រាប់​ទសវត្សរ៍​មក​នោះ។ 

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា ភាគី​ខ្មែរ​ក្រហម នៅ​មិន​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដំបូង​នេះ​ទេ និង​នៅ​តែ​ធ្វើ​ខ្លួន​ជា​ឧទ្ទាម​បំបែក​ខ្លួន​ដដែល ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

នេះ​ជា​ឈុត​ដំបូង​នៃ​វិវាទ​ក្នុង​អាណត្តិ​ទី​១ ដែល​ប្រជា​ពលរដ្ឋ​បាន​មើល​ឃើញ​ថា ព្រះរាជាណាចក្រ​ទី​២ នៅ​មាន​វិបត្តិ​ច្រើន​នៅ​ឡើយ ហើយ​វិវាទ​ធំៗ​នោះ គឺ​ការ​ចោទ​ប្រកាន់ពី​ការ​បន្លំ​​សន្លឹក​​ឆ្នោត ដែល​ភាគី​ចាញ់​ឆ្នោត តែង​នាំ​គ្នា​ចំអក​ថា «កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់» ។

លុះ​មក​ដល់​សម័យ​បោះឆ្នោត​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ វិបត្តិ​ក្រោយ​បោះឆ្នោត បាន​កើត​ឡើង​ជា​ថ្មី ពី​រឿង​មិន​ព្រម​ទទួល​យក​លទ្ធផល​បោះឆ្នោត​ រឿង​គ.ជ.ប លម្អៀង​មិន​ឯករាជ្យ រឿង​មិន​ព្រម​ចូល​ប្រជុំ​សភា បង្កើត​សភា​និង​រដ្ឋាភិបាល​គ្រប់​ទឹក... ដែល​ចំណុច​ស្នូល​នៃ​ជម្លោះ គឺ​ចោទ​ពី​ការ​បន្លំ​សន្លឹក​ឆ្នោត បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ ជន​បរទេស (សំដៅ​ជន​ជាតិ​យួន) មក​ជួយ​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច មាន​ការ​គាប​សង្កត់​និង​បរិយាកាស​នយោបាយ​មិន​ល្អ ។ល។ និង​។ល។ 

យុទ្ធនាការ​តវ៉ា​បោះ​ជំរំ​របស់​ភាគី​ចាញ់​ឆ្នោត បាន​ចាប់​ផ្តើម​ដំបូង​នៅ​កម្ពុជា គឺ​បោះ​នៅ​មុខ​រដ្ឋ​សភា រាប់​ខែ រហូត​បង្ក​ភាព​អនាធិបតេយ្យ អត់​សណ្តាប់​ធ្នាប់ ខ្វះ​អនាម័យ ពិបាក​គ្រប់គ្រង និង​មាន​ការ​បង្ក្រាប។ 

ទីបំផុត នៅ​ពេល​មាន​ការបែង​ចែក​អំណាច ជិត​ពាក់​កណ្តាល​ឲ្យ​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ឈ្នះ​អាសនៈ​លំដាប់​ទី២ វិវាទ​ក៏​បញ្ចប់​ក្រោម​ការ​សម្រុះ​សម្រួល​ពី​អតីត​ព្រះមហា​វីរក្សត្រ ដែល​ពេល​នោះ​គណបក្ស សម រង្ស៊ី ជា​ដៃគូ​តវ៉ា​ដ៏ស្រួច​ស្រាល់ ត្រូវ​បាន​ហ៊្វុនស៊ិនប៉ិច​ដោះ​ដៃ​ចោល ព្រោះ​តែតំណែង ឋានៈ តួនាទី ដែល​ផ្តល់​ឲ្យ​ដោយ CPP ។

វិវាទ ក្នុង​អាណត្តិ​ទី២ ក៏​ចោទ​ពី​ការ​បន្លំ​សន្លឹក​ឆ្នោត បញ្ជី​ឈ្មោះ និង​អ្នក​បោះឆ្នោត​មិន​ត្រឹម​ត្រូវ យួន​មាន​សិទ្ធិ​បោះឆ្នោត​រាប់​សែន​នាក់ ការ​បែង​ចែក​អាសនៈ​មិន​ស្មើ​ភាព គ.ជ.ប លម្អៀង​មិន​ឯករាជ្យ គឺ​នៅ​តែ​ជា​អត្ថិភាព​នៃ​វិវាទ​ដដែល។

លោក សម រង្ស៊ី បច្ចុប្បន្ន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ហេង ភារម្យ)

បន្ត​បន្ទាប់​មក​អាណត្តិ​ក្រោយៗ សម័យ​បោះឆ្នោត​ឆ្នាំ​២០០៣, ២០០៨ វិវាទ គឺ​កើត​ឡើង​ដដែលៗ ចោទ​តែ​រឿង គ.ជ.ប មិន​ឯករាជ្យ​លម្អៀង បញ្ជី​ឈ្មោះ រឿង​បន្លំ​សន្លឹក​ឆ្នោត រឿង​យួន​មាន​សិទ្ធិ​បោះឆ្នោត​រាប់​សែន​នាក់ រឿង​គំរាម​កំហែង បញ្ហា​បរិយាកាស​នយោបាយ​មិនល្អ ...។ 

ប៉ុន្តែ​ដល់​ទី​ចុង​បំផុត ក្រោយ​ពេល​ពួក​គេ​ចរចា​ចែក​អំណាច​ត្រូវ​រ៉ូវ​គ្នា បញ្ហា​ក៏​ត្រូវ​បាន​បញ្ចប់ ហើយ​អ្វីៗ​ក៏​ទៅ​ជា​ស្រប​ច្បាប់​វិញ​ជា​ធម្មតា ។

ចូល​ដល់​យុគ​នៃ​យុវជន​ជំនាន់​ក្រោយ ឆ្នាំ​២០១៣ បក្ស​ប្រឆាំង ពិត​ជា​មាន​មោទនភាព​ណាស់ ដោយ​ឈ្នះ​បាន​អាសនៈ​ដល់​ទៅ ៥៥ លើ ១២៣ អាសនៈ​ក្នុង​សភា តែ​ជោគជ័យ​នេះ នៅ​តែ​មិន​ស្កប់​ស្កល់ ហើយ​វិវាទ​រឿង​មិន​ទទួល​យក​លទ្ធផល​ប្រកាស​ដោយ គ.ជ.ប ក៏​កើត​ឡើង​ជា​ថ្មី​ទៀត  និងមាន​ការ​ប៉ាវ​គង​ប៉ាវ​ឃ្មោះ ប្រមូល​អ្នក​គាំទ្រ​រាប់​សែន​នាក់ មក​ដេក​តវ៉ា​នៅ​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ភាគី​ឈ្នះ​ឆ្នោត​ចុះ​ចេញ ហើយ​ប្រគល់​អំណាច​ឲ្យ​ខ្លួន​កាន់​អំណាច​តែ​ម្តង ។ 

ភាព​តាន​តឹង​នយោបាយ​អូស​បន្លាយ​ជិត​១​ឆ្នាំ ទីបំផុត​ក្រោម​កិច្ច​ចរចា​រក​ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ (CPP និង CNRP) ក្រោម​អធិបតី​លោក សម រង្ស៊ី លោក កឹម សុខា និង សម្តេច ហ៊ុន សែន នា​ថ្ងៃ​ទី​២២ កក្កដា ២០១៤ អ្វី​ៗ​ក៏​ប្រែ​ប្រួល ពី​ការ​មិន​ទទួល​ស្គាល់​សភា​ឯកបក្ស និង​រដ្ឋាភិបាល​មិន​គ្រប់​ទឹក ...ទៅ​ជា​សភា​និង​រដ្ឋាភិបាល​ស្រប​ច្បាប់ គ្រប់​ទឹក​ទាំង​អស់​ទៅ​វិញ ដែល​ផ្ទុយ​ស្រឡះ ពី​ការ​ស្រែក​ទាមទារ​ក្តែងៗ​ជិត​១​ឆ្នាំ នៅ​ទីលាន​ប្រជាធិបតេយ្យ។

រំឭក​ប៉ុណ្ណឹង​ទៅ​ចុះ ! ឆ្លង​តាម​សាវតារ​នេះ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ក្រុម​អ្នក​នយោបាយ​ខ្មែរ​បង្ក​បញ្ហា​ក្នុង​លេស​ដដែលៗ ហើយ​ដំណោះ​ស្រាយ​ តាម​ផ្លូវ​តែ​មួយ គឺ​បើ​មាន​ការ​បែង​ចែក​អំណាច​អាច​ទទួល​យក​បាន នោះ​អ្វីៗ​នឹង​អត់​បញ្ហា ហើយ​ក៏​គ្មាន​សភា ឬ រដ្ឋាភិបាល​មិន​គ្រប់​ទឹក ឬទាមទារ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ដែរ។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដឹកនាំ​បក្ស​នយោបាយ​តាំង​ពី​មាន​អាសនៈ​ក្នុង​សភា​រហូត​ដល់​គ្មាន​អាសនៈ​មួយ​សោះ។ (ហេង ភារម្យ)

តើ​បោះឆ្នោត​ជាតិ​អាណត្តិ​ក្រោយ នឹង​កើត​មាន​រឿង​អ្វី​ទៀត ?

ឥឡូវ ចាំ​មើល​អាណត្តិ​បោះ​ឆ្នោត ឆ្នាំ​២០១៨ វិញ​ម្តង គ្រប់​គណបក្ស​នយោបាយ តើ​នឹង​ផ្លាស់​ប្តូរ​ឥរិយាបថ​ដដែលៗ រឿង​មិន​ទទួល​យក​លទ្ធផល​ ពេល​ចាញ់​ឆ្នោត​ទៀត​ទេ ? 

តាម​មេរៀន​នេះ គ្រប់​បក្ស​នយោបាយ​គួរ​តែ​គិត​គូរ និង​ប្រឈ្លោះ​គ្នា​ពី​ឥឡូវ​ទៅ នៅ​លើ​គ្រប់​បញ្ហា​ដែល​ខ្លួន​មន្ទិល ដើម្បី​បញ្ចប់​វប្បធម៌​ជាប់​គាំង​នយោបាយ ក្រោយ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត និង​តាំង​ខ្លួន​ជា​កីឡាករ​ចិត្ត​សឿង ដូច​លោកស្រី ហ៊ីលឡារី គ្លីនតុន ដែល​ចាញ់​ឆ្នោត​លោក ដូណាល់ ត្រាំ នៅ​អាមេរិក គឺ​ហ៊ាន​ទទួល​យក​អ្វី​ដែល​ជា​យន្តការ ដែល​ខ្លួន​ឯង​បាន​ព្រមព្រៀង​ទទួល​យក តាំង​ពី​ដើម​រហូត​មក ទាំង​សមាសភាព គ.ជ.ប ទាំង​ច្បាប់ នីតិ​វិធី​បោះឆ្នោត និង​ទាំង​លទ្ធផល​ចុង​ក្រោយ ព្រោះ​ថា បើ​ព្រម​ចូល​ប្រកួត ហើយ​គួរ​កុំ​បដិសេធ ការ​សម្រេចរបស់​អាជ្ញា​កណ្តាល​ទៀត ។ 

ហើយ​បើ​ដឹង​ថា អ្វីៗ​វា​មិន​ត្រឹម​ត្រូវ ឬ​នៅ​ជា​មន្ទិល សូម​កុំ​ចូល​សង្វៀន​ប្រកួត ហើយ​ជម្នះ​តស៊ូ​មតិ​នៅ​ខាង​ក្រៅ​វិញ​ទៅ ទើប​គេ​ហៅ​ថា ឆ្លាត។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (រូបភាព៖ Khmer Times)

សមាស​ភាព គ.ជ.ប ថ្មី មាន​៨​រូប មក​ពី​បក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ និង ១​រូប ឯករាជ្យ ច្បាប់​បោះ​ឆ្នោត​កែ​សម្រួល​ថ្មី បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី គ្រប់​ភាគី​សុទ្ធ​តែ​មាន​អ្នក​ជំនាញ​រៀងៗ​ខ្លួន ពិនិត្យ​ផ្ទៀង​ផ្ទាត់​មើល​យ៉ាង​ផ្ចិត​ផ្ចង់​គ្រប់​យ៉ាង ពី​ការ​ខាត​ចំណេញ​ដល់​ប្រយោជន៍​ក្រុម​បក្ស​ខ្លួន បើ​ទោះ​ជា​គ្រប់​គ្នា​ចូល​ចិត្ត​ធ្វើ​ប្រជាភិថុត​ថា ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ ឬ​ដើម្បី​ម្ចាស់​ឆ្នោត​នោះ។

ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សភា ឆ្នាំ​២០១៨ តើ​នឹង​មាន​បញ្ហា​ចោទ​ថា យួន​ជួយ​បោះ​ឆ្នោត មាន​បន្លំ​បញ្ជី​ឈ្មោះ មាន​ការ​បែងចែក​អាសនៈ ឬ គជប មាន​ភាព​លម្អៀង​លើ​នីតិ​វិធី​ដោះស្រាយ​វិវាទ រួម​និង​បញ្ហា​ផ្សេងៗ​ទៀត ដូច​អាណត្តិ​មុនៗ​ទៀត​ទេ ? ជាក់​ស្តែង តាម​រយៈ​បញ្ជី​ឈ្មោះ​ថ្មី បក្ស​ប្រឆាំង​សង្ស័យ​ថា មាន​ឈ្មោះ​ជន​បរទេស​បន្លំ តែ​ប្រមាណ​ជា ៤​ពាន់​ករណី ដែល​ខ្លួន​ថា នឹង​តវ៉ា។ ខណៈ​ខាង​បក្ស​កាន់​អំណាច​ចំអក​ថា ម៉េច​ក៏​តិច​ម៉េះ!  ព្រោះអី​កន្លង​មក ក្រែង​ធ្លាប់​ចោទ​ថា មាន​ឈ្មោះ​យួន ដល់​រាប់​សែន​លាន​នាក់​នោះ​អី។

តាមរយៈ​នីតិ​វិធី​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី  គ្រប់​បក្ស​និង​អ្នក​ឃ្លាំ​មើល សុទ្ធ​តែ​បាន​សរសើរ​ថា ត្រឹម​ត្រូវ​សុក្រឹត ឯ​បញ្ហា​ច្បាប់​នីតិ​វិធី ការ​កែ​សម្រួល​អាសនៈ  សុទ្ធតែ​ព្រមព្រៀង​ធ្វើ​វិសោធន​កម្ម ក្នុង​នោះ សមាស​ភាព​អាជ្ញា​កណ្តាល គ.ជ.ប ក៏​មាន​ការ​ទទួល​ស្គាល់​និង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​រលូន​ថែម​ទៀត។

ដូច្នេះ បើ​សរុប​ទៅ​ វិវាទ​នយោបាយ​ក្រោយ​បោះ​ឆ្នោត​ទំនង​ជា​មិន​មាន​ទៀត​ទេ ហើយ​បើ​ភាគី​ណា​មួយ​មិន​សុខ​ចិត្ត លើ​បញ្ហា​អី​ទៀត​នោះ សូម​ទទួល​ស្គាល់​ទៅ​ថា ខ្លួន​ឯង​ពិត​ជា​មេ​បក្ស​អន់ ចេះ​ល្បិច​មិន​ដល់​គេ​មែន ហើយ​ល្មម​ទុក​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ​គេ​ធ្វើ​ម្តង ហ្នឹង​ទើប​ហៅ​ថា «អ្នក​នយោបាយ​ចិត្ត​សឿង» ទៅ​បាន! ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ ក្នុង​ឆ្នាំ​២០១៧​នេះ ?

ព័ត៌មាន
សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​អាច​នឹង​ជួប​នូវ​ហានិភ័យ​​ចម្បងៗ​ចំនួន​៥ ដែល​នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ស្រុត​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុ…

រំដោះ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ជា​ការសាកល្បង​សមត្ថភាព​ចៅសង្កាត់​ថ្មី?

ព័ត៌មាន
លទ្ធផល​នៃ​ការ​បោះឆ្នោតឃុំ​សង្កាត់​ឆ្នាំ​២០១៧នេះ បង្ហាញថា ក្នុង​រាជធានីភ្នំពេញ ចៅសង្កាត់​ជាច្រើន​ត្រូវ​បាន​ប្ដូរ​ថ្មី​។ តើ​ចៅ​សង្កាត់​ថ្មី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ