វិស័យ​កសិកម្ម

វិស័យ​កសិកម្ម​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ?


បើ​រាប់​ចាប់​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន គេ​អាច​និយាយ​បាន​ថា កសិកម្ម​គឺ​ជា​វិស័យ​ស្នូល​ក្នុង​ការ​​ទ្រទ្រង់​កំណើន​ជីវភាព​ប្រជាជន​ខ្មែរ​ល្អ​គ្រាន់​បើ ក៏​ប៉ុន្តែ ងាក​មក​មើល​បច្ចុប្បន្ន​វិញ វិស័យ​កសិកម្ម​តែ​មួយ​មុខ គឺ​មិន​គ្រប់គ្រាន់​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​​ប្រទេស​អ្នក​មាន​បាន​នោះ​ទេ វា​ត្រូវតែ​ទាមទារ​ឲ្យ​មាន​ការ​ប្រឹងប្រែង​បន្ថែម​ទៅ​លើ​វិស័យ​សំខាន់ៗ​ផ្សេង​ទៀត ដូចជា វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ជាដើម ដើម្បី​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឲ្យ​កើន​ឡើង​មួយ​កម្រិត​ទៀត។
កសិករ​ប្ដី​ប្រពន្ធ​ប្រមូល​ផល​ស្រូវ​នៅ​ខេត្ត​កណ្ដាល។ រូបថត​នេះ​ស្ថិត​ក្នុង​ចំណោម​រូបថត​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ រូបថត៖ Rithy Kheurn/MRC
ដោយ

ដើម្បី​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នក​មាន តើ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ? ត្រង់​ចំណុច​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ពន្យល់​ថា កម្ពុជា គួរ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំងបន្ថែមទៀតទៅលើ វិស័យឧស្សាហកម្ម និង សេវាកម្ម ជាពិសេស​គឺ​ឧស្សាហកម្ម​កែច្នៃ​វត្ថុ​ធាតុ​ដើម ដែល​មាន​ស្រាប់​ក្នុង​ស្រុក ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវការ​ក្នុង​ស្រុក និង​បម្រើ​ដល់​ទីផ្សារ​ក្រៅ​ប្រទេស។

ថ្លែង​ប្រាប់​កម្មករ កម្មការិនី​សរុប​ប្រមាណ​ជាង​១​ម៉ឺន​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន ៣៤ នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល នៅព្រឹក​ថ្ងៃ​ពុធ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ សម្តេចតេជោ ហ៊ុន សែន បក​ស្រាយ​ថា  កាល​ពី​មុន វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​រហូត​ដល់​ទៅ ៨០​ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ ក៏​ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ជាង ២០​ភាគរយ ខណៈ​ដែល​វិស័យ​ឧស្សាហកម្ម មាន​ចំណែក​ជាង ៣០​ភាគរយ និង​សេវាកម្ម មាន​ចំណែក​ជាង ៥០​ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ​សរុប។ 

ប្រទេស​កម្ពុជា​មាន​ឧស្សាហកម្ម​ជា​ច្រើន​មុខ​ទៀត​ដែល​នឹង​ចូលរួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ រួមទាំង​ឧស្សាហកម្ម​ធុន​ធ្ងន់ ធុន​ស្រាល សិប្បកម្ម  និង​កម្មន្តសាល ដែល​សុទ្ធសឹង​តែ​អាច​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា និង​អាច​ទាក់ទាញ​បច្ចេកវិទ្យា​ទំនើប​ខ្ពស់ៗ​ចូល​មក​កម្ពុជា និង​អភិវឌ្ឍ​ទៅ​ជា​ឧស្សាហកម្ម​មាន​ចរិត​ជា​សកល ដើម្បី​ជំរុញ​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ។

សម្តេច​តេជោ​​អះអាង​យ៉ាង​ដូច្នេះ​ថា ៖ «កម្ពុជា​ត្រូវ​ទាក់ទាញ​វិនិយោគិន​មក​ពី​គ្រប់​ប្រទេស ដូចជា ចិន ខ្មែរ កូរ៉េ ជប៉ុន អាមេរិក ជាដើម ព្រោះ​កម្ពុជា​ជា​ប្រទេស​បើក​ចំហ ស្វាគមន៍​ទាំង​អស់ មិន​រើសអើង បែងចែក​រវាង​វិនិយោគិន មកពី​ក្រៅ​ប្រទេស ឬ​ក្នុង​ស្រុក​នោះ​ទេ គឺ​បើក​ឲ្យ​វិនិយោគ ១០០​ភាគរយ ដោយ​មិន​ចាំបាច់​មាន​ដៃគូ​ក្នុង​ស្រុក ឬ​ភាគហ៊ុន​ក្នុង​ស្រុក​នោះ​ទេ»។

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ សម្តេច​តេជោ​បាន​សង្កត់​ធ្ងន់​ថា សេដ្ឋកិច្ច​ជា​ក្របខ័ណ្ឌ​រួម​ដែល​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា និង​គ្រប់​វិស័យ ដោយ​ត្រូវ​ធ្វើ​ជា​ពហុវិស័យ នៅ​ក្នុង​អនុវិស័យ ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ កាន់តែ​គ្រប់​ជ្រុង​ជ្រោយ។

ទាក់ទង​នឹង​វិស័យ​ស្រូវ​-អង្ករ​របស់​កម្ពុជា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​គោលដៅ​ធំ១ ក្នុង​ចំណោម ២ ពោល​គឺ ផលិតកម្ម​ស្រូវ ធ្វើ​បាន​សម្រេច​ដោយ​សល់​ស្រូវ​ជាង ៥​លាន ៥​សែនតោន កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ ក៏​ប៉ុន្តែ គោលដៅ​នាំ​ចេញ​អង្ករ ១​លាន​តោន មិន​ទាន់​សម្រេច ដោយសារ​តែ​មាន​ដៃគូ​ប្រកួត​ខ្លាំង ដូចជា វៀតណាម ថៃ និង​ឥណ្ឌា ដោយសារ​ប្រទេស​ទាំង​នោះ មាន​ផលិតកម្ម​ខ្លាំង​ជាង ទាំង​ការ​ទិញ​ស្តុក សម្ងួត ​ភូតគាមអនាម័យ និង​ថ្លៃ​ដើម​ទាប​ជាង ដែល​ជំរុញ​ឲ្យ​ការ​ដេញ​ថ្លៃ​លក់ ឈ្នះ​កម្ពុជា​រាល់​លើក។

ជាការ​ឆ្លើយ​តប សម្តេច​តេជោសែន​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ការ​ប្រកួត​ប្រជែង ដោយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត ព្រោះ​វិស័យ​កសិកម្ម​កម្ពុជា​បាន​ឈាន​ចូល​ដល់ យន្តតូបនីយកម្ម​ហើយ ពោល​គឺ​ប្រើប្រាស់​គ្រឿង​យន្ត ជំនួស​កម្លាំង​ពលកម្ម។

ហើយ​ក្នុង​នោះ​ដែរ កម្ពុជា​ត្រូវតែ​មាន​ការ​ជំរុញ​ការ​ផលិត​ជី​ក្នុង​ស្រុក មាន​ការ​តភ្ជាប់​អគ្គិសនី​ទៅ​កាន់​ចំណុច​ដែល​មាន​ប្រភពទឹក ដើម្បី​ប្រើ​ប្រាស់​ម៉ូទ័រ​បូមទឹក ជំនួស​ម៉ាស៊ីន​បូម​ទឹក ដែ​លប្រើប្រាស់​ប្រេង​ឥន្ធនៈ ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដើម​ខ្ពស់​ ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង។

ទាក់ទង​នឹង​តម្លៃ​ស្រូវ​អង្ករ សម្តេច​តេជោ​ក៏​បាន​បន្ថែម​ថា កម្ពុជា​ត្រូវ​ខិតខំ​ប្រើប្រាស់​ទីផ្សារ​ដែល​កំពុង​មាន ដើម្បី​ទាញ​តម្លៃ​ស្រូវ ឲ្យ​កើន​ឡើង​មក​វិញ ព្រោះ​អង្ករ​កម្ពុជា​ជាប់​លេខ១ និង​ទទួល​ស្គាល់​ដោយ​ទីផ្សារ​ក្រៅ​ប្រទេស។

សម្តេចតេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ប្រជាកសិករ​កម្ពុជា ពុំ​គួរ​ធ្វើ​កសិកម្ម​ទៅ​តាម​ចរន្ត​នៃ​សេដ្ឋកិច្ច​ទីផ្សារ ហួស​ហេតុ​ពេក​នោះ​ទេ ដូចជា​ការងាក​ទៅ​ដាំ​កៅស៊ូ ដាំ​ស្វាយ​ចន្ទី ដាំ​ម្រេច នៅ​ពេល​ឡើង​ថ្លៃ ហើយ​កាប់​បំផ្លាញ​ដំណាំ​ចាស់​ចោល ព្រោះ​វា​មិន​បាន​ទទួល​ផល​ល្អ​នោះ​ទេ ហើយ​ក៏​មិន​លូត​លាស់​ដល់​សេដ្ឋកិច្ច​ជាតិ ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីដេអូ៖ របរ​បណ្តុះ​កូន​ឈើ​ហូប​ផ្លែ​លក់ ផ្ដល់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ភូមិ​បត់តាជី

ព័ត៌មាន
អ្នក​ភូមិ​បត់តាជី ជាង៩០% ក្នុង​ឃុំ​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​មុខរបរ​ជា​អ្នក​បណ្ដុះ​កូន​​ឈើ​ហូប​ផ្លែ និង​កូន​ប្រទាល​លក់ តាំ…

ក្រុមហ៊ុនយក្សជប៉ុន ហុងដា នឹងបិទរោងចក្រដំឡើងរថយន្ដរបស់ខ្លួន នៅអង់គ្លេស និងតួកគី នៅឆ្នាំ២០២១

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដម៉ាក ហុងដា របស់ជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ បានសម្រេចចិត្ត ប្រកាសពីផែនការបិទរោងចក្រដំឡើងរថយន្ដ ធំៗ២ កន្លែង នៅប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ