កិច្ចព្រមព្រៀង CP TPP

តើចិនអាចចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP បាន ឬមិនបាន?


បើយើងមើលទៅលើ អ្នកវិភាគនយោបាយ និង ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានអះអាងស្រដៀងៗគ្នាថា ប្រទេសចិនទំនងជានឹងបរាជ័យក្នុងការចូលរួមជាសមាជិករបស់កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CP TPP) ក្រោមហេតុផលសំខាន់ៗមួយចំនួន។
តើចិនអាចចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP បានដែរទេ?
ដោយ

ទោះ​យ៉ាងណា អ្នកវិភាគ​ទាំង​អស់នោះ ក៏​បាន​កត់សម្គាល់​ដែរ​ថា បើ​ទោះបីជា​ចិន អាច​នឹង​បរាជ័យ​ក៏​ដោយ​ចុះ ប៉ុន្ដែ ការ​ស្នើ​ចូលរួម​នេះ គឺជា​ជំហាន​ដ៏​ឆ្លាត​វៃ​មួយ​របស់​ក្រុង​ប៉េ​កាំ​ង សម្រាប់​ជា​សញ្ញា​ប្រឆាំង​តបត​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​ជា​មេ​ផ្តួចផ្តើម​គំនិត​ម្នាក់​ដែរ របស់​កិច្ចព្រមព្រៀង CP TPP ក៏​ប៉ុន្តែ​ត្រូវ​បាន​ចាក​ចេញពី​កិច្ច​ព្រម​ព្រមព្រៀង​នេះ​ទៅ​វិញ​កាលពី​ឆ្នាំ​២០១៧​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អា​មេ​រិ​កបាន​អវត្តមាន​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

សំណួរ​សួរ​ថា តើ​អ្វី​ទៅ​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ចិន អាច​នឹង​បរាជ័យ​ក្នុង​ការ​ចូលរួម​ជាមួយ កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក CP TPP​? 

មាន​មូលហេតុ​ធំ​ៗ​ចំនួន​២

មូលហេតុ​ធំ​ទី​១, ចិន​ទំនងជា​មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ពី​សមាជិក​មួយ​ចំនួន​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ​។ កិច្ចព្រមព្រៀង CPTPP ដែល​មាន​សមាជិក ១១​ប្រទេស ដូច​ជា ប្រុយ​ណេ វៀតណាម ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ជប៉ុន កា​ណា​ដា ឈី​លី ម៉ិចស៊ិក ញូ​ហ្សេ​លែ​ន អូស្ត្រាលី និង ប៉េ​រ៉ូ ជាដើម ហើយ​ដើម្បី​អាច​ចូល​ជា​សមាជិក​របស់ CPTPP បាន ចិន​ត្រូវ​ទទួល​បានការ​យល់ព្រម​ពី​សមាជិក​ទាំងអស់​។ 

ប៉ុន្តែ​យើង​អាច​ដឹង​បាន​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​១១​ខាងលើ​នេះ មាន​ប្រទេស​មួយ​ចំនួន​ជា​មិត្ត​ចាក់ទឹកមិនលិច​របស់​សហរដ្ឋអាមេរិក រួម​មាន អូស្ត្រាលី ជប៉ុន និង កា​ណា​ដា ជាដើម​។ ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ ទាំង​បី​ខាងលើ​នេះ បើ​ទោះបីជា​មាន​សម្លេង​តែ​មួយ ក៏​អាច​រារាំង​បេក្ខភាព​របស់​ចិន​បាន​ដោយ​ងាយ​ដែរ កុំ​ថា​ឡើយ​ដល់ទី​បី​ប្រទេស​រួម​គ្នា​នោះ​។

បន្ថែម​ពីលើ​នេះ ចិន​ថែម​ទាំង​កំពុង​មាន​ទំនាក់ទំនង​មិនល្អ និង​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ថែម​ទៀត​។ ជាក់ស្តែង ចិន និង​ជប៉ុន ជា​រឿយ​ៗ​តែងតែ​ប្រឈម​មុខ និង មាន​ភាព​តានតឹង​នឹង​គ្នា នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​។

ដោយឡែក​ចិន​ជាមួយ​អូស្ត្រាលី ក៏​ពាក់មុខយក្ស​ដាក់​គ្នា​ដែរ តាំងពី​ឆ្នាំ​២០១៨ រហូត​ដល់​មក​ដល់​ពេល​បច្ចុប្បន្ន ទាំង​ផ្នែក​នយោបាយ​កា​ទូត និង ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តែ​ក្តៅ​ងំ​នៅឡើយ​ទេ​។

ចំណែកឯ ចិន និង កា​ណា​ដា ឯណោះ​វិញ ក៏​មើល​មុខ​គ្នា​មិន​ត្រង់​ដែរ ក្នុង​ករណី​ចាប់​និង​ឃុំខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei គឺ​លោកស្រី ម៉េ​ង វ៉ា​ន​ចូ​វ ដែល​ថ្មី​ៗ​ទើបនឹង​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព និង បាន​មក​ដល់​ប្រទេស​កំណើត​វិញ​ហើយ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​កា​ណា​ដា និង ម៉ិច​ស៊ិ​ច ក៏​អាច​ក្លាយជា​រនាំង​ឃាំង​ឃាត់​ចិន មិន​ឲ្យ​ចូលរួម​ជាមួយ CPTPP បាន​ដែរ​។ ជា​រនាំង​ឃាំង​ចិន គឺ​នៅ​ត្រង់​ថា កា​ណា​ដា ម៉ិចស៊ិក និង​អា​មេ​រិ​ក មាន​កិច្ចព្រមព្រៀង​ត្រីភាគី​មួយ ជាមួយ​គ្នា​ហៅ​កាត់​ថា USMCA​។ កិច្ចព្រមព្រៀង​ត្រីភាគី​ដែល​អា​មេ​រិ​ក​បង្កើត​ឡើង ដោយ​បាន​ចង​ជាប់​នូវ​លក្ខខណ្ឌ​មួយ រារាំង​កា​ណា​ដា និង ម៉ិច​ស៊ិ​ច​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ ដោយ​គ្មាន​ការ​ប្រឹក្សា​ពី​សហរដ្ឋអាមេរិក​។

អ្នកវិភាគ​សេដ្ឋកិច្ច និង ព្រឹ​ត្ត​ការណ៍​នយោបាយ​ពិភពលោក បាន​គេ​មើលឃើញ​ថា កិច្ចព្រមព្រៀង USMCA ខាងលើ​នេះ ជា​ការ​បែរ​ចុង​កាណុង​ទៅ​រក​ចិន និង ហាមឃាត់​ប្រទេស​ដទៃ​មិន​ឲ្យ​រកស៊ី​ជាមួយ​ចិន​ដោយ​ងាយ​ៗ និង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អា​មេ​រិ​ក​នោះ​ឡើយ​។ កិច្ចព្រមព្រៀង​នេះ​ដែរ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ​។

មូលហេតុ​សំខាន់​ទី​២ គឺ​ចិន​មិន​ទាន់​អាច​បំពេញ​តាម​ស្តង់ដារ​ពាណិជ្ជកម្ម​ខ្ពស់​របស់ CPTPP​ពីលើ​មូលហេតុ​ន​យោ​យ​បាយ ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ប្រទេស​ចិន​អាច​មានការ​លំបាក​ក្នុង​ការ​បំពេញ​តាម​បទ​ប្បញ្ញត្តិ CP TPP ដែល​ជំរុញ​លំហូរ​ទិន្នន័យ​ដោយ​តម្លាភាព​ឆ្លងកាត់​ព្រំដែន ការ​ការពារ​ពលកម្ម និង​បរិស្ថាន ក៏​ដូច​ជា​ការ​រឹតត្បិត​ការ​រកស៊ី ជាមួយ​ក្រុមហ៊ុន​ណា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។

កន្លង​មក សហរដ្ឋអាមេរិក និង អឺរ៉ុប​បាន​ត្អូញត្អែរ​អំពី​ការ​អនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ចិន​ដូច​ជា​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​រដ្ឋ កង្វះ​ការ​ការពារ​កម្មសិទ្ធិបញ្ញា និង ការ​ផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ​ជាដើម​។ ដូច្នេះ​ហើយ ដើម្បី​អាច​ចូលរួម​បាន ចិន​ត្រូវ​ផ្លាស់​ប្តូរ​របៀបរបប និង ស្តង់ដារ​អនុវត្ត​ពាណិជ្ជកម្ម​របស់​ខ្លួន​។

ចុះបើ​ចិន​មិន​អាច​ឈាន​ជើង​ចូល​រួច​ក្នុង​កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក CP TPP តើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន នឹង​ជួយ​ឲ្យ​ចិន​ចំណេញ​អ្វី0x017d7

បើ​តាម​ក្រុម​អ្នកវិភាគ ទោះ​ជោគជ័យ ឬ មិន​ជោគជ័យ​ក្នុង​ការ​ចូលរួម​ជាមួយ កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក CP TPP ក៏​ដោយ ការ​ស្នើ​បេក្ខភាព​របស់​ចិន បាន​រំលេច​ឲ្យ​ឃើញ​ពី​ការ​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ខណៈ​សហរដ្ឋអាមេរិក​បាន​ផ្តោត​សំខាន់​តែ​លើ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​នេះ​ទេ​។ 

អ្នកវិភាគ​មួយ​ក្រុម​ដែល​ជំនាញ​លើ​តំបន់​អាស៊ី​-​អឺរ៉ុប បាន​អះអាង​ថា ការ​ស្នើ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CPTPP របស់​ចិន ក្រោយ​AUKUS បាន​បង្កើត​ឡើង ជា​ការ​ប្រើប្រាស់​សន្លឹក​បៀរ​ការទូត​ដ៏​ឆ្លាត​វៃ ព្រោះ​វា​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ផ្នែក​ការទូត​របស់​ចិន ចំពោះ​បញ្ហា​ពាណិជ្ជកម្ម និង ការ​វិនិយោគ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ជា​ជាង​ការ​ដែល​សហរដ្ឋអាមេរិក​ផ្តោត​តែ​ទៅ​លើ​វិស័យ​យោធា និង ការ​គម្រាមកំហែង​។

ជាក់ស្តែង ចិន​ទើបតែ​បាន​ដឹកនាំ និង សម្រេច​បានជា​ផ្លែផ្កា​មួយ​ទៅ​ហើយ នូវ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ឬ ហៅ​កាត់​ថា RCEP ដែល​មាន​សមាជិក​១៤​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​កាលពី​ឆ្នាំ​មុន រង់​ចាំតែ​ការ​ផ្តល់​សច្ចាប័ន​ពី​ប្រទេស​សមាជិក​ប៉ុណ្ណោះ រួច​វា​នឹង​ត្រូវ​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

យ៉ាងណាមិញ ចិន​បាន​ក្លាយជា​ដៃគូរ​ពាណិជ្ជកម្ម​ធំ​ជាងគេ ជាមួយ​បណ្តា​ប្រទេស​សមាជិក​មួយ​ចំនួន​រួច​ស្រេច​ទៅ​ហើយ ទោះបី​សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​លោក​ចូ បៃ​ឌិន បាន​អះអាង​ថា ខ្លួន​នឹង​ផ្តល់​អ​ទិ​ភាព​លើ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ច​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារអចលនទ្រព្យចិន រងប៉ះពាល់ពីវិបត្តិបំណុលក្រុមហ៊ុន Evergrande យ៉ាងណាខ្លះ?

ព័ត៌មាន
វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិនគឺក្រុមហ៊ុន Evergrande ដែលកំពុងមានឈ្មោះជាក្រុមហ៊ុនជាប់ជំពាក់បំណុលច្រើនជាងគេលើលោ…

លក់ដាច់ខ្លាំងក្នុងអំឡុងកូវីដ-១៩ ឥឡូវនេះ គម្រោងខុនដូ Urban Village ឈ្នះពានរង្វាន់២​​ទៀតពី Asia Pacific Property Awards 2021-2022

ព័ត៌មាន
Urban Village និង Factory Phnom Penh ដែលជាគម្រោង​សម្រាប់​ការប្រើប្រាស់​ចម្រុះស្តង់ដារ​ហុងកុង​នៅ​ក្នុង​ប្រទេសកម្ពុជា បានធ្វើ​ឲ្យ​ក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ