ទុរេនកំពតសង្ឃឹមមានទីផ្សារកាន់តែប្រសើរ

ទុរេនកំពតសង្ឃឹមមានទីផ្សារកាន់តែប្រសើរ ក្រោយក្រសួងកសិកម្មគ្រោងបង្កើតនិមិត្តសញ្ញាបិទសម្គាល់អត្តសញ្ញាណ និងទប់ស្កាត់ការក្លែងបន្លំ


ក្រុមម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត សម្តែងការគាំទ្រជាខ្លាំងចំពោះយន្តការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលគ្រោងផលិតស្ទីកឃ័រទំនើបមាន ឃ្យូអកូដ សម្រាប់បិទលើផ្លែទុរេនកំពត ដើម្បីបញ្ជាក់ពីទីតាំងចម្ការ និងអត្តសញ្ញាណម្ចាស់ចម្ការទុរេន ដែលនឹងផ្តល់ជម្រើស និងភាពងាយស្រួលដល់អ្នកទទួលទាន ក្នុងការសម្គាល់ចំណាំ ការរក្សាទំនុកចិត្ត និងការផ្តល់ការគាំទ្រកាន់តែទូលំទូលាយ ដោយមិនបារម្ភពីការក្លែងបន្លំឈ្មោះ និងគុណភាពទុរេនកំពត។
ទុរេនកំពត
ដោយ

បន្ថែមពីនេះ ក្រសួងកសិកម្ម ក៏មានផែនការជំរុញមានការរៀបចំបង្កើតជាសហគមន៍ ដើម្បីចងក្រងសម្រាប់ឈានទៅរកការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ទុរេនកំពតផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីគម្រោងផលិតស្ទីកឃ័រទំនើបមាន ឃ្យូអកូដ (QR Code) សម្រាប់បិទលើផ្លែទុរេនទុកសម្គាល់ជូនម្ចាស់ចម្ការទុរេនកំពត។ ស្ទីកឃ័រពិសេសនេះ នឹងបញ្ជាក់ពីទីតាំងចម្ការ ពូជទុរេន ថ្ងៃដែលហូបបាន និងអត្តសញ្ញាណម្ចាស់ចម្ការទុរេនផងដែរ ដែលនឹងផ្តល់ជម្រើស និងភាពងាយស្រួលដល់អ្នកទទួលទាន ក្នុងការសម្គាល់ចំណាំ ការរក្សាទំនុកចិត្ត និងការផ្តល់ការគាំទ្រកាន់តែទូលំទូលាយសម្រាប់ទុរេនកំពត ដោយមិនបារម្ភពីការក្លែងបន្លំឈ្មោះ និងគុណភាព។

ទន្ទឹមនេះ ឯកឧត្តម ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មចុះមកសិក្សាអំពីដំណាំទុរេនកំពត ដើម្បីរៀបចំឯកសារបង្កើតជាសហគមន៍ ដើម្បីចងក្រងជាម៉ាកសម្គាល់ភូមិសាស្ត្រទុរេនកំពតឡើងវិញផងដែរ។

ពាក់ព័ន្ធគម្រោងបិទស្ទីកឃ័រទំនើបមានឃ្យូអកូដ នៅលើផ្លែទុរេនកំពតនេះដែរ លោកឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត បានគូសបញ្ជាក់ថា គម្រោងបិទស្ទីកឃ័រលើផ្លែទុរេនសម្រាប់សម្គាល់នូវទីតាំងភូមិសាស្រ្ត និងអត្តសញ្ញាណទុរេននេះ គឺជារឿងមួយដែលល្អមែនទែន ហើយលោកក៏គាំទ្រខ្លាំងផងដែរចំពោះគម្រោងនេះ ទោះយ៉ាងណា កិច្ចការនេះត្រូវធ្វើការគ្រប់គ្រងឱ្យបានទូលំទូលាយ និងម៉ត់ចត់ផងដែរ ដើម្បីជៀសវាងការក្លែងបន្លំ និងលំហូរចូលទុរេនពីខាងក្រៅ។

ម្ចាស់ចម្ការទុរេនរូបនេះ បន្តថា ការបិទស្ទីកឃ័រសម្គាល់លើទុរេន នឹងផ្តល់ទំនុកចិត្តដល់អតិថិជនកាន់តែងាយស្រួលបន្ថែមទៀត ទៅលើផលិតផលទុរេនកំពត ហើយនៅពេលមានការបញ្ជាក់ច្បាស់លាស់បែបនេះទៀតសោត ប្រាកដណាស់ ទាំងតម្លៃ និងទីផ្សារទុរេនកំពត គឺនឹងមានភាពទូលំទូលាយល្អប្រសើរបន្ថែមទៀតផងដែរ។

លោកឧកញ៉ា ចាន់ ស៊ីថា ក៏បានបញ្ជាក់បន្ថែមដែរថា តាមរយៈគម្រោងនេះដែរ វាក៏បានជួយជំរុញលើកទឹកចិត្តដល់បងប្អូនដែលដាំទុរេននៅខេត្តកំពត មានទឹកចិត្តក្នុងការបន្តថែរក្សាការដាំដុះ ក៏ដូចជាបង្កើនការដាំដុះបន្ថែមទៀតរ ដើម្បីបន្តថែរក្សានូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពត។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការដាំដុះទុរេនកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយនៅប៉ុន្មានឆ្នាំទៅមុខទៀត អ្នកជំនាញរំពឹងថា ទុរេនកំពតនឹងទទួលបានទិន្នផលច្រើន ហើយទីផ្សារក៏កាន់តែធំទូលាយផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត បានបង្ហាញថា នៅក្នុងឆ្នាំ ២០២១ ការដាំដុះទុរេននៅក្នុងខេត្តកំពត មានផ្ទៃដីដាំដុះទុរេន ចំនួនប្រមាណជាង ១ពាន់ហិកតា ក្នុងនោះ ផ្ទៃដីដែលទទួលផលបានប្រមាណជិត ៩រយហិកតា ដោយក្នុងមួយហិកតាបានផលប្រមាណ១៥ តោន ហើយទិន្នផលទុរេនសរុបក្នុងឆ្នាំ ២០២១ ទទួលបានជាង១ម៉ឺន៣ពាន់តោន៕




អត្ថបទបន្ទាប់


តើអ្វីខ្លះជាកត្តារាំងស្ទះដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា?

ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជានៅមួយទសវត្សរ៍ចុងក្រោយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយការរក្សាកំណើនក្នុងរង្វង់៧%ក្នុងមួយឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបា…

១០ខែឆ្នាំនេះកម្ពុជាបានអនុម័តគម្រោងវិនិយោគ១៦១គម្រោង ជាមួយទុនវិនិយោគជាង៣,៥ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១៦១គម្រោង ដែលមានទំហំវិនិយោគសរុបជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ