Advertisement
កសិកម្ម-សេដាក

សេដាក រៀបចំក្រុមកសិករដាំ ខ្ញី ខ្ជាយ ល្មៀត រំដេង ស្លឹកគ្រៃ…ដែលទីផ្សារក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង


បើទោះបីកម្ពុជាមានប្រជាជនប្រមាណជាង៨០ភាគរយជាកសិករក៏ដោយ ប៉ុន្តែ កម្ពុជានៅតែនាំចូលបន្លែពីក្រៅប្រទេសចំនួន២០០តោនក្នុងមួយថ្ងៃ ដោយ​ចំណាយទឹកប្រាក់​១៥០លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយឆ្នាំ។ មិនមែនតែបន្លែនោះទេដែលកម្ពុជាបាននាំចូលនោះ ប៉ុន្តែ សូម្បីដំណាំគ្រឿងទេស ដូចជា៖ ខ្ញី ល្មៀត ខ្ជាយ រំដេង ស្លឹកគ្រៃ… ដែលជាប្រភេទដំណាំងាយស្រួលដាំបំផុតនោះ ក៏កម្ពុជានៅតែបន្តនាំចូលលើស​៥០ភាគរយពីប្រទេសជិតខាតផងដែរ។
កសិករកំពុងប្រមូលផលស្លឹកគ្រៃ (រូបថត៖ ហ្វេសប៊ុក Yang Saing Koma)
ដោយ

លោក សម វិទូ ប្រធានអង្គការសេដាកដែលមានបណ្តាញកសិកររាប់ម៉ឺនគ្រួសារ បានប្រាប់សារព័ត៌មានខេមបូណូមីស នៅកណ្តាលវាលស្រែក្នុងខេត្តតាកែវ ថា សេដាកបាន និង កំពុងប្រមែប្រមូលកសិករ ដែលជាបណ្តាញរបស់ខ្លួនទូទាំងប្រទេស ឲ្យងាកមកដាំដំណាំគ្រឿងទេស ដើម្បីផ្គត់ផ្គង់​​​​ទីផ្សារក្នុងស្រុក និង កាត់បន្ថយការនាំចូលពីបរទេស ខណៈដែលដំណាំប្រភេទនេះ ងាយស្រួលដាំ និង អំណោយផលខ្លាំងសម្រាប់ប្រភេទដី និង អាកាសធាតុនៅកម្ពុជា។

លោក សម វិទូ ប្រធានអង្គការសេដាកឈរនៅកណ្តាលវាលស្រែក្នុងខេត្តតាកែវ (រូបថត៖ រ៉ឹម ភារី)
Advertisement

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន យើងមានក្រុមកសិករផ្នែកដំណាំស្រូវ បន្លែ ម្រេច ផាស់សិន…។ នៅខែធ្នូឆ្នាំនេះ យើងបានប្រមូលគ្នារើសតំណាង​កសិករមកជុំគ្នា ដើម្បី​​ឲ្យ​ពួកគាត់ងាកមកដាំគ្រឿងទេស។ យើងរកតំបន់ណាដែលមានសក្តានុពលអី គឺឲ្យពួកគេដាំដំណាំនោះ ហើយយើង​​ជួយបច្ចេកទេស និងរកទីផ្សារ។ ជាទូទៅពពួកដំណាំគ្រឿងទេស វាងាយស្រួលដាំ វាអាចដាំដំណាំហូបផ្លែនៅខាងលើ និង អាចដាំគ្រឿងទេសនៅខាងក្រោម ព្រោះ វាការពារស្មៅផង និង ស្រួលដុះលូតលាស់ដោយសារវាត្រូវការម្លប់»។

បើតាមលោក សម វិទូ បណ្តាញកសិកររបស់សេដាកនាពេលកន្លងមក បានដាំដំណាំប្រភេទគ្រឿងទេសខ្លះៗមកហើយ គ្រាន់តែនៅមានចំនួនតិចតួចនៅឡើយ។ លោកថា គម្រោងនេះ នឹងជំរុញបន្ថែមឲ្យពួកគាត់ងាកមកដាំដំណាំ ដូចជា៖ រំដេង ល្មៀត ខ្ជាយ ស្លឹកគ្រៃ និង ដំណាំគ្រឿងទេសផ្សេងទៀត ដើម្បីរួមគ្នាផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកពន្យល់ថា ទីផ្សារសំខាន់ជាងគេ គឺស្ថិតនៅតំបន់របស់កសិករផ្ទាល់តែម្តង។ ក្នុងករណីដែលទីផ្សារណាមួយខ្វះ សេដាកមានក្រុមកសិករនៅតំបន់ផ្សេង ដែលមានកសិផលលើស គឺអាចយកទៅចែកចាយជំនួស ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យមាននិរន្តរភាព។

កសិករកំពុងប្រមូលផលស្លឹកខ្ទឹម (រូបថត៖ ហ្វេសប៊ុក Yang Saing Koma)

លោកបន្តថា ដំណាំគ្រឿងទេស នឹងត្រូវដាំជាច្រើនខេត្ត ដូចជា៖ តាកែវ កំពង់ស្ពឺ កំពត កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង ប៉ៃលិន និង បាត់ដំបងជាដើម។ លោកបន្ថែមថា លោកមិនទាន់មានគម្រោងនាំចេញដំណាំគ្រឿងទេសនេះ ទៅក្រៅប្រទេសនោះទេ ពីព្រោះ ទីផ្សារនៅក្នុងស្រុកកំពុងខ្វះខាត និង មានតម្រូវការខ្ពស់។

លោកបន្ថែមថា៖ «ជាង៥០ភាគរយនៃគ្រឿងទេស គឺយើងនាំចូលពីគេ។ យើងមានដែរ ជាពិសេសនៅតំបន់ទំនាបកណ្តាលជួរមាត់ទន្លេ ប៉ុន្តែ នៅតែមានតិចតួច។ ក្នុងមួយថ្ងៃ យើងនាំចូលស្លឹកគ្រៃ៥០តោន និងក្រូចឆ្មា១០តោនពីប្រទេសជិតខាង។ ខ្ញុំរំពឹងថា ក្រោយពីកសិករខ្មែរ​ងាកមកដាំគ្រឿងទេស កម្ពុជានឹងកាត់បន្ថយការនាំចូលពីគេ»៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៅកែ Park Café ថា ធ្លាប់​ខាត​៣០​ម៉ឺន​ដុល្លារ! តើ​ខាត​ដោយសារ​មូល​ហេតុអ្វី?

ព័ត៌មាន
លោក គុយ វ៉ាត ម្ចាស់​ភោជនីយដ្ឋាន Park Café Food & Beverage Co., Ldt ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ បាន​អះអាង​ថា ទម្រាំ​តែ​ភោជ...

Nashville ជា​"ទីក្រុង​តន្ត្រី​"ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក

ព័ត៌មាន
Nashville ជា​ទីក្រុង​នៃ​រដ្ឋ Tennessee ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក។ ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ១លាន ៩សែន​នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ