ទុនវិនិយោគ​ដែលអនុម័ត​ដោយ CDC

កម្ពុជាសម្រេចបានទឹកប្រាក់វិនិយោគជាង ៥ពាន់លានដុល្លារ ៦ខែ ឆ្នាំ២០១៩


គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC គឺមានចំនួន ១៥៣គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិក ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ទុនវិនិយោគជាង ៧០ភាគរយ បានមកពី គម្រោងវិនិយោគនៅក្នុង វិស័យទេសចរណ៍។ នេះបើយោងតាមរបាយការណ៍ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រូបភាព​គំរូ​នៃ​គម្រោង​វិនិយោគ​សួន​ទឹក​កម្សាន្ត​ដ៏ធំ​បំផុត ដែល​ឧកញ៉ា លី យ៉ុងផាត់ គ្រោង​សាងសង់​នៅ​កម្ពុជា តម្លៃ​ទឹកប្រាក់​ជាង ៣០​លានដុល្លារអាមេរិក។
ដោយ

នៅក្នុងចំណោម ១៥៣គម្រោង​ដែលត្រូវ​បានអនុម័ត​ដោយ CDC សម្រាប់​វិស័យ​ទេសចរណ៍ គឺមានតែ ១១គម្រោង​ប៉ុណ្ណោះ តែមានទុន​វិនិយោគ​សរុប​ជាង ៣,៧ ពាន់​លានដុល្លារ​អាមេរិក ដែលធ្វើឲ្យតួលេខនេះ ​វ៉ាដាច់​វិស័យផ្សេងៗតែម្តង។

ការកើនឡើងដ៏លើស​លុបនៃ ទុនក្នុងវិស័យ​ទេសចរណ៍នេះ​ គឺដោយសារតែ​មាន គម្រោង​វិនិយោគធំៗ​ជាច្រើន នៅតាម​តំបន់​ឆ្នេរសមុទ្រ ហើយវានឹង​ត្រូវការពេល​វេលាច្រើន សម្រាប់ការ​អភិវឌ្ឍផងដែរ។

យ៉ាងណាមិញ វិស័យឧស្សាហកម្ម និងកម្មន្តសាល ដែលជា​វិស័យមួយសំខាន់ ក្នុងការរុញ​ច្រានកំណើន​សេដ្ឋកិច្ចជាតិ ជំរុញ​ការនាំចេញ និងបង្កើត​ការងារ​ជាច្រើន​ផងដែរនោះ មានរហូត​ដល់ទៅ ១៣៤គម្រោង និងមានទុន​វិនិយោគ​សរុបជាង ៩០០លានដុល្លារ​អាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បាន​ប្រសាសន៍​មាន​នា​ឱកាស​វេទិកា​ធុរកិច្ច​កម្ពុជា​នេប៉ាល់ កាលពីខែ​ឧសភា​កន្លងទៅថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៨ ស្ថានភាព​នៃការវិនិយោគ​នៅកម្ពុជា មានលក្ខណៈ​ល្អ​ប្រ​សើ​រ​ ដោយកម្ពុជា បានអនុម័ត​គម្រោង​វិនិយោគចំនួន ៩៥៩គម្រោង ដែលមាន​ទុនវិនិយោគ​សរុប ប្រមាណ​ចំ​នួ​ន ២៣ពាន់លាន​ដុល្លារ​អាមេរិក និងបង្កើតការងារ​ចំនួន​ប្រមាណ ១លានកន្លែង។

សម្តេចតេជោ បន្តទៀតថា ក្នុងរយៈពេល​ជាង ២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេច​បាននូវកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧.៧% ជាងនេះ​ទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា​មានកំណើន​លើសពីការ​រំពឹងទុក ពោលគឺបានកើន​ឡើង​ក្នុងអត្រា ៧,៥% ធៀបនឹងការ​គ្រោងទុក ៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាន​នៃការបន្ត​ភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ ហើយក្នុង​ក្របខណ្ឌ​នៃការវិនិយោគ កម្ពុជានៅតែ​ជាប្រទេសគោលដៅ​ដែលមាន​សក្តានុពល​សម្រាប់អ្នកវិនិយោគ​ទាំងក្នុងស្រុក និងបរទេស។

ពិតណាស់ ក្នុងអំឡុង​ឆមាសទី ១នេះ គម្រោ​ងវិនិយោគថ្មីៗ មានចំនួន ១៤៣គម្រោង ខណៈដែរ គម្រោងពង្រីក​ផលិតកម្ម មានតែ ១០គម្រោង ហើយការវិនិយោគ​ជារួម​ បង្កើតការងារ​ជាង ១៦ម៉ឺនកន្លែង។

អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍​ជាងនេះទៅ​ទៀតគឺ ការវិនិយោគ​ក្នុងស្រុក ដែលមានន័យថា វិនិយោគិន​កម្ពុជា​ជាអ្នក​វិនិយោគ​ផ្ទាល់​នោះ បានចូលរួម​ចំណែក​រហូតដល់ទៅ ៦៨ភាគរយ នៃទុនវិនិយោគ​សរុប ឈរលំដាប់​ថ្នាក់​លេខ ១ លើកំពូល​តារាង។

រីឯ ទុនវិនិយោគ​ធំបន្ទាប់ គឺជាការវិនិយោគ​មកពីប្រទេសចិន ដែលបាន​កាន់ចំណែក ២៥ភាគរយ​នៃទុនវិនិយោគ​សរុប នឹងបានក្លាយជា​ប្រភពទុន​មកពីក្រៅប្រទេស​ដ៏ធំជាងគេ។

គួរជម្រាបដែរថា គម្រោងវិនិយោគ​ក្នុង​ឆមាសទី ១ ឆ្នាំ២០១៩នេះ គឺមានកើន​ឡើង ៤៨គម្រោង និងទុនវិនិយោគ កើនឡើង​ប្រមាណ ២ពាន់លាន​ដុល្លារអាមេរិក បើសិនជាធៀប​នឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៨ ដែលមាន​ការវិនិយោគ ១០៥គម្រោង និងទុនវិនិយោគ​ជាង ៣ពាន់លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ នាំចេញត្បូង និងគ្រឿងអលង្ការជាង ៧ពាន់លានដុល្លារ ក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩

ព័ត៌មាន
នៅក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩នេះ ប្រទេសថៃ បានធ្វើការនាំចេញ ត្បូង និងគ្រឿងអលង្ការ សរុបជាទឹកប្រាក់ជាង ៧,២ ពាន់លានដុល្លារអាមេរិក មានកំណើន…

ទំហំពាណិជ្ជកម្មកម្ពុជា និង អន្តរជាតិសម្រេចបានជាង ១៧ ពាន់លានដុល្លារ

ព័ត៌មាន
នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងអន្តរជាតិ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ប្រមាណជាង ១៧ ពាន់លានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ