អាជីវកម្មនៅវៀតណាម

ក្រុមហ៊ុនផ្សារទំនើប Central ដ៏ធំរបស់ថៃគ្រោងបោះទុនជិត១ពាន់លានដុល្លារពង្រីកអាវីជកម្មបន្ថែមនៅវៀតណាម


ក្រុមហ៊ុនលក់រាយទំនិញរបស់ថៃ Central Group គ្រោងចំណាយទុនប្រមាណជិត១ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ គម្រោងវិនិយោគដ៏ច្រើនសម្បើមនេះត្រូវបាន Central Group ដាក់ក្តីសង្ឃឹមថា នឹងទៅជួយរុញច្រានតម្រូវការរបស់អ្នកប្រើប្រាស់ ពិសេសនៅពេលជំងឺរាតត្បាតកូវីដ១៩បិទបញ្ចប់ទៅ។ នេះបើតាមការចុះផ្សាយមួយសារព័ត៌មានរបស់ជប៉ុន Nikkei។
ក្រុមហ៊ុនថៃCentralបោះទុនជិត១ពាន់លានពង្រីកអាជីវកម្មនៅវៀតណាម!

ក្នុងចំណោមកញ្ចប់វិនិយោគទាំងអស់ ផ្សារទំនើបលក់រាយរបស់ Central Group ឬដែលគេស្គាល់ថា Central Retail ជាក្រុមហ៊ុនបុត្រសម្ព័ន្ធលក់រាយស្នូលមួយ បានត្រៀមថវិកាចំនួន ៣០ពាន់លានបាត ឬស្មើនឹង៨៤៨លានដុល្លារ ដើម្បីវិនិយោគនៅប្រទេសវៀតណាមក្បែរខាងកម្ពុជា។ ការបណ្តាក់ទុនបន្ថែមនេះ មានបំណងបង្កើនការលក់ឱ្យបានដល់តម្លៃ ១០០ពាន់លានបាត ឬស្មើនឹងជិត២ពាន់៨រយលានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈដែលការលក់រាយរបស់ Central ក្នុងប្រទេសវៀតណាមបច្ចុប្បន្ន មានជាង១ពាន់២រយលានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំក្រុមហ៊ុន Central Group។

ផែនការនេះ គឺដូចគ្នាទៅនឹងការព្យាករណ៍របស់អ្នកវិភាគ ដែលរំពឹងថា សេដ្ឋកិច្ចដែលមានភាពធន់របស់វៀតណាមនឹងបន្តកើនឡើង បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។ ការព្យាករណ៍ទាំងនេះមើលឃើញថា វិស័យលក់រាយរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះនឹងកើនឡើង៩% ក្នុងមួយឆ្នាំ ជាមួយទឹកប្រាក់១៥០លានដុល្លារ។

គួរជម្រាបថា Central Retail មានទីផ្សារខ្លាំងណាស់ក្នុងប្រទេសវៀតណាម ជាទីដែលក្រុមហ៊ុនថៃមួយនេះ បានចូលមកវិនិយោគតាំងតែពីជាង២ទសវត្សន៍មុន ហើយគម្រោងវិនិយោគបន្ថែមក្នុងពេល៥ឆ្នាំខាងមុខក្រុមហ៊ុនផ្សារទំនើប Central នឹងផ្តោតការការវិនិយោគទៅលើផ្នែកបច្ចេកវិទ្យាវិញម្តង ដើម្បីពង្រីកការលក់ និងទទួលបានការជឿទុកចិត្តពីអតិថិជនកាន់តែច្រើន។

Central Retail មានផ្សារទំនើប និងហាងតូចធំសរុប ៣៤០ ក៏ដូចជាយីហោលក់រាយចំនួន ១០ផ្សេងទៀត នៅក្នុងប្រទេសវៀតណាម។

មិនតែប៉ុណ្ណោះ Central Group ក៏បានបោះជំហានចូលវិស័យ E-Commerce នៅវៀតណាមផងដែរ ជាមួយនឹងកម្មវិធីទិញលក់ ដឹកជញ្ជូន អាហារនិងគ្រឿងទេសតាមទូរសព្ទឈ្មោះថា BIPBIP ជាមួយនឹងទំនិញជាង ១២.០០០មុខ និងអ្នកប្រើប្រាស់នៅវៀតណាមដល់ ១២លាននាក់។ Central Retail សង្ឃឹមថាការវិនិយោគទាំង៨៤៨លានដុល្លារនៅវៀតណាម នឹងជួយឱ្យខ្លួនក្លាយក្រុមហ៊ុនលក់រាយ រាប់ចាប់ពីអាហារ ដល់វិស័យអចលនទ្រព្យដ៏ធំបំផុតនៅវៀតណាម។

សូមជម្រាបថា នៅគ្រាដែលអាជីវកម្មលក់រាយរបស់វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងស្របតាមសន្ទុះសេដ្ឋកិច្ច ការប្រកួតប្រជែងរវាងក្រុមហ៊ុនវិនិយោគបរទេសក៏កំពុងកើនឡើងច្រើននៅក្នុងទីផ្សារផងដែរ។ បច្ចុប្បន្នមានក្រុមហ៊ុនលក់រាយរបស់វៀតណាមធំៗដែលជាគូប្រជែងរួមមាន Saigon Co Op VinMart និង Mobile World។ ខណៈដែលក្រុមហ៊ុន AEON របស់ជប៉ុន ក្រុមហ៊ុន Lotte Mart របស់កូរ៉េខាងត្បូង និងក្រុមហ៊ុនលក់រាយរបស់ប្រទេសថៃផ្សេងទៀតក៏បានឈានចូលទីផ្សារផងដែរ។

គួរបញ្ជាក់ថា មុនពេលជំងឺរាតត្បាតកូវីដ១៩ សេដ្ឋកិច្ចរបស់វៀតណាមមានកំណើនជាមធ្យមពី ៥% ទៅ ៨% ក្នុងមួយឆ្នាំ តែចូលដល់ឆ្នាំ២០២១ សេដ្ឋកិច្ចវៀតណាមធ្លាក់ចុះមកត្រឹម ២,៦%ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ស្ថានភាពអតិផរណានឹងបន្តកើនឡើង ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត

ព័ត៌មាន
វិបត្តិប្រេងឥន្ធនៈឡើងថ្លៃ ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានបណ្តាលឲ្យកម្រិតអតិផរណានៅកម្ពុជា ក៏ដូចជាលើពិភពលោកបានកើនឡើងយ…

វើលដ៍ប្រ៊ីដហូម បើកលក់ប្លុកថ្មីទីតាំង ជាមួយឱកាសឈ្នះម៉ូតូ និងប្រូម៉ូសិនជាច្រើន

ព័ត៌មាន
បុរី វើលដ៍ប្រ៊ីដហូម បើកលក់លើទីតាំងប្លុកថ្មីបន្ថែមទៀត ជាមួយនឹងការផ្ដល់ជូនការបញ្ចុះតម្លៃ ព្រមទាំងប្រូមូហ្សិនជាច្រើន បន្ទាប់ពីជោគជ័យលើការលក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ