ការផ្គត់ផ្គង់សត្វនៅកម្ពុជា

សមាគមចិញ្ចឹមសត្វ៖ កសិករចិញ្ចឹមជ្រូកដួលរលំ ងាកមកចិញ្ចឹមមាន់វិញ នាំការឲ្យផ្គត់ផ្គង់លើសតម្រូវការ នៅអំឡុងពេលកូវីដ-១៩នេះ


ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា នៅអំឡុងពេលរដូវកាលកូវី-១៩នេះ ការចិញ្ចឹមសត្វរបស់កសិករមានទីផ្សារល្អ តែមានបញ្ហាខ្លះចំពោះការចិញ្ចឹមមាន់ ដោយមានកសិករមួយចំនួន បានងាកមកចិញ្ចឹមមាន់វិញ ក្រោយចិញ្ចឹមជ្រូកមិនសូវបានផល នាំឲ្យការផ្គត់ផ្គង់មាន់លើសតម្រូវការទីផ្សារ។
សមាគមចិញ្ចឹមសត្វ៖ កសិករចិញ្ចឹមជ្រូកដួលរលំ ងាកមកចិញ្ចឹមមាន់វិញ នាំការឲ្យផ្គត់ផ្គង់លើសតម្រូវការ នៅអំឡុងពេលកូវីដ-១៩នេះ

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា «​ជំងឺ​កូ​វី​ដ​-១៩ ដែល​កើតឡើង​នេះ គឺ​ឃើញ​ថា ការ​ប៉ះពាល់​វា​មាន គ្រាន់តែ​ថា​តិច​ហើយ​ច្រើន  ហើយ​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ហ្នឹង គឺ​ប៉ះពាល់​មាន់​។ ហើយ​ការ​ប៉ះពាល់​ហ្នឹង​ដោយសារ​កសិករ​ដែល​ចិញ្ចឹម​មាន់ ហើយ​ថា​មិន​មាន​ទីផ្សារ​នោះ មិន​បាន​ចងក្រង​ជា​សមាគម​ជាមួយ​យើងខ្ញុំ ដូចនេះ ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​មាន់​របស់​គាត់ មិន​បានដឹង​ពី​តម្រូវការ​ទីផ្សារ ព្រោះថា កសិករ​មួយ​ចំនួន​ធំ​ដួល​រំលំ​ដោយសារ​ការ​ចិញ្ចឹម​ជ្រូក ដូចនេះ​គាត់​ក៏​មក​ចិញ្ចឹម​មាន់​វិញ ដូចនេះ​តម្រូវការ​មួយ​ថ្ងៃ​ត្រឹម ១០​ម៉ឺន​ក្បាល​ទេ តែ​គាត់​ចិញ្ចឹម​ផ្គត់ផ្គង់​ដល់​ទៅ ១៥​ម៉ឺន អ​ញ្ចឹ​ង​វា​សល់​មាន់​»​។

លោក ស្រ៊ុ​ន ពៅ បាន​សំណូមពរ​ថា សូម​ឲ្យ​កសិករ​ទាំងអស់​ចូល​ក្នុង​សមាគម ដើម្បី​អាច​ជួយ​រៀបចំ​ទីផ្សារ​មួយ ដែល​អាច​ឲ្យ​កសិករ​ទាំងអស់​ចិញ្ចឹម​មាន់ ឲ្យ​សម​ស្រប​តាម​តម្រូវការ​ទីផ្សារ ជៀសវាង​ការ​ផ្គតផ្គង់​លើស​តម្រូវការ នាំ​ឲ្យ​តម្លៃ​មាន់​ចុះថ្លៃ​ទៅ​តាម​នោះ​ដែរ​។

កាលពី​ថ្ងៃ​ទី ២៧ ខែឧសភា នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បង្ហាញ​ពី​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សម្រាប់​ឆ្នាំ ២០២០ នេះ​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា ក្រសួង​នៅ​តែ​ពិនិត្យ​ឃើញ​ថា នៅ​មាន​ជនខិលខូច​មួយ​ចំនួន នៅ​តែ​បន្ត​លួច​នាំ​ចូល​សត្វ​ខុសច្បាប់​ជា​បន្តបន្ទាប់ ជា​ពិសេស​ការ​លួច​នាំ​ចូល​សត្វ​ជ្រូក ដោយ​ខុសច្បាប់ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​។

បើ​តាម​លោក​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏​បាន​បញ្ជាក់​ថា សព្វថ្ងៃ​សមាគម​បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួងកសិកម្ម​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ធ្វើ​យ៉ាងណា​ព្យាយាម​ផ្តល់​បច្ចេក​ថ្មី​ៗ​ដល់​អ្នក​ចិញ្ចឹមសត្វ​ទាំងអស់ ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ផ្គត់ផ្គង់​សត្វ​ក្នុងស្រុក​បាន​គ្រាន់ ដើម្បី​ឈាន​ដល់​ការ​បញ្ឈប់​ការ​នាំ​ចូល​សត្វ​ពី​ក្រៅ​តែ​ម្តង​។

នា​ពេល​ថ្មី​ៗ​នេះ​ដែរ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ បាន​ប្រកាស​ថា បាន​បញ្ជារ​ឲ្យ​បិទ​ការ​នាំ​ចូល​សត្វ​ជ្រូក និង​មាន់ ៥០​ភាគរយ ដើម្បី​ជំរុញ​បង្កើន​សមត្ថភាព​ចិញ្ចឹមសត្វ​ក្នុងស្រុក ។ ក្រសួងកសិកម្ម​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជា​កសិករ​ប្រកប​របរ​កសិកម្ម ងាក​មក​ចាប់អារម្មណ៍​ប្រកប​របរ​ចិញ្ចឹមសត្វ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល និង ការ​ធ្វើ​ចំណាកស្រុក​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​សត្វ​ដូច​ជា ការ​ចិញ្ចឹម​គោ និង​ក្របី មាន​លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក​ជាង ៩​ម៉ឺន​តោន ឬ​ប្រមាណ​ជាង ៨២​ម៉ឺន​ក្បាល ដែល​នាំ​យក​មក​ពី​កសិដ្ឋាន​ចំនួន ៣៧​កន្លែង ឬ​ស្មើ​ប្រមាណ​១​ម៉ឺន​ក្បាល និង​នៅ​តាម​កសិករ​ចិញ្ចឹម​៣​លាន​ក្បាល​។

 ចំណែក​ការ​ចិញ្ចឹម​ជ្រូក​វិញ មាន​លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក ១០​ម៉ឺន​តោន ឬ​ប្រមាណ ២​លាន​ក្បាល ដែល​នាំ​មក​ពី​កសិដ្ឋាន ៥៣០​កន្លែង ឬ​ស្មើនឹង​ប្រមាណ​ជាង ១​លាន​ក្បាល និង​មក​ពី​កសិករ​ចិញ្ចឹម​ជាង ១​លាន​ក្បាល​។ចំពោះ​ការ​ចិញ្ចឹម​បក្សី លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក​ជាង ៤​ម៉ឺន​តោន ឬ​ស្មើនឹង​ប្រមាណ​ជាង ៤០​ក្បាល ដែល​នាំ​មក​ពី​កសិដ្ឋាន ៨២៤​កន្លែង ឬ​ស្មើ​ប្រមាណ​ជិត ១៣​លាន​ក្បាល ដែល​នាំ​មក​ពី​កសិករ​ចិញ្ចឹម​ជិត ២៨​លាន​ក្បាល ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អត្រាអត់ការងារនៅអាមេរិកនឹងកើនឡើងដល់ ២០% ក្នុងខែឧសភានេះ

ព័ត៌មាន
សេដ្ឋកិច្ចវិទូជាន់ខ្ពស់ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានអាមេរិក បានគូសបញ្ជាក់ថា អត្រាអត់ការងារនៅអាមេរិក អាចនឹងកើនដល់ ២០% ក្នុងខែឧសភាន…

អគារThe Bridge ចាប់ផ្តើមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ព័ត៌មាន
អគារ The Bridge ដែលជាគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅចំកណ្តាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការណ៍បង្ការនានាដើម្បីធានាថា ទីតាំងរបស់ខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ