ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ

ចិន​និង​ជប៉ុន​កំពុង​ជួយ​សម្រេច​មហិច្ឆតា​សាងសង់​ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​នៅ​កម្ពុជា


មន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងនាពេលថ្មីៗនេះថា ប្រទេសចិន និងជប៉ុនកំពុងជួយសម្រេចមហិច្ឆតាក្នុងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា ដោយចំណាយទឹកប្រាក់ រាប់ពាន់លានដុល្លារនៅកម្ពុជា។
ស្ពាន​ជ្រោយ​ចង្វាទីពីរ នៅ​រាជ​ធានី​ភ្នំពេញ។
ដោយ

ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធផ្លូវ និងស្ពាន​ជាសរសៃឈាម​ដ៏សំខាន់​របស់​កម្ពុជា ក្នុង​ការ​តភ្ជាប់​ផ្ទៃក្នុង​ប្រទេស ជំរុញ​សេដ្ឋកិច្ច និង​សម្រួល​ដល់ការ​ធ្វើដំណើរ។ ជាក់ស្តែង នៅពេលថ្មីៗ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បាន​ប្រាប់​សាព័ត៌មាន​ក្នុងស្រុក​ថា ​ប្រទេសចិន ​បាន​កំពុង​ក្លាយទៅជា​ប្រទេស​ដ៏ធំមួយ ដែលបាន​ជួយ​សម្រេច​មហិច្ឆតា​ក្នុងការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ និងស្ពាន ដែលគិត​ជាទឹកប្រាក់​សរុប​ជាង ២.៧០០ លានដុល្លារ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្ន​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយ​ឥតសំណង​របស់​មិត្ត​ចិន បានសាងសង់​រួចរាល់​មាន​ចំនួន ២៧ខ្សែ ដោយប្រើប្រាស់​ថវិកា​ប្រមាណ ១.៦៣៦ លាន​ដុល្លារ​អាមេរិក ខណៈ គម្រោង​កំពុង​សាងសង់​មាន​ចំនួន ៥ខ្សែ ដោយប្រើប្រាស់​ថវិកា​ប្រមាណ ជាង ៧៥៨​លាន​ដុល្លារ​អាមេរិក។

ជាងនេះទៀត គឺស្ពានធំៗ ដែល​សាងសង់​រួច​ចំនួន ៨ស្ពាន​ផ្សេងទៀត ប្រើប្រាស់​ថវិកា ២៣៣​លាន​ដុល្លារអាមេរិក និង​ស្ពាន​កំពុង​សាងសង់ ដូចជា​ស្ពានមិត្តភាព​កម្ពុជា-ចិន ​ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់​ទន្លេ​បាសាក់ នៃគម្រោង​ខ្សែ​ក្រវាត់​ក្រុងទី៣ ជាដើម ប្រើប្រាស់​ថវិកា​ប្រមាណ ១១៣​លាន​ដុល្លារអាមេរិក។

ដូចគ្នាទៅនឹង​ប្រទេស​ចិនដែរ ជប៉ុន​ក៏ជាប្រទេស​ដែលកំពុង​ចូលរួម​ជួយ​សម្រេច​មហិច្ចតា​ក្នុងការ​អភិវឌ្ឍ​ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ និងស្ពាននៅ​កម្ពុជា។ តួយ៉ាង តាមការ​លើកឡើង​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុង​ពិធី​ទទួល​គ្រឿង​ចក្រ​សាងសង់ ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នាថ្ងៃទី១២ តុលា ២០២០​នេះ​បានគូសបញ្ជាក់ថា ​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥតសំណង​ចំនួន​ ១៨៩លានដុល្លារ សាងសង់​អភិវឌ្ឍន៍​ផ្លូវចំនួន​៣ខ្សែមានផ្លូវ​ជាតិ​លេខ ១ផ្លូវលេខ ៦ និងផ្លូវលេខ៧ និងស្ពានធំៗ​ដែលបាន​សាងសង់​រួចមាន​ស្ពាន​គីហ្សូណា ស្ពាន​ទីបាហ្សា ចំណាយ​ថវិកា​ប្រមាណ ១៨៦លានដុល្លារ និងជួសជុល​ស្ពាន​ជ្រោយចង្វា ជាមួយ​នឹង​ថវិកា ៣០​លានដុល្លារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី​បន្ថែមថា បច្ចុប្បន្ន ជប៉ុន​កំពុងផ្តល់​ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​សាងសង់​ស្ពានឡើង​វិញ​បន្ទាន់ នៅតំបន់​ប្រឈម​ទឹកជំនន់ ចំនួន៧ ស្ថិតនៅ​ក្នុង​ខេត្ត​ព្រៃវែង និងក្រចេះ ​ចំណាយ​ថវិកាប្រមាណ ៣៥លាន​ដុល្លារ និងផ្លូវជាតិ​លេខ ៥ ដែលនឹង​កំពុង​សាងសង់ គឺជា​ឥណទាន​សម្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុងទំហំ​ទឹកបា្រក់ ៥០០​លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅអំឡុងគ្រោះទឹកជំនន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់សមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវនៅជិតទីតាំងស្រែកំពុងជួបរងគ្រោះដោយសារទឹកជំនន់ទាំងអស់ ឲ្យជួ…

កម្ពុជា​ប្រមូល​ពន្ធ​ពីកាស៊ីណូ​និង​ឆ្នោត​បាន​ជាង ៣៤​លាន​ដុល្លារ​ក្នុង​រយៈពេល​៦ខែ

ព័ត៌មាន
ចំណូល​កាតព្វកិច្ច​ពន្ធ​ពី​កាស៊ីណូ​និង​ឆ្នោត​នៅ​កម្ពុជា​ប្រមូល​បាន​ជាង ៣៤​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ ស្មើនឹង​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ