ពលករ​បរទេស​ នៅជប៉ុន

រដ្ឋាភិបាល ចិន និងវៀតណាម សម្រុកបញ្ជូនពលករចេញទៅធ្វើការនៅជប៉ុនកាន់តែច្រើន


ក្នុងចំណោម ពលករបរទេសដែលធ្វើការនៅប្រទេសជប៉ុន១៥ ប្រទេស ពលករជនជាតិ និងវៀតណាម គឺឈរក្នុងលំដាប់លេខ១ និងលេខ ២ ដែលបានចូលទៅធ្វើការនៅប្រទេសជប៉ុនច្រើនជាងគេបំផុត ខណៈដែលកម្ពុជា គឺឈរក្នុងលំដាប់លេខរៀងទី ៧។ នៅ៥ឆ្នាំខាងមុខនេះ ប្រទេសជប៉ុនរំពឹងថា នឹងមានពលករប្រទេសចូលមកធ្វើការប្រមាណ ៣៤ម៉ឺននាក់ បន្ថែមទៀត ខណៈដែលចិន និងវៀតណាមកំពុងសម្រុកបញ្ជូនពលករចូលមកធ្វើការនៅជប៉ុនកាន់តែច្រើន។
រដ្ឋាភិបាល ចិន និងវៀតណាម សម្រុកបញ្ជូនពលករចេញទៅធ្វើការនៅជប៉ុនកាន់តែច្រើន (https://asia.nikkei.com/)
ដោយ

របាយការណ៍ ពី​រាជរដ្ឋាភិបាល​​ជប៉ុន ដែលបាន​បង្ហាញ​​នៅក្នុង​​សារព័ត៌មាន​ជប៉ុន Asian Nikkei Review បានឲ្យ​ដឹងថា​ ចំនួន​​ពលករ​​បរទេស ​ដែលធ្វើការនៅ​ប្រទេសជប៉ុន​ បច្ចុប្បន្ន បានកើន​ឡើងខ្ពស់​​បំផុត​មិនធ្លាប់​មានឡើយ រហូតដល់ ជាង​ ១,​៤លាននាក់ ដែល​មានកំណើន​​២ដង គិតត្រឹម​៥ឆ្នាំចុងក្រោយនេះ ខណៈដែល​​ប្រទេស​ជប៉ុន កំពុងប្រឈម​​នឹង​កង្វះកម្លាំងពលកម្ម។

បើមើលទៅ​លើ​របាយការណ៍ ឃើញថា ពលករចិន និងវៀតណាម គឺ​ឈរ​ក្នុងតំណែង​​លេខ​រៀង​ទី ១ និង​លេខ២ ដែលបាន​បញ្ជូន​ពលករ​​ទៅធ្វើការ​នៅជប៉ុន​ច្រើនជាង​គេបំផុត។​ តួយ៉ាង គិត​នៅត្រឹម​ខែ​​តុលា​​ឆ្នាំ ២០១៨ ពលរជនជាតិ​ចិន ​​ដែលធ្វើការ​នៅជប៉ុន​​មាន​​ជិត​ ៤០​ម៉ឺននាក់ ស្មើនឹង​​ប្រមាណ ​២៧% នៃចំនួន​ពលករ​​បរទេស​សរុប​​​ដែលធ្វើការ​នៅជប៉ុន។ រីឯ ពលករ​វៀតណាម​វិញ មាន​ប្រមាណ​ជាង ៣១​ម៉ឺននាក់ ស្មើនឹង​​២២% នៃពលករ​បរទេស​សរុប។ បន្ទាប់មក គឺពលករ​ពីជនជាតិ​​ភីលីពីន ឈរ​លំដាប់​​លេខ​៣ មានប្រមាណ​​១៦ម៉ឺន​នាក់ ស្មើនឹង​​១១% ។ 

របាយការណ៍ បាន​បង្ហាញទៀតថា បើ​មើលទៅ​លើ​អត្រា​​កំណើន​​ប្រចាំឆ្នាំ នៃចំនួន​​ពលករ​​គិតជា​ភាគរយ​ ឃើញថា ពលករ​​វៀតណាម គឺមាន​កំណើន​​ខ្ពស់ជាង​គេ​ ពោលគឺចំនួន​ពលករ​វៀតណាម​បាន​កើនឡើង​ ៣២% ឯណោះ បើធៀប​នឹង​​ឆ្នាំមុន។

ដោយឡែក បើតាម​​របាយការណ៍​ពី​ក្រសួ​ងការងារ​ និងបណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ កម្ពុជា បាន​ឲ្យដឹងដែរ​ថា គិត​ត្រឹម​​ដើម​ឆ្នាំ​២០១៩នេះ កម្ពុជា ​បាន​បញ្ជូន​​ពលករ​ កម្មសិក្សាការី​​ទៅធ្វើការ​​នៅ​​ប្រទេស​​ជប៉ុន ​មានចំនួន​ ប្រមាណ​​ជិត ១ម៉ឺន​នាក់ និងឈរ​​ក្នុង​លំដាប់​លេខ​រៀងទី ៧ នៃចំនួន​​ពលករ​​បរទេស​ ទាំង​១៥ ប្រទេស។ 

ក្នុងចំណោម​​ពលករ​​ពីក្រៅ​ប្រទេស​ទាំងអស់ ដែលធ្វើការ​នៅ​ជប៉ុន មាន​លើស ៤៣ម៉ឺននាក់ ឬស្មើនឹង​​៣០% ​គឺធ្វើការ​​នៅ​ក្នុង​ឧស្សាហកម្ម​​ផលិត និង​មាន​​ប្រមាណ ១៤% ទៅ ១៧% ផ្សេង​ទៀត គឺធ្វើការ​ក្នុង វិស័យ​​លក់រាយ និងសេវាកម្ម​ម្ហូប​អាហារ​ និងភេសជ្ជៈ។

ដ្បិតតែ ចំនួន​ពលករ​​បរទេស​​មាន​ការកើន​ឡើងជា​លំដាប់​​ក៏ពិតមែន ប៉ុន្ដែ ចំនួននេះ គឺនៅ​តែ​មាន​​ចំណែក​តូចនៅ​ឡើយ​ បើធៀប​នឹង​កម្លាំង​ពលកម្ម​​ក្នុងស្រុក​​​របស់​ជប៉ុន ពោលគឺ​​មាន​ប្រមាណ តែ ២% ប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា កាលពី​ពេលថ្មីៗ​នេះដែរ រាជ​រដ្ឋាភិបាល​​ជប៉ុន ក៏ទើបតែ​​បាន​​សម្រេច​​អនុម័ត​ច្បាប់​ថ្មី​​ទាក់ទង​​នឹងពលករ​​បរទេស​នេះដែរ ដោយ​នឹង​ត្រូវ​​ចូលជាធរមាន​​នៅ ​ខែ​មេសា​ខាងមុខនេះ ហើយបើតាម​​ការប៉ាន់​ស្មាន​​របស់​រាជរដ្ឋាភិបាល​​ប្រទេស​នេះ ច្បាប់ថ្មីនេះ អាចនឹងលើក​ទឹកចិត្ត​ឲ្យពលករ​ពីក្រៅ​ប្រទេស​ ​ចូលមក​ធ្វើការ​ក្នុងប្រទេស​ជប៉ុន​​កាន់តែ​ច្រើន​ឡើង​ថែមទៀត ពោលគឺ​អាចមាន​​លើស​ពី ​៣៤​ម៉ឺន​នាក់ គិត​ត្រឹម​​រយៈពេល ៥ឆ្នាំ​បន្ទាប់​នេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកខ្ចីបុលពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កើនឡើងដល់ជាង ៤លាននាក់

ព័ត៌មាន
ឆ្នាំ២០១៨កន្លងទៅ ចំនួនអ្នកខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ជាង ជាង ៤លាននាក់ ដែលមានចំនួនទឹកប្រាក់កម្ចីសរុបប្រមា…

អ្នកជំនាញ បង្ហើប​ពីគន្លឹះទិញ​ផ្ទះបង់រំលស់​ជាមួយហានិភ័យទាប

ព័ត៌មាន
បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការបង់រំលស់ផ្ទះ គឺមានការ ពេញនិយមពីប្រជាពលរដ្ឋកម្ពុជា ដោយបានជំរុញការសាងសង់លំនៅដ្ឋានជាលក្ខណៈបុរីក៏មានការ រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ