សេដ្ឋកិច្ចចិន​ឆ្នាំ២០១៩ ថមថយកំណើន

កំណើន​សេដ្ឋកិច្ចចិន ឆ្នាំ២០១៩ ថមថយមកនៅទាបបំផុតនៅក្នុងរយៈពេល ៣០ឆ្នាំមកនេះ


សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០១៩នេះ មានភាពចុះខ្សោយ ដោយធ្លាក់ចុះកំណើនមកនៅទាបបំផុតគិតត្រឹមរយៈពេល ៣០ឆ្នាំមកនេះ ដោយសារតែម្រូវការក្នុងស្រុកមានការថយចុះ និងភាពតានតឹងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក នេះបើតាមរបាយការណ៍ផ្លូវការមួយ ដែលបានចេញផ្សាយនៅថ្ងៃនេះ។
រដ្ឋាភិបាលចិន ដាក់លក់សញ្ញាបណ្ណ នៅម៉ាកាវ តម្លៃជិត ៣០០ លានដុល្លារអាមេរិក (រូបភាព៖ https://www.brecorder.com)
ដោយ

បើតាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិជាតិរបស់ចិន​បានឲ្យដឹងថា កំណើនសេដ្ឋកិច្ច​របស់ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទី២នេះ សម្រេចបានត្រឹមតែ៦,១% ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៩កន្លង​ទៅនេះ ដែលវា​គឺជា​កំណើនមួយ​ទាប​បំផុត បើ​គិតតាំងពីឆ្នាំ១៩៩០​មក។

តួលេខកំណើននេះដែរ គឺត្រូវគ្នា​នឹង​ការព្យាករ​របស់អ្នកវិភាគ​ដែលមកពីស្ថាប័ន​ល្បីៗ ហើយវាក៏ស្ថិតនៅក្នុង​គោលដៅ​កំណត់​ផ្លូវការ​របស់​ទីក្រុង​ប៉េកាំងដែរ ដែលបានព្យាករកំណើនសេដ្ឋកិច្ចចិនថា នឹងមានអត្រា ៦% ទៅ៦,៥%។ ប៉ុន្ដែ កំណើន​សេដ្ឋកិច្ច​ចិន​កាលពីឆ្នាំ២០១៩នេះ ត្រូវបានគេមើលឃើញថា គឺមានទាប​ជាងកំណើន ៦,៦% ដែលមាន​នៅក្នុង​ឆ្នាំ២០១៨ ពោលគឺ បាន​ធ្លាក់ចុះ ០,៥% ហើយជាកំណើន​មួយទាបបំផុត​ក្នុងរយៈពេល​៣០ឆ្នាំមកនេះ។ 

លោក​ នីង ជីស ស្នងការ​ការិយាល័យស្ថិតិជាតិ​ បាន​ឲ្យដឹងថា ជាទូទៅ​សេដ្ឋកិច្ចរបស់ចិន បានទ្រទ្រង់​នូវស្ថិរភាព​នៃកំណើន​នៅក្នុងឆ្នាំ២០១៩។ យ៉ាងណាក៏ដោយចុះ លោក​បញ្ជាក់ថា គេក៏គួរតែទទួល​ស្គាល់ដែរថា កំណើនសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​សកល​កំពុង​មានការ​ធ្លាក់ចុះ។ ក្នុងនោះ មានហេតុផល​ច្រើនយ៉ាងណាស់​ដែល​ធ្វើឲ្យ​មាន​អស្ថិរភាព​ និង​ហានិភ័យ ចំពោះសេដ្ឋកិច្ច​សកល ក្នុងការរងនូវ​សម្ពាធធ្លាក់ចុះ។

របាយការណ៍ពីកំណើន​សេដ្ឋកិច្ចចិននេះ គឺត្រូវបានចេញផ្សាយ​បន្ទាប់មាន​ការហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាលទី១ រវាង​អាមេរិក និងចិន​កាលពី​ថ្ងៃពុធ ទី១៥ខែមករា​កន្លងទៅនេះ។ ក្នុងកិច្ចព្រមព្រៀងនោះ បានតម្រូវឲ្យ​ប្រទេសចិន​ទិញ​ទំនិញពីអាមេរិក​តម្លៃ ២០០ ពាន់លាន​ដុល្លារ​ក្នុងរយៈពេល ២ឆ្នាំ។ ខណៈដែលអាមេរិកវិញ ក៏បាន​យល់ព្រម​កាត់បន្ថយ​ពាក់កណ្ដាល​នៃពន្ធមួយចំនួន​ ដែលបាន​ដាក់​លើទំនិញចិន ប៉ុន្ដែ ពន្ធនៅតែមាន​លើ២ភាគ៣នៃទឹកប្រាក់ ៥០០ ពាន់លាន​ដុល្លារ ក្នុងការ​នាំចូលទំនិញ​ពីប្រទេស​ក្នុងតំបន់អាស៊ី។ 

ធនាគារពិភពលោក បាន​និយាយ​ក្នុងរបាយការណ៍​របស់ខ្លួន​ក្នុងខែមករានេះថា ការចុះខ្សោយ​នៃការនាំចេញ​ ក្នុងប្រទេសចិន បាន​ធ្វើឲ្យមាន​ផលប៉ះពាល់​ដល់​តម្រូវការ​ប្រើប្រាស់ក្នុងស្រុក។

ធនាគារពិភពលោក គូសបញ្ជាក់ទៀតថា គោលនយោបាយ​មិនច្បាស់លាស់ និង​ការដំឡើងពន្ធ​លើការនាំចេញ​ទៅអាមេរិក ក៏ជាកត្តាជំរុញ​ដល់ការ​​ប៉ះពាល់​ចំពោះ​សកម្មភាព​ផលិតកម្ម និង​សតិអារម្មណ៍​អ្នកវិនិយោគផងដែរ។

ប៉ុន្ដែ ក្រុមអ្នកវិភាគវិញ​មើលឃើញថា ការធ្លាក់ចុះនៃកំណើន​សេដ្ឋកិច្ចចិន គឺមានលក្ខណៈ​ជារចនាសម្ព័ន្ធ ព្រោះថា​ ចិន​បានក្លាយមក​ជាប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍កាន់តែច្រើនឡើងហើយ ហើយ​ក៏​ត្រូវប្រឈម​នឹង​បញ្ហា​ប្រជាសាស្ត្រ ដូចជា​ចំនួន​ប្រជាជន​គ្រប់អាយុ​ចូលធ្វើការ​គឺកាន់តែមាន​តិចទៅៗ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ហាមយកឈ្មោះលោកប្រើ ដើម្បីដាក់ឈ្មោះឲ្យស្ពាន និងសម្បត្តិរដ្ឋផ្សេងទៀត!

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញការមិនពេញចិត្ត ចំពោះយកឈ្មោះរបស់លោក ដាក់ឲ្យឈ្មោះស្ពានមួយកន្លែង ដែលតភ្ជាប់រវាងតំបន់ដីគ…

វៀតណាម បន្តចម្រាញ់យកការវិនិយោគដែលមានគុណភាព ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ

ព័ត៌មាន
រដ្ឋមន្រ្តីនៃក្រសួងផែនការ និងវិនិយោគវៀតណាម បានប្រកាសក្តែងៗជាថ្មីថា នឹងបន្តជ្រើសរើសការវិនិយោគដោយផ្ទាល់ពីបរទេស ដែលប្រកបដោយគុណភាព ប្រើប្រាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ