សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និងចិន កាន់តែ​ឆេះឆួល?

ចិនប្រកាសជំហរឈប់បញ្ជាទិញផលិតផលកសិកម្មពីអាមេរិក


បន្ទាប់ពីលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងដោយចោទចំៗទៅកាន់ចិនថា មិនព្រមទិញផលិតផលកសិកម្មពីអាមេរិកក្នុងចំនួនច្រើនដូចការសន្យាកាលពីកិច្ចប្រជុំលើកមុននោះ នៅពេលនេះ រដ្ឋាភិបាលចិនបានបញ្ជាក់ថា ក្រុមហ៊ុនចិន បាន​បញ្ឈប់ការបញ្ជាទិញ ផលិតផលកសិកម្មពីអាមេរិក ហើយក៏អាចនឹងដំឡើងពន្ធគយលើផលិតផលកសិកម្មនាំចូលពីអាមេរិកថែមទៀតផង។
ប្រធានាធិបតីចិន (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្ដាំ) (http://www.sundaynews.co.zw)
ដោយ

ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​អះអាង នៅ​ថ្ងៃ អង្គារ​ នេះថា ក្រុមហ៊ុន​ចិន​បាន​បញ្ឈប់ការទិញ​ផលិតផល​កសិកម្ម​ពីអាមេរិក ដែលវា​ជាការប៉ះពាល់​មួយ​ដល់​កសិករ​អាមេរិក ដែលត្រូវបាន​គេដឹង​ថា ការនាំចេញ​ផលិតផល​កសិកម្ម​របស់ពួកគេ​បាន​ធ្លាក់ចុះ​ជាងមួយឆ្នាំមកហើយ ដោយសារតែ​សង្គ្រាមពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ គឺអាមេរិក និងចិន។ នេះបើតាម​ការរាយការណ៍​ពីសារព័ត៌មាន Chanel News Asia នៅថ្ងៃនេះ។

បន្ថែមពីលើសពីការ​បញ្ឈប់​ការទិញ​ផលិតផល​កសិកម្មពីអាមេរិក​នេះទៀត ក្រសួង​ពាណិជ្ជកម្ម​ចិន ក៏បាន​បញ្ជាក់ដែរថា រដ្ឋាភិបាលចិន ក៏អាច​នឹង​ដំឡើងពន្ធគយ​បន្ថែម​លើ​ផលិតផល​កសិកម្មអាមេរិក​ផងដែរ។

ការ​ឈានដល់​ការបញ្ឈប់​ការបញ្ជា​ទិញ ផលិតផល​កសិកម្ម​ពីអាមេរិកនេះ គឺធ្វើឡើង​បន្ទាប់ពី​លោកត្រាំ បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុននេះ​ថា រដ្ឋាភិបាល​ក្រុងបេកាំង មិនបាន​គោរព​តាមសន្យា ទិញ​ផលិតផល​កសិកម្មអាមេរិក​ក្នុងចំនួន​ច្រើននោះទេ ហើយ​លោកត្រាំ ក៏បាន​ប្រកាស​នឹង​ដំឡើងពន្ធ​គយ​បន្ថែម​លើទំនិញចិន​ជាង​៣០០ ពាន់លាន​ដុល្លារអាមេរិក ចាប់ពីខែ​កញ្ញា​តទៅផងដែរ។ 

កាលពីថ្ងៃចន្ទ​ទី ០៥ សីហា​នេះដែរ ប្រទេសចិន បាន​ទម្លាក់តម្លៃ​លុយ​យន់​​របស់ខ្លួន​មកនៅ​កម្រិត​៧​យន់​ ក្នុង១ដុល្លារអាមេរិក​ដើម្បី​សម្រួល​ដល់​បញ្ហាទីផ្សារ​ដែល​កំពុងតានតឹង នឹងជា​ការវាយបកមួយ​ផងដែរ​ទៅលើ​ការ​គ្រោង​ដំឡើងពន្ធ លើទំនិញចិន ៣០០ ពាន់លាន​ដុល្លារអាមេរិក ពីសំណាក់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ិនតោន។ ការទម្លាក់ថ្លៃលុយយន់​របស់ចិននេះ ​ត្រូវបាន​គេមើលឃើញថា គឺជា​ការ​ទម្លាក់តម្លៃ​លើកទី១ហើយ នៅក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​ចុងក្រោយនេះ។

ជាការឆ្លើយ​តប​ភ្លាមៗ លោក ដូណាល់ត្រាំ បាន​ចាត់ទុក​ការ​ទម្លាក់តម្លៃលុយ​យន់​របស់ចិននេះថា ជាអ្នករៀបចំ​ឧបាយកល​រូបិយវត្ថុ ឬគេហៅថា Currency Manipulator ។ 

គួរបញ្ជាក់ដែរថា ពន្ធគយ​ដែល​ចិន​បាន​ដាក់​លើ​ផលិតផល​សណ្ដែកសៀង​អាមេរិក កាលពីពេល​កន្លងទៅ បានកាត់បន្ថយ​ការនាំចេញ​ផលិតផល​សណ្ដែកសៀងអអាមេរិក ជាច្រើន ហើយ​រដ្ឋាភិបាល​លោកត្រាំ ក៏បាន​សង​សំណង​ដល់​កសិករ​អាមេរិក ក្នុងរយៈពេល​ពីរឆ្នាំ​មកហើយ ជាមួយនឹង​ការ​ចំណាយ​ជារួម​ប្រមាណ ២៨ ពាន់​លាន​ដុល្លារអាមេរិក។

របាយការណ៍ពី​ការិយាល័យ​កសិកម្មអាមេរិក បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ កន្លងទៅ ចិន​បាននាំចូល​ផលិតផល​កសិកម្ម​អាមេរិក ប្រមាណ ៩ពាន់​លាន​ដុល្លារអាមេរិក។ 

យ៉ាងណាក៏ដោយចុះ ក្រសួងពាណិជ្ជកម្មចិន បាន​និយាយនៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួនថា ចិន​សង្ឃឹមថា អាមេរិក​នឹង​រក្សាពាក្យសន្យា​របស់ខ្លួន និងបង្កើត​នូវ​លក្ខខណ្ឌចាំបាច់​ សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម​កសិកម្ម ក៏ដូចជា​កិច្ចចរចា​ឈានទៅរក​ការបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមវិនិយោគនៅកម្ពុជា ប្រមាណ ៣៩ លានដុល្លារ នៅ៧ខែ ឆ្នាំនេះ

ព័ត៌មាន
គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩នេះ ប្រទេសវៀតណាម បានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣៩ លានដុល្លារអាមេរិក នៃការវិនិយោគទៅក្រៅប្រទេស…

រដ្ឋាភិបាល​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​៦​ថ្ងៃ, សហជីព​ថា បាត់​ប្រយោជន៍​កម្មករ

ព័ត៌មាន
រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី២ ខែ​សីហា​នេះ បាន​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៦​ថ្ងៃ សម្រាប់​ឆ្នាំ​២០២០ ដោយ​ឲ្យ​មាន​តែ ២២​ថ្ងៃ​ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ