ពាណិជ្ជកម្ម​សេរីតាមព្រំដែន

ចិន គ្រោងបង្កើត តំបន់​ពាណិជ្ជកម្ម​សេរីនៅជាប់​ព្រំដែន​ជាមួយ ថៃ-ឡាវ


ចិន គ្រោងនឹងបង្កើត តំបន់​ពាណិជ្ជកម្ម​សេរីរួមគ្នា ៣ប្រទេស​តែម្តង ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ក្នុងគោល​បំណង​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​ជាមួយ បណ្តា​ប្រទេស​ក្នុងតំបន់​មេគង្គ​នៃអាស៊ី​អាគ្នេយ៍ ហើយអ្នក​ជំនាញ​បានលើក​ឡើងថា​ យុទ្ធសាស្រ្តនេះ ក៏ជា​ការឆ្លើយ​តបទៅ​នឹង ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ សហរដ្ឋ​អាមេរិក​ផងដែរ។ នេះបើយោង​តាមការ​ចេញ​ផ្សាយ សារព័ត៌មាន​អន្តរជាតិ​ធំៗជា​ច្រើន ថ្មីៗនេះ។
នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អ៊ូចារ (ឆ្វេង) និងលោក ប្រធានាធិបតីចិន ស៊ី ជិនពីង (ស្ដាំ) (រូបភាព៖ www.foreignpolicy.com)
ដោយ

អ្វីដែល​ពិសេសជាង​នេះទៅ​ទៀត គឺទីក្រុង​ប៉េកាំង នឹង​លុបពន្ធ​នាំចូល និងពន្ធលើ​តម្លៃ​បន្ថែម​ (VAT) លើទំនិញ​ដែលនាំចូ​លពី បណ្តា​ប្រទេស ដែលមិន​ជាប់ព្រំដែន​ជាមួយ​ចិន។

ប្រធានា​ធិបតីចិន លោក ស៊ី ជីនពីង បាន​លើក​ឡើង​ដែរថា ប្រទេស​ចិន នឹង​នាំចូល ទំនិញ និងសេវាកម្ម ដែលមាន​តម្លៃ​ជាង ៤០ ទ្រី​លានដុល្លារ​អាមេរិក ក្នុង​រយៈពេល ១៥ឆ្នាំ​ខាងមុខ ពីបណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ ហើយនេះ​ជាយុទ្ធសាស្រ្ត កាត់​បន្ថយ ការធ្លាក់​ចុះនៃ​ពាណិជ្ជកម្ម​របស់​ចិន ដែល​ប៉ះពាល់​ដោយ​សារ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ អាមេរិក។

ក្នុង​ឆ្នាំនេះ ប្រទេសចិន បាន​ចាក់បញ្ចូល​ទឹកប្រាក់​ជាង ១លាន ៧សែនដុល្លារ ទៅក្នុង គម្រោងកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ហើយនា​ឱកាសនោះ ប្រទេសថៃ បាន​បង្កើត​ជាគំនិត​ផ្តួច​ផ្តើម ស្នើសុំពង្រីក តំប​ន់ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​ឡាវ និងចិន ឲ្យជាប់​ទៅនឹង ព្រំដែន​ប្រទេស​ថៃ តែម្តង។

តំបន់នេះ អាច​នឹងលាត​សន្ធឹងពី ទីក្រុង​ម៉ូហាន ប្រទេស​ចិន មកដល់​ទីក្រុង ឈៀងខុង ប្រទេសថៃ ឆ្លងកាត់​តាម ប្រទេស​ឡាវ ហើយ​កាល​ពីពេលថ្មីៗ​នេះ ប្រទេស​ចិន ក៏បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​ឡាវ ដើម្បី​សិក្សា​លើការ​សាងសង់​ផ្លូវដែក​ពី ទីក្រុង គុនមីង ប្រទេសចិន មកកាន់ ទីក្រុង ហួយសៃ ប្រទេសឡាវ និងហួស​ទៅដល់ ក្រុង ឈៀងខុង ប្រទេសថៃ តែម្តង។

សម្រាប់ តំបន់​ភាគខាង​ត្បូង​ប្រទេស​ចិន ដែលមាន​ព្រំដែនជាប់​ប្រទេស​ថៃ និងឡាវ​នោះ គឺមាន​ប្រជាជន​សរុប​ជាង ៤៧លាននាក់ និងមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជាង ២០០លានដុល្លារ​អាមេរិក ដែលមាន​កំណើន​ប្រមាណ ៨ភាគរយ​ក្នុង​មួយឆ្នាំ​​​។

ឧបនាយក​រដ្ឋមន្រ្តីថៃ លោក សោមគីត ចតុស្រីបិតក បានលើក​ឡើង​ដែរថា ប្រទេស​ថៃ គាំទ្រយ៉ាងពេញ​ទំហឹង ចំពោះ កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​ចិន ដែលបានកែ​ទម្រង់​យ៉ាង​ស៊ីជម្រៅ  និង​ជំរុញ​សហប្រតិបត្តិការ​រវាង បណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ ក៏ដូចជា​ពិភពលោក​ទាំង​មូល​ផងដែរ។

លោក សោមគីត ជឿជាក់ថា បន្ទាប់ពី​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរីនេះ ចំនួន​វិនិយោគិន​ចិន នឹងបន្ត​ចូលមក​វិនិយោគ​បន្ថែម​ទៀតក្នុង​ប្រទេស​ថៃ ពីព្រោះ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចិនជាច្រើន កំពុង​វិនិយោគ នៅក្នុង​ប្រទេសថៃ ស្រាប់ហើយ។

គួរជម្រាបដែរថា ប្រទេសថៃ នឹងដឹក​នាំកិច្ច​ពិភាក្សាជា​បន្តបន្ទាប់​ទៀត ជាមួយ​នឹងប្រទេស​ចិន និងប្រទេស​ឡាវ ដើម្បី​បញ្ចប់​គម្រោង​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ ដែល​រំពឹងថា គម្រោងនេះ អាចនឹង​បញ្ចប់​ទាំង​ស្រុង ក្នុង​ពេល​ ២- ៣ឆ្នាំខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូល ៣ សម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ព័ត៌មាន
នៅក្នុងបណ្តាប្រទេសទាំង ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសកំពូលៗចំនួន ៣ ត្រូវបានជ្រើសរើសជាប្រទេសគោលដៅល្អបំផុត សម្រាប់ការវិនិយោគនៅក្នុងវ…

ប្រទេស​ណាខ្លះ​ជាប់ចំណាត់​ថ្នាក់​ជាប្រទេស​ចំណូល​មធ្យម​ទាំង ១០ នៅ​អាស៊ី​បូព៌ា?

ព័ត៌មាន
ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមទាំង ១០ នៅអាស៊ីបូព៌ា ដែលភាគច្រើនប្រាថ្នា ចង់បានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ