សេដ្ឋកិច្ចចិនថមថយចុះខ្លាំង

សេដ្ឋកិច្ចចិនថមថយចុះខ្លាំងកាលពីខែមេសា ប៉ុន្ដែរដ្ឋាភិបាលរំពឹងថា កំណើននឹងស្ទុះងើបឡើងវិញនៅខែឧសភានេះ


សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបានថមថយចុះខ្លាំងកាលពីខែមេសាកន្លងទៅនេះ ខណៈដែលការពង្រីកវិធានការបិទខ្ទប់ទីក្រុងសំខាន់ៗ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បានបង្ខាំងឲ្យកម្មករ និងពលរដ្ឋដែលជាអ្នកប្រើប្រាស់ ត្រូវស្នាក់នៅក្នុងផុះ្ទ ហើយបញ្ហានេះ បានធ្វើឲ្យមានផលរំខានយ៉ាងធ្ងន់ធ្ងរទៅដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងបង្កជាភាពអាប់អួទៅដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។
កំណើនការនាំចេញរបស់ចិនធ្លាក់ចុះកម្រិតទាប

ទោះ​យ៉ាងណា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា សេដ្ឋកិច្ច​ចិន​អាច​នឹង​មាន​សម្ទុះ​ងើបឡើង​វិញ នៅ​ខែឧសភា​នេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន CNA​។

វិធានការ​បិទ​ខ្ទប់​ទាំងស្រុង ឬ​ដោយ​ផ្នែក​ត្រូវ​បាន​ដាក់​នៅ​តាម​ទីក្រុង​សំខាន់​ជា​ច្រើន​នៅ​ទាំង​ប្រទេស​ចិន​ក្នុង​អំឡុង​ខែមីនា និង​ខែមេសា រួម​ទាំង​ការ​បិទ​ខ្ទប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង​សៀង​ហៃ​រយៈពេល​យូរ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម និង​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន ហើយ​វា​ក៏​បន្ថែម​នូវ​ហានិភ័យ​ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​សកល ដែល​មានការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន​ផង​ដែរ​។

ការ​លក់រាយ​នៅ​ក្នុង​ខែមេសា​បាន​ធ្លាក់​ចុះ​ជាង ១១% បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ច្រើន​បំផុត​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០២០​មក​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​។

ផលិតកម្ម​រោងចក្រ​កាលពី​ខែមេសា​នៅ​ក្នុង​ប្រទេស​ចិន​វិញ ក៏​បាន​ដាំ​ក្បាល​ចុះ​ជិត​៣%​ដែរ បើ​ធៀប​នឹង​កាលពី​ឆ្នាំ​មុន ដែល​វា​បាន​ធ្វើ​ឲ្យ​ក្ដី​រំពឹង​ទុក​សម្រាប់​កំណើន​មានការ​ស្រពិចស្រពិល ហើយ​ការ​ធ្លាក់​ចុះ​កាលពី​ខែមេសា​កន្លង​ទៅ​នេះ គឺជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២០​មក ដោយសារ​តែ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​បង្អាក់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​។

អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ព្រមាន​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន​ថ្មី​ៗ​នេះ អាច​មាន​ខ្លាំង​ជាង អ្វី​ដែល​គេ​បាន​មើលឃើញ​កាលពី​អំឡុង​ផ្ទះ​រាលដាល​កូ​វី​ដ​១៩​កាលពីដើម​ឆ្នាំ​២០២០​ទៅ​ទឿ​ត ដោយសារ​តែ ការ​នាំ​ចេញ​មិន​ទំនងជា​នឹង​កើនឡើង​ខ្ពស់​ជាង​មុន​នោះ​ទេ ហើយ​អ្នក​រៀបចំ​គោលនយោបាយ​របស់​ចិន ក៏​មានការ​ដាក់​កំហិត​លើ​ជម្រើស បង្កើន​សម្ទុះ​ជំរុញ​កំណើនសេដ្ឋកិច្ច (Stimulus options) ផង​ដែរ​។

ជាមួយ​គ្នា​នេះ ចំពោះ​ការ​លក់​រថយន្ត​នៅ​ប្រទេស​ចិន​ក្នុង​ខែមេសា​បាន​ធ្លាក់​ចុះ ជិត​៥០%​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន ខណៈ​ដែល​គ្មាន​រថយន្ត​នៅ​បន្ទប់​ដាក់​តាំង និង​កង្វះ​គ្រឿងបន្លាស់​។

បញ្ហា​ទីផ្សារ​ការងារ​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ ខណៈ​ដែល​មេដឹកនាំ​ចិន​បាន​ផ្តល់​អាទិភាព​សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច និង​សង្គម​។ អត្រា​គ្មាន​ការងារ​ធ្វើ​ដោយ​តាម​ការ​ស្ទង់​មតិ​ទូ​ទាំង​ប្រទេស​ចិន​បាន​បន្ត​កើនឡើង​ពី ៥,៨% ដល់​កម្រិត ៦,១%​នៅ​ក្នុង​ខែមេសា ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មួយ​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២០ ដែល​ពេល​នោះ​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​កម្រិត ៦,២%​។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ១៦​ឧសភា​នេះ ចេញ​មក​អះអាង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ខែឧសភា​នេះ ហើយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការ​ប្រើប្រាស់​ទំនិញ​នឹង​មាន​ល្បឿន​លឿន​។

លោក Fu Linghui មន្ត្រី​នាំពាក្យ​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​ជំរុញ​ជា​បន្តបន្ទាប់​ឱ្យ​បន្ត​ផលិតកម្ម​ឡើង​វិញ​នៅ​ក្នុង​តំបន់​ដែល​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ​១៩​។ មន្ត្រី​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​រក្សា​បាន​នូវ​និន្នាការ​ល្អ​នៅ​ក្នុង​រង្វង់​ត្រីមាស​ទី​ពីរ​នៅ​ឆ្នាំ​នេះ​។

ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​តួលេខ​ប្រហាក់ប្រហែល​ណាមួយ​ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ខែ​នេះ​ទេ​។

យ៉ាងណាមិញ ទីក្រុង​សៀង​ហៃ ដែល​ជាទី​ក្រុង​មានការ​បិទ​ខ្ទប់​រយៈពេល​យូរ​នោះ ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល អះអាង​ថា នឹង​ដក​ការ​បិទ​ខ្ទប់​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែមិថុនា​ខាង​មុខ​នេះ និង​រំពឹង​ថា ទីក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ចិន​មួយ​នេះ នឹង​វិល​មក​រក​ស្ថានភាព​ដូច​ធម្មតា​ឡើង​វិញ នៅ​ចុងខែ​មិថុនា ខណៈ​ដែល​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​ទីក្រុង​មួយ​នេះ បន្ដ​មានការ​ថយ​ចុះ ជា​លំដាប់ ពោល​គឺ​មក​នៅ​ក្រោម​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ាននឹងធ្វើការងារឆ្ពោះទៅរកការទទួលស្គាល់គ្នាពីលិខិតបញ្ជាក់វ៉ាក់សាំងជំងឺកូវីដ១៩

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីមកពីរដ្ឋជាសមាជិកអាស៊ានបានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅរកការទទួលស្គាល់គ្នាទៅវិញទៅមក ទាក់ទនឹងលិខិតបញ្ជា…

មជ្ឈមណ្ឌលទិន្នន័យតម្លៃ១លានដុល្លារ របស់ក្រសួងឧស្សាហកម្មត្រូវបានដាក់ឲ្យដំណើរការ

ព័ត៌មាន
មជ្ឈមណ្ឌលទិន្នន័យ ដែលក្រសួងបានវិនិយោគដោយប្រើប្រាស់ថវិកាផ្ទាល់ប្រហែល ១លានដុល្លារអាមេរិក ត្រូវបានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ