ផ្ទុះកូវីដ១៩នៅប្រទេសចិន

ផ្ទុះកូវីដ១៩ខ្លាំងឡើងវិញនៅចិន ធ្វើឱ្យតម្លៃទំនិញសាកលធ្លាក់ចុះ ខណៈការរឹតត្បិតក្នុងប្រទេសមួយនេះត្រូវពន្យារពេលយូរទៀត


តម្លៃទំនិញសាកលសំខាន់ៗពិសេសវត្ថុធាតុដើម បាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ខណៈប្រទេសចិន បានជួបនូវការផ្ទុះឡើងវិញការរីករាលដាលជំងឺកូវីដ១៩។ ការធ្លាក់ចុះនេះ ដោយសារតែប្រទេសចិន ជាទីផ្សារធំបំផុតសម្រាប់ទំនិញវត្ថុធាតុដើម ពោលគឺការបិទខ្ទប់ប្រទេសយក្សសេដ្ឋកិច្ចមួយនេះ ក៏បណ្តាលឱ្យតម្រូវការ និងតម្លៃទំនិញលើទីផ្សារសកល ធ្លាក់ចុះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
តម្លៃទំនិញសាកលសំខាន់ៗធ្លាក់ចុះ ដោយសារការផ្ទុះកូវីដ១៩ឡើងវិញនៅចិន

តម្លៃរ៉ែដែកបានធ្លាក់ចុះប្រហែល ៧៩ដុល្លារក្នុងមួយតោននៅទីផ្សារជួញដូរ Singapore Exchange នាដើមខែវិច្ឆិកានេះ ឬធ្លាក់ចុះ ១៥% បើធៀបនឹងដើមខែតុលា។ ចំណែកនៅទីក្រុងស៊ាហៃវិញ ប្រភេទដែករម៉ូ (hot-rolled coil steel) បានធ្លាក់តម្លៃក្រោម ៤៨៣ដុល្លារ ក្នុងមួយតោន ជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក។ ប្រទេសចិនមានចំណែករហូតដល់ ៧០% នៃពាណិជ្ជកម្មរ៉ែដែកសាកល ហើយតម្លៃរបស់ដែកគឺជាសូចនាករមួយសម្រាប់វាស់ស្ទង់សេដ្ឋកិច្ចរបស់ចិនទាំងមូលផងដែរ។

ក្រៅពីនេះ ទង់ដែងក៏បានធ្លាក់ចុះតម្លៃក្រោម ៨ពាន់ដុល្លារក្នុងមួយតោន សម្រាប់ការជួញដូរនៅ London Metal Exchange។ លោក Takayuki Homma ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Sumitomo Corporation Global Research បាននិយាយថា តម្លៃទង់ដែងកាលពីមុនបានកើនឡើង ដោយសារគេរំពឹងថា រដ្ឋាភិបាលចិននឹងដកចេញបន្តិចម្តងៗនូវគោលនយោបាយកូវីដសូន្យ។ ប៉ុន្តែវាបែរជាធ្លាក់ថ្លៃទៅវិញ ដោយសារផ្ទុះការឆ្លងរីករាលខ្លាំង។ យោងតាមទិន្នន័យរបស់រដ្ឋបាលគយប្រទេសចិន ឱ្យដឹងថា ការនាំចូលរបស់ចិន បានធ្លាក់ចុះ ០,៧% គិតត្រឹមខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានេះ វិស័យអចលនទ្រព្យក៏ទទួលរងគ្រោះផងដែរ ដោយការវិនិយោគលើវិស័យនេះ បានធ្លាក់ចុះ ៨% គិតពីខែមករា ដល់កញ្ញា។ នេះបើយោងតាមការិយាល័យស្ថិតិជាតិចិន។ ក្រុមហ៊ុនដែកថែបមួយ បានលើកឡើងថា តម្រូវការវត្ថុធាតុដើម ដូចជាដែកថែបនេះ ក៏នឹងថយចុះទៀតដែរ ដោយសារតែខ្វះវិធានការសេដ្ឋកិច្ច។ បើយោងតាមសមាគមដែកថែបពិភពលោក ផលិតកម្មដែកថែប បានធ្លាក់ចុះ ៣,៤% នៅក្នុងខែមករា ដល់ កញ្ញា ដោយសារតែតម្រូវការធ្លាក់ចុះ។ លោក Tatsufumi Okoshi សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Nomura Securities បានបង្ហាញក្តីសង្ឃឹមថា អត្រាកំណើនសេដ្ឋកិច្ចចិន នឹងចាប់ផ្តើមងើបឡើងវិញបន្តិចម្តង ប៉ុន្តែដោយសារតែការផ្ទុះជំងឺរាតត្បាត វានឹងធ្វើឱ្យថមថយតម្រូវការទំនិញសំខាន់ៗ ហើយតម្លៃក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ។

សូមបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះ ប្រទេសចិន បានចាប់ផ្ដើមរិតត្បិតវិធានការកូវីដតឹងរ៉ឹងឡើងវិញ ក្រោយពេលដែលជំងឺកូវីដ១៩បានឆ្លងរាតត្បាតខ្លាំង។ ហើយថ្មីៗនេះ មន្ត្រីជំនាញរដ្ឋាភិបាលចិនក៏បានចេញមកប្រកាសដែរថា ចិននឹងមិនលើកលែងគោលនយោបាយកូវីដដ៏តឹងរ៉ឹងរបស់ខ្លួននោះឡើយ ប៉ុន្ដែនឹងបន្ដធ្វើឲ្យវាប្រសើរជាងមុន៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ តើសម្តេចតេជោ បានមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលៗណាខ្លះ?

ព័ត៌មាន
ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបថ្នាក់ដឹកនាំរដ្ឋ/ប្រម…

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤៤ពាន់លានដុល្លារ កើនឡើងជិត ១៥% នៅរយៈពេល១០ខែឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៤ពាន់លានដុល្លារអាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ