ចិនទិញ​ខុនដូ​នៅ​កម្ពុជាច្រើន​ជាងគេ!

ជនជាតិ​ចិន​នាំមុខគេ​ក្នុង​ការទិញ​ខុនដូ​ទុក​ចំណេញ​នៅ​កម្ពុជា


ខណៈ​ដែល​ទីផ្សារ​ខុនដូ​ប្រណីតៗ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ជនជាតិ​ចិន​គឺ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ចំនួន​យ៉ាង​ច្រើន ក្នុង​ការទិញ​អចលនទ្រព្យ​ទាំង​នោះ​ដើម្បី​ធ្វើ​ការ​វិនិយោគ​ចំណេញ​បន្ត​នៅ​អនាគត​។ នេះ​បើ​យោង​តាម​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។
សំណង់​អគារ Gold Tower ៤២ជាន់ នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ អ្នក​ជំនាញ​អចលនទ្រព្យ ឲ្យ​ដឹងថា ជនជាតិ​ចិន​នាំមុខគេ​ក្នុង​ការទិញ​ខុនដូ​ទុក​ចំណេញ​នៅ​កម្ពុជា។ (រូបភាព៖ ហេង ភារម្យ)
ដោយ

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​តាមរយៈ​ការ​សម្ភាស​តាម​ទូរស័ព្ទ​នា​សប្ដាហ៍​នេះ​ថា ទីផ្សារ​ខុនដូ​ទើបនឹង​ចាប់ផ្តើម​ប្រជ្រៀត​ចូល​ទីផ្សារ​កម្ពុជា ក្នុង​រយៈពេល​ប្រហែល​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ អ៊ីចឹង​ភាគច្រើន​អ្នក​ដែល​ប្រើប្រាស់​ខុនដូ គឺ​ជា​ជនជាតិ​បរទេស​ដែល​មាន​ប្រមាណ​ជា ៧០​ភាគរយ។

លោក ច្រឹក សុខនីម បាន​និយាយ​ដូច្នេះ​ថា ៖ «អ៊ីចឹង ៧០​ភាគរយ​ជា​ជន​ជាតិ​បរទេស ហើយ ៣០​ភាគរយ​ជា​ជនជាតិ​ខ្មែរ ដែល​បាន​ទិញ​អចលនទ្រព្យ ជា​ពិសេស គឺ​ខុនដូ ហើយ​មួយ​ចំនួន​ធំ គឺ​អត់​ទៅ​នៅ​ទេ គឺ​គាត់​ទិញ​ទុក​ជួល»។

លោក ច្រឹក សុខនីម បាន​និយាយ​បន្ត​ថា ៧០​ភាគរយ​ដែល​ទិញ​ដោយ​បរទេស​នោះ គឺ​​មាន​ភាគ​ច្រើន ទី១ ជា​ជន​ជាតិ​ចិន ទី២ ជប៉ុន និង​ទីបី គឺ​ចម្រុះ​ជាតិ​សាសន៍​ដែល​ពួកគាត់​ធ្វើ​ការ និង​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក៏​ប៉ុន្តែ វា​មាន​រូបភាព​មិន​ល្អ​ខ្លះ នៅ​ពេល​ដែល​បរទេស​ទាំងនោះ​បាន​ទិញ​ខុនដូ​អស់ ហើយ​មិន​ចូល​មក​រស់នៅ​ដែល​លោក ច្រឹក សុខនីម បាន​ដាក់​ជា​ប្រភេទ​ថា «ខុនដូ​ខ្មោច»។

លោក ច្រឹក សុខនីម បាន​និយាយ​ដូច្នេះ​ថា ៖ «ជា​រូបភាព​តាម​ធម្មតា ខុនដូ​ហ្នឹង​លក់​អស់ ប៉ុន្តែ លក់​ឲ្យ​ជនជាតិ​បរទេស​ដែល​គាត់​អត់​បាន​មក​នៅ គេ​ហៅ​ថា ខុនដូ​ហ្នឹង​គឺ​ពេល​ល្ងាច​ឡើង ពេល​យប់​ឡើង ស្ងាត់​ជ្រងំ អត់​សូវ​មាន​ភ្លើង អ៊ីចឹង គឺ​ជា​ប្រភេទ​ខុនដូ​ខ្មោច»។ «សម្រាប់​ជនជាតិ​បរទេស ជួនកាល គាត់​ទិញ គាត់​ទុក​ចោល គាត់​អាង​មាន​លុយ​ច្រើន»។

លោក ច្រឹក សុខនីម បាន​អះអាង​បន្ត​ថា ដោយសារ​កត្តា​នេះ​ហើយ បាន​ជា​ម្ចាស់​ខុនដូ​​មួយ​ចំនួន គាត់​មិន​សូវ​ជា​ចង់​លក់​ឲ្យ​បរទេស​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​គាត់​ព្យាយាម​លក់​ឲ្យ​អស់​​លទ្ធភាព ជាមួយ​ខ្មែរ​ជាមុន​សិន ឬ​ក៏​គាត់​ទុក​មធ្យមភាគ​កម្រិត​ណា​មួយ​​ឲ្យ​ខ្មែរ​ដើម្បី​អាច​ទិញ​បាន ព្រោះ​ទោះ​បី​ជា​គាត់​នៅ មិន​នៅ​ក៏​ដោយ ថ្ងៃ​ណា​មួយ​គាត់​អាច​មក​ស្នាក់នៅ​បណ្តោះ​អាសន្ន។

យោង​តាម​ភ្នាក់ងារ​អចលន​ទ្រព្យ​បរទេស CBRE មាន​គម្រោង​ខុនដូ​ចំនួន​៨ ដែល​​មាន ២.២៣៤ យូនីត ត្រូវ​បាន​ធ្វើ​រួច​ហើយ ក្នុង​ត្រីមាស​ទី៤ ឆ្នាំ​២០១៨ ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​សរុប​មាន​ចំនួន​កើនឡើង ១៨,៩​ភាគរយ។ CBRE ជា​ភ្នាក់ងារ​អចលនទ្រព្យ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក ដែល​មាន​​ឯកទេស​ខាង​ការ​ស្វែងរក​ផ្ទះ​និង​អាផាតមិន ជួល​ការិយាល័យ និង​ផ្តល់​សេវាកម្ម​អចលន​ទ្រព្យ​ពាក់ព័ន្ធ​ផ្សេងៗ។


ទស្សនា​វីដេអូ៖ អ្នកជំនាញ​ប្រាប់ពីចំណុច​ត្រូវ​ប្រយ័ត្ន​ពេល​ទិញ​ខុនដូ! 


យោងតាម CBRE វិស័យ​ខុនដូ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​​ការ​ផ្គត់ផ្គង់​សរុប​កើន​ឡើង​ទ្វេដង ហើយ​ក៏​ត្រូវ​បាន​ព្យាករ​ថា នឹង​បន្ត​កំណើន​ក្នុង​ឆ្នាំ​២០១៩ ដោយ​អាច​មាន​ការ​ផ្គត់ផ្គង់​សរុប​ចំនួន ជាង ៣០.០០០ យូនីត ត្រឹម​ចុង​ឆ្នាំ​នេះ។

គិតត្រឹម​ត្រីមាស​ទី៤ ឆ្នាំ​២០១៨ យោងតាម CBRE គេ​ប៉ាន់​ប្រមាណ​ថា ការផ្គត់ផ្គង់​ខុនដូ​​ដែល​អភិវឌ្ឍ​ដោយ​ជនជាតិ​កម្ពុជា មាន​ចំនួន ៣៣​ភាគរយ តៃវ៉ាន់ ២៥,២​ភាគរយ ​ចិន ១៤,៨​ភាគរយ ជប៉ុន ១៣,៧​ភាគរយ កូរ៉េខាងត្បូង ១០​ភាគរយ និង​​សិង្ហបុរី ៣,៤​ភាគរយ។

លោក ច្រឹក សុខនីម បាន​និយាយ​បន្ត​ថា ទោះបីជាយ៉ាងណាក៏​ដោយ ការ​ទិញ​ខុនដូ​ដើម្បី​​ទុក​ចំណេញ​ នឹង​ហុច​ផល​ចំណេញ​នៅ​ថ្ងៃ​អនាគត ពីព្រោះ​តម្លៃ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង នៅធូរ​ថ្លៃ​ អ៊ីចឹង​នៅ​មាន​សក្តានុពល​ខ្ពស់​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមតែកន្លះខែប៉ុណ្ណោះ ឱនភាពពាណិជ្ជកម្មវៀតណាម មាន ១ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នេះ ពោលគឺកន្លះខែពេញ ឃើញថា ឱនភាពពាណិជ្ជកម្មវៀតណាម មានប្រមាណ ១ពាន់លានដុល្លារអាមេរិក ដែល…

ទីក្រុង​រណបថ្មី នា​ភាគ​ខាង​ត្បូង​​ភ្នំពេញ​​ លេច​រូបរាង​​ឡើង​កាន់​​តែ​លេចធ្លោ!

ព័ត៌មាន
ក្រោយ​ពី​សង់​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​សមិទ្ធផល​ដុំ​កំភួន​មួយ​នៃ​គម្រោង​ទីក្រុង​រណប ING City សម្រេច​រួច​រាល់ គេ​សង្កេត​ឃើញ​ថា គម្រោង​ធំៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ