វិនិយោគចិន-​វិស័យ​សំណង់

របាយការណ៍​វីដេអូ៖ តើ​វិនិយោគ​ចិន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ផលវិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?


ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​រីក​លូតលាស់​យ៉ាង​លឿន ពិសេស នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​តែម្តង។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​គម្រោង​សំណង់​សរុប​ប្រមាណ ៣០៥២​គម្រោង ដែល​មាន​ទុន​វិនិយោគ​ជាង ៦,៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។
គម្រោង​មជ្ឈមណ្ឌល Sino Plaza ជា​គម្រោង​វិនិយោគ​របស់​ចិន។
ដោយ

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល បាន​ថ្លែង​បញ្ជាក់​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ដំណើរការ​ល្អ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ជំនឿ​លើ​វិស័យ​នេះ​។

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «វិស័យ​អចលនវត្ថុ​នៅ​ឆ្នាំ​២០១៧ មាន​ដំណើរការ​ល្អ ព្រោះ ទាំង​អ្នក​វិនិយោគ និង​ម្ចាស់​អចលនវត្ថុ ពួកគាត់​មាន​ជំនឿ​លើ​វិស័យ​អចលនវត្ថុ​យើង។ ហើយ​ការ​ទិញ​ការ​លក់ ការ​ជួល និង​វិស័យ​សំណង់ គឺ​អត់​មាន​ធ្លាក់​ចុះ​នោះ​ទេ»។ 

លោក​ឧកញ៉ា​បន្ត​ថា ការ​កើន​ឡើង​នូវ​តម្លៃ​អចលនទ្រព្យ​លេច​ធ្លោ​ជាង​គេ​នៅ​ឆ្នាំ​២០១៧ គឺ​នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​វិនិយោគិន​ចិន​បាន​សម្រុក​មក​បោះទុន​វិនិយោគ​នៅ​ទីនោះ។ លើស​ពី​នេះ កំណើន​តម្លៃ​អចលន​ទ្រព្យ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ជុំវិញ​កំណើន​តម្លៃ​សេវា​ផ្សេងៗ​នៅ​ទីក្រុង​ទេសចរណ៍​មាត់​សមុទ្រ​មួយ​នេះ។ 

លោក​ឧកញ៉ា​អត្ថាធិប្បាយ​ថា៖ «ការ​រីក​លូតលាស់​នៃ​វិស័យ​សំណង់ គឺ​ក្រុង​ព្រះសីហនុ​លេច​ធ្លោ​ជាង​គេ​នៅ​ឆ្នាំ​២០១៧ ដែល​ធ្វើ​តម្លៃ​អចលនទ្រព្យ​មាន​ការ​កើន​ឡើង​មិនគួរ​ឲ្យ​ជឿ ហើយ​ធ្វើ​ឲ្យ​ទាំង​អ្នក​លក់​និង​អ្នក​ទិញ បារម្ភ​​ថា ថ្ងៃ​ក្រោយ លំបាក​ទៅ​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​វិនិយោគិន​ចិន​ច្រើន​ពេក»។ 

តាម​ពិត​ទៅ ចិន​គឺ​ជា​វិនិយោគិន​ធំ​ជាង​គេ​បំផុត​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈពេល​១៧​ឆ្នាំ​មក​នេះ ពោល គឺ​មាន​គម្រោង​ជាង ១២១​គម្រោង ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​អត្ថាធិប្បាយ​ថា ការ​រីក​លូត​លាស់​នៃ​វិស័យ​សំណង់​របស់​ចិន​នៅ​កម្ពុជា ដូចជា អគារ​ខ្ពស់ បុរី ខុនដូ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បាន​បង្កើត​ការងារ​ដល់​កម្មករ​ខ្មែរ​ប្រមាណ​ពី​ជាង ២៥​ម៉ឺន​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​នេះ​ក្តី ការ​វិនិយោគ​របស់​ចិន ក៏​បាន​ផ្តល់​ផល​អវិជ្ជមាន​មួយ​ចំនួន​ផង​ដែរ។

លោក ង៉ែត ជូ បាន​ពន្យល់​ថា៖ «ការ​វិនិយោគ​របស់​ចិន មាន​រូបភាព​ពីរ គឺ​ការ​អភិវឌ្ឍ​គម្រោង​បែប​ឯកជន ដូចជា អគារ​ខុនដូ ជាដើម និង​ការ​វិនិយោគ​ផ្នែក​សាធារណៈ ដូចជា ផ្លូវ ថ្នល់ ស្ពាន ដែល​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​កម្ចី​ភាគច្រើន​ពី​ប្រទេស​ចិន។ ការ​វិនិយោគ​ទាំង​ពីរ​រូបភាព​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា ត្រង់​ថា រៀងរាល់​ក្រុមហ៊ុន​សាងសង់ អ្នក​ជំនាញការ ភាគ​ច្រើន គឺ​មក​ពី​ប្រទេស​ចិន​ ហើយ​វត្ថុ​ធាតុ​ដើម​ភាគ​ច្រើន ដូចជា សម្ភារៈ​សំណង់​ផ្សេងៗ គឺ​បាន​នាំ​មក​ពី​ប្រទេស​ចិន។ នេះ​ជា​ផល​អវិជ្ជមាន ព្រោះ យើង​អត់​សូវ​បាន​ប្រើ​វត្ថុ​ធាតុដើម​ក្នុង​ស្រុក ដែល​ធ្វើ​ឲ្យ​លុយ​ត្រូវ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ»។

ក្រៅ​ពី​លំហូរ​សាច់​ប្រាក់​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ គុណភាព​សំណង់​របស់​ចិន​ក៏​បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ជំនាញ​រូប​នេះ​ផង​ដែរ។

លោក​ ង៉ែត ជូ បន្ថែម​ថា៖ «នៅ​កម្ពុជា​យើង​មិនទាន់​មាន​ច្បាប់​ស្ដង់ដារ​សំណង់ ហើយ​ដោយសារ​ក្រុមហ៊ុន​ចិន​ផ្តោតលើ​ការ​សាងសង់​ដោយ​មាន​ថ្លៃ​ដើម​ទាប និង​មាន​ការ​សន្សំ​សំចៃ​ខ្លាំង​​ពេក នេះ​ជា​ការ​ព្រួយ​បារម្ភ​ធំ​មែន​ទែន។ ការ​ព្រួយ​បារម្ភ​លើ​គុណភាព​និង​សុវត្ថិភាព​នៃ​អគារ ទាក់ទង​នឹង​បរិស្ថាន​នៃ​ការ​រស់នៅ ឧទាហរណ៍ ថា ខុនដូ​មួយ តើ​កន្លែង​ណា​ទៅ​ជា​ប្រព័ន្ធ​សុវត្ថិភាព? ពេល​មាន​ភ្លើង​ឆេះ ត្រូវ​ចេញ​តាម​ផ្លូវ​ណា? អាហ្នឹង​យើង​មាន​ការ​បារម្ភ​មែន​ទែន»។

លោក​បន្ត​ថា៖ «ទោះ​បី​សំណង់​ចិន​មាន​ផល​អវិជ្ជមាន​ខ្លះ​មែន តែ​ផល​វិជ្ជមាន​ក៏​មាន​ដែរ គឺ​ការ​រីក​ចម្រើន​នៃ​សំណង់​ចិន បាន​បង្ហាញ​ថា កម្ពុជា​បាន​បង្ហាញ​ប្រាប់​ពិភពលោក​ថា កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ ដោយ​យើង​បាន​ទទួលបាន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត មាន​ន័យ​ថា ស្ពាន ថ្នល់ ដែល​បាន​សម្រួល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រីមាសទី​១ ឆ្នាំ​នេះ​អតិរេក​ពាណិជ្ជកម្ម​វៀតណាម សម្រេចបាន​១,៣​ពាន់​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
តាម​ការ​ប៉ាន់​ស្មាន ទំហំ​នាំចេញ​នាំចូល​របស់​វៀតណាម​នៅ​ត្រីមាស​ទី១ ឆ្នាំ​នេះ សម្រេច​បាន​សរុប​មាន​ប្រមាណ​ជាង ១០៧​ពាន់​លាន​ដុល្លារ​អា…

ក្រសួង​ទេសចរណ៍​នឹង​ពង្រឹង​ជំនាញ​បន្ថែម​ដល់​អ្នក​ជំនាញ​ម៉ាស្សា

ព័ត៌មាន
ក្រសួង​ទេសចរណ៍ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្កើត​សេចក្ដីព្រាង​ស្តង់ដារ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ ដើម្បី​ត្រៀម​ផ្ដល់​ការ​បណ្ដុះ​បណ្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ