ចិននឹងធ្វើអ្វីៗដើម្បីជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេស

រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ចិនអះអាងថា «ចិននឹងធ្វើអ្វីៗដើម្បីជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេស»


នៅមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានបង្ហាញពីការប្តេជ្ញារបស់ចិនក្នុងការជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗនៅកម្ពុជា។ ឯកឧត្តមអះអាងថា ចិននឹងធ្វើអ្វីៗ និងព្យាយាមជួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស តាមដែលអាចធ្វើបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន

ឆ្លើយតបនឹងការសំណូមពររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម និងវិនិយោគ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ សន្យានឹងជួយបង្កើនការទិញផលិតផលកម្ពុជា ជំរុញឲ្យមានការវិនិយោគបន្ថែម ពិចារណាបង្កើនជើងហោះហើរ និងពិនិត្យលើការជួយកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យថាមពលជាដើម។ ជាមួយគ្នានេះ ភាគីទាំងពីរចង់ឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១៥ពាន់លានដុល្លារនាពេលខាងមុខផងដែរ។

ក្នុងជំនួបទ្វេភាគីជាង២ម៉ោង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានពិភាក្សាគ្នាលើបញ្ហាជាច្រើនពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ទំនាក់ទំនងអាស៊ាន-ចិន និងបញ្ហាអន្តរជាតិផ្សេងៗទៀត។ ក្នុងជំនួបនោះ សម្តេចតេជោបានប្រាប់លោកវ៉ាង យី ថា សម្តេចចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនឈានដល់១៥ពាន់លានដុល្លារ ក្រោយសម្រេចបានតាមផែនការជាង១១ពាន់លានដុល្លារកាលពីឆ្នាំ២០២១ ហើយនៅ៧ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៩លានដុល្លារ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម វ៉ាង យី បានលើកសំណើរជាច្រើនទៅភាគីចិន ក្នុងន័យជួយអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ក្នុងនោះសម្តេចតេជោ ស្នើឲ្យចិនជួយបង្កើនការទិញផលិតផលកម្ម បង្កើនការវិនិយោគ បង្កើនជើងហោះហើរដើម្បីជួយស្តារវិស័យទេសចរណ៍ និងជួយលើការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាជាដើម។

ទន្ទឹមនឹងអរគុណកម្ពុជាចំពោះការប្រកាសជំហរគាំទ្រគោលនយោបាយចិនតែមួយ ឯកឧត្តម វ៉ាង យី បានបង្ហាញពីការប្តេជ្ញាថា ចិននឹងព្យាយាមធ្វើអ្វីៗ ដើម្បីជួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។ ឆ្លើយតបនឹងការសំណូមពររបស់សម្តេចតេជោពាក់ព័ន្ធនឹងការបង្កើនការនាំចូលកសិផល មន្ត្រីជាន់ខ្ពស់ចិនរូបនេះអះអាងថា ចិនរីករាយក្នុងការនាំចូលកសិផលពីកម្ពុជា ហើយឯកឧត្តមជឿជាក់ថា ចិនដែលជាទីផ្សារដ៏ធំជាងគេមួយនៅតំបន់អាស៊ី នឹងមានតម្រូវការកសិផលកម្ពុជាកាន់តែច្រើន។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ ឯកឧត្តមវ៉ាង យី បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិនមានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិននឹងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ថ្នាក់ដឹកនាំក្រសួងការបរទេសចិនរូបនេះបានគូសបញ្ជាក់ថា ចិននឹងពិចារណាក្នុងបង្កើនជើងហោះហើរជាមួយកម្ពុជាបន្ថែមទៀត បើទោះបីបច្ចុប្បន្នការហោះហើរទៅមករវាងប្រទេសទាំងពីរបានវិលមករកភាពល្អប្រសើរឡើងវិញក៏ដោយ។ ដោយឡែក ជុំវិញការស្នើឲ្យជួយអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ឯកឧត្តម វ៉ាង យី បានអះអាងថា ចិននឹងពិនិត្យមើលលើបញ្ហានេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យនេះ។

ជាមួយគ្នានេះ សម្តេចតេជោ គូសបញ្ជាក់លោឯកឧត្តម វ៉ាង យី អំពីផែនការត្រៀមទិញវ៉ាក់សាំង១០០លានដូសសម្រាប់ត្រៀមចាក់ជូនប្រជាពលរដ្ឋនៅឆ្នាំ២០២៤ ២០២៥ និងឆ្នាំ២០២៦ ផងដែរ។ ពាក់ព័ន្ធបញ្ហាវ៉ាក់សាំងនេះ ឯកឧត្តម វ៉ាង យី បាន គូសបញ្ជាក់ថា នៅពេលណាកម្ពុជាមានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជាតែម្ដង៕




អត្ថបទបន្ទាប់


គម្រោងបោះផ្សាយបណ្ណបំណុល៣០០លានដុល្លាររបស់រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពេលណា?

ព័ត៌មាន
តើគម្រោងបោះផ្សាយបណ្ណបំណុល៣០០លានដុល្លាររបស់រាជរដ្ឋាភិបាលដល់ណាហើយ? និងអាចបាប់ផ្ដើមពេលណា? ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិ…

អាស៊ានព្រួយបារម្ភចំពោះភាពតានតឹងនៅតៃវ៉ាន់ថ្មីៗនេះ និងប្រកាសប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ

ព័ត៌មាន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ដែលមានសមាជិក១០ប្រទេសរួមទាំងកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ