វិនិយោគិន​ចិន-​កាស៊ីណូ

ចិន​សម្រុក​វិនិយោគ​បន​ល្បែង​កាស៊ីណូ​ធំៗ​ ៣៧​កន្លែង នៅ​ខេត្ត​ព្រះសីហនុ


នៅក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចលនា​នៃ​ការ​បំលាស់ទី​របស់​ជន​ជាតិ​ចិន​មក​រស់នៅ​និង​រកស៊ី​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ពិសេស នៅ​បណ្ដា​ខេត្ត​ក្រុង​ដែល​មាន​សក្តានុពល​វិនិយោគ ដូចជា រាជ​ធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ មាន​ដូចជា កំពត កែប កោះកុង និង​ព្រះ​សីហនុ។
កាស៊ីណូ​របស់​វិនិយោគិន​ចិន នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ។
ដោយ

អ្វី​ដែល​ចិន​កំពុង​សម្រុក​​វិនិយោគ​ច្រើន​ជាង​គេ គឺ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ភាគច្រើន​វិនិយោគ​សាងសង់​អគារ​ពាណិជ្ជ​កម្ម អាផាតមិន ខុនដូ សណ្ឋាគារ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ចិន​កំពុងតែ​វិនិយោគ​សាងសង់​កាស៊ីណូ​ធំៗ​ចំនួន ៣៧​ទីតាំង ដែល​ជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ព្រះសីហនុ និង​ប្រទេស​កម្ពុជា​ទាំង​មូល​តែ​ម្តង។ 

តើ​ចិន​ពិត​ជា​ចង់​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ទៅ​ជា​ខេត្ត​ឧស្សាហកម្ម​ពាណិជ្ជកម្ម ស៊ិនជិន ទី២ ឬ​ក៏​ជា​ម៉ាកាវ​ទី២ របស់​ប្រទេស​ចិន ទៅ​ថ្ងៃ​អនាគត? ជុំវិញ​ទៅ​នឹង​សំណួរ​នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​សុទ្ធតែ​មិន​ទាន់​ហ៊ាន​អះអាង​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ដូច្នេះ យើង​រង់ចាំ​មើល​ថា​តើ​វាសនា​អនាគត​ខេត្ត​ឆ្នេរ​ខ្សាច់​ល្អ​បំផុត​របស់​ពិភព​លោក​មួយ​នេះ នឹង​ក្លាយ​ជា​យ៉ាង​ណា​ឲ្យ​ពិត​ប្រាកដ​នោះ!

ការ​រីក​ដុះដាល​កាស៊ីណូ​ច្រើន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ទៅ?

និយាយ​ដាច់​ដោយ​ឡែក​តែ​ពី​រឿង​វិនិយោគ​បន​ល្បែង​ទេ តើ​ការ​វិនិយោគ​សាងសង់​កាស៊ីណូ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ វា​នឹង​ផ្តល់​សារ​សំខាន់​អ្វី​ខ្លះ​ទៅ​ដល់​ប្រជាជន​កម្ពុជា និង​ប្រទេស​ជាតិ? ចម្លើយ​ចេញ​ពី​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា ការ​ចំណេញ​គឺ​បាន​មក​ជា​ចំណូល​​ពី​ការ​ប្រមូល​ពន្ធ បង្កើត​ការងារ​ក្នុង​ស្រុក ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ ប៉ុន្តែ អ្នក​ជំនាញ​បាន​អះអាង​​ថា បើ​ទោះ​បី​ឃើញ​ចំណេញ​បែប​នេះ​ក៏​ពិត​មែន ក៏​ទាមទារ​ឲ្យ​រដ្ឋ​អំណាច អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ មាន​ការ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​រឹត​បន្តឹង​ច្បាប់​ឲ្យ​ច្បាស់​លាស់​ពី​លើ​ការ​ប្រកប​អាជីវកម្ម​ទាំង​អស់ ពិសេស វិស័យ​ល្បែង​នេះ​តែ​ម្តង។

យោង​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​បង្ហាញ​ថា ចំនួន​កាស៊ីណូ​ទាំង​អស់​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ ៨០​កាស៊ីណូ ភាគច្រើន​ស្ថិត​នៅ​តាម​បណ្តោយ​និង​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម និង កម្ពុជា-​ថៃ។ ទើប​តែ​ថ្មីៗ​នេះ​ទេ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រេច​អនុញ្ញាត​ឲ្យ​វិនិយោគិន​ចិន​បើក​អាជីវកម្ម​បន​ល្បែង​កាស៊ីណូ​ចំនួន ៣៧​កន្លែង​ទៀត នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ចំនួន​៣៧​នេះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​រួចរាល់​អស់​ហើយ តែ​មិន​ទាន់​ធ្វើ​អាជីវកម្ម​បាន​នៅ​ឡើយ​ទេ ខណៈ​សំណង់​មិន​ទាន់​បាន​បញ្ចប់។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ដដែល បាន​បង្ហាញ​ថា ការ​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ​ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ មាន​ចំនួន​សរុប​ជាង ១៨​លាន ៧​សែន​ដុល្លារ កើន​ឡើង​ជាង ១២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧ មាន​ទឹក​ប្រាក់​ចំនួន ១៦​លាន ៦​សែន​ដុល្លារ​អាមេរិក។

ជុំវិញ​​ការ​ប្រមូល​ចំណូល​ពន្ធ​កាស៊ីណូ​នេះ លោក រស់ ភីរុណ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ជា​គោលការណ៍​ច្បាប់​ថវិកា​ជាតិ​របស់​រាជ​រដ្ឋាភិបាល ជាទូទៅ គឺ​បាន​កំណត់​ចំនួន​នៃ​ការ​ប្រមូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ កើន​ឡើង​ជា​​រៀង​រាល់​ឆ្នាំ​​ផ្អែក​តាម​ឆ្នាំ​នីមួយៗ​ក្នុង​រង្វង់ ១៥​ភាគរយ។ ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ បើ​ពិនិត្យ​មើល​ពី​តួលេខ​ជាក់​ស្តែង​ដែល​ប្រមូល​បាន នៅក្នុង​ត្រីមាស​នីមួយៗ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជាក់ស្តែង​សម្រាប់​ឆ្នាំ​ទេ ពីព្រោះ​នៅ​ក្នុង​ឆ្នាំ​នីមួយៗ​នៃ​ត្រីមាស​ខ្លះ​ ប្រមូល​បាន​តិច និង​ត្រី​មាស​ខ្លះ​ប្រមូល​បាន​កើន​ឡើង។

លោក​ថា សម្រាប់​តួលេខ​ដែល​បង្ហាញ​ពី​ប្រាក់​ចំណូល​ពន្ធ​តិច​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៨​នេះ គឺ​ដោយសារ​តែ​ការ​បង់​ចំណូល​បន្ថែម​របស់​កាស៊ីណូ​ ណាហ្គាវើល ដែល​ជា​ខ្ទង់​ចំណូល​ធំ មិន​ទាន់​បាន​បំពេញ​គ្រប់​នៅ​ឡើយ​ទេ ដែល​ជា​ទូទៅ កាស៊ីណូ​នេះ​តែងតែ​បង់​បង្គ្រប់​នៅ​ត្រីមាស​ទី៤ នៅ​ចុង​ឆ្នាំ។

លោក រស់ ភីរុណ បាន​បញ្ជាក់​អះអាង​ថា បើ​តាម​គម្រោង​ផែនការ​ប្រចាំ​ឆ្នាំ​ គឺ​វា​បាន​ឆ្លើយតប​ទៅ​នឹង​ចំនួន​ត្រឹមត្រូវ​ហើយ បើ​បូក​បន្ថែម​ជាមួយ​ការ​ប្រមូល​ចំណូល​ពន្ធ​ពី​កាស៊ីណូ ណាហ្គាវើល នោះ។ លោក មាន​ការ​ជឿជាក់​ថា នៅ​ដំណាច់​ឆ្នាំ​នេះ នឹង​ប្រមូល​បាន​គ្រប់​ចំនួន​នៃ​ផែនការ​ច្បាប់​កំណត់​ដូច​ឆ្នាំ​មុនៗ​ដែរ។

ចំនួន​កាស៊ីណូ​នៅ​កម្ពុជា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ ការ​ប្រមូល​ចំណូល​ពន្ធ​នៅ​ក្នុង​មួយ​ឆ្នាំៗ ហាក់​បី​ដូចជា​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ​ទេ។ តាម​រយៈ​ការវិនិយោគ​របស់​ចិន​នៅ​ក្នុង​វិស័យ​កាស៊ីណូ​ដ៏​ខ្លាំង​ខ្លា ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ តើ​កម្ពុជា​អាច​នឹង​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ពន្ធ​មាន​ការ​កើន​ឡើង​គុណ​ទៅ​នឹង ១០០ ដង ឬ ១០០០​ដង ដែរ​ឬ​យ៉ាង​ណា? បើ​ធៀប​ទៅ​នឹង​ម៉ាកាវ​ជា​ដែន​កោះ​តូច​មួយ​សម្បូរ​ទៅ​ដោយ​ឧស្សាហកម្ម​បន​ល្បែង​នោះ។

ក្រឡេក​មក​មើល ម៉ាកាវ ជា​ដែន​ដី​កោះ​បន​ល្បែង​ដ៏​ល្បី​ល្បាញ​ក្នុង​ពិភព​លោក​បន្តិច!

បើ​និយាយ​អំពី​ក្រុង​ម៉ាកាវ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា ម៉ាកាវ គឺ​ជា​ទីកន្លែង​ប្រជុំ​ទៅ​ដោយ​​​កាស៊ីណូ ឬ​តំបន់​បន​ល្បែង​ដ៏​ល្បី​ល្បាញ​មួយ​នៅ​លើ​ពិភព​លោក។ ក្នុង​១​មួយ​ឆ្នាំៗ ដែន​ដី​កោះ​ម៉ាកាវ រក​ចំណូល​បាន​ពី​វិស័យ​កាស៊ីណូ​ចំនួន​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។ Macau បាន​ប្រកាស​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​មិន​មែន​ល្បែង​អាច​កើន​ដល់​ជាង ១៤​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២៥ ជាពិសេស ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​តែ​ម្តង។ ភ្ញៀវ​ទេសចរណ៍​បាន​ទៅ​ដល់ Macau មាន​ចំនួន ៣០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៥ និង​អាច​កើន​ឡើង​ដល់ ៤០​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥។

មាន​ចំនួន​ប្រជាជន​ប្រមាណ​ត្រឹម​តែ​ជាង ៦៥​ម៉ឺន​នាក់​ ទីក្រុង​ម៉ាកាវ បាន​ទាក់ទាញ​អ្នក​ទស្សនា​ចំនួន​ប្រមាណ​ជាង ៣០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ និង​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា ៦,៤៤​ពាន់​លាន​ដុល្លារ​អាមេរិក។ ទីក្រុង​ម៉ាកាវ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ចិន​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ មក​ពី​ទូទាំង​ពិភព​លោក ដោយសារ​ទីក្រុង​ម៉ាកាវ បាន​ពង្រឹង​នៅ​ក្នុង​វិស័យ​កាស៊ីណូ ដែល​ជា​វិស័យ​ដ៏​ចម្បង​ក្នុង​ការ​ផ្តល់​ចំណូល​ដល់​រដ្ឋបាល​ស្វយ័ត​ពិសេស​របស់​ចិន​មួយ​នេះ។ ម៉ាកាវ នឹង​ពង្រីក​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍ និង ការ​វិនិយោគ​ក្នុង​ប្រទេស​ចិន ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជិត ៣ពាន់លានដុល្លារ

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រាប់រយៈពេល ៧ខែ ឆ្នាំនេះ សម្រេចបាន ២.៧០០ លានដុល្លារអាមេរិក ដែលមានកំណើន ប្រមាណ ជិត ១៩% ធៀបនឹងរ…

ស្ថាប័ន​រដ្ឋ ឯកជន និង​ស្ថានទូត​បរទេស​ចូលរួម​ទិវា​សម្អាត​ពិភព​លោក នៅ​កម្ពុជា

ព័ត៌មាន
អ្នកស្ម័គ្រចិត្ត​រាប់រយនាក់ មកពីក្រសួង​រដ្ឋ សាលារាជធានី​ភ្នំពេញ ស្ថានទូត​បរទេស និងក្រុមហ៊ុន​ឯកជន ក្នុង​នោះ មាន​ក្រុមហ៊ុន ប៉េង ហួត គ្រុប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ