ក្រុមហ៊ុន​អាជីវកម្ម

អាណាចក្រ​ជំនួញ ជីប ម៉ុង បាន​និង​កំពុង​ក្តោបក្តាប់​ចរន្ត​សេដ្ឋកិច្ទ​កម្ពុជា?


ជីប ម៉ុង អាច​រាប់​ចាត់​ទុក​ថា ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ខ្មែរ ១០០​ភាគរយ និង​មាន​ឥទ្ធិលពល​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ប្រមាណ ១០ ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ ​ក្តោបក្តាប់​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល​តែ​ម្តង។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​បំផុត នៅ​កម្ពុជា។
ដោយ

នេះ​មិន​មែន​ជា​ការ​វាយ​តម្លៃ ឬ​ឲ្យ​ចំណាត់​ថ្នាក់​ផ្លូវការ​នោះ​ទេ ប៉ុន្ដែ វា​គ្រាន់​តែ​ជា​ការ​កត់​សម្គាល់​របស់ សារព័ត៌មាន ខេមបូណូមីស ដែល​ជា​សារព័ត៌មាន​ឈាន​មុខ​គេ ផ្តោត​សំខាន់​ទៅ​លើ​ព័ត៌មាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​តំបន់ ដែល​បាន​សិក្សា​ស្រាវជ្រាវ ដោយ​បាន​ផ្អែក​ទៅ​លើ​សកម្មភាព​វិនិយោគ និង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​របស់​ក្រុមហ៊ុន ជីប ម៉ុង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

ដោយសារ​តែ ជីប ម៉ុង មាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​យ៉ាង​ដូច្នេះ​ហើយ បាន​ជា សារព័ត៌មាន ខេមបូណូមីស នៅ​ចាំ​បាន​យ៉ាង​ច្បាស់​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​សារព័ត៌មាន និង​សម្តេចតេជោ ហ៊ុន សែន កាល​ពីឆ្នាំ​២០១៧ នៅ​សាល​ពិព័រណ៍​កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា បាន​លើក​ឡើង ឲ្យ​រដ្ឋាភិបាល​របស់​សម្តេច​គ្រប់​អ្នក​ដែល​ពាក់ព័ន្ធ ត្រូវ​តែ​ថែ​រក្សា​ការពារ​គ្រួសារ​ត្រកូល​ ជីប ម៉ុង មួយ​នេះ ឲ្យ​ល្អ។ 

ចុះ​ហេតុអ្វី​បាន​ជា​សម្តេច​តេជោ សែន អំពាវនាវ​ឲ្យ​មាន​ការ​ថែ​រ​ក្សា​ការពារ​ ជីប ម៉ុង ឲ្យ​បាន​ល្អ​យ៉ាង​ដូច្នេះ? ងាយ​ស្រួល​យល់​ទេ ដោយសារ​តែ​កម្ពុជា​ទទួល​ផល​សេដ្ឋកិច្ច​យ៉ាង​ច្រើន ពីក្រុមហ៊ុន ជីប ម៉ុង តាមរយៈ​នៃ​ការ​បង់​ពន្ធ​សព្វសារពើ​ពី​សំណាក់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប នេះ។ មិន​តែ​ប៉ុណ្ណោះ ជីប ម៉ុង បាន​ផ្តល់​និង​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក រាប់​រយ រាប់​ពាន់​កន្លែង ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​សម្រាប់​ការ​លើក​ស្ទួយ និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ។

ហេតុ​អ្វី​បាន​ជា ជីប ម៉ុង ខ្លាំង? 

ជីប ម៉ុង ខ្លាំង​ ដោយសារ​មាន​អ្នក​ដឹកនាំ​សុទ្ធតែ​ជើង​ខ្លាំង​ដែល​មាន​ចំណេះ ជំនាញ និង​ទស្សន​វិស័យ​វិនិយោគ​វែង​ឆ្ងាយ ដែល​ធនធាន​មនុស្ស​ដឹកនាំ​ក្រុមហ៊ុន​ទាំង​អស់​នោះ សុទ្ធសឹង​តែ​កើត​ចេញ​មក​ពី​ចង្កោម​គ្រួសារ​លោក​ជំទាវ ឧកញ៉ា ភាព ហៀក ដែល​ជា​មាតា និង ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយ​មាន​ជំនួយការ​ពិសេស ពី​កូន​ប្រុស កូន​ស្រី ខ្លាំងៗ​ល្បី​ឈ្មោះ​របស់​លោកជំទាវ គឺ​ទី១ ឧកញ៉ា លាង ឃុន  ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង  លោក​ឧកញ៉ា លាង ម៉េង  អគ្គនាយក ជីប ម៉ុង លោក ជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង លោក លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង លែន​, លោក លាង ពៅ (ភីធើ) អគ្គនាយក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកជំទាវ គីម ចាន់ណា អគ្គនាយិការង​​ជាន់​ខ្ពស់ ជីប ម៉ុង គ្រុង និង លោកស្រី លី សុខឆេង នាយិកា​ទីផ្សារ និង​វិភាគ​ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

លោក​ឧកញ៉ា លាង ឃុន  ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​លើក​ឡើង​ថា ដើម្បី​សម្រេច​ជោគជ័យ​នូវ​ចក្ខុវិស័យ​នេះ ក្រុមហ៊ុន​បាន​ប្តេជ្ញា​ផលិត និង​ផ្តល់​សេវាកម្ម​លំដាប់​ថ្នាក់​ពិភពលោក​ដែល​ជា​ជម្រើស​ទី១ សម្រាប់​អតិថិជន​ដើម្បី​ឲ្យ​មាន​ការ​រីក​ចម្រើន​តាមរយៈ​ការរួម​បញ្ចូល​គ្នា​និង​ការ​ទិញ ឬ​ពហុជំនួញ​ និង​នាំ​មុខ​ទាំង​ការ​បង្កើត និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ប្រកប​ដោយ​និរន្តរ​ភាព។

ដោយឡែក លោក​ឧកញ៉ា  លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង ក៏​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ថា៖ «ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុន​ខ្មែរ ១០០​ភាគរយ យើង​មាន​ចក្ខុវិស័យ ចង់​ធ្វើ​យ៉ាង​ណា ឲ្យ​ក្រុមហ៊ុន​ខ្មែរ​មួយ​នេះ មាន​ការ​រីក​ចម្រើន​ល្បី​ឈ្មោះ​នៅ​ក្នុង​តំបន់ យើង​បើក​ទ្វារ​ចំហ​យ៉ាង​ធំ គឺ​យើង​បាន​ជ្រើសរើស​បុគ្គលិក​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ មាន​ទាំង​ខ្មែរ ទាំង​បរទេស យើង​យក​បរទេស​មក គឺ​ក្នុង​គោល​បំណង​យើង​ចង់​ឲ្យ​បុគ្គលិក​ខ្មែរ​រៀនសូត្រ​ពី​ជាតិ​សាសន៍​ផ្សេងៗ គេ​មាន​បទ​ពិសោធន៍​ច្រើន​ជាង​យើង ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​កូនខ្មែរ​យើង​អាច​ដឹកនាំ​បន្ត​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ឲ្យ​កាន់​តែ​រីក​ចម្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ»។

ក្រុមហ៊ុនខ្មែរ​ដែល​មាន​ឥទិ្ធពល​មួយ​នេះ កំពុង​មាន​ឈ្មោះបោះ​សំឡេង​លើ​វិថី​ជំនួញ​យ៉ាង​ខ្លាំង​ ដោយ​បាន​បង្កើត​ក្រុមហ៊ុន​ធំៗ​ប្រមាណ​១២ និង​មាន​ក្រុមហ៊ុន រោងចក្រ ដែល​ជា​បុត្រសម្ព័ន្ធ​បែកខ្នែង​តូចៗ​ជា​ច្រើន​ទៀត។ ហើយ​ក្រុមហ៊ុន​មាន​ដៃគូ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នៅ​ទូទាំង​ពិភពលោក ដូចជា ទ្វីប​អាមេរិក ទ្វីប​អឺរ៉ុប និង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន ជីប ម៉ុង វិនិយោគ​ពហុជំនួញ ពហុវិស័យ ដូចជា វិស័យ​សំណង់ និង​អចលនទ្រព្យ វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច  វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ ផ្សារ​ទំនើប ផលិត​ចំណី​សត្វ សម្ភារៈ​សំណង់​ផ្សេងៗ ស៊ីម៉ងត៍ ក្បឿង ទុយោ ផលិត​ស្រាបៀរ​កម្ពុជា និង​ភេសជ្ជៈ ជាច្រើន​មុខ និង​ក៏​នាំ​ចូល​ផលិតផល​គ្រឿង​សំណង់ គ្រឿង​សម្រាប់​តុបតែង​លំនៅដ្ឋាន និង​នាំចូល​ផលិតផល​ចំណី​អាហារ​ច្រើន​ទៀត​ផងដែរ។ 

សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប

ជីប ម៉ុង វាយ​លុក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​លំនៅដ្ឋាន

បើ​ទោះ​បី​ជា ជីប ម៉ុង ហាក់​បី​ដូចជា​ដើរ​មក​ក្រោយ​គេ​បន្តិច​នៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​សាងសង់​ផ្ទះ​សម្បែង​នៅ​កម្ពុជា​យ៉ាង​ណា​ក្តី ប៉ុន្តែ គេ​សង្កេត​ឃើញ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជីប ម៉ុង បាន​និង​កំពុង​ពង្រីក​វិសាលភាព​របស់​ខ្លួន​កាន់​តែ​ធំ​ឡើងៗ ទៅ​លើ​សកម្មភាព​អភិវឌ្ឍន៍​វិនិយោគ​គម្រោង​លំនៅដ្ឋាន​បែប​ប្រណីតៗ​លំដាប់​ខ្ពស់ ជា​ច្រើន​កន្លែង នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំ​ង​មិន​ចាញ់ គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ធំៗ​ប្រណីតៗ​ដែល​មាន​អាយុកាល​ចាស់​វស្សា​ប៉ុន្មាន​នោះ​ឡើយ។

ក្រុមហ៊ុន ជីប ម៉ុង បាន​ធ្វើការ​បែងចែក​វិនិយោគ​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​ជា​បី​ប្រភេទ។ ទី១ The Land Mark មាន​ការ​សាងសង់​លំនៅដ្ឋាន​ទំនើប អគារ​ពាណិជ្ជកម្ម និង​អគារ​ការិយាល័យ នៅ​លើ​ផ្លូវ ២៧១  The Park Land សែនសុខ សាង​សង់​លំនៅ​ដ្ឋាន​ប្រណីតៗ​​លើ​ផ្ទៃដី ២០​ហិកតា ដែល​ជា​គម្រោងទី១  និង គម្រោងទី២ The Park Land ៥៩៨ លើ​ផ្ទៃដី ២៩​ហិកតា The Park Land TK The Land Riche  អភិវឌ្ឍន៍​លំនៅដ្ឋាន​ទំនើប នៅ​ចម្ការ​ដូង ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​ទើបតែ​បើក​សម្ពោធ​បុក​គ្រឹះ​សាងសង់​គម្រោង​ថ្មី​មួយ​ទៀត​ហើយ គឺ​គម្រោង ដឹ លែនម៉ាក ៦០​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ៦០ម៉ែត្រ ក្នុង​ទីក្រុង​រណប ING City ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​បើក​សម្ពោធ​បុក​គ្រឹះ​សាងសង់​គម្រោង​លំនៅដ្ឋាន​ប្រណីត​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ នៅ​ត្រង់​ចំណុច​ស្ពាន​ទី៤ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ។

ការ​ដែល​ក្រុមហ៊ុន​សម្រេច​ចិត្ត​ជ្រើស​រើស​អភិវឌ្ឍន៍​លំនៅដ្ឋាន នៅ​លើ​ទីតាំង​ទាំង​អស់​នោះ គឺ​ដោយសារ​តែ​ការ​មើល​ឃើញ​ពី​សក្តានុពល​តំបន់​អស់​ទាំង​នោះ មាន​ផ្លូវ​ធំ ខ្វាត់​ខ្វែង គួប​ផ្សំ​នឹង​គម្រោង​វិនិយោគ​ធំៗ​ជា​ច្រើន​ទៀត ដែល​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បណ្ដុំ​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ នា​ថ្ងៃ​អនាគត។

យោងតាម​រយៈ​សកម្មភាព​និង​ការអភិវឌ្ឍ​វិនិយោគ​យ៉ាង​ផុសផុល​ពី​សំណាក់​ក្រុមហ៊ុន ជីប ម៉ុង ទាំង​អស់​នេះ ស្តែង​ចេញ​ឲ្យ​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ពិត​ប្រាកដ៕ (នៅ​មាន​ត ពី​គម្រោង​វិនិយោគ​ផ្សេងៗ​របស់ ជីប ម៉ុង)

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«ភូមិផ្កាត្រកួន» រមណីយដ្ឋានធម្មជាតិ លាយឡំ​វប្បធម៌​បុរាណ​ ត្រៀមបើក​ឲ្យ​ភ្ញៀវ​ចូល​កម្សាន្ដ​នាចុង​ឆ្នាំនេះ

ព័ត៌មាន
ហាក់ប្លែក ខុសពីអ្នកអភិវឌ្ឍន៍ផលិតផលទេសចរណ៍នានា ដែលច្រើនតែបង្កើតតំបន់កម្សាន្ដ កន្លែងសម្រាកលំហែកាយ ឬរីស៊ត បែបទំនើបស៊ីវិល័យ អ្នកជំនាញស្ថាបត្…

គ្រាន់តែ​ជប៉ុន​បើក​ទ្វារ​ភ្លាម វៀតណាម​សម្រុក​បញ្ជូន​​ពលករ​ទៅ​ទីនោះភ្លាម!

ព័ត៌មាន
ឆ្នាំ​២០១៨​នេះ របាយការណ៍​បង្ហាញថា ប្រទេស​វៀតណាម​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការនៅ​ក្រៅ​ប្រទេស​ចំនួន ១សែន ៤ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​ជប៉ុន​គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ