គម្រោងលុបបឹង​ក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ

ក្រុមហ៊ុន ជីប ម៉ុង ស្រាយបំភ្លឺ​ករណីគម្រោងលុបបឹងក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ក្រោយមានផ្ទុះការតវ៉ា


ក្រុមហ៊ុនជីប ម៉ុង លែនដែលកំពុងរងការតវ៉ាប្រឆាំងពីសំណាក់ពលរដ្ឋម្ចាស់បុរីក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនោះ ពាក់ព័ន្ធនឹងគម្រោងលុបបឹងក្នុងទីក្រុងរណបនោះ បានឲ្យដឹងថា បឹង ឬស្រះទឹក ដែលក្រុមហ៊ុន មានគម្រោងលុបនោះ គឺជាទីតាំងដែលត្រូវបានជីកយកអាចម៌ដី និងប្រើប្រាស់ជាអាងស្តុកទឹកជាបណ្ដោះអាសន្ន សម្រាប់ស្រោចស្រពទីលានវាយកូនហ្គោលតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ដីនោះ គឺជាប្រភេទដីសាងសង់ និងមានចារឹកក្នុងវិញ្ញាបនបត្រច្បាស់លាស់។
ក្រុមហ៊ុន ជីប ម៉ុង បកស្រាយករណីគម្រោងលុបបឹងក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ក្រោយមានផ្ទុះការតវ៉ា
ដោយ

ការឆ្លើយតប​របស់​ក្រុមហ៊ុន​ជីប ម៉ុង លែននេះ គឺធ្វើឡើង​ក្រោយពី​ម្ចាស់​បុរី​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​រណប​ហ្គ្រេនភ្នំពេញ បាន​តវ៉ា និងស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយអន្តរាគមន៍ ចំពោះ​គម្រោងលុបបឹងនេះ។

ក្រុមហ៊ុន ជីប ម៉ុង បាន​បញ្ជាក់​​ប្រាប់ ខេមបូណូមីស តាម​បណ្ដាញ​តេឡេក្រាមថា «ក្រុមហ៊ុន​យើងខ្ញុំ​បានទទួល​ជួបជាមួយ​អ្នកតំណាង​ឲ្យប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង​តំបន់ ហ្គ្រេន ភ្នំពេញ និងបាន​ធ្វើការពន្យល់​យ៉ាងក្បោះក្បាយ​នូវសិទិ្ធ​ស្របច្បាប់​របស់​ក្រុមហ៊ុន រួមជាមួយ​ឯកសារ​ផ្សេងៗទៀត ដែលពាក់ព័ន្ធ​ទៅលើ​ដីដែលអាង​ស្តុកទឹក​នោះស្ថិតនៅ ដោយ​ក្រុមហ៊ុន​ជីប ម៉ុង​ លែន និងតំណាង​ម្ចាស់​កម្មសិទ្ធិករ​មុន បានបញ្ជាក់​យ៉ាងច្បាស់ថា ដីនេះជាប្រភេទ “ដីសាងសង់” ដូចមាន​ចារឹកក្នុង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ លេខ ច IX-0905»។

ក្រុមហ៊ុន​ជីប ម៉ុង លែន បាន​បន្ថែមទៀតថា តំណាង​ម្ចាស់​កម្មសិទ្ធិករ​មុន​បាន​បញ្ជាក់ថា​ ដីស្រះ​ ដែលតំណាង​ប្រជាពលរដ្ឋ​ធ្វើការតវ៉ា​មិនឱ្យ​លុបនេះ វាគឺជា​ទីតាំង​ដែលត្រូវ​បានជីក​យក​អាចម៍ដី និងប្រើប្រាស់​ជាអាងស្តុក​ទឹកបណ្តោះ​អាសន្ន សម្រាប់​ស្រោចស្រព​ទីលាន​វាយកូន​ហ្គោល តែប៉ុណ្ណោះ ។

ក្រុមហ៊ុន​​ជីប ម៉ុង លែន ​បាន​បញ្ជាក់ទៀតថា «ក្រុមហ៊ុន​បានប្តេជ្ញា​កែប្រែអាង​ស្តុកទឹក​បណ្តោះ​អាសន្ន​នេះឱ្យក្លាយ​ទៅជាសួន​ឧទ្យាន​បៃតង​ចម្រុះដោយ​មានដើម​ឈើ​ជាច្រើន កន្លែង​ហាត់ប្រាណ កន្លែងលេង​សម្រាប់​កុមារ និងទីតាំង​សម្រាប់​លំហែអារម្មណ៍ ដោយមាន​កន្លែង​បាញ់ទឹក (ហៅថា​គម្រោង “Central Park”) ជាជាង​ការរក្សា​ទុក​អាងស្តុក​ទឹកនេះ។»

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ ចំនួន ១៤០ នាក់ បាន​ដាក់​ពាក្យស្នើសុំ​​អន្តរាគមន៍/ទប់ស្កាត់​ការលុបស្រះទឹក​​ទៅកាន់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ ឲ្យជួយ​អន្តរាគមន៍​រក្សាទុក/ទប់ស្កាត់​ការលុបបឹង ដែលមាន​បណ្ដោយ​ប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតនៅតាម​បណ្ដោយវិថី​ហ្គ្រេន​កែងផ្លូវ​ខាងលិច​ស្រះទឹក ក្នុង​ទីតាំង​បុរី​ទីក្រុងរណប​អន្តរជាតិ ហ្គ្រេន​ភ្នំពេញ​ ស្របតាមប្លង់សរុប​ ដែលបាន​អនុញ្ញាត​ជាផ្លូវការ និងផ្សព្វផ្សាយ​ជាសាធារណៈ​ចាប់ពីឆ្នាំ​២០០៦ ដល់​ឆ្នាំ២០១៩ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋរស់នៅក្នុងទីក្រុង​រណបហ្គ្រេន​ភ្នំពេញ​ ចេញតវ៉ា នឹង​ក្រុមហ៊ុន​ជីប ម៉ុង ជុំវិញ​គម្រោង​លុបបឹង​ក្នុង​ទីក្រុងរណប

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់ថ្មីរបស់ទីក្រុងរណបហ្គ្រេនភ្នំពេញ កំពុងរងការតវ៉ាប្រឆាំង ពីសំណាក់ពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋានក្នុងទីក្រុងរណ…

សេដ្ឋវិទូធនាគារ ADB៖ កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីបំណុលបន្ថែម

ព័ត៌មាន
ក្រុមសេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានអះអាងថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ននៅតែមានកម្រិតទាបនៅឡើយ ដែលផ្ដល់នូវលទ្ធភាពខ្ពស់ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ